ជម្ងឺរបេង

យោងតាម​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹង​ថាកម្ពុជា​ជាប្រទេស​មួយស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង២២នៅ​លើពិភព​លោក ដែល​មានបន្ទុ​កជម្ងឺ​របេង​ធ្ងន់ធ្ងរ និង​មានអត្រា​អ្នកកើត​ជម្ងឺរបេង​ច្រើនជាងគេ។ របេង​ជាជម្ងឺ​ងាយឆ្លង​បំផុត គឺឆ្លង​តាមរយៈ ខ្យល់​ដែលមាន​មេរោគរបេង ហើយអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់អាយុជីវិត បើ​បណ្ដែត​បណ្ដោយ​មិនព្យាបាល​ឱ្យទាន់​ពេលវេលា ។ ការព្យាបាល​ជម្ងឺរបេង​ទាមទារ​ពេលវេលា​យូរ និង​ភាពអត់ធ្មត់​នៅពេល​កំពុង​ប្រើប្រាស់​ថ្នាំសម្រាប់​ព្យាបាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ឱ្យលោក​អ្នកអាន​បានយល់​កាន់តែច្បាស់ និង​បំបាត់នូវ​ចម្ងល់ផ្សេងៗ​ដែលមាន​ចំពោះ​ជម្ងឺរបេង នៅពេល​នេះទស្សនាវ ដ្ដី សុខភាពយើង បានទទួល​ការចូល​រួមបក​ស្រាយ​ពីលោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេង និង ហង់សិន។

ជម្ងឺរបេង ជាអ្វី?

របេងជា​ជម្ងឺឆ្លង​មួយដែល​អាចបណ្ដាល​ឱ្យអ្នក​ជម្ងឺស្លាប់​បាន វាមិនមែន​ជាជម្ងឺ​តពូជទេ។ របេង​បង្កឡើង​ដោយ​មេរោគ ឈ្មោះ​បាស៊ីដឺកុក ដែលត្រូវ​បានរក​ឃើញ​ជាង​១០០ឆ្នាំ​ហើយ។ ជាទូទៅ​ជម្ងឺរ​បេងតែង​តែប៉ះពាល់​លើសួត​ដែលបង្ក​ឱ្យទៅ​ជារបេង​សួត។ មេរោគ​របេង​ក៏អាច​ប៉ះពាល់​បានដែរ​ទៅលើ​សរីរាង្គ​ផ្សេងៗទៀតក្រៅ​ពីសួត ដែលហៅ​ថារបេង​ក្រៅសួត។

ការឆ្លងរាល​ដាលជម្ងឺរបេង

មនុស្ស​ដែលមាន​ជម្ងឺរបេង​សកម្ម​ជាប្រភព​ចម្លង​នៃជម្ងឺរបេង។ មាន​តែអ្នក​ដែលកើត​របេងសួត​ប៉ុណ្ណោះ​ដែលអាច​ចម្លងជម្ងឺ នេះបាន។ ជម្ងឺរ​បេងឆ្លង​ពីមនុស្សម្នាក់​ទៅមនុស្សម្នាក់​ទៀតតាម​រយៈខ្យល់។ នៅពេល​ដែលមាន​ជម្ងឺរ​បេងសួត ការក្អក កណ្ដាស់ ខាក ស្ដោះ ឬ​និយាយ​ក្ដីមិនបាន​យកក្រមា ឬ​កន្សែង​ខ្ទប់មាត់ មេរោគ​របេង​ដែលមាន​នៅក្នុង​សួតចេញ​មកក្រៅ​ទៅក្នុង​ខ្យល់តាម​តំណក់ទឹក តូចៗ​បំផុត។ នៅពេល​ដែលមាន​មនុស្សម្នាក់​ទៀតនៅ​ក្បែរ ហើយ​បានដក​ដង្ហើម​ចូលដោយនាំ​យកទៅនូវ​ខ្យល់ដែល​មានផ្ទុក​មេរោគ របេងនោះ អ្នកនោះឯង​នឹងអាច​ឆ្លងជម្ងឺ​របេងបាន។ ផ្ទុយទៅវិញ របេង​មិនឆ្លង​តាមការ​ហូបចុក​ជាមួយគ្នា ការប្រើប្រាស់​សម្ភារៈ​រួមគ្នា ដូចជា​បន្ទប់ទឹក បង្គន់ ចាន ស្លាបព្រា កែវ ទឹក​ជាដើម។ ជាធម្មតា នៅពេល​ដែល​មេរោគ​របេង​ឆ្លងចូល​ក្នុងខ្លួន​មនុស្ស ប្រព័ន្ធ​ការពារ​រាងកាយ​ធ្វើការ​វាយតប និង​ទប់ស្កាត់​ការបង្ក រោគ​ដោយមិន​ឱ្យមេរោគ​របេងរាល​ដាលបាន។ នៅពេល​ដែលមេរោគ​ស្ថិតក្នុង​ខ្លួនមនុស្ស​សម្ងំ មិន​លេចចេញ​នូវរោគ​សញ្ញាអ្វីទេ និងពុំ មានលទ្ធភាព​ចម្លងទៅ​ឱ្យអ្នក​ដទៃបាន ស្ថានភាព​នេះគេឱ្យ​ឈ្មោះថា​របេង​អាំងហ្វិចស្យុង​(ផ្ទុកមេរោគរបេង)។ ផ្ទុយ​ទៅវិញ​សម្រាប់ លោកអ្នក​ដែលមាន​របេង​អាំងហ្វិចស្យុង​រួចហើយ បើលោក​អ្នកមាន​សុខភាពល្អ ប្រព័ន្ធ​ការពារ​រាងកាយ​របស់លោក​អ្នកនឹង​ទប់ទល់មិន ឱ្យលោក​អ្នកមាន​ជម្ងឺរបេងទេ។ ក៏ប៉ុន្ដែ​នៅពេល​លោកអ្នក​មានសុខភាព​ទ្រុឌទ្រោម កង្វះ​ចំណី​អាហារ ឬ​ជាពិសេស​មានផ្ទុក​មេរោគ អេដស៍​ទៀត នោះ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​នឹងចុះ​ខ្សោយ ហើយ​ពេលនោះ​មេរោគ​របេងនឹង​រីកចម្រើន​លូតលាស់ ទីបំផុត​លោក អ្នក​នឹងមាន​ជម្ងឺរ​បេងសកម្ម។

ប្រភេទជម្ងឺរបេង

ជម្ងឺរ​បេងអាច​កើតនៅលើ​សរីរាង្គ​ផ្សេងៗ​របស់មនុស្ស ភាគច្រើន​ជាងគេ គឺកើត​នៅលើសួត​ដែលហៅថា​របេងសួត។ របេង ដែលកើត​លើសរីរាង្គ​ក្រៅពីសួត​ហៅថារ​បេងក្រៅ​សួត។ ដូចនេះ​ជម្ងឺ​របេងមាន​ពីរប្រភេទ គឺរបេងសួត និង​របេង​ក្រៅសួត។

រោគសញ្ញា​ជម្ងឺរបេង

ដោយសារ​ជម្ងឺរ​បេងមាន​ពីរប្រភេទ រោគសញ្ញា​ជម្ងឺក៏​ត្រូវបាន​ចែកជាពីរ​ប្រភេទ​ផងដែរ។

1. ជម្ងឺរ​បេងសួត លោកអ្នក​នឹងត្រូវ​បានសង្ស័យថា​មានជម្ងឺ​របេង បើលោកអ្នក​មានរោគ​សញ្ញា​ចម្បង គឺក្អក​លើសពី​២១ ថ្ងៃ និង​មានរោគ​សញ្ញា​បន្ទាប់បន្សំ​មួយចំនួន​ទៀត ដូចជា​គ្រុនក្ដៅ​ស្រៀវស្រាញ​នៅពេល​ល្ងាច បែកញើស​នៅពេល​យប់ បាយ​មិនឆ្ងាញ់ ដេក​មិនលក់ ស្រកទម្ងន់ ឈឺដើម​ទ្រូង​(ពិសេស​នៅតំបន់បោះ​ដៃផុត)​អស់កម្លាំង​ជាដើម។ ក្នុង​ករណី​ដែលអ្នក​ជម្ងឺមិន​បានព្យាបាល​ទាន់ ពេលវេលា ជម្ងឺនេះ​នឹងវិវឌ្ឍន៍​ទៅរកភាព​ធ្ងន់ធ្ងរ​ដែលអ្នក​ជម្ងឺអាច​ក្អកធ្លាក់​ឈាម ហត់​ជាដើម។

2. ជម្ងឺរបេង​ក្រៅសួត របេង​ប្រភេទនេះ​មានច្រើន​សណ្ឋាន ដូចជា​របេងស្រោម​ខួរក្បាល របេង​ស្រោមសួត របេងកូន កណ្ដុរ ឬ​ម្រេញ របេងឆ្អឹង របេង​តម្រងនោម របេង​ពោះវៀន​ជាដើម។ ជម្ងឺ​របេង​ក្រៅសួត​មានរោគ​សញ្ញា​ប្លែកគ្នា​ទៅតាមទី​កន្លែង គឺ មានន័យ​ថាបើកើត​ជម្ងឺរបេង​លើសរី​រាង្គណា នឹង​ស្ដែងចេញ​រោគសញ្ញា​ដែលទាក់​ទងនឹង​សរីរាង្គ​នោះ។ ឧទាហរណ៍ បើរបេង​កូនកណ្ដុរ គឺ មានដុំពក​នៅនឹងក ស្ទាប​ទៅមិន​ឈឺមានសភាព​ក្រឡិច​ក្រឡាច់ មិនជាប់​នឹងស្បែក​ខាងក្រៅ ហើយ​ការវិវឌ្ឍន៍​របស់វា​នឹងអាចធ្លាយ ដោយគ្មាន ឬ​មានហូរទឹក​រង៉ៃលាយ​ខ្ទុះជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការធ្វើ​រោគវិនិច្ឆ័យ

ការពិនិត្យ​រកមេរោគ​របេងនៅ​ក្នុងកំហាក គឺជា​មធ្យោបាយ​សំខាន់​តែមួយគត់​សម្រាប់​ធ្វើរោគ​វិនិច្ឆ័យ​ជម្ងឺ​របេងសួត។ ចំណែក​ឯការថតសួត ជាទូទៅ​មាន​តម្លៃថ្លែ ហើយពុំអាច​ផ្ដល់ព័ត៌មាន​ច្បាស់​លាស់ទេ ដោយ​សាររូបភាព​របស់​សួតអាច​ច្រឡំ​នឹង​ជម្ងឺសួតដទៃ ទៀត។ ដូចនេះ​មានតែ​គ្រូពេទ្យ​ជំនាញទេ​ដែលអាច​ផ្ដល់ការ​ពិភាក្សា​ពន្យល់​ឱ្យអ្នក​ជម្ងឺបាន​យល់ច្បាស់​ពីសារៈ​សំខាន់​នៃការ​ពិនិត្យ​កំហាក និង​របៀប​ស្រង់កំហាក។

របៀបស្រង់កំហាក

កំហាក​ជាវត្ថុ​ដែលយក​ចេញពីសួត​ដែលជាវត្ថុ​គំរូសម្រាប់​ពិនិត្យ​រកមេ​រោគរបេង។ ចំណែក​ឯស្លេស​ដែលយក​ចេញពី​បំពង់ក និង​ច្រមុះ​មិនមែន​ជាវត្ថុ​គំរូសម្រាប់​ពិនិត្យទេ។ ការស្រង់​កំហាក​យកមក​ពិនិត្យ​ដើម្បីធ្វើ​រោគវិនិច្ឆ័យ​ត្រូវធ្វើ​ចំនួនបី​ដង(បីកំប៉ុង)ក្នុង រយៈពេល​ពីរថ្ងៃ។

  • ថ្ងៃទីមួយ ការស្រង់​កំហាក​កំប៉ុងទី​មួយ​ត្រូវធ្វើ​នៅមណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ចំពោះ​អ្នកជម្ងឺ​ដែល​សង្ស័យថា​មាន ជម្ងឺរបេង។ បន្ទាប់ពី​ស្រង់កំហាក​លើកទី​មួយរួច​ហើយ គ្រូពេទ្យ​នឹងប្រគល់​កំប៉ុង​ទីពីរ​មួយទៀត​សម្រាប់​អ្នកជម្ងឺ​យកទៅ​ស្រង់កំហាក នៅផ្ទះ​ដោយខ្លួន​ឯងនៅ​ថ្ងៃបន្ទាប់។
  • ថ្ងៃទីពីរ ការស្រង់​កំហាក​លើកទីពីរ​ត្រូវធ្វើ​ឡើងនៅ​ពេលព្រឹក​បន្ទាប់ពី​លោកអ្នក​ក្រោកពី​ដំណេក។ បន្ទាប់​ពីលោកអ្នក ប្រគល់​កំប៉ុង​កំហាកទី​ពីរទៅ​ឱ្យគ្រូពេទ្យ​រួចហើយ លោកអ្នក​នឹងធ្វើ​ការស្រង់​កំហាក​សម្រាប់​កំប៉ុងទី​បីទៀត ជាមួយ​គ្រូពេទ្យ​នៅមណ្ឌល សុខភាព ឬ​មន្ទីរពេទ្យ។ ការស្រង់​កំហាក​មានវិធីពីរ​យ៉ាង​សម្រាប់​អនុវត្ដ។

1. វិធីទីមួយ

  • ខ្ពុលសម្អាត​មាត់នឹងទឹក​ឱ្យបានស្អាត
  • ដកដង្ហើម​វែងៗឱ្យ​បានបីដង
  • ក្អកឱ្យខ្លាំង បន្ទាប់មក​ដកដង្ហើម​វែងលើក​ទី៣ ហើយ​ព្យាយាម​ខាកកំហាក​ចេញពីសួត
  • ខាកកំហាក​ទៅដាក់​ក្នុងកំប៉ុង រួចបិទ​ឱ្យជិត។

2. វិធីទីពីរ

  • ដកដង្ហើមវែងៗ
  • ទទួលទាន​ទឹកក្ដៅ​ឧណ្ហៗ
  • អង្គុយ​ឱនបន្ដិច រួចឱ្យ​គេជួយ​គក់ខ្នង​ស្រាលៗ
  • ប្រឹងក្អកឱ្យខ្លាំង

វិធីទីពីរ ឬ​វិធីចុងក្រោយ​មិនត្រូវ​បានអនុវត្ដ​នៅពេល​ដែលលោកអ្នក​មានជម្ងឺ​ក្អកធ្លាក់​ឈាមខ្លាំង ឬ​ទើបតែក្អក​មានធ្លាក់ ឈាម ព្រោះអាច​បង្កឱ្យ​មានឈាម​ធ្លាក់កាន់តែ​ខ្លាំងបាន។

ការព្យាបាល​ជម្ងឺរបេង​ដោយថ្នាំ

ប្រសិនបើ​លោកអ្នក​ត្រូវបាន​រកឃើញ​ថាមាន​ជម្ងឺរបេង លោកអ្នក​ចាំបាច់​ត្រូវតែធ្វើ​ការព្យាបាល​ដោយ​ថ្នាំរបេង។ ការទទួល ការអប់រំ​ពីការ​ប្រើប្រាស់​ថ្នាំរបងមាន​សារៈសំខាន់​ណាស់​សម្រាប់​លោកអ្នក។ ការព្យាបាល​ជម្ងឺរបេង​មានរយៈ​ពេលវែង​ជាងការ​ព្យាបាល​ជម្ងឺឆ្លង​ដទៃទៀត។ ដើម្បី​ឱ្យថ្នាំ​របេង​សម្លាប់​មេរោគ​បានអស់ នោះ​លោកអ្នក​ត្រូវលេប​ថ្នាំរបេងរយៈ​ពេលយូរ គឺមានរយៈ​ពេលពី៦ ទៅ៨ខែ ដោយ​ចែកចេញ​ជាពីរ​ដំណាក់​កាល។

1. ដំណាក់កាល​ដំបូង ឬ​ដំណាក់​កាលសម្រុក មានរយៈ​ពេល២ ឬ​៣ខែ ទៅតាម​ប្រភេទ​នៃការ​ព្យាបាល។ នៅក្នុង ដំណាក់​កាលនេះ លោកអ្នក​ត្រូវសម្រាក​នៅមន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព។ បើសិន​ជាលោកអ្នក​ចង់សម្រាក​នៅផ្ទះ លោកអ្នកត្រូវ ត្រឡប់​មកមណ្ឌល​សុខភាព​ជារៀង​រាល់ព្រឹក ដើម្បី​លេបថ្នាំ​នៅចំពោះ​មុខគ្រូពេទ្យ ហៅកាត់ថា​ដូតស៍។

2. ដំណាក់​កាលបន្ដ មានរយៈ​ពេលពី​៥ទៅ៦ខែ។ ក្នុង​ដំណាក់​កាលនេះ លោកអ្នក​ត្រូវមក​បើកថ្នាំ​នៅមន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព ឬ​ទទួលថ្នាំ​ពីសមាជិក​សហគមន៍ ព្រមទាំង​លេបថ្នាំ​ក្រោមការ​អង្កេត​ផ្ទាល់របស់​ពួកគេ​(សមាជិក​សហគមន៍) ដែល ហៅកាត់​ថាដូតស៍​សហគមន៍។

ក្នុងអំឡុង​ពេល​ប្រើប្រាស់​ថ្នាំសម្រាប់​ព្យាបាល​ជម្ងឺ​របេងនេះ មាន​ផលប៉ះ​ពាល់ ឬ​ផលរំខាន​មួយចំនួន​ដែលអាច​កើតមាន ឡើង ដូចជា​រលាក​ស្បែក ស្រវាំង​ភ្នែក វិលមុខ កើតលឿង​ជាដើម ដែល​ចាំបាច់​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ក្រៅពីនេះ​នៅមាន ផលប៉ះ​ពាល់មួយ​ចំនួនទៀត ដូចជា​ចង្អោរ ឈឺសន្លាក់ ឈឺពោះ ឈឺផ្សា​នៅលើ​ប្រអប់ជើង ទឹកនោម និង​ញើសមាន​ពណ៌ក្រហម ឬ ពណ៌​ទឹកក្រូច។ ផលប៉ះ​ពាល់​ទាំងនេះ​នឹងបាត់​ទៅវិញ​ក្នុងរយៈ​ពេល២ទៅ៣​ថ្ងៃបន្ទាប់។ ប្រសិន​បើវាមាន​នៅបន្ដលើស​ពីមួយ​សប្ដាហ៍ ត្រូវត្រឡប់​មកជួប​គ្រូពេទ្យ​វិញ។ ជាបណ្ដើរៗ​ក្រោយពេល​ប្រើប្រាស់​ថ្នាំ ជម្ងឺ​របេង​នឹងត្រូវ​បាន​ធូរស្រាល រោគសញ្ញា​ជម្ងឺរបេង​នឹងបាត់ ទៅវិញ។ ប៉ុន្ដែ​លោកអ្នក​ត្រូវតាមដាន​សុខភាព​ដោយការ​ស្រង់កំហាក​យកទៅ​ពិនិត្យ​ទៅតាម​ពេលវេលា​ដែលគ្រូពេទ្យ​បានកំណត់ គឺ នៅពេល​ដំណាច់​ខែទី២ ទី៣ ទី៥ ទី៦ និង​ទី៨។ បើសិន​រាល់ការ​ពិនិត្យ​បញ្ជាក់ថា​គ្មានមេរោគ​របេងនៅ​ក្នុងកំហាក​ទៀតទេ បានន័យថា ការព្យាបាល​មានប្រសិទ្ធភាព។

ការព្យាបាល​ដោយចលនា

ជាមួយ​គ្នានេះដែរ ការព្យាបាល​ដោយ​ចលនា​មានសារៈ​សំខាន់​សម្រាប់​អ្នកជម្ងឺ​របេង​ដែលអាច​កាត់បន្ថយ​ការឈឺ​ចាប់នៅក្នុង សួត និង​អាចជួយ​សម្រាល​បញ្ហាមួយ​ចំនួន។

  • ជួយ​បញ្ចេញ​កំហាក​ឱ្យឆាប់អស់​ពីសួត​របស់លោកអ្នក ដែលធ្វើ​ឱ្យការ​ព្យាបាល​ដោយថ្នាំ​កាន់តែមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ ខ្យល់ដែល​លោកអ្នក​ដកដង្ហើម​ចូលជ្រាប​បានល្អ
  • រក្សានូវ​មុខងារ​ដកដង្ហើម​របស់សួត​ដោយជួយ​ឱ្យភាពរីក​រួមនៃសាច់​សួតមាន​សភាព​ដូច​ដើមវិញ
  • បន្ថយនូវ​ផលវិបាក ឬ​សំណល់នៃ​ជម្ងឺរបេង​បន្ទាប់ពី​ជាសះស្បើយ។

លោកអ្នក​ដែលមាន​ជម្ងឺរបេង គប្បី​ហាត់ធ្វើ​ចលនា​ឱ្យបាន​រាល់ថ្ងៃ​ដើម្បី​កាត់បន្ថយ​ការឈឺ​ចាប់ក្នុង​ដំណាក់​កាល​ព្យាបាល។ ការព្យាបាល​ដោយចលនា​ចែកចេញ​ជាពីរដំណាក់​កាល គឺលំហាត់​សម្រាប់​អ្នកព្យាបាល​នៅដំណាក់​កាលដំបូង និង​នៅដំណាក់​កាលបន្ដ។

1. ការព្យាបាល​ដោយចលនា​ក្នុងដំណាក់​កាលដំបូង

  • ស្ថិតក្នុង​ស្ថានភាព​អង្គុយ ដាក់ដៃ​ទាំងពីរលើ​ក្បាលជង្គង់ ដកដង្ហើម​ចូលដោយ​ដងខ្លួនត្រង់ បន្ទាប់​មកដក​ដង្ហើមចេញ ដោយឱន​ក្បាលដល់​ជង្គង់។
  • ស្ថិតក្នុង​ការដេក​ដកដង្ហើម​ចូលតាម​ច្រមុះឱ្យ​ពោះឡើង​ប៉ោងតឹង រួចបញ្ចេញ​ខ្យល់តាមមាត់​ឱ្យអស់​ពីពោះ បន្ទាប់​មកធ្វើ ដូចគ្នា​ក្នុងស្ថានភាព​ដេកផ្អៀង​ឆ្វេង និង​ផ្អៀងស្ដាំ។

រូបភាពទស្សនាវដ្តីសុខភាពយើង

2. ការព្យាបាល​ដោយចលនា​ក្នុងដំណាក់​កាលបន្ដ

  • ស្ថិតក្នុង​ស្ថានភាព​ឈរកន្ធែក​ជើងបន្ដិច ដកដង្ហើម​ចូលឱ្យ​ប៉ោងពោះ​ស្របនឹង​ការលើកដៃ​ឡើងទៅ​លើឱ្យត្រង់ និង​ផ្លុំខ្យល់ ចេញ​តាមមាត់​ស្របគ្នា​នឹងការ​ដាក់ដៃ​ចុះមក​វិញស្រប​នឹង​ដងខ្លួន។ រួចបន្ដ​អនុវត្ដ​តាមវិធី​ដដែលនេះ​ដោយផ្លាស់​ប្ដូរម្ដង​ឆ្វេងម្ដង​ស្ដាំ។
  • ឈរដដែល តែលើកដៃ​ទាំងពីរ​ធ្វើចលនា​ស្របគ្នា រួមជាមួយ​នឹងការ​ដកដង្ហើម​ដូចវិធី​ខាងលើ។

វិធីការពារ​ជម្ងឺរបេង

មានវិធី​ជាច្រើន​ដែលអាច​ការពារ​ជម្ងឺរបេង និង​ការចម្លង​របស់​វាបាន។

  • ការចាក់​ថ្នាំបង្ការ បេសេហ្សេ គឺជាវ៉ាក់​សាំង​ដែលផ្ដល់​ទៅឱ្យទារក​ទើប​នឹងកើត
  • អ្នកជម្ងឺ​របេងត្រូវ​ខ្ទប់មាត់​នឹងកន្សែង ឬ​ក្រមានៅ​ពេលដែល​លោកអ្នក​ក្អក កណ្ដាស់ ឬ​និយាយ។ លោកអ្នក​មិនត្រូវ​ខាក ស្ដោះពាស​វាលពាស​កាល​នៅតាម​ទីសាធារណៈ​ឡើយ។
  • មានកត្ដា​មួយចំនួន​ទៀត​ដែលអាច​ជួយកាត់​បន្ថយការ​ចម្លងបាន ដូចជា​អនាម័យ​ផ្ទះ​សម្បែង ត្រូវបើក​ទ្វារបង្អួច​ដើម្បីឱ្យ មានពន្លឺ​ព្រះអាទិត្យ និង​ខ្យល់អាកាស​ចេញចូល​គ្រប់គ្រាន់​ជាដើម។ កន្លែង​ដែលមាន​ខ្យល់អាកាស​ចេញចូល​បានល្អ អាចកាត់​បន្ថយនូវ គ្រោះថ្នាក់​នៃការ​ចម្លង​មេរោគថ្មីៗ។ ម្យ៉ាងទៀត​ពន្លឺ​ព្រះអាទិត្យ​អាចសម្លាប់​មេរោគ​របេង​បានយ៉ាង​លឿនបំផុត។
  • ការព្យាបាល​ជម្ងឺរបេងឱ្យ​ជាសះស្បើយ គឺជាវិធាន​ការការពារ​ការឆ្លង​រាលដាល​នៃមេរោគ​របេង។

ដំបូន្មានអ្នកជំនាញ

ការព្យាបាល​ជម្ងឺរបេង​ទាន់ពេលវេលា និង​លេបថ្នាំ​ទៀងទាត់​រហូតដល់​ទីបញ្ចប់​នៃការ​ព្យាបាល គឺជាការ​ព្យាបាល និង​ការពារ​យ៉ាង​ប្រសើរបំផុត​ទប់ស្កាត់​កុំឱ្យ​មេរោគ​របេងឆ្លង​ទៅអ្នកដទៃ។ ការបញ្ឈប់​ការព្យាបាល​ដោយ​ខ្លួនឯង អាច​បណ្ដាល​ឱ្យមេរោគរ បេងស៊ាំ​នឹងថ្នាំ។ ជម្ងឺរបេង​ដែលស៊ាំ​នឹងថ្នាំ​ពិបាកក្នុង​ការព្យាបាល​ឱ្យជាណាស់ ហើយ​ត្រូវចំណាយ​ប្រាក់អស់​ច្រើន​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative