កុមារស្កន់​ម្ដាយដើម

កុមារ​ដែលទើប​នឹងកើត​មានអាយុ​ត្រឹមមួយ​សប្ដាហ៍ ស្រាប់តែ​មានអាការ​ប្រកាច់​កន្ដ្រាក់​ដៃកន្ដ្រាក់​ជើង រឹងថ្គាម រឹងក ខ្នង កោងដូច​ឥន្ទធនូ ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​ស្រុកស្រែ​ចំការ តែងតែ​ហៅតៗ​គ្នាថាកុមារ​មានជម្ងឺ​ស្កន់ម្ដាយ​ដើម។ ការព្យា​បាលបែប បុរាណ គឺការ​សែនព្រេន​ដល់អារក្ស​ទេវតា​ឱ្យជួយ​ថែរក្សា​កុមារ​ឱ្យជា​សះស្បើយ។ ជាលទ្ធផល កុមារ​ជាច្រើន​ដែលកើត​អាការនេះ បាន ស្លាប់​ក្នុងរយៈ​ពេលមួយ​យ៉ាងខ្លី​បំផុត។ តាមក្បូន​វេជ្ជសាស្ដ្រ កុមារ​ដែលមាន​អាការបែប​នេះ គឺជាករណី​ជម្ងឺ​តេតាណូស។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ហ៊យ គីមហេង អ្នកឯកទេស​ជម្ងឺកុមារ នៃមន្ទីរ​ពេទ្យកុមារជាតិ សូមបក​ស្រាយ​នូវវិធី​បង្ការ​ជម្ងឺនេះ។

ជម្ងឺតេតាណូស ឬស្កន់​ម្ដាយដើម ជាអ្វី?

ប្រជាពលរដ្ឋ​ខ្មែរបុរាណ​និយមហៅ​ថាស្កន់ម្ដាយ​ដើម ព្រោះពួក​គាត់យល់ថា​ម្ដាយរបស់​កុមារពី​ជាតិមុនតាម​មកយក​ជីវិតកុមារ​នៅជាតិនេះ។ ដោយគាត់​សង្កេតឃើញ​កុមារ​ដែលមាន​អាយុត្រឹម​៥ថ្ងៃ ឬ​មួយសប្ដាហ៍ មានអាការ​ញាក់​កន្ដ្រាក់ដៃ កន្ដ្រាក់​ជើង មើលទៅ​គួរឱ្យសង្វែក រឹងថ្គាម រឹងក ខ្នងកោង​ដូចឥន្ទធនូ បៅដោះ​មិនបាន ពួកគាត់​ទទួលស្គាល់​ថាកុមារ​មានជម្ងឺ​ស្កន់ម្ដាយ​ដើម(តាមជំនឿ) ឬ​ជម្ងឺតេតាណូស​(តាមវេជ្ជសាស្ដ្រ)។ ជម្ងឺ​តេតាណូស​បង្កឡើង​ដោយ​មេរោគ​ឈ្មោះ​ក្លូសឌីញ៉ូមតេតានី ដែលឆ្លង​ចូលទៅ​ក្នុងខ្លួន កុមារ​តាមរយៈ​ការធ្វេស​ប្រហែស​របស់​អាណាព្យាបាល ដែល​បានយក​មេរោគ​ដែលមាន​នៅក្នុង​សម្បុក​ឆ្កែញ៉ាំង កម្ទេច​ធូបជាដើម មក ដាក់រោយ​លើទង​ផ្ចិតកុមារ ឬ​ការមុតដាច់​ដោយការ​យក​ឧបករណ៍​ច្រេះ ឬ​មិនមាន​អនាម័យ​មកកាត់​ទងផ្ចិត​កុមារ​ជាដើម។

មូលហេតុកើត​ជម្ងឺតេតាណូស

ភាគច្រើន​ជម្ងឺ​តេតាណូស ឆ្លងចូល​ខ្លួនកុមារ​តាមរយៈ​ការយក​មេរោគ​ដែលមាន​នៅក្នុង​សម្បុក​ឆ្កែញ៉ាំង កម្ទេច​ធូប​ជាដើម មកដាក់​លើទងផ្ចិត​កុមារ។ គ្រប់សម្បុក​ឆ្កែញ៉ាំង​មានមេរោគ​តេតាណូស​ទាំងអស់ ដូច្នេះ​ហាមផ្ដាច់​មិនត្រូវ​យកវាមក​ដាក់រោយ​លើផ្ចិត កុមារទេ។ កុមារខ្លះ​មានជម្ងឺ​តេតាណូស​ដោយសារ​ការមុត​ដែកច្រេះ ដូចជា​កន្ដ្រៃ ឡាម កាំបិត​ជាដើម។

រោគសញ្ញា​ជម្ងឺ​តេតាណូស

មេរោគ​តេតាណូស​ឆ្លងតាម​សរសៃ​ឈាមចូល​ទៅក្នុង​ខួរក្បាល ដែលនាំឱ្យ​កុមារមាន​អាការ​កន្ដ្រាក់​សាច់ដុំ​ដៃជើង សាច់ដុំមុខ សាច់ដុំមាត់ កន្ដ្រាក់​ឡើងរឹងក ឆ្អឹងខ្នង​ឡើងកោង​ដូច​ឥន្ទធនូ ឬ​ជួនកាល​អាចបណ្ដាល​ឱ្យបាក់​ឆ្អឹងខ្នង​ក៏មាន។ អាការ​ប្រកាច់​អាស្រ័យ ទៅតាម​ស្ថានភាព​ជម្ងឺកុមារ។ ពន្លឺ និង​សម្លេង​មានផល​ប៉ះពាល់​ដល់ការ​កន្ដ្រាក់​របស់កុមារ។

វិធីការពារ​ជម្ងឺតេតាណូស

តាមវេជ្ជសាស្ដ្រ ជម្ងឺ​តេតាណូស​អាចបង្ការ​បានតាមរយៈ​ការអនុវត្ដ​ដូចតទៅ។

១- ពេល​ពេញវ័យ ៖ ស្ដ្រីគួរ​មានការ​ចាក់ថ្នាំ​បង្ការ​ជម្ងឺ​តេតាណូស ដើម្បី​ការពារ​ខ្លួនឯង និង​ផ្ដល់ភាពស៊ាំ​ដល់ទារក​(ការពារ ជម្ងឺ​តេតាណូស) នៅពេល​ដែលស្ដ្រី​មានផ្ទៃពោះ។ ស្ដ្រីដែល​មានអាយុ​ចាប់ពី​១៥ ដល់​៤៥ឆ្នាំ ទោះបី​ជាមិន​ទាន់មាន​ផ្ទៃពោះ​ក៏ដោយ ត្រូវទៅ​ចាក់ថ្នាំ​ការពារ​ជម្ងឺតេ​តាណូស​ឱ្យបានចំនួន​ប្រាំដង។

២- ពេល​សម្រាល ៖ ត្រូវ​ជ្រើសរើស​មន្ទីរ​សម្ភពឱ្យ​បានត្រឹមត្រូវ ចៀស​វាងការ​សម្រាល​កូននៅ​កន្លែង​ដែលមិន​មានអនាម័យ ឬ​វិធីត្រឹមត្រូវ​សម្រាប់​បង្កើតកូន។ បើជ្រើសរើស​ឆ្មបបុរាណ គួរមាន​បទពិសោធន៍​គ្រប់គ្រាន់​ដើម្បី​បង្កើត​កូន និង​មាន​អនាម័យ ល្អ។

៣- ក្រោយពេល​សម្រាល ៖ ពេលកាត់​ទងផ្ចិត ត្រូវរក្សា​អនាម័យ​ខ្ពស់ កន្ដ្រៃ និង​កាំបិតត្រូវ​សម្អាតស្អាត​គ្មានមេរោគ។ មិនត្រូវ​យកសម្បុក​ឆ្កែញ៉ាំង ម្រេច ឬ​ផេះ ទៅរោយ​លើទងផ្ចិត​កុមារទេ។ លោកអ្នក​អាចយក​ក្រណាត់​ស្អាតទៅ​គ្របនៅ​លើទងផ្ចិត កុមារ មិនចាំបាច់​រោយអ្វី​ក៏បាន វាអាច​ជាសះស្បើយ​ដោយខ្លួនឯង។

 វិធីព្យាបាល​ជម្ងឺតេតាណូស

ពេលកុមារ​បៅ ឬ​ញ៉ាំមិន​បាន(រឹងថ្គាម) ការផ្ដល់ថ្នាំ​អាចមាន​លទ្ធភាព​ត្រឹម​ទប់ទល់​ការប្រកាច់​តែប៉ុណ្ណោះ វាមិន​អាចព្យាបាល​ជម្ងឺតេតាណូស​បានទាំង​ស្រុងទេ។ ជម្ងឺ​តេតាណូស​នាំឱ្យកុមារ​មានអាការ​ប្រកាច់​កន្ដ្រាក់គួរ​ឱ្យសង្វេគ ឃើញ​កូនស្ថិត​ក្នុងសភាព​នេះ ឪពុកម្ដាយ​វេទនា​ចិត្ដណាស់។ តាមរយៈ​បច្ចេកទេស គ្រូពេទ្យ​អាចធ្វើ​ការព្យាបាល​ជម្ងឺ​តេតាណូស។

  • ផ្ដល់ថ្នាំ​ទប់ទល់​អាការ​ប្រកាច់
  • ព្យួរសេរ៉ូម ឬ​ផ្ដល់ថ្នាំ​ដើម្បី​ចិញ្ចឹម​រាងកាយកុមារ
  • ផ្ដល់ថ្នាំផ្សះ​ដើម្បីសម្លាប់​មេរោគ​តេតាណូស
  • ផ្ដល់ថ្នាំ​បន្សាប​ជាតិពុល​តេតាណូស​ឱ្យកុមារ
  • បញ្ជូល​ខ្យល់តាម​ច្រមុះ​ដើម្បី​ចិញ្ចឹម​ជីវិតកុមារ
  • រក្សាទុក​កុមារនៅ​ក្នុងកន្លែង​ស្ងាត់ ការពារ​ពីពន្លឺ និង​ពីសម្លេង
  • សម្អាតផ្ចិត​ដើម្បីកម្ចាត់​មេរោគ​នៅលើ​ទងផ្ចិត។

ការព្យាបាល​មានសង្ឃឹម​តិចតួច​ណាស់ ករណី​កុមារ​នៅតូច។ លទ្ធផល​ក្នុងការ​ព្យាបាល​ពិបាក​ក្នុងការ​ទាយទុក។ កុមារ​អាច ត្រូវ​ចំណាយ​ពេលរហូតដល់​ទៅ៣សប្ដាហ៍​ដើម្បី​ពិនិត្យ​តាមដាន​អាការ ដោយផ្អែក​ទៅលើការ​កន្ដ្រាក់ រយៈ​ពេលកើត អាយុ​របស់កុមារ និង​តាមលទ្ធភាព​ព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ។

ផលវិបាកនៃ​ជម្ងឺតេតាណូស

អាការ​ប្រកាច់ និង​កន្ដ្រាក់អាច​ប៉ះពាល់​ដល់ទៅ​ផ្លូវដង្ហើម ដែលនាំ​ឱ្យកុមារ​ស្លាប់បាន​ដោយសារស្ទះ​ផ្លូវដង្ហើម មិនអាច​ជួយ បានទាន់​ពេលទេ។ ទោះបី​ព្យាបាល​រួចរាល់​កុមារជា​សះស្បើយ​ក៏ដោយ ក៏កុមារ​អាចមាន​ការថមថយ​ផ្នែកបញ្ញា។

ប្រការ​ដែលគួរ​ចងចាំ

  • ម្ដាយត្រូវ​ចេះការពារ​ជម្ងឺ​តេតាណូស ដោយការ​ចាក់ថ្នាំ​ការពារ​តេតាណូស ពេលដែល​ខ្លួនមាន​ផ្ទៃពោះ ក្នុង​គោលបំណង ផ្ដល់កោសិកា​ប្រឆាំង​មេរោគ​ដល់ទារក។
  • បើឃើញ​កូនមិន​អាចបៅដោះ​បាន យំលែង​ចេញ គួរ​ប្រញាប់​នាំកូនមក​មន្ទីរពេទ្យ។
  • មិនត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យកុមារ​លេងវត្ថុ ឬ​ដែកច្រេះ ដែល​មានផ្ទុក​មេរោគ​តេតាណូស។ ព្រោះបើ​កុមារ​មុត​ច្រេះភ្លាម ឆាប់កើត​តេតាណូស នោះពិបាក​ក្នុងការ​ព្យាបាល។
  • គួរនាំកុមារ​ទៅចាក់ថ្នាំ​បង្ការតាម​ការណែនាំ​របស់​គ្រូពេទ្យ។ ពេល​កុមារ​ក្ដៅខ្លួន ឪពុកម្ដាយ​គួរយក​ក្រមា ឬ​ក្រណាត់ជក់ ទឹកយក​ជ្រលក់ទឹក​ក្ដៅឧណ្ហៗ​មកដណ្ដប់​ខ្លួនកុមារ តែកុំដណ្ដប់​លើពោះ​កុមារ។ ពេលដែល​កុមារ​ចាក់ថ្នាំ​បង្ការ​លើកទី១​អាចមាន​អាការក្ដៅខ្លួន តែមិន​មានបញ្ហា​អ្វីធ្ងន់​ធ្ងរទេ។ អាការ​នេះបញ្ជាក់ថា​ថ្នាំបង្ការ​មាន​ប្រសិទ្ធភាព គ្រុនក្ដៅ​នឹងបាត់​ទៅវិញ​ក្នុងរយៈ​ពេលពី​មួយទៅ បីថ្ងៃ។ លោកអ្នក​អាចឱ្យថ្នាំ​ប៉ារ៉ាសេតាមុល​ដើម្បី​បន្ថយ​កម្ដៅ។

ដំបូន្មាន​អ្នកជំនាញ

សូមនាំ​កុមារ​ដែលមាន​អាយុចាប់ពី​ទើបនឹង​កើតរហូត​ដល់អាយុ​៥ឆ្នាំ​មកទទួលនូវ​ថ្នាំចាក់​បង្ការ​ការពារ​ជម្ងឺរបេង រលាកថ្លើម ប្រភេទបេ ក្អកមាន់ ខាន់ស្លាក់ តេតាណូស គ្រុនស្វិត​ដៃជើង និង​កញ្ជ្រិល តាមកម្មវិធី​ជាតិដែល​មាននៅ​តាមមណ្ឌល​សុខភាព ឬ​តាម កន្លែង​ដែលមាន​ផ្ដល់ថ្នាំ​បង្ការ​ដល់កុមារ។ សូមការពារ​កូនរបស់​លោកអ្នក​ពីជម្ងឺ​ដែលអាច​បង្ការបាន​ទាំងនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative