របបខ្មែរ​ក្រហម ជាមហា​វិនាសកម្ម

កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​គេស្គាល់ថា​ជារបបមួយ​ដែលកាន់​កាប់ដោយ​ពួកខ្មែរ​ក្រហម​ប៉ុលពត មានរយៈ​ពេល៣ឆ្នាំ៨ ខែ២០ថ្ងៃ គឺក្នុងរវាង​ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៩។ រយៈពេល​ជិត៤ឆ្នាំ​នៅក្រោម​របបខ្មែរ​ក្រហម ប្រទេស​កម្ពុជា​បានក្លាយ​ជាកន្លែង មនុស្ស​ឃាតមួយ​ដ៏ធំ​សម្បើម​ប្រៀបបាន​ដូចជា​ឋាននរកវ​លោកិយ ដែល​ជោគជាំ​ទៅដោយ​ឈាម និង​ទឹកភ្នែក។ ប្រជាជន​ខ្មែររស់នៅ យ៉ាងសែន​វេទនា និង​ខ្លោចផ្សា​ជាទីបំផុត។ តើរយៈ​ពេលជិត​៤ឆ្នាំ​ក្រោមរ​បបខ្មៅ​ងងឹតនេះ ប្រទេស​កម្ពុជា​មានវិនាស​សកម្ម អ្វីខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមធ្វើ​ការដក​ស្រង់នូវ​ស្ថិតិខ្លះ​នៃផល​ប៉ះពាល់​ដែលបង្ក​ឡើង​ដោយ​របបខ្មែរ​ក្រហម ដើម្បី​ទុកជូន ប្រិយមិត្ដ​អ្នកអាន​ជាការ​ស្វែងយ​ល់។ ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​បានជួប​នូវវិនាសកម្ម​យ៉ាង​ច្រើន​លើស​លប់។ ពួក ខ្មែរ​ក្រហមបាន​បំបាត់​ចោលនូវ​ប្រពៃណី​ទំនៀម​ទម្លាប់​ដ៏ល្អ​ប្រណិត​របស់​កម្ពុជា និង​បំផ្លាញ​ខឿន​វប្បធម៌ជាតិ​ដែលមាន​ជាយូរ​លង់ណា ស់មក​ហើយ។ លើស​ពីនេះ របប​នេះបាន​បំផ្លាញ និង​បំបាត់​ចោល​ស្ទើរតែ​ទាំងស្រុង​នូវមន្ទីរ​ពេទ្យ សាលារៀន វត្ដអារាម ព្រះពុទ្ធសាស នា វិហារ​កាតូលិក និង​សាសនា​អ៊ីស្លាម។

  • ចំនួនមនុស្ស​ស្លាប់ ប្រជាជន​ស្លូតត្រង់​ជាង៣​លាននាក់​ត្រូវបាន​សម្លាប់​យ៉ាងរង្គាល និង​ព្រៃផ្សៃ​បំផុត។ នៅកម្ពុជា គ្រួសារ​ណាក៏​មានឪពុក​ម្ដាយ បងប្អូន ឬ​ញាតិ​សន្ដាន​ដែលត្រូវ​ពួកខ្មែរ​ក្រហម​ប៉ុលពត​សម្លាប់​ដែរ ភាគ​ច្រើន​ជាគ្រួសារ​អ្នកទីក្រុង និង​ប្រជា ជននៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍។ ព្រះសង្ឃ​ស្ទើរតែ​៨២០០០​អង្គត្រូវ​បានសម្លាប់។ តាម​សាក្សី ក្នុង​ចំណោម​បញ្ញវន្ដ​កម្ពុជា​ដែលសិក្សា នៅ​បរទេស មានចំនួន​១០០០នាក់​ត្រូវប៉ុលពត​បោក​បញ្ឆោត​ឱ្យត្រឡប់​មកស្រុកវិញ និង​ត្រូវពួក​នេះយក​ទៅសម្លាប់​ចោលអស់​ជា ច្រើននាក់។ កីឡាករ​ល្បីឈ្មោះ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​អន្ដរជាតិ​២០០០នាក់ និង​អ្នកហឹ្វកហឺ្វន​កីឡា​៣០០០នាក់ ក៏ត្រូវពួកវា សម្លាប់​ផងដែរ។
  • ទំនាក់ទំនង​គ្រួសារ​និងទំនៀម​ទម្លាប់ មនោស​ញ្ចេតនា​រវាង​មនុស្ស និង​ការជួយ​គ្នារវាង​អ្នកជិតខាង​ត្រូវបាន​លុបបំបាត់។ គណៈ​សង្ឃ និង​ពុទ្ធបរិស័ទ​ត្រូវបាន​សម្លាប់ ព្រមទាំង​លុបបំបាត់​ចោល​សាសនា និង​វប្បធម៌​ជាតិ។ ពួកប៉ុលពត​បាន​បង្ខំ​ព្រះសង្ឃ​ឱ្យចាក សិក្ខាបទ ហើយ​សម្លាប់​ចោល។ វត្ដអារាម រូបបដិមាករ និង​គម្ពីរធម៌​ត្រូវបាន​បំផ្លិចបំផ្លាញ​អស់។ វត្ដអារាម​ចំនួន​២៨០០​បំផ្លាញ​ស្ទើរ តែទាំង​អស់។
  • ការអប់រំ​គ្រប់ថ្នាក់ សាលារៀន​ត្រូវប្រែក្លាយ​ជាមន្ទីរ​ឃុំឃាំង ឃ្លាំងស្រូវ ឬ​ឃ្លាំងជី។ សៀវភៅ​ឯកសារ​នានា​នៅក្នុង បណ្ណាល័យ​ត្រូវបានដុត​បំផ្លាញ​ចោល។ ក្នុងរយៈ​ពេល៤ឆ្នាំ​ក្រោម​របបប៉ុលពត គ្រូបង្រៀន​ប្រមាណ​៤ភាគ៥​ត្រូវពួក​វាសម្លាប់។

    រូបភាពទស្សនាវដ្តីសុខភាពយើង

  • វប្បធម៌ជាតិ ក្នុងកំឡុង​ពេលជិត​៤ឆ្នាំ ពួកវា​កម្ទេច​ជាមូលដ្ឋាន​នូវសម្ភារៈ វប្បធម៌ និង​សម្លាប់​រង្គាល​អ្នកដែល​រក្សា និង ពង្រីក​ខឿន​វប្បធម៌​ជាតិ។ សិល្បៈ​ករល្បីៗ​៩០%​ត្រូវបាន​សម្លាប់។ សិល្បៈករ​១,២៤១នាក់​នៅឆ្នាំ១៩៧៥ នៅសល់​តែ១២១នាក់ ប៉ុណ្ណោះ។ បណ្ណាល័យ​ធំៗ បណ្ណាគារ​សំខាន់ៗ​មហាវិទ្យាល័យ មន្ទីរ​វិទ្យាសាស្ដ្រ និង​វត្ដអារាម​ជាច្រើន​ត្រូវបំផ្លាញ។ សំណង់​ស្ថាបត្យ កម្ម​បូរាណ​ចំនួន៥០​ដែលល្បី​ឈ្មោះ​ក៏ត្រូវ​បានបំផ្លាញ ជាពិសេស​នៅប្រាសាទ​អង្គរធំ។
  • សេដ្ឋកិច្ចជាតិ មូលដ្ឋាន​ឧស្សាហកម្ម នៅមុន​ឆ្នាំ១៩៧៥ ពិតមែន​តែពុំទាន់​ពង្រីក។ នៅក្រុង​ភ្នំពេញ​ក៏មាន៣១រោងចក្រ និង​កម្មករជិត​១៣,០០០នាក់ ហើយមាន​៣,៧០០​អង្គភាព​សិប្បកម្ម។ ក្រោម​របបខ្មែរ​ក្រហម​កម្មាភិបាល មូល​ដ្ឋានច្រើន​កន្លែងត្រូវ បិទទ្វារ ឬ​បង្រួញ​សកម្មភាព។ រោងចក្រ​ស៊ីម៉ង់​មានកម្លាំង​៥០,០០០​តោន​ក្នុងមួយឆ្នាំ និង​រោងចក្រ​កែវ​៤០,០០០តោន​ក្នុងមួយឆ្នាំ បាន ផ្អាក​សកម្មភាព។ រោងចក្រ​តូចធំ​ជាច្រើន​ទៀតត្រូវ​បានបិទទ្វារ ដោយ​កម្លាំង​ផលិត​ត្រូវបាន​បំផ្លាញ។

តើយុត្ដិធម៌​មាននៅ​ពេលណា?

រយៈកាល​ជិត៤ឆ្នាំ​នៃរបប​ខ្មៅងងឹត​របស់កម្ពុជា​ប្រជាធិបតេយ្យ ពិតជា​មានវិនាសកម្ម​ធំធេង​ណាស់។ អង្គ​ជំនុំជម្រះ​វិសាមញ្ញ ដែលបាន​បង្កើត​ឡើងមាន​សារៈសំខាន់​ណាស់​សម្រាប់​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ចំពោះ​មហាវិនាស​កម្មនេះ ដើម្បី ឱ្យមាន​យុត្ដិធម៌​នៅក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative