កម្មករ​រោងចក្រ​នៅខេត្ត​កំពង់ស្ពឺ​ជាង១០០នាក់​ដួលសន្លប់

ស្ថានភាព​ជីវភាព​ក្រីក្រលំ​បាក ការហូបចុក​មិន​គ្រប់គ្រាន់ ការ​សាងសង់​រោងចក្រ​ខុសលក្ខណៈ​បច្ចេកទេស ការរស់នៅ​នៅក្នុង​បន្ទប់​តូចចង្អៀត​គ្មានខ្យល់​អាកាស​ចេញចូល​គ្រប់គ្រាន់​ជាដើម គឺ​​​ជា​​​​ប្រធានបទ​ដ៏ក្តៅ​​​គគុក​ទាក់ទិន​ទៅនឹង​ការដួល​សន្លប់​របស់​កម្មករ កម្មការនី​កាត់ដេរ​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា។

រូបភាពគេហទំព័រសុខភាពកម្ពុជា

កម្មករ​រោងចក្រ​សាប្រីណា (Sabrina) ជាង១០០នាក់​បាន​ដួល​សន្លប់​ភ្លាមៗ​ដោយសារ​តែក្លិន​ជ័រកាវបិទ​ឥដ្ឋការ៉ូ​នៅក្នុង​រោងចក្រ ហើយ​ត្រូវបាន​គេដឹក​ជញ្ជូនទៅ​កាន់មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ជួយសង្គ្រោះ។ លោក ឈា វីនុត ប្រធាន​សហជីព​ប្រជាធិបតីកម្មករ​កាត់ដេរ​កម្ពុជា​ស៊ីខាវឌូ (CCAWDU) ប្រចាំ​រោងចក្រ​សាប្រីណា បានថ្លែង​កាលពី​ថ្ងៃទី០៤ មេសា ថ្មីៗនេះថា កម្មករ​ប្រមាណ​១០នាក់​បានដួល​សន្លប់​មុនដំបូង​ដោយ​សារ​តែឈួល​ក្លិនជ័រកាវ​នោះ ហើយ​កម្មករ​ផ្សេងទៀត​បានដួល​សន្លប់​ជាបន្តបន្ទាប់​នៅពេល​ដែល​ឃើញ​ពួកគាត់​ដួលសន្លប់​នោះ។

រថយន្ត​សង្គ្រោះ​បន្ទាន់​ រថយន្ត​សហជីព រថយន្ត​ដែលត្រៀម​ចាំដឹក​កម្មករ​ទៅផ្ទះ ព្រមទាំង​រថយន្ត​រោងចក្រ​ផងនោះ បានដឹក​កម្មករ​ទៅសង្គ្រោះ​បន្ទាន់​នៅមន្ទីរ​បង្អែក​ខេត្ត​កំពង់ស្ពឺ។ អ្នក​រងគ្រោះ​ដែលកំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ អ្នកស្រី សោម ចន្ថា បានថ្លែងថា គាត់មិន​បានរងគ្រោះ​ដោយសារ​តែក្លិនជ័រ​បិទឥដ្ឋការ៉ូ​នោះទេ គឺអ្នកស្រី​រន្ធត់​នៅពេលឃើញ​កម្មករ​ផ្សេងទៀត​សន្លប់។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​សារព័ត៌​មាន​អាស៊ី​សេរី។

លោក​វេជ្ជបណ្ឌិត ឱ វ៉ានថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា អាការៈ​របស់​កម្មករ​ដែល​រងគ្រោះ​នោះ​គឺ​មិន​ធ្ងន់ធ្ងរ​ទេ គឺ​មាន​អាការៈ​អស់​កម្លាំង វិល​មុខ និង​ថប់​ដង្ហើម​ជា​ដើម ហើយ​កម្មករ​ខ្លះ​ទៀត​ខ្វះ​ជាតិ​ស្ករ។ តែ​ទោះបី​ជា​យ៉ាង​ណា​កម្មករ​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ជា​ច្រើន​បាន​ធូរស្រាល​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ។

កន្លង​មក​មានការ​រិះគន់​ថា រោងចក្រ​មួយ​ចំនួន​ខ្វះ​បច្ចេកទេស​ខាង​ផ្នែក​បរិស្ថាន​ដែល​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់។ ករណី​នេះ​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា រោងចក្រ​និង​សហគ្រាស​នីមួយៗ​ត្រូវ​តែ​មាន​អ្នក​ឯកទេស និង​អ្នក​បច្ចេកទេស​ ដើម្បី​ត្រួតពិនិត្យ​មើល​ជាតិ​ពុល​នៅ​ក្នុង​រោងចក្រ និង​បរិស្ថាន​នានា​ដើម្បី​ធានា​សុខភាព​ដល់​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នោះ។ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​គេសង្កេត​ឃើញថា​មានក្រុម​កម្មករ​រោងចក្រ​បាន​ដួលសន្លប់​ជាច្រើន​កន្លែង​នៅក្នុង​ប្រទេសកម្ពុជា។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative