ជា វិបុល ទឹកជួយ​សម្រស់និង​ថែទាំសុខភាព

ចាប់តាំងពី​ទទួលបាន​ជ័យលាភី​បុរសសង្ហា​ក្នុងឆ្នាំ​២០០៣មក លោក ជា វិបុល បានសាង​កេរ្ដិ៍ឈ្មោះ​ដ៏ល្បីល្បាញ​ក្នុងពិភព សិល្បៈ។ ក្រៅពី​ជាពិធីករ​ដ៏មានថ្វីមាត់​ប៉ិនប្រសប់ និង​ផ្អែមល្អែម​ហើយនោះ លោកថែម​ទាំង​ជាតារាសម្ដែង​ដ៏មាន​ទេពកោសល្យ​មិន ចាញ់​តារាជើងចាស់​ប៉ុន្មានឡើយ។ ជាមួយ​នឹងរូបរាង​ស្រស់សង្ហា​វោហារខ្ពស់ ធ្វើឱ្យ​លោកក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ប្រិយមិត្ដ​អ្នកស្នេហា​វិស័យ​សិល្បៈ។ តើលោក ជា វិបុល មានអាថ៌​កំបាំង​ថែរក្សា​សម្រស់ និង​សុខភាព​យ៉ាងណា​ទើបនៅ​តែស្រស់​សង្ហា​បែបនេះ? សូ មតាមដាន​ការបក​ស្រាយ​ពីអាថ៌កំបាំង​ថែរក្សា​សម្រស់ និង​សុខភាព​របស់លោក ជា វិបុល ជាមួយនឹង​ទស្សនាវដ្ដី សុខភាពយើង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សាស្បែកមុខ

ស្បែកមុខ​ជារឿងសំខាន់ និង​គួរយកចិត្ដទុក​ដាក់សម្រាប់​រូបលោក​ជាតារា។ មិនមាន​អាថ៌កំបាំង​អ្វីពិសេសទេ គឺគ្រាន់តែ ទទួល​ទានទឹក​ឱ្យបានច្រើន និង​សម្អាតមុខ​ដោយ​ផលិតផល​លាងមុខ​ជាប្រចាំ ពិសេស​នៅក្រោយ​ពេលចេញ​សម្ដែង។ ម្យ៉ាងទៀត លោក​ក៏មាន​ប្រើម៉ាសបិត​លើមុខ​នៅពេលយប់​ចំនួន៣ដង​ក្នុងមួយ​សប្ដាហ៍ ដើម្បី​ឱ្យស្បែក​មុខស បំបាត់​ស្នាម​ជ្រីវជ្រួញ និង​បង្ការ​រោគ មុន​ជាដើម។

ការថែរក្សា​ស្បែកដងខ្លួន

ស្បែក​ស្រស់ស្អាត​មានសំណើម ជាគុណ​ប្រយោជន៍​នៃការ​ទទួលទាន​ទឹកច្រើន។ គួបផ្សំ​នឹងការ​ជ្រើសរើស​ផលិតផល​ដែលល្អ ហើយត្រូវ​នឹងស្បែក​មកប្រើ​ដើម្បី​ជាជំនួយ​ផងដែរ។ ថ្វីត្បិត​តែលោក​មិនធ្លាប់​ពិនិត្យ​ស្បែក ប៉ុន្ដែលោក​តែងបាន​ទទួល​ដំបូន្មានល្អៗ​ពីមិត្ដ ភ័ក្ដិ និង​អ្នកជំនាញ​ក្នុងការ​ថែរក្សា​ស្បែក​ដងខ្លួន។ ជារៀង​រាល់ថ្ងៃ​លោកប្រើ​តែសាប៊ូ​លាងខ្លួន​ធម្មតាៗ ដោយឡែក​ពេលទៅថតភាព យន្ដ ឬចម្រៀងខារ៉ាអូខេ លោកប្ដូរ​មកដុសខ្លួន​នឹង​ផលិតផល​ដែលផ្ដល់​នូវជាតិ​សំណើម និង​ជំនួយ​ស្បែក។ ក្រៅពីនេះ លោកទទួលទាន ផ្លែឈើ​ដើម្បីជំនួយ​ឱ្យស្បែក​ស្រស់ថ្លា។

ការថែរក្សាសក់

ជាតារា​សម្ដែង​មិនអាច​ចៀសផុត​ពីការ​ប្រើផលិតផល​សម្រាប់​លាបសក់​ដើម្បី​ងាយស្រួល​ក្នុងការ​ច្នៃម៉ូដ។ ប៉ុន្ដែ​ទោះបីជា យ៉ាងនេះក្ដី ក៏សក់​របស់លោក ជា វិបុល នៅតែមាន​សុខភាពល្អ និង​ភ្លឺរលោង។ នេះគឺ​ដោយសារ​តែលោក​កក់សក់​ជាប្រចាំ​ជាមួយនឹង ផលិតផល​សាប៊ូ​ដែលមាន​គុណប្រយោជន៍​សម្រាប់​សរសៃសក់ ជួយ​ចិញ្ចឹមសក់ និង​ការពារកោ​សិកា​ស្បែក​ក្បាល។ ម្យ៉ាង​ទៀតលោក ត្រូវលាង ឬ​កក់សក់​នៅក្រោយ​ពេលត្រឡប់​ពីសម្ដែង ឬ​ចូលរួមក្នុង​កម្មវិធី​ផ្សេងៗ។

ការថែរក្សា​សុខភាព​មាត់ធ្មេញ

បញ្ហា​មាត់ធ្មេញ​ជារឿង​សំខាន់ណាស់​សម្រាប់​ប្រជាពល​រដ្ឋទូទៅ ព្រោះវាជា​មធ្យោបាយ​ដែលជួយ​ឱ្យទំនាក់​ទំនង​ប្រព្រឹត្ដិទៅ បានល្អ និង​ស្និទ្ធស្នាល។ យ៉ាងនេះ​ហើយទើប​លោក​ជ្រើសរើស​វិធីថែរក្សា​មាត់ធ្មេញ​យ៉ាង​ត្រឹមត្រូវ ដុស​សម្អាតធ្មេញ​ជាប្រចាំ យ៉ាង​ហោចណាស់​៣ដងក្នុង​មួយថ្ងៃ និង​រាល់ក្រោយ​ទទួលទាន​អាហារ ជាពិសេស​នៅមុន​ពេល​លោក​ចេញទៅ​សម្ដែង។ លោកក៏​បាន​ជ្រើសរើស ផលិតផល​ទឹកខ្ពុលមាត់​ដើម្បីខ្ពុល​សម្អាតមាត់​ផងដែរ។ ជាទៀង​ទាត់លោក​តែងទៅ​ពិគ្រោះ និង​ពិនិត្យ​មាត់ធ្មេញ​ជាមួយនឹង​ទន្ដបណ្ឌិត ដែលមាន​ឯកទេស​ពិតប្រាកដ​ដើម្បី​ព្យាបាល និង​ទទួល​ការណែនាំ​អំពីវិធី​ការពារ​កុំឱ្យមាន​បញ្ហា​មាត់ធ្មេញ​កើតឡើង។

ការថែរក្សាភ្នែក

ភ្នែកជា​វិញ្ញាណ​សំខាន់ដែល​មិនត្រូវ​ឱ្យមាន​ការប៉ះ​ពាល់ ឬ​មានជម្ងឺ​ឡើយ។ វិធីធម្ម​ជាតិមួយ​ដែលតារា​រូបសង្ហា ជា វិបុល ជ្រើសរើស​មកប្រើ គឺការ​ស្អំភ្នែក​ជាមួយ​នឹងទឹក​ត្រជាក់ ​ដើម្បី​ការពារ​ភ្នែក។ ជាមួយ​គ្នានោះ លោក​តែងលាងភ្នែក​ជាមួយ​នឹង​ផលិតផល​សម្រាប់​លាងភ្នែក ដើម្បី​កម្ចាត់ធូលី​ដែលជាប់​នឹងភ្នែក​ផងដែរ។

ការទទួលទាន​ចំណីអាហារ

សម្រស់​ស្រស់ស្អាត និង​សុខភាពល្អ មួយចំណែក​ធំបានមកពី​ការទទួលទាន​អាហារ​គ្រប់គ្រាន់ និង​មានជីវជាតិ​ចិញ្ចឹម​ច្រើន ប្រភេទ។ សម្រាប់​លោកដែល​មានភាព​មមាញឹក​ក្នុងវិស័យ​សិល្បៈ វិបុល​ទទួលទាន​អាហារ​មិនសូវ​ទៀងទាត់​​ឡើយ។ ប៉ុន្ដែទោះ​យ៉ាងនេះក្ដី ក៏លោក​នៅមាន​របបអាហារ​បន្ថែម​នៅពេលយប់​ដើម្បីបង្គ្រប់ ឬ​ជួនកាល​លោក​ទទួលទានទឹក​ជំនួសវិញ ចៀសវាង​កុំឱ្យមាន បញ្ហា​ក្រពះ។ លោកមិន​មានការតម ឬ​រើសប្រភេទ​អាហារ​នោះទេ គ្រាន់តែ​លោក​ចូលចិត្ដ​ទទួលទាន​បន្លែ និង​សាច់ត្រី​ប៉ុណ្ណោះ។

ការទទួលទានដំណេក

មិនត្រឹម​តែទទួល​ទានអាហារ​មិនទៀង​ទាត់នោះទេ សូម្បីតែ​ដំណេក​ក៏វិបុល​ទទួលទាន​មិនបាន​គ្រប់គ្រាន់​ដែរ។ ប៉ុន្ដែ​ហេតុអ្វី ក៏លោក​នៅតែ​ស្រស់​សង្ហា​បែបនេះ? ទោះបី​មិនមាន​ពេលវេលា​គ្រប់គ្រាន់ តែលោក​វិបុល​ប្រើវិធីសាស្ដ្រ​មួយ គឺការ​គេង​បង្គ្រប់​ឬគេង បន្ថែម​នៅពេល​ទំនេរ និងការ​ធ្វើសមាធិ​ឱ្យស្ងប់​អារម្មណ៍​បន្ដិចបន្ដួច​ក្នុងចន្លោះ​ពេលទំនេរ​សម្ដែង។ មួយវិញ​ទៀតលោក​បានទៅហាត់ កីឡា​នៅពេល​ព្រឹកដើម្បី​ឱ្យបែក​ញើស និង​ទទួលទាន​ទឹកធ្វើ​ឱ្យអារម្មណ៍​ធម្មតា មិនងងុយគេងទៀតឡើយ។

ការហាត់កីឡា

ការហាត់​កីឡា​ជារឿង​សំខាន់​ណាស់​ដើម្បីឱ្យ​មានសុខភាព​ល្អរាងកាយ​មាំមួន។ ក្នុងការ​ថែរក្សា​សុខភាព​ឱ្យបានល្អ វិបុល បានជ្រើសរើស​ការលេង​បាល់ជា​ចំណូលចិត្ដ ហើយ​លោកតែង​ហាត់លេង​ជាប្រចាំ។ សម្រាប់​ពេលព្រឹក វិបុល​តែង​ហាត់រត់​ដើម្បី​បញ្ចេញ ជាតិពុល​តាមញើស ហើយលោក​ក៏មិនចោល​ការលេង​បាល់ដែរ បន្ទាប់​ពីរត់​កម្ដៅ​សាច់ដុំ​រួចរាល់​ហើយនោះ។

បណ្ដាំផ្ញើរបស់ ជា វិបុល

លោកសូម​ផ្ដាំផ្ញើ​ដល់មិត្ដ​អ្នកអាន​សូមឱ្យ​ទទួលទាន​អាហារ​គ្រប់គ្រាន់ និង​ទៀង​ពេលវេលា ពិសេស​ជ្រើសរើស​អាហារដែល មានគុណ​សម្បត្ដិ​សម្រាប់​រាងកាយ និង​សុខភាព។ ហាត់ប្រាណ​ជាប្រចាំ​ដើម្បីរាង​កាយមាំមួន ហើយអ្វី​ដែលជា​ប្រការ​សំខាន់ សូមកុំប្រើ គ្រឿងញៀន​គ្រប់ប្រភេទ ព្រោះវាអាច​ធ្វើឱ្យប៉ះ​ពាល់ដល់​សុខភាព និង​អនាគត។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ  ៖ ជា វិបុល
  • អាយុ   ៖ ២៥ឆ្នាំ
  • កម្ពស់   ៖ ១,៧២ម៉ែត្រ
  • ទម្ងន់   ៖ ៦២គីឡូក្រាម
  • ឪពុកឈ្មោះ ៖ ជា សុខា
  • ម្ដាយឈ្មោះ ៖ ភួង សុផល
  • បងប្អូនបង្កើត ៖ ៤នាក់ (ជាកូនច្បង)
  • កម្រិតវប្បធម៌ ៖ បញ្ចប់បរិញ្ញាប័ត្រផ្នែកទីផ្សារ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative