របៀប​តុបតែង​ផ្ទះតាមបែប​សម័យទំនើប

ផ្ទះ គឺជាទីកន្លែងសំខាន់មួយសម្រាប់ស្នាក់នៅ។ ផ្ទះ​បាន​​ចូល​រួម​​ ចំណែក​​ក្នុង​ការ​​​​លើក​​​​​ កម្ពស់​​​​​សុខភាព​​​​ផងដែរ​​​​ ប្រសិន​​បើ​លំនៅដ្ឋាន​ នោះ​ប្រកប​​ដោយ​​បរិយាកាស​​ល្អ។ ការ​តុបតែង​​ផ្ទះសម័យ​​ទំនើប​​នេះ ច្រើន​​និយម​ម៉ូដ​​ទៅ​តាម​​ការ​ចូលចិត្ដ​​របស់​​គ្រួសារ​​នីមួយៗ ក្នុង​នោះ​​ដែរ ការតុបតែង​ផ្ទះមាន​ច្រើនបែប​ច្រើនម៉ូដ​តាម​​សម័យកាល និងតាម​ការវិវឌ្ឍន៍​​រីកចម្រើន​​របស់សង្គម និងប្រទេស នីមួយៗ

រូបភាពទស្សនាវដ្តីសុខភាពយើង

ការតុបតែង​មានម៉ូដ​ជាច្រើន​ផ្សេងៗគ្នា ដូចជាម៉ូដ​សម័យ​ទំនើប​តាមបែប​អឺរ៉ុប ឬ​តាមបែប​អាស៊ី​ជាដើម។ បើតាម​ប្រសាសន៍​របស់លោក តាំង ហេង ប្រធាន​គ្រប់គ្រង​ផ្នែកទីផ្សារ​នៃក្រុមហ៊ុន​តុបតែង បានឱ្យ​ដឹងថា​អ្នក​ជ្រើសរើស​យកការ​តុបតែង​ផ្ទះតាម​បែប សម័យ​ទំនើប ច្រើន​តែជ្រើសរើស​យកការ​រៀបចំ​តាមបែប​សម័យ​ទំនើប​របស់​ប្រទេស​ថៃ ឬ​ចិន។

អ្វីទៅជាការ​តុបតែងផ្ទះ?

តុបតែង​មានន័យ​ថា គឺជាការ​ធ្វើឱ្យ​ស្អាត។ ជាទូទៅ​ការតុប​តែង​កែលម្អ​ច្រើនតែ​ធ្វើទៅ​លើផ្ទះ ឬ​នៅតាម​ហាង​នានា ដែលគេ សាងសង់​ដើម្បីលក់ ដែល​គេពុំទាន់​មានការ​តុបតែង​ច្បាស់លាស់​នៅឡើយ។ ការ​តុបតែង​ផ្ទះ​ធ្វើឡើង​ទៅលើ​ការតុបតែង​ពិដាន​បន្ទប់ ទទួល​ភ្ញៀវ ជញ្ជំាងផ្ទះ ផ្ទះបាយ ឬ​គ្រឿង​សង្ហារឹម​ផ្សេងទៀត​ជាដើម ដើម្បី​ឱ្យ​សោភ័ណភាព​ក្នុងផ្ទះ​បានស្អាត។ កាលណា​យើង​តុបតែង ឃើញ​ថាផ្ទះ​របស់​យើងស្អាត និង​ទាន់​សម័យ។ ឧទាហណ៍ ផ្ទះ​ដែលគ្មាន​ពិដាន យើងធ្វើ​ឱ្យមាន​ពិដាន ដោយ​តុបតែង​ឱ្យមាន​ជាអំពូល​ភ្លើងម៉ូដ មើល​ទៅឃើញ​ស្អាត​ហើយ។ នៅក្នុង​បន្ទប់​គេងវិញ ធម្មតា​មានតែ​ទូដាក់​សម្លៀក​បំពាក់ និង គ្រែ​សម្រាប់​គេង​តែប៉ុណ្ណោះ ប៉ុន្ដែ​អាចច្នៃ​ដាក់ជា​កូនទូមួយ​នៅលើ​ក្បាលគ្រែ ហើយ​រៀបជា​អំពូល​ភ្លើង ឬ​អាចកែ​ច្នៃ​ជញ្ជំាង​ដើម្បីដាក់ វត្ថុផ្សេងៗ​ទៀតបាន ធ្វើឱ្យ​បន្ទប់កាន់​តែស្រស់ស្អាត​ថែមមួយ​កម្រិត​ទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបតុបតែងផ្ទះ

សព្វថ្ងៃ​នេះ ពេលចង់​បានស្អាត និង​ត្រូវការ​តុបតែង គេតែង​ទាក់ទង​ក្រុមហ៊ុន​ដើម្បី​តុបតែង​ផ្ទះរបស់គេ។ អ្នក​ដែល​និយម រៀបចំ​តុបតែង​ផ្ទះភាគ​ច្រើន​ជាអ្នក​មានលុយ​ធូធារ​តែប៉ុណ្ណោះ។ ម៉ូដ​មានបែប​ទាន់​សម័យ អាចបែប​អឺរ៉ុប និង​អាស៊ី ភាគច្រើន​គេផ្ដោត​លើភាព​ទាន់សម័យ។ ប្រសិនបើ​គ្មានការ​តុបតែង​ធ្វើ ឱ្យផ្ទះ​ហាក់​មានភាព​សោះ​កក្រោះ មិន​ស្អាត​ជាដើម។ ទោះបី​ជានៅ​តាម​ភោជនីយដ្ឋាន ឬ​នៅតាម​ហាងនានា ក៏តម្រូវ​ឱ្យមាន​ការរៀបចំ តុបតែង​ជានិច្ច​ផងដែរ។ អ្នកខ្លះ​ពេញចិត្ដ​ម៉ូដ​តុបតែង​បែបថៃ អ្នកខ្លះ​ទៀត​ចូលចិត្ដ​បែបចិន។ ការ​តុបតែង​បែប​ថៃភាគ​ច្រើន​មានដូចជា ឈើបេង នាងនួន​ជាដើម។ សារៈសំខាន់​ដែលបាន​មកពីការ​តុបតែង គឺផ្ទះ​បានស្អាត រស់នៅ​ស្រួល និង​មានផាសុកភាព។ ចំពោះ​ការតុប​តែង​ផ្ទះ យើង អាចបន្ថែម​ផ្កាភ្ញី​បន្ដិចទៀត​ក៏បាន។ ផ្ទះមួយ​ស្អាត​ទៅបាន ត្រូវរួមផ្សំ​ដូចជា​បំពាក់​វាំងនន គ្រឿង​សង្ហារឹម​(មានកៅអី តុ ឬ​សាឡុង)ជា ដើម។ ពិដាន ត្រូវមាន​អំពូលភ្លីង ជញ្ជាំង​មានម៉ូដ​ខុសគ្នា​ផងដែរ។ ចំពោះ​ពណ៌ គេច្រើន​យកពណ៌​ស និង​ពណ៌​ពងមាន់។ ពណ៌​បៃតង និង​ពណ៌ខៀវ​អាចដាក់​តែមួយ​ផ្នែកខ្លះ​តែប៉ុណ្ណោះ។ គេ អាចបាញ់​ថ្នាំពណ៌​បៃតង​នៅលើកញ្ចក់​ទៅតាម​ការពេញចិត្ដ​របស់​អតិថិជន។ ចំពោះ​បន្ទប់​ទទួលភ្ញៀវ ត្រូវតុបតែង​យ៉ាងណា​កុំឱ្យមើល​ទៅស៊ាំញុំា​ពេក ដើម្បីឱ្យ​មើលទៅ​ស្អាត​បានយូរ។ បន្ទប់​ទទួលភ្ញៀវ គឺជា​កន្លែង​ដែលត្រូវ​ស្អាត​ជាងគេ ត្រូវរៀបចំ​ឱ្យបាន​ស្អាត​ជាងនៅ​កន្លែង​ដទៃ។ ហើយត្រូវ​មានទូរទស្សន៍ និង​សាឡុង ដើម្បី​ឱ្យភ្ញៀវ អង្គុយ សាឡុង​ដាក់តែ​មួយឈុត​តែប៉ុណ្ណោះ ជាការ​គ្រប់គ្រាន់​ហើយ។តែសូម​ជ្រើសរើស​ពណ៌ទៅ​តាមការ​ចូលចិត្ដ អ្នកខ្លះ​មើលតាម ពណ៌​ជញ្ជាំង ឬ​បរិយាកាស​ជុំវិញ​ខ្លួនផងដែរ។ អ្នកខ្លះ​ទៀត​មិនគិត​ទៅលើបញ្ហា​ទាំងនេះទេ។ នៅក្នុង​បន្ទប់​ទទួលភ្ញៀវ គួរតុប​តែងឱ្យ មានពិដានម៉ូដ ដែលធ្វើ​ពីម្នាង​សិលា និង​ឈើ ត្រូវមាន​ទូជាប់​ជញ្ជំាង​សម្រាប់​ដាក់​ទូរទស្សន៍​មួយ ហើយ​និង​អំពូល​ដាក់នៅ​ចន្លោះ​ពិដាន មួយផង។ ចំពោះ​វាំងនន បើផ្ទះ​ធម្មតា​មិនចាំបាច់​ដាក់ក៏បាន ព្រោះវាំង​ននមាន​តម្លៃ​ថ្លៃដែរ។ យើង​អាចយក​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ មកដាក់​តាំង​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ ឬ​តាំងរូប​គំនូរខ្លះៗ​នៅជញ្ជាំង។ ប្រសិន​បើបន្ទប់​គេងមាន​លក្ខណៈធំ យើង​អាចដាក់​ជាកៅអីមួយ ឬ​ពីរ។ រីឯផើងផ្កា​អាចដាក់​តែមួយ ឬ​ពីរតែ​ប៉ុណ្ណោះ។ សម្រាប់​អ្នកមាន​លុយច្រើន គេចំណាយ​តុបតែង​ផ្ទះគ្រប់​ជ្រុង​ជ្រោយ​ទាំងអស់​តែម្ដង មានន័យថា​គេរៀបចំ​តុបតែង​តាំងពី ជាន់ទី​មួយរហូត​ដល់ជាន់​លើតែម្ដង។ អ្នកមិន​សូវមាន​ថវិការៀបចំ​តុបតែង​តែនៅជាន់​ទីមួយ​តែប៉ុណ្ណោះ។

ដំបូន្មានអ្នកជំនាញ

ផ្ទះតូច​ចង្អៀត​បន្ដិចមែន តែប្រសិនបើ​រៀបចំ​វាឱ្យបាន​ស្អាតនោះ យើងពិត​ជាអាច​រស់នៅ​ដោយក្ដី​រីករាយ និង​ទាន់សម័យ ជាក់​ជាពុំខាន។ ប៉ុន្ដែការ​រៀបចំ​តុបតែង​ត្រូវចំណាយ​ថវិកា​ច្រើន។ ការតុប​តែងផ្ទះ​តាមបែប​សម័យ​ទំនើប អាចធ្វើ​ទៅបាន​សម្រាប់តែ អ្នក​មានទ្រព្យ​សម្បត្ដិ​ច្រើន​ប៉ុណ្ណោះ។ ចំពោះ​បន្ទប់​ទទួលភ្ញៀវ​សម័យ​ថ្មីមួយ ត្រូវ​ចំណាយ​ថវិការ​វាងពី​បួនពាន់​ទៅប្រាំពាន់​ដុល្លារអាមេរិក​ឯណោះ។ សរុប​ការតុបតែង អាស្រ័យ​ទៅលើ​តម្លៃសម្ភារៈ​ដែល​បំពាក់​នោះផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative