កាត់ត្របក​ភ្នែក​ពីរជាន់

ការកាត់​ត្របក​ភ្នែកពីរ​ជាន់ពិត​ជាមាន​ការចាប់​អារម្មណ៍​ពីសំណាក់​លោកអ្នក ជាពិសេស​សុភាព​នារី ព្រោះវា​បានរួម​ចំណែក លើក​សម្រស់​ផ្ទៃមុខ​មួយ​កម្រិត​ថែម​ទៀត។ ហេតុនេះ​ហើយទើប​មាន​សុភាពនារី​មួយចំនួន​ខំចំណាយ​ពេល​វេលា និងថវិកា​ដើម្បី​ទៅវះកាត់​កែត្របក​ភ្នែក​ឱ្យមាន​ស្រទាប់​ពីរជាន់។ ជាពិសេស​សុខចិត្ដ​ទ្រាំឈឺ​គ្រប់បែប​យ៉ាងដើម្បី​ឱ្យបាន​សម្រស់​ស្រស់ស្អាត​ដោយត្របក ភ្នែក​ពីរជាន់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ស្វែងយល់​ពីរបៀប​នៃការ​ថែរក្សា​សម្រស់​ត្របកភ្នែក ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី ហេង យុង ជាអគ្គនាយក​នៃមជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​សាលីណា។

កាត់ត្របក​ភ្នែកពីរ​ជាន់

កាត់​ត្របក​ភ្នែកពីរ​ជាន់ គឺជាការ​វះកាត់​ផ្នែកខាងលើ​នៃត្របក​ភ្នែក កែច្នៃ​ត្របកភ្នែក​ឱ្យមាន​លក្ខណៈ​ស្អាតក្លាយ​ជាពីរជាន់។ ការកាត់​ត្របក​ភ្នែកពីរ​ជាន់ត្រូវ​មើលទៅ​តាម​ប្រភេទ ឬទម្រង់​ត្របកភ្នែក​នីមួយៗ ព្រោះត្របក​ភ្នែករបស់​មនុស្សម្នាក់ៗ​មានពី​ធម្មជាតិ មកមិន​ដូចគ្នា​នោះទេ។ ដូច្នេះ​ទាមទារ​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ទាំងនេះ មិនមែន​ចេះតែ​ធ្វើការ​វះកាត់​ទៅតាម​អ្វីដែលនឹក ឃើញ​នោះទេ ត្រូវពិនិត្យ​ឱ្យបាន​ហ្មត់ចត់។

ជាធម្មតា ភ្នែកនីមួយៗ​មានលក្ខណៈ​ខុសគ្នា អ្នកខ្លះ​មាន​ទម្រង់​ភ្នែកធំ ទម្រង់​ភ្នែកវែង ទម្រង់ភ្នែក​តូច​ជាដើម មានត្របក ភ្នែកតែ​មួយជាន់ ឬគ្មានត្របក​ភ្នែក​តែម្ដង។ ភ្នែកដែល​កាត់ស្អាត​ជាងគេ ហើយទទួល​លទ្ធផល​បានល្អ គឺត្របកភ្នែក​ដែល​សម្បូរទៅ ដោយខ្លាញ់ មានដូចជា​ទម្រង់ភ្នែកធំ និងទម្រង់ភ្នែក​វែង ងាយធ្វើ​ការវះកាត់ ហើយទទួល​លទ្ធផល​គួរជាទី​គាប់ចិត្ដ។

ការកាត់​ត្របក​ភ្នែកពីរ​ជាន់មិនមែន​សុទ្ធតែ​ធ្វើការ​វះកាត់ ដើម្បី​តែភាព​ស្អាតមាន​សោភ័ណភាព​នោះទេ។ ការកាត់​ត្របក ភ្នែកមាន​មូលហេតុ​មួយទៀត ជួនកាល​ភ្នែកលោកអ្នក​ខ្លះមាន​បញ្ហាដូចជា​ដុះសាច់លើ​ភ្នែក ស្បែក​ត្របក​ភ្នែកធ្លាក់ មានផ្លែ​នៅលើ ត្របកភ្នែក មានសន្លាក​ជាដើម។ ពេលដែល​មានបញ្ហា​ទាំងអស់​នេះតម្រូវ​ឱ្យធ្វើការ​កែច្នៃ​ឱ្យមាន​សភាព​ធម្មតា​វិញ។

របៀបកាត់​ត្របក​ភ្នែកពីរ​ជាន់

មុនដំបូង​នៃការ​ចាប់ផ្ដើម​ធ្វើការ​វះកាត់ អ្នកជំនាញ​ត្រូវវាស់​ទម្រង់ភ្នែក ត្រូវគូស​លើភ្នែក​គួរយក​ស្បែក​កម្រាស់​ប៉ុន្មាន ប្រភេទភ្នែក​ដែលមាន​ខ្លាញ់ច្រើន​ត្រូវការ​យកខ្លាញ់​ប៉ុន្មាន ទាមទារ​ឱ្យមាន​ការពិនិត្យ និងកាត់​ទៅតាម​ភ្នែក​នីមួយៗ។ ជាពិសេស​ការវះ កាត់ត្របក​ភ្នែកធ្វើ​ទៅតាម​បច្ចេកទេស​ត្រឹមត្រូវ។

ចំពោះ​ឧបករណ៍​សម្រាប់​វះកាត់ មានដូចជា​កន្ដ្រៃកៀប ម្ជុល ថ្នាំស្ពឹក​ជាដើម។ មុនដំបូង ត្រូវលាប​ថ្នាំស្ពឹក​ជាមុនសិន ដើម្បី កុំឱ្យ​មានការ​ឈឺចាប់​ខ្លាំងពេក។ បន្ទាប់មក​ទៀតចាប់​ផ្ដើមធ្វើ​ការវះកាត់​យក​ខ្លាញ់ចេញ កាត់យក​ស្បែកទៅ​តាមភ្នែក​ដែលមាន​សាច់ ច្រើន ឬតិច។ ក្រោយពី​កាត់ហើយ ត្រូវដេរ​នៅលើភ្នែក​ទាល់តែ​បានរយៈ​ពេល៥ថ្ងៃ ទើបអាច​ហូតអំបោះ​ចេញបាន។ របៀប​នៃការ កាត់ត្របក​ភ្នែកប្រៀប​ដូចទៅ​នឹងការ​កាត់ខោអាវ​ដូច្នោះដែរ ត្រូវមើល​ទៅតាម​សាច់​ក្រណាត់ និងរូបរាង​ដែល​ចង់បាន។ ការវះកាត់ ត្រូវចំណាយ​ពេលប្រហែល​ពី២០ទៅ​២៥នាទី។

ផលវិបាក​របស់ការ​កាត់ត្របក​ភ្នែកពីរ​ជាន់

ក្រោយពី​ធ្វើការ​វះកាត់​ហើយ ត្របកភ្នែក​របស់​លោកអ្នក​ឡើងហើម និងក្រហម។ ចំណែក​ឯការ​កាត់ត្របក​ភ្នែក​មនុស្ស ចាស់ត្រូវ​ប្រឈម​នឹងការ​ហើមយូរ​ជាងមនុស្ស​វ័យក្មេង។

ការកាត់​ត្របកភ្នែក​ដែលធ្វើ​ឡើងដោយ​អ្នកជំនាញ​ខាងវះកាត់​កែសម្ផស្ស​មានសញ្ញាប័ត្រ​ត្រឹមត្រូវ​មិនមាន​ផលប៉ះពាល់​ទៅ ដល់​កញ្ចក់ភ្នែក និងកែវភ្នែក​នោះទេ ព្រោះការ​វះកាត់​ត្របកភ្នែក​ពីរជាន់​ធ្វើតែ​នៅលើស្បែក​ភ្នែកខាង​ក្រៅតែ​ប៉ុណ្ណោះ។

ដំបូន្មាន​អ្នក​ជំនាញ

បន្ទាប់ពី​ការវះកាត់ លោកអ្នក​ត្រូវថែរក្សា​អនាម័យ​ឱ្យបានល្អ ចៀសវាង​កុំឱ្យ​ត្រូវទឹក​រហូតដល់​ពេលដែល​ភ្នែកជា​សះស្បើយ មានសភាព​ធម្មតាវិញ។ ស្បែកត្របក​ភ្នែកងាយ​នឹងមាន​ប្រតិកម្ម ឬក្លាយ ដូច្នេះ​លោកអ្នក​ត្រូវតម​អាហារ​មួយចំនួន ដូចជា​គ្រឿងសមុទ្រ សាច់គោ​ជាដើម។ ពេលវះកាត់​ហើយ គប្បីទទួល​ទានថ្នាំផ្សះ និងថ្នាំ​សម្រាប់​បំបាត់ហើម​ក្នុងរយៈ​ពេល១០ថ្ងៃ ដើម្បី​ជួយឱ្យ ស្បែក​ត្របកភ្នែក​ឆាប់ផ្សះ​ជាដូចដើម។ មុននឹង​សម្រេចចិត្ដ​ជ្រើសរើស​សេវា​កែសម្ផស្ស​ណាមួយ គប្បីមាន​ការប្រុងប្រយ័ត្ន​ទាំងការ​ប្រើ ប្រាស់​ផលិតផល និងបច្ចេកទេស​វះកាត់​មួយចំនួន​ដែលគ្មាន​ក្បួនខ្នាត​ច្បាស់លាស់។

បណ្ដាំផ្ញើរបស់​សុខភាព​យើង

ទស្សនាវដ្ដី សុខភាពយើង សូមរំលឹកថា​ខ្លឹមសារ​ដែលបាន​លើកឡើង​មកជម្រាប​ជូនជា​ព័ត៌មាន​នេះជា​ចំណេះដឹង​ផ្ទាល់របស់ អ្នកប្រឹក្សា។ ដូច្នេះ មុននឹង​លោកអ្នក​សម្រេចចិត្ដ​ទៅធ្វើការ​វះកាត់​កែសម្ផស្ស សូមទៅ​រកសេវា​នៅកន្លែង និងអ្នកជំនាញ​ណាដែល ទទួលស្គាល់ និងអនុញ្ញាត​ដោយក្រសួង​សុខាភិបាល និងក្រសួង​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាកម្ពុជា។ បច្ចុប្បន្ននេះ មានហាង​កែសម្ផស្សជា ច្រើន​កំពុង​ធ្វើការ​វះកាត់​កែសម្ផស្ស ជាការ​លំបាក​ណាស់សម្រាប់​ប្រជាពលរដ្ឋខ្មែរ​អាចដឹងថា​តើអ្នក​ជំនាញណា និងកន្លែងណា​ដែលមាន ការអនុញ្ញាត​ត្រឹមត្រូវ​ស្របច្បាប់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative