ជម្ងឺ​ផ្តាសាយ​ជ្រូក​ ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ និង​​​បានសម្លាប់​មនុស្ស​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​

ជម្ងឺផ្តាសាយជ្រូកគឺជាប្រភេទជម្ងឺថ្មីមួយ ដែលអាចចម្លងទៅលើមនុស្សគ្រប់វ័យ​ និងបង្កដោយវីរុសH1N1​ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួលដែលបង្កឲ្យមានជម្ងឺធ្ងន់ធ្ងរ និង​​បណ្តាលឲ្យស្លាប់​​​ ថែមទៀតផង។

រូបភាពអ៊ីនធឺណេត

វីរុស ជម្ងឺ​ផ្តាសាយ​ H1N1​ បាន​ផ្ទុះ​ឡើង​សារ​ជាថ្មី​ និង​កំពុង​ឆ្លង​រាល​ដាល​យ៉ាង​ខ្លាំង​ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​ ដោយ​បាន​សម្លាប់មនុស្ស​ម្នាក់​ និង១០នាក់​ផ្សេង​ទៀត​ កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។​ នេះ​បើតាម​ការ​លើកឡើង​របស់​ព័ត៌មាន​ប្រចាំ​ប្រទេស​ឥណ្ឌា។

មន្ត្រី​បសុ​ពេទ្យ​របស់​រដ្ឋា​ភិបាល ​នូស៊ីង​ ហូម៉េ​ បាន​អោយ​ដឹង​ថា​ ក្រុម​ភ្នាក់​ងារ​បសុ​ពេទ្យ​រដ្ឋា​ភិបាល​ កំពុង​ចេញ​ប្រតិ​បត្តិ​ការ​ចាក់​ថ្នាំ​បង្ការ​ និង​ពន្យល់​ដល់​ប្រជា​ពល​រដ្ឋ​អោយ​ចេះ​ការ​ពារ​ខ្លួន​ កុំ​អោយ​ឆ្លង​ជម្ងឺ​ផ្តាសាយ​នេះ​។​

មន្ត្រី​បសុ​ពេទ្យ​រូប​នេះ​ បាន​បន្ថែម​ថា​ ជម្ងឺ​ផ្តាសាយ​ H1N1​ បាន​ផ្ទុះ​ឡើង​ ឆ្លង​រាល​ដាល​យ៉ាង​ខ្លាំង​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ​ ដោយ​បាន​សម្លាប់​យុវតី​អាយុ​ ១៤​ឆ្នាំ​ម្នាក់​ផង​ដែរ​នៅ​ពេល​នោះ​។​

ចំណែក​មន្ត្រី​ក្រសួង​សុខា​ភិបាល​របស់​ប្រទេស​ឥណ្ឌា​ បាន​ចេញ​នូវ​សេច​ក្តី​ប្រកាស​មួយ​ កាល​ពីប៉ុន្មានថ្ងៃមុននេះថា សូមឲ្យអោយ​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រស់​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ​ ត្រូវបង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត​ អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជម្ងឺ​ផ្តាសាយ​នេះ​។ គូស​បញ្ជាក់​ផងដែរ​ថា ជម្ងឺ​គ្រុនផ្តាសាយ​ជ្រូកនេះ​អ្នកជម្ងឺ​តែងមាន​អាការៈ ​គ្រុនក្តៅ ​( កំដៅ​លើសពី​៣៨អង្សា​សេ) ក្អក​ ឈឺ​បំពង់​ក ឈឺ​ក្បាល ឈឺ​សាច់ដុំ ឈឺ​សន្លាក់ និងរោគ​សញ្ញាមួយ​ចំនួនផ្សេង​ទៀតដូច​ជា ហៀរ​សំបោរ ក្អួត​ និង រាក​ជាដើម។ ដើម្បី​ការពារ​ការឆ្លង​ជម្ងឺផ្តាសាយ​ជ្រូកH1N1​ លោកអ្នក​គួរពាក់​ម៉ាស់ ឬ​ក្រម៉ា ​គ្របមាត់​ច្រមុះគ្រប់​ពេលដែល​ក្អកឬក​ណ្តាស់ ​លាង​សម្អាត​ដៃនឹង​សាប៊ូឲ្យ​បានញឹកញាប់​ និងអនាម័យ​ខ្លួនប្រាណ​ជាប្រចាំ​។ ចំពោះការចម្អិន​សាច់ជ្រូកវិញ ​គឺត្រូវចម្អិន​ឲ្យបានឆ្អិន​ល្អមុន​នឹងបរិភោគ​ ជាពិសេស​លោកអ្នក​ត្រូវសម្អាត​ផ្ទះសម្បែង​ និងបើក​ទ្វារ ឬ​បង្អួចឲ្យ​មានខ្យល់​ និង​ពន្លឺចេញ​ចូលបាន​ល្អ។ គួរ​រម្លឹកផង​ដែរថា​ កាល​ពីថ្ងៃទី​២៩ ​មិថុនា ​ឆ្នាំ ​២០១០ ​មានសារពត៌​មាននៅ​ក្នុងស្រុក ​និងក្រៅ​ស្រុកជា​ច្រើនបាន​ចុះផ្សាយ​ថា​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ សម្តេច​ ហ៊ុន សែន​ បានកើត​ជម្ងឺផ្តាសាយ​ជ្រូកនេះ​ផងដែរ​។ ហើយត្រូវ​បានប្រកាស​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជូនសាធារណៈ​ជនឲ្យ​បានជ្រាប​ជាដំណឹង​ពីពត៌មាន​នេះ​នៅពេល​នោះ​ផងដែរ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative