ពូនភ្នំខ្សាច់​ផ្តាច់កម្មលោកិយ

សត្វលោក​ទាំងឡាយ កាលបើ​មិនទាន់​ដល់មរណ តែងតែ​វិលវល់​ក្នុងវាល​វដ្តសង្សារ កើត ចាស់ ឈឺ ស្លាប់​ហើយកើត​ទៅនៅ​ទីនេះ ទីនោះ​អាស្រ័យ​ទៅតាម​កម្ម ហើយ​កម្មឲ្យ​ផលមានបី គឺបច្ចុប្បន្នជាតិ អតីតជាតិ និង​អនាគត​ជាតិ។ ដើម្បី​ប្រាថ្នា​កន្លែង​កើតឲ្យ​អនាគតជាតិ​របស់ខ្លួន​ទទួលបាន​អានិសង្ឃ​ច្រើនទៅ​កើតនៅ​កន្លែង​ល្អសុខនោះ មុនពេល​ផុតរលត់​សង្ខារ​ទៅមនុស្ស​គ្រប់រូប​តែងធ្វើ​បុណ្យ​ដាក់ទាន និងធ្វើ​បុណ្យ​កុសលផ្សេងៗ​គ្រប់រូបភាព។

រូបភាពអ៊ីនធឺណេត

ទស្សនាវដ្តី សុខភាពយើង និង​គេហ​ទំព័រសុខភាព​កម្ពុជា​បាន​ជួប​ជាមួយ​ព្រះតេជគុណ ហោ សុខុន ក្រុម​មូលដ្ឋាន​ចុះជួយ​ខេត្ត​ស្វាយរៀង​និងជា​ព្រះគ្រូចៅ​អធិការវត្ត​ច្បាអំពៅ នឹងពន្យល់​អំពី​ពិធីពូន​ភ្នំខ្សាច់​ផ្តាច់កម្ម​លោកិយ ។ តើពុទ្ធសាស​និកជន​គ្រប់រូប​គួរ​ធ្វើ​បុណ្យ​ដាក់ទាន​អ្វី ទើបអាច​ទទួលបាន​អានិសង្ឃ​ច្រើន ដើម្បី​ផ្តាច់​កម្មពារ និង​សន្សំកុសល​ផល​បុណ្យ​សម្រាប់​ជាតិខាង​មុខ?  ដើម្បី​ជ្រាបកាន់​តែច្បាស់​អំពីបញ្ហា​ទាំងនេះ សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​តាមអាន​ជាមួយ​ទស្សនា​វដ្តីយើង​និងគេហទំព័រខ្ញុំ​ដូចតទៅ។

អ្វីទៅជា​ពូនភ្នំខ្សាច់​ផ្តាច់កម្ម​លោកិយ?

ពូនភ្នំខ្សាច់​ផ្តាច់កម្ម​លោកិយ គឺជាពិធីមួយ​ដែលមាន​មុនតាំង​ពីសម័យ​ព្រះពុទ្ធអង្គ​ម្ចាស់​សាមណ​គោត្តម​ទៅ​ទៀត។ ពិធីនេះ​ត្រូវបាន​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់ផ្តល់​ឱវាទឲ្យ​ស្តេច​គ្រប់គ្រង​ផែនដី ព្រះបសីទី​កោសល្យ ប្រារព្ធ​ធ្វើតាម​បែប​ព្រះពុទ្ធសាសនា​តាំងពី​ពេលនោះ​មករហូត​ដល់​សព្វថ្ងៃ។ ពិធី​ពូនភ្នំខ្សាច់នេះ​ច្រើន​ប្រារព្ធ​នៅក្នុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ បុណ្យ​បច្ច័យបួន បុណ្យ​កត្តញ្ញូ បុណ្យឆាក​មហាបង្សុកូល​ជាដើម។ តែអ្វី​ដែល​លោកអ្នក​តែងឃើញ​ជាញឹកញាប់​នោះ ​គឺពិធី​បុណ្យនេះ​ ប្រជាជនខ្មែរ​ច្រើននិយម​ប្រារព្ធ​ក្នុងពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​បុណ្យឆាក​មហាបង្សុកូល។

គោលបំណងនៃពិធី​ពូនភ្នំខ្សាច់​

ពិធី​ពូនភ្នំខ្សាច់​ធ្វើឡើង​ក្នុងគោល​បំណង ផ្តាច់កម្ម​ផ្តាច់ពៀរវេរា​ពីបច្ចុប្បន្នជាតិ និងអតីតជាតិ ដែល​មនុស្ស​លោក​បានសាង ដូចជា បាន​សម្លាប់​សត្វតូច សត្វធំ សត្វវា​ សត្វលូន សត្វជើងពីរ សត្វជើងបួន មនុស្ស ឬមាន​កាយ​វាចាចិត្ត​មិនល្អ​ពីមុន ដោយ​ចេតនាក្តី ដោយ​អចេតនា​ក្តី ឲ្យរួចផុត​កម្មផុតពៀរ​ទាំងពួង​ទៅជា​អហោកម្ម។ ជាពិសេស​នោះគឺការ​ចេះសន្សំ​កុសល​ផលបុណ្យ​ទុកសម្រាប់​អនាគត​ជាតិ។ ហើយការ​ធ្វើ​ពិធីពូន​ភ្នំខ្សាច់​នេះទៀត​សោត គឺធ្វើ​ឡើង​ដើម្បី​ជាភ្នំមួយ​តំណាង​ដល់ព្រះ​ចុល្លាមុន្នី​ចេតិយ​ដែលដាក់​តម្កល់​ព្រះចង្កូម​កែវ ឬព្រះសរីរិកធាតុ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​ដែល​តម្កល់​នៅឋាន​ត្រៃត្រឹង​សួគ៌ ស្ថានសួគ៌​ជាន់ទី២។

ប្រវត្តិ​អ្វីខ្លះៗ​ទាក់ទង​ទៅនឹង​ពិធីពូនភ្នំ​ខ្សាច់​ផ្តាច់កម្ម​លោកិយ

ពិធី​ពូនភ្នំខ្សាច់​ផ្តាច់កម្ម​លោកិយ​នេះ មានប្រវត្តិ​ទាក់ទង​ទៅនឹង​ទេវបុត្រ​មួយអង្គ ដែល​ដំបូងឡើយ​មានកំណើត​កើត​ជាតិ​ជា​ព្រានព្រៃ​ម្នាក់ ដែល​តែងតែ​ដើរ​បរបាញ់សត្វ មកធ្វើ​ជាម្ហូបអាហារ និង​សម្រាប់​ចិញ្ចឹម​ជីវិត។ លុះដល់​ស្លាប់​បាត់ទៅ​យមបាល​ក៏យក​ព្រលឹង​ទេវបុត្រ​មកឲ្យ​យមរាជ​កាត់ទោស។ លុះពិនិត្យ​ឃើញទៅ​ថាទេវបុត្រ​មានទោស​ច្រើន​អនេក យមរាជ​ក៏បង្គាប់​ឲ្យយមបាល​ទាំងពីរ​ដាក់ទណ្ឌកម្ម​ចំពោះ​ទេវបុត្រ។ ពេល​យមបាល​យក​ទេវបុត្រ​ទៅបោះ​ចូលខ្ទះ​ខ្លាញ់ និង​ចូលក្នុង​ភ្លើង​ច្រើនលើក​ច្រើនសារ​តែមិនមាន​កើតក្តី​ឈឺចាប់​ដល់ទេវបុត្រ​ឡើយ ព្រោះ​តែមាន​បារមី​ជួយ​ទ្រទ្រង់​ទេវបុត្រ​ជានិច្ច។ ពេលនោះ​យមបាល​បានយក​ទេវបុត្រ​មកកាត់​សេចក្តី​ម្តងទៀត តែនៅ​ពេល​យមរាជ​សួរចម្លើយ​ទៅកាន់​ទេវបុត្រ​ថា តើចៅ​ព្រានព្រៃ​ឯងបាន​ធ្វើបុណ្យអ្វី បានជា​យើងប្រើ​ឲ្យកូន​ចៅយើង​ដាក់​ទណ្ឌកម្ម តែងតែ​មានបារមី​មកជួយ។ ទេវបុត្រ​បានឆ្លើយ​តបថា​ខ្លួនមិន​បានធ្វើ​បុណ្យអ្វីទេ គឺមាន​តែដើរ​បរបាញ់សត្វ​យកមកធ្វើ​ជារបរ​ចិញ្ចឹម​ជីវិត​តែប៉ុណ្ណោះ។ យមរាជ​សួរចុះ​សួរឡើង​នៅតែ​ទេវបុត្រ​ឆ្លើយ​ពាក្យ​នោះ​ដដែល ទើបឲ្យ​យមបាល​ទាំងពីរ​យកចៅ​ព្រានព្រៃ​ទៅបោះ​ក្នុងភ្នក់​ភ្លើង​ម្តងទៀត​ដើម្បី​ឲ្យយមរាជ​មើលឃើញ​ផ្ទាល់​នឹងភ្នែក។ ពេលរៀប​នឹងបោះ ទេវបុត្រ​ក៏បាននឹ​កឃើញ នៅពេល​បាន​ឃើញ​អណ្តាតភ្លើង ហើយ​ប្រាប់ទៅ​ដល់​យមរាជ​ថាខ្លួនធ្លាប់​ធ្វើបុណ្យ​ដាក់បាត​ចំពោះ​ព្រះសង្ឃ​មួយដង​ដែរ។ លុះ​យមរាជ​មើល​ទៅ​ឃើញថា ថ្វីត្បិតតែ​ចៅព្រាន​ព្រៃ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើនតែ​មានចិត្ត​បរិសុទ្ធ​នៅពេល​ដាក់បាត​ដល់​ព្រះសម្មាសម្ពុទ្ធ យមរាជ​ក៏អនុញ្ញាត​ឲ្យទេវបុត្រ​ទៅសោយ​សុខ​នៅស្ថាន​សួគ៌​ចំនួន៧ថ្ងៃ ហើយដល់​គ្រប់៧ថ្ងៃ ចាំមក​ទទួល​ទោស​វិញ។  ពេលបាន​ទៅសោយសុខ​នៅឯ​ឋានសួគ៌ ទេវបុត្រ​និង​នាង​ទេពធីតា ដែល​ជាភរិយា​បាននាំគ្នា​ធ្វើពិធី​ពូនភ្នំខ្សាច់​ដើម្បី​ផ្តាច់​កម្មពៀរ បន្ទាប់​ពីទេវបុត្រ​បានរៀប​រាប់​ប្រាប់​អំពី​រឿងរ៉ាវ ដែលខ្លួន​ត្រូវទៅ​ទទួល​កំហុស​នៅឋានន​រកវិញ។លុះ​ដល់ថ្ងៃ​កំណត់ យមបាល​ទាំងពីរ​បានមក​ទទួល​ទេវបុត្រ​ឲ្យត្រឡប់​ទៅទទួល​ទណ្ឌកម្មវិញ​តែនាង​ទេពធីតា​សុវណ្ណឱរៃ​មិនព្រម​ប្រគល់​ទេវបុត្រឲ្យ​ទៅយមបាល​ទាំងពីរ​នោះទេ។ ទេពធីតា​ទ្រង់បាន​ប្រាប់​យមបាល​ទាំងពីរថា ស្វាមី​របស់ខ្លួន​បានធ្វើ​បុណ្យ​ផ្តាច់កម្ម ផ្តាច់ពៀរ​អស់ហើយ ដោយការ​ធ្វើពិធី​ពូនភ្នំខ្សាច់ បើយ​មរាជទាំងពីរ​មិនទៅ​វិញទេ អ្នកទាំងពីរ​រាប់គ្រាប់​ខ្សាច់ឲ្យ​អស់ទៅ​ទើប​ខ្ញុំយល់​ព្រម។ យមរាជ​ទាំងពីរ​មិន​បង្អង់ ក៏ចាប់ផ្តើម​រាប់គ្រាប់​ដីខ្សាច់​ទាំងនោះ។ លុះដល់​រាប់​ចុះរាប់​ឡើង​ភ្លេច ក៏សុខចិត្ត​ចុះចាញ់ ហើយនាំ​គ្នាទៅវិញ​ដោយខ្លួន​ទទេ។ ចាប់ពី​ពេលនោះ​មក​ទេវបុត្រ និង​ទេពធីតា សុវណ្ណឱរៃ ក៏រស់​នៅសោយសុខ​ជាមួយគ្នា​ជារៀង​រហូតមក។ ដូច្នេះ​ពិធីនេះ​ក៏តជា​ទំនៀម​រហូតមក​ដល់​សព្វថ្ងៃ។

តើពិធីពូន​ភ្នំខ្សាច់​ផ្តល់កុសល​ផលបុណ្យ​អ្វីខ្លះ​ដល់​គ្រហស្ថ ឬ​ពុទ្ធសាសនិកជន​ក្នុងជាតិ​នេះ ​និង​អនាគតជាតិ?

ដូចលោកអ្នក​បានដឹង​ហើយ​មកថា​ពិធីពូន​ភ្នំខ្សាច់ផ្តាច់​កម្មលោកិយ មាន​តាំងពីមុន​សម័យ​ព្រះសម្មាសម្ពុទ្ធ​ទៅទៀត។ កាល​ដើមឡើយ​ព្រះបាទ បសីទី​កោសល្យ ដែល​ជាស្តេច​ផែនដី ទ្រង់បាន​ក្រាបសួរ​ទៅកាន់​ព្រះអង្គ​ម្ចាស់​ថា នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ តើទូលបង្គំ​ខ្ញុំម្ចាស់​គួរធ្វើ​បុណ្យអ្វី ដើម្បី​ទទួល​បានផល​បុណ្យ​អានិសង្ឃ​ច្រើន​ឲ្យសម​នឹង​កាល​វេលានេះ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែងថា បពិតព្រះបាទ បសីទី​កោសល្យ​ដ៏ចម្រើន បើអ្នកចង់​បានកុសល​ផល​បុណ្យ​ច្រើន ចូរអ្នក​ធ្វើបុណ្យ​ស្រង់ព្រះ​ ​និង​បុណ្យពូន​ភ្នំខ្សាច់ទៅ។ ឧបមាថា​បើលោកអ្នក​បានពូនភ្នំ​ខ្សាច់​ស្មើមួយ​កំប៉ុងអង្ករ ដើម្បី​ជាគ្រឿង​តំណាងឲ្យ​ព្រះចល្លាមុន្នី​ចេតិយ​នៅឋាន​ត្រៃត្រឹង​នោះផល​បុណ្យ​កុសល​របស់​លោកអ្នក និងមាន​ច្រើនរាប់​មិនអស់​ដូចអង្ករ ឬខ្សាច់​ទាំងនោះ​ផងដែរ។ ការទទួល​ផលបុណ្យ​អានិសង្ឃ​នោះទៀត​សោត មិនមែន​មានន័យ​ថាអាច​ផ្តាច់កម្មពារ​របស់​លោកអ្នក​ដែលធ្លាប់​តែប្រព្រឹត្តិ​អំពើ​អាក្រក់​ច្រើនរាប់​មិនអស់​នោះទេ គឺអាស្រ័យ​ទៅលើ​ស្ថានទម្ងន់​អំពើបាប​ដែល​លោកអ្នក​បានសាង និងអាស្រ័យ​ទៅលើ​ឧបនិស្ស័យ​របស់​បុគ្គល​នីមួយៗ។ ដូច្នេះ​ពិធីនេះ​ក៏ចេះ​តែមាន​បន្តជា​រៀងមក។

តើត្រូវ​ធ្វើដូចម្តេចខ្លះ​នៅមុន​ពេលពូន និងក្រោយ​ពេលពូន​ភ្នំខ្សាច់ម្តងៗ?

មុនពេល​ពូន លោកអ្នក​ត្រូវរៀបចំ​សម្ភារៈ​មួយចំនួន​ដូចដែល​បានរៀបរាប់​ខាងលើ ហើយចំនុច​គួរឲ្យ​ចងចាំ​មួយវិញ​ទៀតនោះ​គឺត្រូវមាន​លោកអាចារ្យ​ជួយដឹកនាំ​ក្នុងការសូត្រ​បាលី​មុនពេល​ពូន ឬបើ​លោកអ្នក​ចេះ​លោកអ្នក​អាចសូត្រ​ដោយ​ខ្លួនឯង​ក៏បាន​ដែរ ដោយ​សូត្រទៅ​តាមវគ្គ និង​ឃ្លោងឃ្លា​របស់​ព្រះធម៌។ លុះដល់​លោកអ្នក​ពូនភ្នំខ្សាច់​រួចរាល់ មួយសន្ទុះ​ក្រោយ​មក​លោកអ្នក​ត្រូវផ្សឹក​ភ្នំខ្សាច់​នោះវិញ ដោយ​មានសូត្រធម៌​ផ្សឹក​ភ្នំខ្សាច់វិញ រួច​ស្រោចទឹក​មួយកែវ ឬមួយ​កូនផ្តិល​ទៅលើ​ភ្នំខ្សាច់​ដើម្បី​សុំសេចក្តីសុខ ត្រជាក់ត្រជុំ។ បន្ទាប់មក​លោកអ្នក​គ្រាន់តែ​ក្រាបបង្គំ​ភ្នំខ្សាច់​នោះបីដង​ជាការ​ស្រេច។

ដំបូន្មាន​អ្នកជំនាញ

សូម​កូនខ្មែរ និង​ប្រជាពលរដ្ឋខ្មែរ​ទាំងអស់ ជួយ​ថែរក្សា​ពិធីពូន​ភ្នំខ្សាច់នេះ​ឲ្យបាន​គង់វង្ស ព្រោះថាពិធី​នេះមិនមែន​ជាពិធី​បែប​ព្រាហ្មសាសនា​ទេ ហើយក៏​មិនមែន​ជារឿង​អបិយ​ជំនឿ​នោះដែរ។ ពិធី​ពូនភ្នំខ្សាច់​នេះមានតាំង​ពីមុនសម័យ​ព្រះសមណ​គោត្តម​មកម៉្លេះ ដែលមាន​ចារនៅ​ក្នុងគម្ពីរ​ដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ត្រឹមត្រូវ និងច្បាស់​លាស់​ណាស់។ ​មួយវិញ​ទៀត​ ការធ្វើ​ពិធីបុណ្យ​ពូនភ្នំ​ខ្សាច់ផ្តាច់​កម្មលោកិយ​នេះ គឺពិត​ជាទទួល​បានផល​បុណ្យ​កុសលច្រើន​ណាស់។ បុណ្យ​កុសលទី១ គឺបាន​ផ្តាច់កម្ម ផ្តាច់ពៀរ​ពីអតីតជាតិ​ដែលយើង​បានប្រព្រឹត្ត​ឆ្គាំឆ្គង​ដោយ​ចេតនា និង​អចេតនាក្តី។ ទី២ ក្នុង​បច្ចុប្បន្ន​ជាតិ ដែលកំពុង​រស់នៅ បុគ្គល​ដែលធ្វើ​ពិធីបុណ្យ​នឹងទទួល​បានផល​បុណ្យ​អានិសង្ឃ​ខ្ពស់។ ម្យ៉ាងវិញ​ទៀតបុគ្គល​ដែលធ្វើ​ដូច្នេះ​បាន​មានន័យថា គឺជាបុគ្គល​ដែលដឹង​កំហុស ចេះស្គាល់​កំហុស គាត់ជឿ​លើកម្ម​ផល ជឿលើ​បុណ្យបាប ព្រោះថា​មិនដឹងជាគាត់​បាន​សាងអ្វីខ្លះ​ទេពីមុន​មកនោះ។ ហើយក៏​សូមផ្តាំ​ផ្ញើផង​ដែរដល់​ជនទាំងឡាយ​ថាការពូន​ភ្នំខ្សាច់នេះ​មិនមែន​ឲ្យតែបានពូន​គឺទទួល​បានអានិសង្ឃ​ខ្ពស់ទាំងអស់​នោះទេ។ ការ​ទទួល​បាន​អានិសង្ឃ​នោះ សំខាន់​គឺទឹកចិត្ត និង​ឧបនិស្ស័យ​របស់​អស់លោកអ្នក​ជាមួយ​ព្រះធម៌។

អត្ថបទដោយ ៖ សៀង វិរៈ

អ្នកប្រឹក្សា ៖ ព្រះតេជគុណ ហោ សុខុនជាក្រុមមូលដ្ឋានចុះជួយខេត្តស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តច្បាអំពៅ

ចេញផ្សាយ ៖ ថ្ងៃទី ៥ មេសា ឆ្នាំ ២០១២

Google Analytics Alternative