ផលិតផល​​​លាបក្លៀក ៖ សារៈ​​​ប្រយោជន៍ និងផល​​​ប៉ះពាល់

ប្រដាប់​លាប​ក្លៀក​ពិត​ជា​បាន​ផ្ដល់​សារៈ​ប្រ​យោជន៍​យ៉ាង​ច្រើន​ ​សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រាស់​​​ ដូច​ជា​ធ្វើ​ឱ្យ​ក្លៀក​ស​​ បំ​បាត់​ក្លិន​ខ្លួន​មិន​ល្អ​ជា​ដើម​។​​ ផ្ទុយ​ទៅ​វិញ​ប្រដាប់​លាប​ក្លៀក​ក៏​បាន​ផ្ដល់​នូវ​គុណ​វិ​បត្ដិ​យ៉ាង​ច្រើន​ផង​ដែរ​ ​សម្រាប់​លោក​អ្នក​មួយ​ចំនួន​ ​ដែល​មិន​បាន​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ប្រដាប់​លាប​ក្លៀក​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនា​វដ្ដី​​ សុខភាពយើង​​ ជួប​ជា​​មួយ​លោក​ ហោ​ ​លី​ហាក់​ អ្នក​គ្រប់​គ្រង​ផ្នែក​ព្យា​បាល​ និង​ថែរ​ក្សា​សម្ផស្ស​នៃ​សម្អាង​ ​ការ​លុច្ស​ នឹង​ពន្យល់​អំពី​សារៈ​ប្រយោជន៍​ និង​ផល​ប៉ះ​ពាល់​នៃ​ប្រដាប់​លាប​ក្លៀក​ ដើម្បី​ឱ្យ​លោក​អ្នក​ជ្រាប​បន្ថែម​អំពី​បញ្ហា​នេះ​។​​

ប្រភេទផលិតផលលាបក្លៀក

ប្រ​ដាប់​លាប​ក្លៀក​មាន​ច្រើន​ប្រភេទ​​ ច្រើន​ក្លិន​ និង​ទៅ​តាម​ចំណង់​ចំណូល​ចិត្ដ​របស់មនុស្ស​ម្នាក់ៗ​​ ជា​ពិ​សេស​តម្រូវ​ទៅ​ ​តាម​ភេទ​បុរស​ និង​ស្ដ្រី។​

សារៈប្រយោជន៍នៃផលិតផលលាបក្លៀក

​ប្រដាប់​លាប​ក្លៀក​ពិត​ជា​បាន​ផ្ដល់​សារៈ​ប្រយោជន៍​យ៉ាង​ច្រើន​ ដូច​ជា​ជួយ​ឱ្យ​មាន​ក្លិន​ខ្លួន​ក្រ​អូប​ កាត់​បន្ថយ​នូវ​បញ្ហា​ក្លិន​​សា​ ​បំ​បាត់​ក្លិន​ជូរ​ ដែល​មិន​ធ្វើ​ឱ្យ​ធុំ​ក្លិន​ទៅ​លើ​អ្នក​ដទៃ​ និង​ជួយ​ឱ្យ​ក្លៀក​ស​ជា​ដើម​។

ផលប៉ះពាល់នៃផលិតផលលាបក្លៀក

ផលិត​ផល​លាប​ក្លៀក​ក៏​បាន​បង្ក​ជា​គុណ​វិ​បត្ដិ​ផង​ដែរ​ ​ប្រ​សិន​បើ​លោក​អ្នក​ចេះ​តែ​ប្រើ​ដោយ​មិន​ដឹង​ពី​ប្រ​ភេទ​នៃ​ផលិត​ផល​​​ លាប​​ក្លៀក​នោះ​ ​ធ្វើ​ឱ្យ​ក្លៀក​មាន​បញ្ហា​ ​ដូច​ជា​ធ្វើ​ឱ្យ​ក្លៀក​កាន់​តែ​មាន​ក្លិន​ខ្លាំង​​ បណ្ដាល​ឱ្យ​ក្លៀក​ខ្មៅ​ ឆាប់​ធ្វើ​ឱ្យ​ក្លៀក​មាន​ក្លិន​ជូរ​នៅ​ ​ពេល​ដែល​បែក​ញើស​​ ហើយ​ក៏​អាច​បណ្ដាល​ឱ្យ​ក្លៀក​កើត​មាន​ក្លិន​សា​ផង​ដែរ​។​​ ផល​ប៉ះ​ពាល់​ទាំង​នេះ​អាច​កើត​ឡើង​បាន​ចំពោះ​​លោក​អ្នក​ដែល​មិន​បាន​សម្អាត​ខ្លួន​ប្រាណ​ឱ្យ​បាន​ស្អាត​ល្អ​​ ហើយ​ចេះ​តែ​យក​ផលិត​ផល​លាប​ក្លៀក​មក​លាប​ផ្ដេស​ផ្ដាស​ ​ទើប​បណ្ដាល​ឱ្យ​ ​កើត​មាន​ជា​បញ្ហា​ទាំង​នេះ​។​​

វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហាចំពោះក្លៀក

​ដើម្បី​ការ​ពារ​កុំ​ឱ្យ​កើត​មាន​បញ្ហា​ទាំង​នោះ​ លោក​អ្នក​ត្រូវ​តែ​សម្អាត​ខ្លួន​ឱ្យ​បាន​ស្អាត​ល្អ​ ដោយ​ត្រូវ​ដុស​ជម្រះ​ខ្លួន​ ដូច​ជា​នៅ​​ ​តាម​ក្លៀក​ ​និង​តាម​កន្លែង​ផ្សេងៗ​ដែល​បណ្ដាល​ឱ្យ​ឆាប់​មាន​ក្លិន​មិន​ល្អ​។​ នៅ​ពេល​ដែល​ធ្វើ​ការ​សម្អាត​ខ្លួន​ប្រាណ​បាន​ស្អាត​ល្អ​ ទើប​លោក​ ​អ្នក​អាច​ប្រើ​ប្រដាប់​លាប​ក្លៀក​បាន​ ធ្វើ​ដូច​នេះ​គឺ​មិន​បណ្ដាល​ឱ្យ​មាន​បញ្ហា​ឡើយ​។​ ​ចំពោះ​ស្ដ្រី​មិន​ត្រូវ​ទុក​រោម​ក្លៀក​​នោះ​ទេ​ ​ព្រោះ​ ​កាល​ណា​ទុក​រោម​ក្លៀក​អាច​កើត​មាន​ក្លិន​ ដូច​ជា​ក្លិន​សា​ ក្លិន​ជូរ​ជា​ដើម​។​

ដំបូន្មានអ្នកជំនាញ

​ដើម្បី​កុំ​ឱ្យ​កើត​មាន​បញ្ហា​ក្លិន​ក្លៀក​ ​លោក​អ្នក​គួរ​តែ​ជ្រើស​រើស​នូវ​ផលិត​ផល​ដែល​ល្អ​​ ហើយ​បាន​ទទួល​ស្គាល់​ពី​អ្នក​ជំ​នាញ​​ ​ច្បាស់​លាស់​។​ អ្វី​ដែល​ល្អ​ជាង​នេះ​ត្រូវ​តែ​ធ្វើ​ការ​សម្អាត​ខ្លួន​ប្រាណ​ឱ្យ​បាន​ស្អាត​ជា​និច្ច​ ហើយ​ត្រូវ​មាន​ផលិត​ផល​សម្រាប់​សម្អាត​ខ្លួន​ប្រាណ​ ​ផង​ដែរ​។​ ជា​ពិ​សេស​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ខ្លួន​របស់​លោក​អ្នក​ឱ្យ​បែក​ញើស​ខ្លាំង​ពេក​ និង​នៅ​កន្លែង​ដែល​មាន​ក្លិនមិ​ន​ល្អ​នោះ​ទេ​។​​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative