អំពើប្រល័យ​ពូជសាសន៍ ជាអ្វី?

នៅសតវត្សទី២០ គឺជាសម័យកាលដែលបង្ហូរឈាមខ្លាំងក្លាបំផុតនៅក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ។ សម័យកាលនេះបាន ត្រូវញ៉ាំញីដោយសង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់​​​រវាង​ប្រទេស​​​​មហា​អំណាច​​​​​ពីរ​ដែល​​​ដណ្ដើម​​អំណាចកាន់កាប់ប្រទេស​ក្រីក្រ ក្រោម​អាណានិគម។ ក្នុងសង្គ្រាមលោក​លើកទីមួយ រដ្ឋាភិបាលទួ​គីបានបំភិតបំភ័យ​ពិភពលោកដោយ​​បង្ក​​ការ​សម្លាប់​​យ៉ាង​រង្គាល​មួយគឺសម្លាប់​ជនជាតិ​អាមេនី​​​នៅក្នុង​​ប្រទេស​ទួគី។​ ដោយឡែកនៅប្រទេសសូវៀត ស្ដាលីន​​បាន​បង្អត់​​អាហារ និង​សម្លាប់​​ប្រជាជន សូវៀត​​​​រាប់​លាន​នាក់់​​ដោយចាត់ទុក​​មនុស្ស​ទាំង​នោះ​​​ថា​ជា​មនុស្ស​​​គ្រោះថ្នាក់​​​សម្រាប់​​​របប​របស់​ខ្លួន។ សង្គ្រាម​លោក​លើក​ទី២​​បាន​បញ្ចប់​​ដោយ​ការ​​ទម្លាក់គ្រាប់បែក​បរមាណូ​​ចំនួន​ពីរគ្រាប់​​របស់​អាមេរិក​​មកលើទីក្រុងហីរូស៊ីម៉ា និងណាហ្គាសាគីនៃប្រទេសជប៉ុន។ អំពើ ទាំង នេះ​​ត្រូវ​បាន​​គេ​ចាត់ទុក​ជា​អំពើ​​ប្រល័យ​ពូជសាសន៍។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើអំពើប្រល័យពូជសាន៍ ជាអ្វី?

នៅក្នុង​ទំពរ័គ្រួសារ និង​សង្គម​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយក​ទស្សនៈ​របស់អ្នក​ប្រាជ្ញ​មួយចំនួន​នៅលើ ពិភពលោក​ជុំវិញ​និយមន័យ​របស់អំពើ​ប្រល័យ​ពូជសាសន៍នេះ ជូនមិត្ដ​អ្នកអាន​ធ្វើការស្វែង​យល់។

អនុសញ្ញាស្ដីពី​អំពើប្រល័យ​ពូជសាសន៍

ការបំផ្លាញ​ជនជាតិ​ជ្វីហ្វសញ្ជាតិ​អឺរ៉ុប និង​ការគិត​អំពីបញ្ហា​អធិបតេយ្យ​ភាពរដ្ឋ​ដែលបណ្ដាលឱ្យ​មេដឹកនាំ​ជាច្រើននាក់​ហ៊ាន សម្លាប់​ប្រជាជន​ខ្លួនឯង បានដាស់​ពិភពលោក​ទាំងមូល​ឱ្យបញ្ឈប់​ការសម្លាប់​រង្គាល​ដោយបង្កើត​អនុសញ្ញា​ប្រល័យពូជសាសន៍ ដែលចូល ជាធរមាន​នៅឆ្នាំ​១៩៤៨ ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។ ពិភពលោក​បានសន្យាថា​នឹងមិន​ឱ្យឧក្រិដ្ឋកម្ម​បែបនេះ​កើតមាន​ឡើងនៅ ក្នុងសង្គម​មនុស្សសារ​ជាថ្មីម្ដង​ទៀតឡើយ។ ទោះបីយ៉ាង​ណា អំពើ​ប្រល័យ​ពូជសាសន៍​នៅតែកើត​មានឡើងជាច្រើនលើក​ច្រើនសារ។ សូម្បីតែ​នៅដើម​ទស្សវត្សរ៍​ឆ្នាំ១៩៩០ នៅក្នុង​តំបន់អឺរ៉ុប​ដែលមាន​អរិយធម៌ខ្ពស់ ជនជាតិ​សឺបបាន​ប្រឆាំងនឹង​ពួកមូស្លីម ដោយ​ដាក់ជនជាតិ​មូស្លីម​ទាំងនោះ​ក្នុងជំរំ​ប្រមូលផ្ដ្ដុំ​របស់​ណាហ្ស៊ី។ អំពើ​ប្រល័យ​ពូជសាសន៍​នៅតែបន្ដ​មាននៅ​ឡើយ ព្រមទាំង​មានការ​ភន្ដ័ច្រឡំក្នុង ការប្រើពាក្យ​ប្រល័យ​ពូជសាសន៍ ហើយក៏​មិនមែន​ជាការងាយ​ទេក្នុង​ការបញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍នេះ។

និយមន័យ​អំពើប្រល័យ​ពូជសាសន៍​របស់អង្គការ​សហប្រជាជាតិ

អំពើប្រល័យ​ពូជសាសន៍​ត្រូវបាន​យល់ឃើញ​ផ្សេងៗគ្នា។ ប៉ុន្ដែ​និយមន័យ​ដែលកំណត់​ដោយអង្គការ​សហប្រជាជាតិ គឺជា និយមន័យ​ជាផ្លូវការ និង​មានការគាំទ្រ​ពីអ្នកប្រាជ្ញ​ជាច្រើននាក់។ ក្រោម​អនុសញ្ញា​របស់អង្គការ​សហប្រជាតិ​ស្ដីពីការ​ទប់ស្កាត់ និង​ផ្ដន្ទាទោស បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​ត្រូវបានកំណត់​ក្នុងមាត្រាទី២​ថាអំពើណា​មួយដែលបាន​ប្រព្រឹត្ដដោយ​មានចេតនា​បំផ្លាញទាំង​ស្រុង  ឬ​ដោយផ្នែក​ដល់សញ្ជាតិ ជាតិពន្វ ពូជសាសន៍ ឬ​ក្រុមសាសនា​ណាមួយ។ អំពើទាំង​នោះមាន៖

1. ការសម្លាប់​សមាជិក​នៃក្រុម

2. ការបង្កឱ្យ​មានការខូចខាត​យ៉ាងធ្ងន់ធ្ងរ​លើរូបរាងកាយ និង​ផ្លូវចិត្ដរបស់​សមាជិក​នៃក្រុម

3. ការបង្ខំឱ្យ​រស់នៅ​ក្នុងស្ថានភាព​មួយដែល​ដឹងថាមាន​គ្រោះថ្នាក់ អាចនាំឱ្យ​មានការ​បំផ្លិចបំផ្លាញ​ក្រុមមួយ​ទាំងស្រុង ឬ ដោយផ្នែក

4. ការដាក់​បង្ខំនូវ​វិធានការ​នានាសំដៅ​រារាំងការផ្ដល់​កំណើត​នៅក្នុងក្រុម។

5. ការផ្ទេរ​កុមារពីក្រុមមួយទៅ​ក្រុមមួយទៀត​ដោយបង្ខំ។

ទស្សនៈ​អ្នកប្រាជ្ញ​ចំពោះ​អំពើប្រល័យ​ពូជសាសន៍

ជាមួយ​នឹងកង្វះខាត​និយមន័យ​ស្ដីពីអំពើប្រល័យ​ពូជសាសន៍​នៅក្នុង​អនុសញ្ញា និង​បរាជ័យ​របស់​អនុសញ្ញានេះ​ក្នុងការរារាំង អំពើ​ប្រល័យ​ពូជសាសន៍ អ្នកប្រាជ្ញ​នានា​បានកំណត់​និយមន័យថ្មី​នៃអំពើប្រល័យពូជសាសន៍។

  • លោក ហឺហ្វ សាវិន បានសង្កត់​ធ្ងន់លើវិបាក និង​ចំណង់របស់​ឧក្រិដ្ឋជន។ ដូចនេះ​លោកជំនួស​ពាក្យថាអំពើ​ប្រល័យពូជ សាសន៍ ដោយថាជា​ការបំផ្លិច​បំផ្លាញ​ទាំងស្រុង។
  • លោក អៀរីង ល្វីហូរ៉ូវីត បានឱ្យ​និយមន័យ​អំពើប្រល័យ​ពូជសាសន៍ថា គឺជាការ​បំផ្លិចបំផ្លាញ​ជាប្រព័ន្ធ​មកលើ​ប្រជាជន ស្លូតត្រង់​ដោយ​ការិយាល័យ​ធិបតេយ្យ​របស់រដ្ឋ។ ផ្អែកលើ​ស្ថានភាព​សង្គម លោកអៀរីង ចាត់ទុក​សង្គមដែល​មាននិន្នាកា​រឆ្វេងនិយម ជ្រុលជា​សង្គម​ប្រល័យ​ពូជសាសន៍។ សង្គមដែល​នៅកណ្ដាល គឺជាសង្គម​បែបសេរី និង​សង្គមដែល​ប្រកាន់ស្ដាំ​ជ្រុល គឺជាសង្គម​បែប​អនាធិបតេយ្យ។ ហេតុដូចនេះ លោកអៀរីង សន្និដ្ឋាន​ថាការ​និយមជ្រុល​មិនមែន​ជាមូលហេតុ​ពិតប្រាកដ​នៃអំពើ​ប្រល័យ​ពូជសាសន៍ទេ។ ប៉ុន្ដែ​វប្បធម៌​ជាតិទៅ​វិញទេ ទើបជាមូលហេតុ​ពិតប្រាកដ។ ដូច្នោះ​ហើយវប្បធម៌​នៃប្រទេស​ទួគី អាល្លឺម៉ង់ កម្ពុជា រ្វ៉ាន់ដា យូហ្គោសស្លា វី និង​តំបន់​ដាហ្វួរ ពុំសូវ​ទន់ភ្លន់​ដូចវប្បធម៌​ប្រទេស​ដ៏ទៃទៀតទេ។
  • សង្គម​វិទូដ៏លី្បល្បាញ ហេឡែន ហ្វេនបាន​និយាយថា អំពើ​ប្រល័យ​ពូជសាសន៍ គឺជាការ​សម្លាប់​មួយផ្នែក ឬ​ទាំងស្រុងនៃ ក្រុមមួយ ដែលត្រូវ​បានកំណត់​ក្រៅពីការ​ទទួលខុស​ត្រូវទាំងស្រុង​របស់ជន​ដៃដល់ ដោយ​រដ្ឋាភិបាល មេដឹកនាំ បុគ្គលិក ឬ​ក្រុមមនុស្ស មួយ។ មនុស្ស​មួយក្រុម​នេះតំណាង​ឱ្យជនដៃ​ដល់ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្ដិ ឬ​ឱកាស​ដែលគិតថា​បង្កឡើង​ដោយជន​រងគ្រោះ។ និយម ន័យនេះ​និយាយ​អំពីការបំផ្លិច​បំផ្លាញ​រូបរាងកាយ អំពើ​អមនុស្សធម៌ និង​វិបត្ដិក្នុង​សង្គម។
  • រីឯលោក ឆាល និង​ចូណាសាន់ អ្នកទាំងពីរ​បានកំណត់​អំពើប្រល័យ​ពូជសាសន៍ ថាជាទម្រង់​នៃការ​សម្លាប់​រង្គាលដែលរដ្ឋ ឬ​អាជ្ញាធរ​មានបំណង​បំផ្លិចបំផ្លាញ​ក្រុមមួយ​ដោយជន​ដៃដល់បាន​កំណត់ទុក។ និយមន័យ​នេះបានកំណត់​អំពើ​ប្រល័យ​ពូជសាសន៍ ថា ជាការ​បំផ្លិចបំផ្លាញ​ក្រុមមួយ​តាមរយៈ​ការសម្លាប់។

រូបភាពទស្សនាវដ្តីសុខភាពយើង

សេចក្ដីសន្និដ្ឋាន

សរុបសេចក្ដី​មកមានការ​ស្នើសុំយក​ការកំណត់​និយមន័យ​អំពើប្រល័យ​ពូជសាសន៍​ចំនួនបី។

1.និយម​ន័យទី១ ៖ អំពើ​ប្រល័យ​ពូជសាសន៍​ដែលកំណត់​ដោយអង្គការ​សហប្រជាជាតិ​មិនមានការ​ខ្វះខាត​ធ្ងន់ធ្ងរទេ។ អ្នកប្រាជ្ញ​មួយចំនួន​គិតថាអំពើ​ប្រល័យ​ពូជសាសន៍​ត្រូវតែមាន​ទ្រង់ទ្រាយធំ​រាប់បញ្ចូល​ទាំងគំនិត​របស់លោក​ឃុបផឺ ដែល​បង្កើតពាក្យ សម្លាប់​រង្គាលនៃ​អំពើ​ប្រល័យ​ពូជសាន៍។ អំពើ​ប្រល័យ​ពូជសាសន៍​ទ្រង់ទ្រាយ​តូចៗត្រូវ​បានគេយល់ថា​ជាការគាប​សង្កត់លើ​នយោបាយ ក្នុងស្រុក។ អនុសញ្ញា​ស្ដីពី​អំពើប្រល័យ​ពូជសាសន៍​ត្រូវបាន​បង្កើតឡើង​ដោយសារការ​មើលឃើញ​អំពើ​សម្លាប់​ផ្ដាច់ពូជ​ជនជាតិ​អាមេនី និង​ហូឡូខូស​នៅទ្វីបអឺរ៉ុប នាំឱ្យមាន​ជំនឿថា អំពើ​ប្រល័យ​ពូជសាសន៍​ត្រូវតែមាន​ទំហំធំ។

2.និយម​ន័យទី២ ៖ គឺជាការ​បំផ្លិចបំផ្លាញ​ជាប្រព័ន្ធ និងមិនរើសមុខ​ទៅលើសមាជិក​នៃក្រុមមួយ ហើយ​ជនរងគ្រោះ​ជាសមាជិក​នៃក្រុមនោះ។

3.និយម​ន័យទី៣ ៖ ចេញពី​បរិបទនេះ អំពើប្រល័យ​ពូជសាសន៍​មានទំហំ​ខុសៗគ្នា អាចជា​ទ្រង់ទ្រាយ​ធំ និងតូច។ អំពើ​​​ប្រល័យ​ពូជសាសន៍​ត្រូវបញ្ជាក់​ដោយសារ​មូលហេតុ​បីយ៉ាង។

  • ការសម្លាប់​មនុស្សទោះ​ក្នុងចំនួនតិច ឬ​ច្រើនក្ដី​នៅក្រោម​លក្ខខ័ណ្ឌដូចគ្នា គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ស្មើគ្នា។
  • ការប្រើ​ប្រាស់​ពាក្យដូចគ្នា​មិនបានផ្លាស់​ប្ដូរ​ការយល់​ឃើញ​របស់​សាធារណជន​ទាក់ទង​នឹងភាពធ្ងន់ធ្ងរ​ក្នុងករណី​នីមួយៗនៃ អំពើប្រល័យ​ពូជសាសន៍​ឡើយ។
  • អំពើប្រល័យ​ពូជសាសន៍​ក៏ដូច​ទៅនឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងមនុស្សជាតិ​ផ្សេងៗដែរ ហើយក៏​ជាកង្វល់​របស់​មនុស្ស​រាល់រូប។

ចំណាំ ៖ ទាក់ទង​នឹងទិន្នន័យ ឬ​ស្ថិតិនៃ​ផលប៉ះពាល់​នៃរបប​ប្រល័យ​ពូជសាសន៍​របស់សម័យខ្មែរក្រហម សូមអាន​ទំព័រលេខ៥៩។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative