ជម្ងឺ​​​ផ្តាសាយ​​​បក្សី​​​សម្លាប់​​​ជនជាតិខ្មែរ​​​សរុប​​​១៨នាក់​​​ហើយ​​​មកដល់​​​ថ្ងៃនេះ

ជម្ងឺ​ផ្តាសាយបក្សី ជាជម្ងឺ​ឆ្លង​កាចសាហាវ និងគ្រោះថ្នាក់​បំផុត​ដែល​បង្កឡើង​ដោយ វីរុស​ផ្តាសាយ (Type A) និងបង្ក​ជាជម្ងឺទៅលើសត្វ​ស្លាប​គ្រប់ប្រភេទ រួមមាន  មាន់ ទា ក្ងាន មាន់​បារាំង និង​​​សត្វស្លាប​​​​ផ្សេងៗទៀត ព្រមទាំង​មនុស្សផងដែរ។ នៅក្នុង​វិស័យ​ចិញ្ចឹមសត្វ​តាមបែប​ឧស្សាហកម្ម មាន់បារាំង​បំប៉ន​យកសាច់ និងមាន់ពង​ជាប្រភេទ​ដែល​ទទួលការ​ចម្លងខ្លាំង​ជាងគេ។ សត្វស្លាប​ដែល​រស់នៅ​ជាសេរី អាចមាន​វីរុស​នៃជម្ងឺ​ផ្តាសាយ​នៅក្នុង​ខ្លួន តែពួកវា​ពុំឈឺទេ ដោយសារ​មាន​ភាពសុំា​ធម្មជាតិ​ក្នុងខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

យោងតាម​ការចេញ​ផ្សាយ​របស់​សារពត៌មាន​នគរវត្ត​បានប្រាប់​ឲ្យដឹងថា​ក្មេង​ស្រី​កម្ពុជាម្នាក់​ទៀត​បានឆ្លង​ជម្ងឺផ្តាសាយ​បក្សី ឈឺរហូត​បាត់បង់​ជីវិតនៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផារាជធានី​ភ្នំពេញ​ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ជួយព្យាបាល​ដែរ ប៉ុន្តែ​មិនមាន​លទ្ធផលកាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១២។ ការស្លាប់​នេះបានធ្វើ​ឲ្យកំណើន នៃអ្នកស្លាប់​ដោយសារ​ជម្ងឺ​ផ្តាសាយបក្សី​នៅកម្ពុជា​កើន​ដល់១៨នាក់។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដកំពង់ឆ្នាំង​ លោក​ម៉​ម​ ម៉ា​ឡៃ​ បានអោយ​ដឹង​ថា​ កុមារី​ដែលរង​គ្រោះ​ស្លាប់​នេះ​ឈ្មោះ​ណយ​ មក​រា​ អាយុ​៦​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ ក្បាលកោះ​ ឃុំ​អំពិលទឹក​ ស្រុក​កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​ ។

លោក​ ម៉​ម​ ម៉ា​ឡៃ ​បាន​ប្រាប់​ឲ្យដឹងទៀត​ថា​ ក្រោយ​ពី​ក្រសួង​សុខា​ភិ​បាល​បាន​ពិនិត្យ​សំណាក​របស់​ក្មេង​ស្រី​រូប​នេះ​បាន​រក​ឃើញ​ថា​ ក្មេង​ស្រី​នេះ​បាន​ស្លាប់​ដោយសារ​តែ​ជម្ងឺផ្ដាសាយបក្សី​​ និងនៅក្រោយ​ពេល​ដែល​ក្រុម​គ្រួ​សារបាន​ប្រាប់​ពី​អត្ដសញ្ញាណ​និងដំណើរ​រឿង​មុន​ពេល​ដែល​កុមារី​នេះ​កើតមាន​អាការ​ជម្ងឺ ។

អ្នកផ្ទះកុមារីរងគ្រោះបាននិយាយថា នៅក្នុងផ្ទះ​របស់​គាត់​មាន​សត្វ​មាន់​ឈឺ​ ហើយ​ក្រុម​គ្រួសារ​បាន​យក​មាន់​ដែល​ឈឺ​នោះធ្វើ​ម្ហូ​ប​ កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១២​ ។ ក្រោយ​ពី​ការហូបសាច់មាន់ដែលឈឺនេះ​បាន​​៣​ទៅ​៤​ថ្ងៃ​ស្រាប់តែកូន​របស់​គាត់​ឈឺ​ ហើយពួកគាត់បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​តែ​ម្ដង​ រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ ថ្ងៃទី៣០ ខែមីនា ក្មេង​ស្រី​នេះ​បាន​ស្លាប់​នៅ​នឹង​មន្ទីរ​ពេទ្យតែ​ម្ដង​ ។

ដើម្បី​ការពារ​កុំឲ្យ​ជម្ងឺផ្ដាសាយបក្សី​នេះ​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត ​នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា​ មន្ដ្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​និង​មន្ដ្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ដែល​កុមារី​នេះ​បាន​ស្លាប់​ហើយ​ខាង​បស្សុ​ពេទ្យ​ខេត្ដ​បាន​បាញ់ថ្នាំ​ការពារ​ជម្ងឺផ្ដាសាយ​បក្សី​ និង​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹងពី​ជម្ងឺ​ផ្ដាសាយបក្សី​នេះ​ផងដែរ​។

គួររម្លឹកដែរថា កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​ ២០១២​ កុមា​រា​ ហាន​ គឹ​ម​ហ៊ា​ង​ អាយុ​ ២​ ឆ្នាំ​ ៧​ខែ​ រស់នៅ​ ក្នុងភូមិ​ល្ពា​ក់​ ឃុំ​ឈ្មួ​ល​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​កើត​មាន​ ករណី​ជម្ងឺ​ផ្តាសាយបក្សី​ (H5N1)​​ បន្ទាប់​ពី​បាន​យក​វត្ថុ​វិភាគ​ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​​ ។

សូម​បញ្ជាក់​ថា​ ការ​ស្លាប់​របស់​កុមា​រីនៅខេត្តកំពង់ឆ្នាំងម្នាក់​នេះ​ ជា​ករណី​ទី​១៨​ហើយ​ចាប់តាំងពី​ប្រទេស​កម្ពុជា​ បាន​ឆ្លង​ជម្ងឺផ្តាសាយបក្សី​ ក្នុង​អំឡុង​ឆ្នាំ​២០០៥​ ៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៣ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative