សឿ សុធារ៉ា ស្រីស្អាត​សម្រស់បាន

សឿ សុធារ៉ា តារាវ័យក្មេង​សម្រស់បាន ជាតារា​លំដាប់ជួរ​មុខមួយ​រូបក្នុង​ចំណោម​តារា​ដែលល្បីៗ នៅក្នុង​ប្រទេសយើង។ ថ្វីត្បិតតែ​នៅក្នុង​វ័យក្មេង​ត្រឹមតែ​ប៉ុណ្ណេះ ប៉ុន្ដែ​ទេពកោសល្យ​សម្ដែងរបស់​នាងពិត​ជាសក្ដិសម​គ្មានទាស់​តែម្ដង។ ព្រោះតែ​ដូច្នេះ​ហើយ ទើបនាង​មមាញឹក​ក្នុងការងារ​ខ្លាំងណាស់។ ទោះបី​ជាយ៉ាងណា​នាងនៅ​តែរក្សា​បាននូវ​សម្រស់ដ៏​ផូរផង់​របស់នាង​ដដែលដោយ​មិនឱ្យ ស្រកស្រុតទេ។ ដើម្បីបើក​កកាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និងសុខភាព​របស់តារា​ដ៏ស្រស់ស្អាត សឿ សុធារ៉ា ទស្សនាវដ្ដី សុខភាពយើង បានទៅ​ជួបសម្ភាសន៍​ជាមួយ​នាងផ្ទាល់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ថែរក្សា​សក់

ស្រីស្រស់​សុធារ៉ា​ស្រឡាញ់​សក់របស់​នាងណាស់។ នាងថែរក្សា​សក់​យ៉ាង​ម៉ត់ចត់​ជាទី​បំផុត ដោយកក់សក់​ជារៀង​រាល់ថ្ងៃ និងប្រើ​ផលិតផល​សម្រាប់ថែ​បំប៉នសក់​ជាពិសេស​ទៀតផង។ ព្រោះសុធារ៉ា​យល់ថា​សរសៃសក់​ប្រៀបដូចជា​ដើមរុក្ខជាតិ​ដូច្នេះដែរ ដែលត្រូវ​ការការ​ស្រោចទឹក​ថែដាក់​ជីទើប​លូតលាស់​បានល្អ។ សុធារ៉ា​តែងតែ​អប់សក់​ដោយខ្លួន​ឯងនៅ​រៀងរាល់​ពេលដែល​នាង​កក់សក់ ដោយមិន​ដែលចេញ​ទៅហាង​ដើម្បីអប់ទេ ព្រោះនាង​មិនមាន​ពេលវេលា​គ្រប់គ្រាន់។ សុធារ៉ា​មិនចូលចិត្ដ​គាបសក់ទេ ព្រោះនាង​យល់ ថាការ​គាបសក់​ធ្វើឱ្យសក់​នាងខូច​ដោយសារ​កម្ដៅរបស់​ម៉ាស៊ីនគាប។

ការថែរក្សា​ស្បែកមុខ

នៅពេល​ចេញសម្ដែង ស្បែកមុខ​របស់សុធារ៉ា​ត្រូវទទួលរង​នូវកម្ដៅថ្ងៃ និងគ្រឿង​សម្អាង​គ្រប់ប្រភេទ។ ប៉ុន្ដែសុធារ៉ា​មិន ចូលចិត្ដ​ប្រើក្រែម​សម្រាប់​ការពារ​កម្ដៅថ្ងៃទេ ព្រោះនាង​ពិបាកទ្រាំ​នៅពេល​ដែលបែកញើស​មកលាយ​ជាមួយក្រែម​ការពារ​កម្ដៅថ្ងៃ ព្រមជាមួយ​ធូលីផ្សេងៗ​ដែលមក​ប៉ះជាប់​នឹងផ្ទៃមុខ​របស់នាង​ដែលសើម​ដោយសារ​ក្រែមនោះ។ ក្រោយចប់​ការសម្ដែង សុធារ៉ាលុប លាងមុខ​ឱ្យស្អាតរួច ទើបប្រើ​ក្រែមសម្រាប់​ថែរក្សា​ស្បែកមុខ​ដើម្បីកុំឱ្យ​ជ្រីវជ្រួញ និងឱ្យស្បែក​មានសំណើម​ជានិច្ច។ ជារៀងរាល​យប់ សុធារ៉ា​ប្រើក្រែម​សម្រាប់បំប៉ន​ស្បែកមុខ​ដែលជ្រើសរើស​ជាពិសេស​សម្រាប់ស្បែកមុខ​របស់នាង។ ជាងនេះ​ទៅទៀត ទោះបី​ជារវល់ យ៉ាងណា​ក៏ដោយនៅ​ពេលមុន​ទទួលទាន​ដំណេក នាងតែងតែ​លាបទឹកឃ្មុំ​នៅលើ​ស្បែកមុខ​ទុករយៈពេល​១៥នាទី​ទើបលាង​សម្អាតចេញ​ដើម្បីជំនួយ​ដល់ស្បែកមុខ។ ដោយសារ​មិនមាន​ពេលវេលា​គ្រប់គ្រាន់ សុធារ៉ា​មិនដែល​ទៅម៉ាស្សា ឬស្ទីមមុខ​នៅហាងកែ​សម្រស់​នានា​នោះទេ។ ក្រៅពី​ការចេញ​សម្ដែង សុធារ៉ា​ចូលចិត្ដ​តុបតែង​មុខតាម​បែបធម្មជាតិ​ស្រាលៗ​ដើម្បីកុំឱ្យ​មើលទៅ​ឃើញ​ស្លេកស្លាំង​ពេក។

ការថែរក្សា​ស្បែកខ្លួន

នៅពេលចេញ​សម្ដែងក្រោម​កម្ដៅថ្ងៃ តារាម្នាក់ៗ​តែងតែ​ជ្រើសរើស​ក្រែមការពារ​កម្ដៅថ្ងៃ​សម្រាប់​ការពារស្បែក​របស់ខ្ល្លួន ។ ដោយឡែក​សុធារ៉ា​មិនដូច​ពួកគេទេ គឺសុធារ៉ា​គ្រាន់តែ​ផាត់ម្សៅ​ធម្មតា​ដូចស្បែក​មុខដែរ ដោយមិន​ឱ្យស្បែក​ឡើងខ្លាញ់​ដោយសារ ញើស ធូលី និងជាតិប្រេង​នៃក្រែម​នោះទេ។ នៅពេល​ចប់ការ​សម្ដែង សុធារ៉ា​សម្អាតខ្លួន រួចលាបឡេ​ដែលផ្ដល់​សំណើម​ដល់ស្បែក ដែលជា​ប្រភេទ​ឡេលាយ​យ៉ាងពិសេស​ដែលជួយ​ឱ្យស្បែកស ភ្លឺរលោង និងមិន​ជ្រីវជ្រួញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​បបូរមាត់

សុធារ៉ា​ចូលចិត្ដ​លាបបបូរមាត់​ពណ៌ស្រាលៗ​លើកលែង​តែការ​សម្ដែង​ដែលតម្រូវ​ឱ្យលាប​ពណ៌ក្រហម ឬពណ៌​ដិតនោះ។

ការថែរក្សា​ក្រចក និងប្រអប់​ដៃ

សុធារ៉ា​មិនចូលចិត្ដ​លាបពណ៌​ក្រចក និងទុកក្រចក​វែងទេ។ ចំពោះប្រអប់​ដៃជើង​សុធារ៉ា​មិនមានការ​ថែទាំ​ជាពិសេសណា ឡើយហើយក៏​មិនដែល​ទៅម៉ាស្សាឱ្យ​ម្រាមដៃជើង​ស្រឡូន​ម្ដងណាទេ។ ហើយនាង​ក៏គ្មានក្រែម​ពិសេសដាច់​ដោយឡែក​ណាដែរ គឺប្រើ រួមជាមួយ​ក្រែមសម្រាប់​បំប៉នស្បែក​ខ្លួនតែម្ដង។

ការថែរក្សារោម​ចិញ្ចើម និងរោម​ភ្នែក

សុធារ៉ា​ចូលចិត្ដ​កោរតម្រឹម​ចិញ្ចើមតិចៗ​មួយសបា្ដហ៍​ម្ដងដើម្បី​ឱ្យមានរាង​ចិញ្ចើម​ស្អាតបន្ដិច។ សុធារ៉ា​ច្រើនពាក់រោម​ភ្នែក នៅពេល​សម្ដែង​ដើម្បីឱ្យ​មើលទៅ​ឃើញភ្នែក​នាងធំ​ជាងធម្មតា​បន្ដិច។

វិធីសម្រកទម្ងន់ និងការ​ថែរក្សា​សុខភាព

សុធារ៉ា​ចូលចិត្ដ​ទទួលទាន​បន្លែ និងផ្លែឈើ​ណាស់ ដើម្បីសម្រស់ និងសុខភាព។ រីឯទឹក​ក៏សំខាន់​ណាស់ដែរ​សម្រាប់នាង។ ដោយឡែក​ចំពោះការ​បរិភោគ​អាហារ សុធារ៉ា​ចូលចិត្ដ​សាច់ត្រី​ច្រើនជាង​សាច់សត្វ​នានា ព្រោះត្រី​មិនធ្វើ​ឱ្យ​ឡើងទម្ងន់។ ដើម្បីរក្សា ទម្ងន់​រាងកាយ សុធារ៉ា​មិនទម្លាប់​ទទួលទាន​អាហារ​ពេលព្រឹក និងពេល​យប់ទេ ជំនួសមក​វិញដោយ​ផ្លែឈើ និងភេសជ្ជៈ។ ចំពោះការ ហាត់ប្រាណ សុធារ៉ា​ចូលចិត្ដ​ការហែលទឹក​ច្រើនជាង​កីឡាផ្សេងៗ​ទៀត។ ពេលមាន​ពេលទំនេរ ឬមាន​អាការ​ផ្ដាសាយ​នោះ សុធារ៉ា តែងតែ​ទៅឆ្ពុង​ដើម្បីសម្រាល​អាការ​នឿយហត់​របស់នាង។

ការទទួល​ទាន​ដំណេក

ដោយសារ​តែនាង​រវល់ជាមួយ​អាជីព​ជាអ្នកសម្ដែង និងសម្អាងការ​ផងនោះ សុធារ៉ា​មិនសូវ​មានពេល​វេលាគ្រប់​គ្រាន់សម្រា ប់ទទួល​ទាន​ដំណេកទេ។ មានពេលខ្លះ នាងត្រូវ​ក្រោកតាំង​ពីម៉ោង៣​ទៀបភ្លឺ​ដើម្បីទៅ​សម្អាងឱ្យ​អតិថិជន និងពេលខ្លះ​ទៀតត្រូវ សម្ដែង​មួយយប់​ទល់ភ្លឺ​ក៏មាន។ ហេតុនេះ​ហើយនាង​តែងតែ​គេងពេល​ណាដែល​នាងអាច​គេងបាន ដើម្បី​សងបង្គ្រប់​ពេលវេលា ជាប្រយោជន៍​កុំឱ្យ​ឆាប់ចាស់​មុនអាយុ។

បំណងទៅ​អនាគត

សុធារ៉ា​បានអះអាងថា​បើទស្សនិកជន​នៅតែគាំទ្រ នាងនៅ​តែបំរើ​ខាងផ្នែកសិល្បៈ​នេះរហូតដល់​ចាស់សក់ស្កូវ។ ទោះបីជា យ៉ាងណា​ក៏បច្ចុប្បន្ននេះ​នាងបាន​បង្កើតអាជីព​មួយផ្សេងទៀត​ក្រៅពីសិល្បៈ គឺសម្អាងការ និងកាត់ដេរ​សម្លៀក​បំពាក់។ ជាមួយ​គ្នានេះ ផងដែរថ្មីៗ​នេះសុធារ៉ា​សម្អាងការ​មានជូន​សម្លៀក​បំពាក់ដល់​កូនក្រមុំ​ដែលមក​ជាវសម្អាង​ការរបស់​នាងមួយ​សម្រាប់​(តាមការ​ពេញចិត្ដ​របស់កូន​ក្រមុំផ្ទាល់)​ជាអនុស្សាវរីយ៍​ផងដែរ។ ជាងនេះ​ទៅទៀត​នៅហាង​របស់នាង​មានជាង​ចំណាន​ជាច្រើន ដែលមាន​បទពិសោ ធន៍មក​ពីបរទេស​ក្នុងការ​កាត់ដេរ​សម្លៀក​បំពាក់។

បណ្ដាំផ្ញើរបស់ សឿ សុធារ៉ា

សុភាពនារី​ទាំងឡាយ​សម្រស់ជា​ទ្រព្យសម្បត្ដិ​ដ៏មានតម្លៃ​របស់ស្ដ្រី សូមថែរក្សាវា​ឱ្យនៅ​ជាមួយ​យើងឱ្យបាន​យូរតាម​តែអាច ធ្វើបាន។ របបទទួល​ទានអាហារ ការទទួលទាន​ដំណេក ការថែរក្សា​សម្រស់ និងការ​ហាត់ប្រាណ​សុទ្ធតែអាច​ជួយលោកស្រី​អ្នកនាង កញ្ញានៅ​ក្នុងរឿង​នេះ។ សូមចាប់​ផ្ដើមអនុវត្ដន៍​ពីថ្ងៃ​នេះទៅ!

ការរៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និងជាការ​អនុវត្ដ​របស់កញ្ញា សឿ សុធារ៉ាតែ​ប៉ុណ្ណោះ។ សូមលោក​ស្រីអ្នក នាងកញ្ញា​ជ្រើសរើស​យកអ្វី​ដែលលោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវសម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ សឿ សុធារ៉ា
  • អាយុ ៖ ២១ ឆ្នាំ
  • កម្ពស់ ៖ ១,៦២ ម៉ែត្រ
  • ទម្ងន់ ៖ ៥៣ គីទ្បូក្រាម
  • ទំហំទាំងបី ៖ ៣២ , ២៧ , ៣៣
  • បងប្អូន ៖ ៧ នាក់ (ជាកូនទី៧ )
  • ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយ​ឪពុកមា្ដយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative