វិធីថែទាំធ្មេញ​កុំឱ្យដង្កូវស៊ី

ធ្មេញមាន​តួនាទី​សំខាន់​ក្នុងការទំពារ​កម្ទេច​ចំណីអាហារ​ដែលយើង​ទទួលទាន ហើយអ្វី​ដែលកាន់​តែពិសេស​ទៅទៀតនោះ គឺអាចជួយ​លើកកម្ពស់​សម្រស់​ផ្ទៃមុខ​របស់យើង​បានផងដែរ។ សុខភាព​ធ្មេញ​ជារឿង​ចាំបាច់​ដែលយើង​គ្រប់គ្នា​គួរតែ​យកចិត្ដ​ទុកដាក់​ថែរក្សា និង​ការពារ។ ហើយ​បញ្ហាដែល​គួរតែ​ប្រុងប្រយ័ត្ន​ជាងគេ គឺធ្វើ​យ៉ាងណា​កុំឱ្យមាន​បញ្ហា​ធ្មេញខូច ឬ​ដង្កូវស៊ី។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើគួរ​ធ្វើយ៉ាងណា​ដើម្បី​ថែទាំ​ធ្មេញកុំ​ឱ្យដង្កូវស៊ី? ទាក់ទង​នឹងបញ្ហា​នេះទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធាន​ក្រុម​គ្រូពេទ្យនៃ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចឹម​នឹងបក​ស្រាយបំភ្លឺ​ជូនមិត្ដ​អ្នកអាន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ដង្កូវស៊ីធ្មេញ ជាអ្វី?

លោកអ្នក​ខ្លះប្រហែល​ជាយល់ថា​ដង្កូវ​ស៊ីធ្មេញ គឺសំដៅ​ទៅលើ​សត្វដង្កូវ​ដែលចូល​ទៅស៊ីធ្មេញ​ធ្វើឱ្យ​ធ្មេញខូច ឬ​ប្រហោង។ ការពិត​ដង្កូវ​ស៊ីធ្មេញ ឬ​ធ្មេញពុក គឺសម្គាល់​ទៅលើធ្មេញ​ដែលខូច មាន​ប្រហោង និង​មានស្នាម​ខ្មៅ ឬ​ស្នាមស។ ហើយ​ធ្មេញដែល​ពុក ខូចកាន់​តែជ្រៅ អាចធ្វើ​ឱ្យទៅជា​ស្រៀវ​នៅពេលប៉ះ​ទឹកត្រជាក់ ឬ​ជាតិជូរ និង​មានការ​ឈឺចាប់​ខ្លាំងទៀតផង។

មូលហេតុ​ដង្កូវស៊ីធ្មេញ

មូលហេតុ​ច្រើនយ៉ាង​ដែលនាំឱ្យ​ដង្កូវស៊ីធ្មេញ ឬ​ពុកធ្មេញ គឺកត្ដា​អនាម័យ និង​មេរោគ​បាក់តេរី។

  • កត្ដាបាក់តេរី ៖ ចំណីអាហារ​ដែលនៅ​ជាប់នឹង​ធ្មេញ​ក្រោយ​ពេល​ទទួលទាន​ចំណីអាហារ​ហើយ វានឹង​រលួយ​ក្លាយជា​បាក់តេរី ហើយ​បាក់តេរី​ទាំងនោះ​នឹងបង្ក​ឱ្យធ្មេញពុក និង​អាចឆ្លង​ពីធ្មេញ​មួយទៅ​ធ្មេញ​មួយ​ទៀតបាន។
  • កត្ដាអនាម័យ ៖ អនាម័យ​ជាកត្ដា​សំខាន់​ក្នុងការ​ថែរក្សា​ធ្មេញ​ឱ្យបាន​ល្អរឹងមាំ។ ប្រសិនបើ​មិនបាន​ដុស​សម្អាត​ធ្មេញឱ្យបាន ស្អាត​ក្នុងរយៈ​ពេល៦ម៉ោង​ក្រោយពេល​ទទួលទាន​ចំណីអាហារ​នោះទេ កម្ទេច​សំណល់​ចំណីអាហារ​ដែលនៅ​ជាប់​នឹងធ្មេញ​អាចក្លាយ​ទៅជា​អាស៊ីដ ហើយ​មានប្រតិកម្ម​ជាមួយ​ធ្មេញ​ដែលមាន​ជាតិ​កាល់ស្យូម ពេលនោះ​នឹងកើត​ជាបញ្ហា​ពុកធ្មេញ ឬ​ដង្កូវ​ស៊ីធ្មេញ​នេះឡើង។

ផលប៉ះពាល់​ដែលបណ្ដាល​មកពី​ដង្កូវ​ស៊ីធ្មេញ

នៅពេល​ដែលធ្មេញ​មានមេរោគ ឬ​ធ្មេញ​មានបញ្ហា ចៀស​មិនផុតពី​ការដែល​មានផល​ប៉ះពាល់​នោះឡើយ។

  • ផលប៉ះពាល់​ទៅលើធ្មេញ​ខ្លួនឯង​ផ្ទាល់ ៖ កាលណា​មានធ្មេញ​ដង្កូវស៊ី ចំណី​អាហារ​ដែល​ទទួលទាន​អាចចូល​ទៅប៉ះ​សរសៃ ឬ​ឬសធ្មេញ ពេលនោះ​ធ្វើឱ្យ​មានអាការ​ឈឺខ្លាំង ហើយ​រំខានដល់​ការទទួលទាន​អាហារ​ថែមទៀតផង។ ម្យ៉ាងទៀត​ពេលដែល​ចំណីអាហារ​ដែលនៅ​ជាប់នឹង​ប្រហោង​ធ្មេញយូរទៅ ធ្វើឱ្យ​មានក្លិន​មិនល្អ ហើយ​ប៉ះពាល់​ដល់ការ​មានទំនាក់​ទំនង​ជាមួយ​អ្នកដទៃ។
  • ផលប៉ះពាល់​ដល់សុខភាព​ទូទៅ ៖ មានធ្មេញ​ដង្កូវស៊ី​ធ្វើឱ្យយើង​មិនអាច​ទទួលទាន​អ្វីបាន។ ជួនកាល​បរិភោគ​ដែរ តែមិនសូវ​ទំពារ​បានល្អ ដែល​ជាហេតុ​ធ្វើឱ្យ​មានជា​ជម្ងឺក្រពះ ហើយ​មេរោគ​ដែល​នៅជាប់​នឹងធ្មេញ​អាចជ្រាប​ចូលទៅ​ក្នុងឈាម​ធ្វើឱ្យប៉ះ​ពាល់ ដល់ប្រព័ន្ធ​ឈាម ឬ​ក៏អាច​ប៉ះពាល់​ទៅដល់​បេះដូង។

ក្រៅពី​កត្ដាទាំងពីរ​ខាងលើនេះ ក៏នៅ​មានការ​ប៉ះពាល់​ប្រព័ន្ធ ឬ​កត្ដាផ្សេងៗ​ទៀតជាច្រើន ដូចជា​អាចធ្វើ​ឱ្យឈឺក្បាល ឬ​ប៉ះពាល់​ទៅដល់​សរសៃ​ប្រសាទ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីថែទាំ​ធ្មេញកុំឱ្យ​ដង្កូវស៊ី

ការថែទាំ​ធ្មេញ​ឱ្យបាន​ស្អាត គ្មានមេរោគ និង​គ្មាន​ដង្កូវស៊ី មិនមែន​ជាការ​ពិបាក ឬ​ត្រូវចំណាយ​ថវិកា​ច្រើននោះ​ឡើយ។ ខាង ក្រោមនេះ​ជាវិធីងាយៗ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​អាចប្រតិបត្ដិ​បានដោយ​ខ្លួនឯង។

  • នៅពេល​ដែលធ្មេញ​មិនទាន់​ខូច ឬ​មានជម្ងឺ គួរតែ​ធ្វើការ​សម្អាត​ដោយការ​ដុសធ្មេញ​ឱ្យបាន​ជាប្រចាំ ជាពិសេស​មាតា បិតា​គួរណែនាំ​កូនឱ្យចេះ​ថែរក្សា​ធ្មេញ ធ្វើ​អនាម័យ​ធ្មេញ ដើម្បី​ឱ្យធ្មេញ​មានសុខភាព​ល្អ។ ឯការ​សម្អាត​ទៀតសោត គួរធ្វើ​ឱ្យបានល្អ និង​គ្រប់ជ្រុង​ជ្រោយ សម្អាត​កាកសំណល់​ដែលនៅ​ជាប់នឹង​ជើងធ្មេញ និង​ចន្លោះ​ណាមួយ​ឱ្យបាន​ស្អាត យ៉ាងហោច​ណាស់​ឱ្យបានពី​៣ទៅ ៦ដង​ក្នុងមួយថ្ងៃ។
  • ក្នុងករណី​ដែលធ្មេញ​មានបញ្ហា ដូចជា​ជម្ងឺពុក​ធ្មេញ មាន​ប្រហោង​ក្នុងធ្មេញ​ជាដើម គួរ​ប្រញាប់​ទៅពិគ្រោះ​ជាមួយគ្រូ ពេទ្យ​ជំនាញ​ខាងធ្មេញ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល។ បើមិន​ទាន់មាន​បញ្ហា​នោះទេ ក៏គួរ​ទៅជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យក្នុង​រយៈ ពេលយ៉ាង​ហោចណាស់​៦ខែម្ដង ដើម្បី​មើលឱ្យ​ដឹងថាធ្មេញ​នោះមាន​ប្រហោង ឬ​មានមេរោគ​ដែរឬទេ។
  • ចំពោះ​កុមារ ការថែ​រក្សាធ្មេញ​ជារឿង​ដែលគួរ​ឱ្យយកចិត្ដ​ទុកដាក់​បំផុត ព្រោះថា​កុមារ​ងាយ​នឹង​ទទួលរង​នូវជម្ងឺ​ពុកធ្មេញ ឬ​ដង្កូវ​ស៊ីធ្មេញ។ ប៉ុន្ដែ​បច្ចុប្បន្ន​មានផលិតផល​ម្យ៉ាង​ដែលប្រើ​សម្រាប់​ដាក់តាម​ចង្អូរ​ធ្មេញ​ដើម្បី​ការពារ​ធ្មេញកុំឱ្យ​ដង្កូវស៊ី។ ដូចនេះ​មាតា បិតា​គួរយក​បុត្រធីតា ឬ​ជ្រើសរើស​ផលិតផល​នោះមក​ប្រើដើម្បី​ការពារ និង​ថែរក្សា​ធ្មេញ​របស់​កូនឱ្យ​បានល្អ​រឹងមាំ។
  • ច្រាសដុសធ្មេញ គួរជ្រើសរើស​ប្រភេទ​ច្រាសណា​ដែលទន់ ងាយ​ស្រួលប្រើ និង​មិនធ្វើឱ្យ​ខូចអញ្ចាញ​ធ្មេញ។ ម្យ៉ាង​ទៀត គួរផ្លាស់ប្ដូរ​ច្រាស​ដុសធ្មេញ​ក្នុងរយៈ​ពេល៣​ខែម្ដង ទើបជា​ការល្អ។

ដំបូន្មាន​អ្នកជំនាញ

សូមលោក​អ្នកមេត្ដា​ស្វែងយល់​អំពី​អត្ថប្រយោជន៍​របស់ធ្មេញ និង​សូមថែរក្សា​ធ្មេញឱ្យ​បានស្អាត​មានអនាម័យ ចៀសវាង ការកើត​ឡើង​នូវមេរោគ​ដង្កូវ​ស៊ីធ្មេញ​ដែល​នាំឱ្យ​ធ្មេញខូច និង​ធ្មេញពុក ហើយ​ដែលអាច​ប៉ះពាល់​ទៅដល់​សុខភាព​របស់​លោកអ្នកផង ដែរ។ ជាពិសេស​ចំពោះ​មាតាបិតា សូមណែនាំ​បុត្រធីតា​ឱ្យចេះ​ថែរក្សា​ធ្មេញ និង​ដុស​សម្អាត​ធ្មេញ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បីឱ្យ ធ្មេញ​មានសុខភាព​ល្អ។ ជាង​នេះទៅ​ទៀត គួរ​ឧស្សាហ៍​ទៅពិនិត្យ​ធ្មេញ និង​សម្អាត​ធ្មេញ​ជាមួយគ្រូពេទ្យ​ជំនាញ​ពិតប្រាកដ។ ធ្មេញស្អាត ញញឹមស្រស់!

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative