របៀបថែរក្សា​ប្រដាប់​ភេទស្ដ្រី

ធម្មជាតិ​តាក់តែង​ឱ្យរាងកាយ​របស់ស្ដ្រី​មានលក្ខណៈ​ជីវសាស្ដ្រខុស​ពីបុរស ក្នុងនោះ​ប្រដាប់​បន្ដពូជ​មានលក្ខណៈ​ខុសគ្នាទាំង ស្រុង។ ការខុស​គ្នាបែបនេះ​ទាមទារ​ឱ្យការ​ថែរក្សា និង​ការធ្វើ​អនាម័យ​ក៏ខុសគ្នា​ដែរ។ ប្រដាប់បន្ដ​ពូជ​របស់ស្ដ្រី​មានសភាព​ស្មុគស្មាញ ជាច្រើន ដែល​ត្រូវមាន​ការថែទាំ​ជាពិសេស។ បើការ​ថែរក្សា​មិនបាន​ដិតដល់នោះ ស្ដ្រីងាយ​ប្រឈមមុខ​នឹងជម្ងឺ​ផ្សេងៗ​ដែលឆ្លងតាម ប្រដាប់​បន្ដពូជ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែង​យល់ពីវិធី​មួយចំនួន​នៃការ​ថែរក្សា​អនាម័យ​ប្រដាប់ភេទ ក៏ដូចជា​ប្រដាប់​បន្ដពូជរបស់ស្ដ្រី​ជាមួយ​ទស្សនាវដ្ដី សុខ ភាពយើង តាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​រោគស្ដ្រី នៃមន្ទីរ​ពេទ្យកាល់ម៉ែត។

លក្ខណៈ​ទូទៅ​នៃប្រដាប់​ភេទស្ដ្រី

ប្រដាប់ភេទ គឺជាផ្នែកមួយ​នៃប្រព័ន្ធ​បន្ដពូជ ដែលផ្នែក​ជីវសាស្ដ្រ​កំណត់​ថាភេទស្រី ឬ​ប្រុស ដោយផ្អែក​លើលក្ខណៈ​សម្គាល់ ទៅតាម​ភេទនីមួយៗ។ ប្រដាប់​ភេទស្ដ្រី​មានលក្ខណៈ​ស៊ាំញ៉ាំ​ស្មុគ្រស្មាញ ហើយចែក​ចេញ​ជាច្រើន​ផ្នែក។ ផ្នែកខាង​ក្រៅមាន​ដូចជាមាត់ ទ្វារមាស សន្ទះ​ព្រហ្មចារី​ជាដើម។ រីឯផ្នែក​ខាងក្នុង​មានដូច​ជាមាត់ស្បូន ដៃស្បូន តួស្បូន​ជាដើម។ ដោយសារ​ប្រដាប់ភេទ​ស្ដ្រីមានជា ច្រើនផ្នែក ដែលធ្វើ​ឱ្យស្ដ្រីងាយ​រងការ​ឆ្លងមេរោគ​ផ្សេងៗ​ជាច្រើន​តាម​ប្រព័ន្ធ​បន្ដពូជ​នោះ បើមិន​មានការ​ថែរក្សា​អនាម័យ​ឱ្យបាន​ដិតដល់ទេ។

របៀបធ្វើ​អនាម័យ​ប្រដាប់​ភេទស្ដ្រី

ការសម្អាត​ប្រដាប់ភេទ​ជារឿង​សំខាន់​ដែលត្រូវ​ធ្វើជាប្រចាំ។ ដោយសារ​ប្រព័ន្ធបន្ដ​ពូជ​របស់ស្ដ្រី​មានលក្ខណៈ​ស៊ាំញ៉ាំ ហើយ អ្វីដែល​សំខាន់នោះ គឺនៅ​ក្នុងប្រព័ន្ធ​បន្ដពូជ​របស់ស្ដ្រី​មានទំនាក់​ទំនង​តភ្ជាប់គ្នា​ទាំងអស់។ ហេតុនេះ​ទើបបើក​ឱកាស​ឱ្យអតិ​សុខុមប្រាណ ដែលបង្ក​ឱ្យកើត​ជម្ងឺផ្សេងៗ ជួនកាល​ជម្ងឺនោះ​អាចឆ្លង​រាលដាល​ដល់កន្លែង​ដទៃទៀត ដូចជា​អាងត្រគាក​ជាដើម។ ជាទូទៅ នៅពេល ចូលដល់​វ័យដែល​មានរដូវ​(គ្រប់ការ) នោះរាងកាយ​ស្ដ្រីមាន​ការប្រែប្រួល​ខុសប្លែក​ពីពេលមុន នោះហើយ​ដែលស្ដ្រី​ត្រូវយល់​ដឹងពី​វិធីសាស្ដ្រ​មួយចំនួន ដើម្បី​ថែរក្សា​អនាម័យ​ខ្លួនប្រាណ។ មិនមែន​ការថែរក្សា​នេះធ្វើបាន​ចំពោះ​តែស្ដ្រី​មានស្វាមី ឬ​ក៏ស្ដ្រី​ដែលមាន​ការរួមភេទ​នោះទេ។

1. ស្ដ្រីនៅ​ក្រមុំ ឬ​មិនទាន់​ឆ្លងកាត់​ការរួមភេទ ៖ ថ្វីត្បិតតែ​មិនទាមទារ​ឱ្យមានការ​ថែរក្សា​ពិសេស ប៉ុន្ដែ​មិនមែន​បានន័យថា មិនថែទាំ​សោះនោះទេ។ ព្រោះ​មានជម្ងឺ​មួយចំនួន​អាចកើត​មានទ្បើង​នៅលើ​ប្រដាប់​បន្ដពូជ​របស់ស្ដ្រី​ដែលមិន​ធ្លាប់ឆ្លង​កាត់ការ​រួមភេទ ដូចជា​ធ្លាក់ស រលាកអវៈយវៈភេទ រមាស់​ជាដើម។ ដូចនេះ​ចំពោះស្ដ្រី​នៅក្រមុំ ឬ​នៅលីវ​មិនចាំបាច់​មានអ្វី​ច្រើនទេ ដោយ​គ្រាន់តែ សម្អាត​ប្រដាប់ភេទ​ដោយទឹកស្អាត​ធម្មតា​រៀងរាល់​ពេល​បន្ទោរបង់រួច ដោយ​មិនត្រូវ​លូកសម្អាត​ទៅដល់​ខាងក្នុងទេ ព្រោះអាច​បណ្ដាល ឱ្យប៉ះ​ពាល់ដល់​សន្ទះ​ព្រហ្មចារី ឬ​ក៏ភ្នាស​ស្បូន។ ម្យ៉ាងទៀត​នៅក្នុង​ប្រដាប់បន្ដ​ពូជរបស់នារី តែងតែ​បញ្ចេញ​សារធាតុ​សម្រាប់​សម្អាត ផ្នែកខាង​ក្នុងដោយ​ស្វ័យប្រវត្ដិ។ ស្ដ្រីដែល​នៅក្រមុំ ឬ​នៅលីវ​មិនគួរ​ប្រើប្រាស់​ទឹកអនាម័យ​សម្រាប់​លាងសម្អាតទេ លើកលែង​តែមាន វេជ្ជបញ្ជា​ពីគ្រូពេទ្យ។

2. ស្ដ្រីមាន​ស្វាមី ឬ​ឆ្លងកាត់ការ​រួមភេទ ៖ ក្នុង​ដំណាក់កាល​នេះ គ្រប់ស្ដ្រី​ទាំងអស់​ជាស្វ័យប្រវត្ដិ​តែងតែ​មានការ​ហ្មត់ចត់ក្នុង ការ​ធ្វើអនាម័យ​ប្រដាប់ភេទ។ ដោយហេតុថា​ដើម្បីឱ្យ​ទំនាក់ទំនង​ផ្លូវភេទ​ប្រព្រឹត្ដទៅ​ដោយរលូន អនាម័យ​ជាប្រការ​មួយមិនអាច មើល​រំលងបាន។ មាន​គូស្វាមី​ភរិយា​មួយចំនួន​រកាំរកូសគ្នា​ដោយការ​មិនយល់​ពីការ​ថែរក្សា​អនាម័យ​ក្នុងជីវភាព​ជាប្ដីប្រពន្ធ។ ទំនាក់ ទំនង​ផ្លូវភេទ​រវាងប្ដី និង​ប្រពន្ធ​ជារឿង​ដែលមិន​អាចខ្វះបាន។ មុនពេល​រួមភេទ គ្រប់ស្ដ្រី​ទាំងអស់​ត្រូវតែ​សម្អាតអវៈយវៈ​ភេទឱ្យបាន​ល្អ ដើម្បី​បង្ការការ​ចម្លង​រោគតាម​ផ្លូវភេទ ក៏ដូចជា​ក្លាហាន​ក្នុងការ​និយាយ​ទៅកាន់​ស្វាមី ឬ​ក៏ដៃគូ​របស់ខ្លួន​ពីបញ្ហា​នេះដែរ។ បើលោក ស្រីអ្នកនាង​សម្អាត​តែម្នាក់ឯង ហើយភាគី​ម្ខាងទៀត​មិនសម្អាត ជម្ងឺផ្សេងៗ​នៅតែអាច​មានឱកាស​រាតត្បាត​ដដែល។ ក្នុងករណី​ដែល មានជម្ងឺ ដែលបង្ក​តាមការ​រួមភេទ ចាំបាច់​ត្រូវតែ​ព្យាបាល​ទាំងពីរនាក់ ទោះបីជា​ភាគីខាង​ប្រុសមិន​មានជា​រោគសញ្ញា ឬ​ក៏ការ​ឈឺចាប់ អ្វី​ក៏ដោយ។ បើមិន​ដូច្នោះទេ អ្នកទាំងពីរ​នឹងចម្លង​ឱ្យគ្នា​ទៅវិញ​ទៅមក​មិនមាន​ថ្ងៃជាសះ​ស្បើយឡើយ ថែមទាំង​អាចបណ្ដាល​ឱ្យក្លាយ ទៅជា​ជម្ងឺផ្សេងៗ​ទៀតជា​ច្រើន ហើយមាន​គ្រោះថ្នាក់​ទៀតផង ដូចជា​ជម្ងឺមហារីក​ស្បូន​ជាដើម។ ការព្យាបាល​ជម្ងឺនោះ​ទៀតសោត សូមមេត្ដា​ប្រុងប្រយ័ត្ន មិត្ដនារី​ទាំងអស់​មិនមែន​សុទ្ធតែ​អាចឱ្យ​គ្រូពេទ្យ​បើកស្បូន​ពិនិត្យ​បានគ្រប់​ពេលនោះទេ ព្រោះអាច​ឆ្លងរោគ​តាម ឧបករណ៍​សម្រាប់​បើកស្បូន បើមិន​មានអនាម័យ​គ្រប់គ្រាន់ និង​ជួនកាលអាច​ធ្វើឱ្យ​រលាកស្បូន​ទៀតផង។

ប្រការគួរ​ប្រតិបត្ដិ ពេល​ព្រឹត្ដិការណ៍​ពិសេស

រាងកាយ​ស្ដ្រីតែងតែ​មានការ​ប្រែប្រួល​ជាប្រចាំ ដូចជា​ពេលមាន​រដូវ ពេលមាន​ផ្ទៃពោះ ពេលសម្រាល​កូនជាដើម។

1. នៅពេល​មានរដូវ ៖ ជាធម្មតា​ក្នុងមួយ​ខែមានរយៈ​ពេលពី៣​ទៅ៧ថ្ងៃ ដែលស្ដ្រី​មានធ្លាក់​ឈាមរដូវ ដោយ​គ្រាន់តែស្ដ្រី ខ្លះ មានរដូវ​ទៀងទាត់ និង​មិនទៀងទាត់​តែប៉ុណ្ណោះ។ គ្រប់ស្ដ្រី​ទាំងអស់​ត្រូវតែ​រក្សាអនាម័យ​ឱ្យបាន​ច្រើនជាង​ពេលមិន​មានរដូវ ព្រោះ នៅពេលនេះ​សរីរាង្គ​បន្ដពូជ​របស់ស្ដ្រី​ខ្សោយជាង​ពេលធម្មតា ហើយងាយ​ឆ្លងរោគ​ផ្សេងៗ។ ការប្រើ​ប្រាស់សំឡី​អនាម័យ​នោះទៀត សោត ចាំបាច់​តម្រូវឱ្យ​សុភាពនារី​ទាំងអស់ចេះ​ជ្រើសរើស​សំឡីអនាម័យ​ដែលមាន​សភាពទន់ ហើយឆាប់​ជក់ទឹក​បានល្អ។ គប្បីប្ដូរ​សំឡី អនាម័យ​រៀងរាល់៣ ឬ​៤ម៉ោងម្ដង ព្រោះថា​បើទុករយៈ​ពេលយូរ អាចធ្វើ​ឱ្យក្ដៅ និង​បង្កជាស្នាម​កន្ទួល​រមាស់​ទៀតផង។

2. នៅពេល​មានផ្ទៃពោះ ៖ កំឡុង​ពេលនេះ ដោយសារ​តែការ​ប្រែប្រួលនៃ​អ័រម៉ូន ជួនកាល​ស្ដ្រីមាន​ធ្លាក់នូវ​វត្ថុរាវ​ពណ៌សថ្លា ចេញពី​ទ្វារមាស​ដែលទាមទារ​ឱ្យស្ដ្រី​សម្អាត​ឱ្យបានញឹកញាប់ យ៉ាងហោច​ណាស់ឱ្យ​បានពីរ​ដងក្នុង​មួយថ្ងៃ ប៉ុន្ដែ​មិនត្រូវ​លូកលាង​ទៅដល់ ផ្នែកខាង​ក្នុងទេ។ បើមាន​បញ្ហាមិន​ប្រក្រតី​ណាមួយ គប្បី​ត្រូវប្រញាប់​រកគ្រូពេទ្យ​ជំនាញ មិនអាច​ប្រើថ្នាំព្យាបាល​ដោយខ្លួន​ឯងបានទេ ព្រោះមាន​ថ្នាំប្រភេទខ្លះ​អាចបង្ក​ឱ្យមានផលវិបាក​យ៉ាងធ្ងន់ធ្ងរ។

3. ក្រោយ​ពេលសម្រាល ៖ ជាធម្មតា​តែងតែ​មានធ្លាក់​ឈាម ហេតុនេះ​គ្រប់ស្ដ្រី​ទាំងអស់​ត្រូវសម្អាត​អវៈយវៈ​ភេទជាមួយ នឹង​ទឹកក្ដៅឧណ្ហៗ និង​ឧស្សាហ៍​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ ឬ​សំឡីអនាម័យ​ឱ្យបានញឹក​ញាប់។ សម្លៀក​បំពាក់ ឬ​ឧបករណ៍​ប្រើប្រាស់ ផ្សេងៗ ដែលទាក់ទង​នឹងអវៈយវៈ​ភេទ ត្រូវសម្អាត​ឱ្យបាន​ហ្មត់ចត់ ព្រមជា​មួយនឹង​ការសម្លាប់​មេរោគឱ្យ​បានល្អ មុននឹង​ប្រើប្រាស់។

ការពារខ្លួនឯង ប្រសើរជាង​ព្យាបាល

មានតែ​សុភាពនារី​ខ្លួនឯងទេ ដែលអាច​ជួយខ្លួនឯង​បានពីបញ្ហា​អនាម័យនេះ។ ប្រការ​មួយចំនួន​ដែលសុភាពនារី​ចាំបាច់ត្រូវ តែដឹង​រួមមាន៖

  • សូម​ជ្រើសរើស​ខោទ្រនាប់​ពីសាច់ក្រណាត់​កូតុង និង​ផ្លាស់ប្ដូរ​ជារៀង​រាល់ថ្ងៃ។
  • ក្រោយពេល​បន្ទោរបង់ ត្រូវលាង​សម្អាត​ប្រដាប់ភេទ​ឱ្យបាន​ស្អាត ដោយជូត​សម្អាតចាប់​ពីមុខ​មកក្រោយ ដើម្បី​កុំឱ្យមាន ការនាំយក​មេរោគពី​ផ្នៃកចុង​នៃពោះវៀនធំ(ទ្វារលាមក)មកកាន់​ប្រដាប់​បន្ដពូជ។
  • រៀងរាល់៦ខែ ឬ១​ឆ្នាំម្ដង ទោះមិន​មានបញ្ហា​អ្វីក៏ដោយ ក៏ស្ដ្រី​ត្រូវតែទៅ​ត្រួតពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ក្រែងមាន បញ្ហា​មួយចំនួន​ដែលមិន​ស្ដែងចេញ​ជារោគ​សញ្ញា។
  • ព្យាយាមថែ​ទាំសម្អាត​អវៈយវៈ​ភេទផ្នែក​ខាងក្រៅ​កុំឱ្យមាន​អាការរលាក ពីព្រោះ​បើមាន​ការរលាក ហើយ​មិនបាន​ថែទាំ ឱ្យបាន​ដិតដល់នោះ នាំឱ្យ​បាក់តេរីវាយលុក​រាតត្បាត​ទៅស្បូន ដៃស្បូន​ជាដើម។
  • ត្រូវមានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ទឹកអនាម័យ​សម្រាប់​សម្អាត​អវៈយវៈភេទ ជាពិសេស​ត្រូវផ្ដោត​សំខាន់​ទៅលើ តុល្យភាព​រវាងបាស និង​អាស៊ីដ និង​ប្រតិកម្ម​ផ្សេងៗ ដែលបង្ក​ឡើងពី​ការប្រើប្រាស់​ទឹកអនាម័យ​ដែលគ្មាន​គុណភាព។

ដំបូន្មានអ្នកជំនាញ

អនាម័យ​អវៈយវៈ​ភេទជារឿង​ដែលមិន​អាចខ្វះបាន ហើយ​ក៏មិនមាន​អ្នកណា​អាចធ្វើ​ជំនួស​បានដែរ។ សូម​ព្យាយាម​ជួយខ្លួន ឯងក្នុង​រឿងនេះ។ ធ្វេស​ប្រហែស​តែបន្ដិច ជួនកាល​ឱកាស​ធ្វើជាម្ដាយ ក៏សុភាពនារី​មិនអាច​ទទួលបានដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative