សារធាតុ​បូរ៉ាក់ បំផ្លាញ​សុខភាព

ចំណី​អាហារ​ជា​សារធាតុ​សំខាន់​សម្រាប់​ទ្រទ្រង់​រាងកាយ។ ការបរិភោគ​ចំណី​អាហារ​ដែលមាន​មេរោគ និងផ្ទុកសារ​ធាតុគីមី ធ្វើឱ្យ​រាងកាយ​ទន់ខ្សោយ​ជួបប្រទះ​នឹងវិបត្ដិ​សុខភាព​ជាច្រើនផ្នែក។ បូរ៉ាក់​ជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែលអ្នក​ផលិត​ចូលចិត្ដ​ប្រើដាក់ លាយ​ជាមួយ​ចំណី​អាហារ និងគ្រឿង​បរិភោគ​ដែលដាក់​លក់​នៅតាម​ទីផ្សារ។ ការ​បរិភោគ​អាហារ​ដែលមាន​ជាតិបូរ៉ាក់​បន្ដិចម្ដងៗ​នឹង ធ្វើឱ្យ​លោកអ្នក​មាន​គ្រោះថ្នាក់​ដែលមិន​អាចមើល​រំលង​បានទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមលោក​អ្នកស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការបក​ស្រាយរបស់​លោក​វេជ្ជបណ្ឌិត ឈូវ គង់ផល្លី ប្រធាន​កម្មវិធី​សុខុមាលភាព​ទីក្រុង​ភ្នំពេញ លើប្រធាន​បទសារធាតុ​បូរ៉ាក់​បំផ្លាញ​សុខភាព។

សារធាតុ​បូរ៉ាក់ ជាអ្វី?

បូរ៉ាក់​ជាសារធាតុ​គីមីពុល​ម្យ៉ាងមាន​លក្ខណៈ​ជាក្រាម មានក្លិន​ប្រហាត និងរសជាតិ​ភ្លាវ មិនអាច​កត់សម្គាល់​អ្វីឱ្យ​បានច្បាស់ ពីលក្ខណៈ​រូបរបស់​វាទេ។ សារធាតុ​បូរ៉ាក់​នៅលើ​ទីផ្សារ​ត្រូវបាន​គេនិយម​ហៅថា​ទឹកអន្សា។ គេយក​ទឹកអន្សា ឬសារធាតុ​បូរ៉ាក់​មកប្រើ ប្រាស់សម្រាប់​ផ្សារ​លោហៈធាតុ​ផ្សេងៗ ដូចជាមាស ប្រាក់​ជាដើម។ បច្ចុប្បន្ននេះ ដោយសារ​តែការ​ចង់បាន​ប្រាក់​ចំណេញ​ហួសហេតុ អ្នកផលិត​មួយចំនួន​បានយក​សារធាតុ​បូរ៉ាក់ ឬទឹកអន្សា​មកដាក់​ក្នុងចំណី​អាហារ​ដើម្បី​រក្សាសម្រស់​ឱ្យនៅ​ស្រស់ ស្វិត និងទុក​បានរយៈ ពេលយូរ​ជាងធម្មតា ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ពួកគេ។

ចំណីអាហារ​ដែលផ្ទុក​សារធាតុ​បូរ៉ាក់

តាមការ​ពិសោធន៍ និងការ​សង្កេត​រយៈពេល​កន្លងមក​ឃើញថា​មានចំណី​អាហារ​ជាច្រើន​ប្រភេទ​មានលាយ​សារធាតុ​បូរ៉ាក់ ដូចជា​សរសៃមី គុយទាវ មីសួ ប្រហិត​(សាច់គោ សាច់ត្រី សាច់មាន់) សាច់ប៉ាត់តេ សាច់ក្រក​(សាច់គោ សាច់ជ្រូក)  សាច់ជ្រូក​ចិញ្ច្រាំ សាច់ជ្រូក​ស្រស់ នំលត នំចាំង នំច័ក្កចាន់​ជាដើម ដើម្បីឱ្យ​ស្វិតល្អ។

ផលប៉ះពាល់​របស់​សារធាតុ​បូរ៉ាក់

ការបរិភោគ​ចំណី​អាហារ​ដែលមាន​សារធាតុ​បូរ៉ាក់ ឬទឹកអន្សា​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។ ជាតិបូរ៉ាក់​ជាសារធាតុ​ហាមឃាត់​នៅក្នុង​ច្បាប់​ចំណី​អាហារ។ ផលវិបាក​ដែល​បណ្ដាលមក​ពីការ​ទទួលទាន​ចំណីអាហារ​ដែលផ្ទុក​សារធាតុ​បូរ៉ាក់​មាន​ជាច្រើន។

  • ជម្ងឺប្រដាប់​រំលាយ​អាហារ បូរ៉ាក់​មានឥទ្ធិពល​អាចធ្វើ​ឱ្យ​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​ចុះខ្សោយ បាត់បង់​ជាតិការពារ សារជាតិ​បឺតស្រូប​របស់​ពោះវៀន​ក្រពះ ជាហេតុនាំ​ឱ្យរលាក​ក្រពះ​ពោះវៀន។ នៅថ្ងៃ​ក្រោយអាច​ធ្វើឱ្យ​លោកអ្នក​ប្រឈមមុខ​នឹងជម្ងឺ មហារីក​ក្រពះ​ពោះវៀន​ក៏អាច​មាន។
  • ជម្ងឺតម្រងនោម បូរ៉ាក់​អាចធ្វើ​ឱ្យតម្រង​នោមលោកអ្នក​រលាក មានគ្រាប់​គ្រួសក្នុង​តម្រងនោម ពិបាក​ក្នុងការ​បន្ទោរបង់​ទឹកមូត្រ ដែលជា​វិបត្ដិសម្រាប់​ការបញ្ចេញ​ចោលរបស់​លោកអ្នក​ជាដើម។
  • ជាងនេះ​ទៅទៀត សម្រាប់​មនុស្សចាស់​បើ​បរិភោគ​អាហារ​ដែលផ្ទុក​សារធាតុ​បូរ៉ាក់​លើសពី​១៥ក្រាម និងកូនក្មេង​លើស៥ ក្រាម នោះនឹង​មាន​គ្រោះថ្នាក់​ដោយក្អួត​ធ្លាក់ឈាម ហើយអាច​បណ្ដាលឱ្យ​ស្លាប់បាន។

វិធីកាត់បន្ថយ​គ្រោះថ្នាក់​ដោយសារធាតុ​គីមីពុល

មិនមែន​មានតែ​បូរ៉ាក់​ទេដែល​អាចធ្វើ​ឱ្យលោកអ្នក​បរិភោគមាន​គ្រោះថ្នាក់​ដល់សុខភាព មានសារធាតុ​គីមីពុល​ជាច្រើនប្រភេទ​ទៀត ដូចជា​អាស៊ីដសាលីស៊ីលីក សូដ្យូមអ៊ីដ្រូស៊ុលហ្វីត  ហ្វ័រម៉ុល​ជាដើម ដែលលោកអ្នក​បានជ្រាប​រួចមក​ហើយតាម​រយៈការ ចេញផ្សាយ​របស់​ទស្សនាវដ្ដី សុខភាពយើង កាលពីលេខ​០០៩ ខែតុលា ២០០៦ ស្ដីអំពី​ជាតិគីមី​ក្នុងអត្ថបទ​ដែលមាន​ចំណងជើង​ថា ជាតិគីមី​ក្នុង​ចំណី​អាហារ​កំពុង​សម្លាប់​ខ្មែរ។ ដូចនេះ​ទាំងអ្នក​បរិភោគ​ក៏ដូចជា​អ្នកផលិត​មានតួនាទី​យ៉ាងសំខាន់​ដើម្បីកាត់​បន្ថយ​អត្រា គ្រោះថ្នាក់​នៃសារជាតិ​គីមីពុល​ក្នុងចំណី​អាហារ។

1. អ្នកបរិភោគ លោកអ្នក​គប្បី​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ទិញចំណី​អាហារ​មកបរិភោគ។ លោកអ្នក​អាច​សម្គាល់ អាហារ​ផ្ទុកសារធាតុ​គីមី​បានដោយ​អាហារ​ទាំងនោះ​មានសភាព​ល្អលើស​ពីអ្វី​ដែលជា​ភាពពិត​របស់វា ដូចជា​សរសៃគុយទាវ​ដែលផលិត ចេញពី​ម្សៅអង្ករ​តាមធម្មតា​វាស្វិត ប៉ុន្ដែ​មិនស្វិត​ល្អស្មើនឹង​សរសៃគុយទាវ​ដែលប្រើ​សារធាតុ​បូរ៉ាក់ទ្បើយ។ មានតែ​ការកត់​សម្គាល់គ្រប់ ប្រភេទ​ចំណីអាហារ​តែម្យ៉ាង ទើបលោក​អ្នកអាច​គេចចេញ​ពីការ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​គីមីពុល។ ជាងនេះ​ទៅទៀត ប្រភេទ អាហារ​ផ្អាប់មួយ​ចំនួនសុទ្ធ​តែអាច​មានដាក់​លាយនូវ​បណ្ដា​សារធាតុ​គីមី​ទាំងនោះ។ ចំណី​អាហារ​ដែលមាន​តម្លៃថោក​ខុសពី​ធម្មតា ក៏ជា ចំណី​អាហារ​អាចមាន​បញ្ហា​ចំពោះ​សុខភាព​ដែរ។

2. អ្នកផលិត គ្រប់ការ​ផលិតគ្រឿង​បរិភោគ​របស់​លោកអ្នក សូមលោកអ្នក​គិតអំពី​សុវត្ថិភាព​របស់​អតិថិជន​របស់លោក អ្នកផង ហើយនៅ​ពេលខ្លះ ខ្លួនលោក​អ្នកផ្ទាល់​ក៏អាច​បរិភោគ​ជាមួយ​គ្នាដែរ។ ដូចនេះ​លោកអ្នក​ត្រូវយល់​ឱ្យបាន​ច្បាស់មុន​នឹងសម្រេច ចិត្ដ​ប្រើប្រាស់​សារធាតុ​គីមីពុល មិនថា​តែសារធាតុ​បូរ៉ាក់ទេ។ ក្នុងរយៈ​ពេល​កន្លងមក ក្រសួងសុខាភិបាល​បានចុះ​ពន្យល់​ណែនាំ​ដល់អ្នក ផលិត​ឱ្យយល់​អំពី​ផលប៉ះពាល់​សុខភាពនៃ​ការប្រើប្រាស់​សារធាតុ​គីមីពុល។ ប៉ុន្ដែរហូត​មកដល់​ពេលនេះ ផលិតផល​ដែលដាក់​លក់នៅ លើទីផ្សារ​នៅមាន​មួយចំនួន​លាយបន្ថែម​ជាតិគីមី​នៅឡើយ។ ហេតុនេះ​ហើយ ទើប​ក្រសួងសុខាភិបាល​នឹងអនុវត្ដ​ទៅតាម​ច្បាប់​ស្ដីអំពី ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​ទៅលើ​ផលិតផល ទំនិញ និងសេវា​ដែលត្រូវ​ផាកពិន័យ​ជាប្រាក់​ចាប់ពី៥០០០០រហូតដល់​២០០០០០រៀល ឬអាចត្រូវ​បានប្ដឹង​ពីបទ​ព្រហ្មទណ្ឌ​ដែលអ្នក​ផលិតអាច​ទទួលទោស​ទៅតាម​ច្បាប់ដែល​បានចែង​ឡើង។

ដំបូន្មានអ្នក​ជំនាញ

សូមមេត្ដា​ពិចារណា​ទៅលើ​ផលវិបាក​ដែលបាន​មកពីការ​ផលិត​ចំណីអាហារ​លាយ​ជាតិគីមី ព្រោះ​លោកអ្នក​បន្ដិច​ម្ដងៗ កំពុង តែ​កសាង​អំពើបាប​ដោយការ​ធ្វើឱ្យ​អ្នកដទៃ​មាន​បញ្ហានានា និងជម្ងឺ​ផ្សេងៗ។ សូម​ព្យាយាម​ប្រព្រឹត្ដ​អំពើល្អ​ដោយការ​ផលិត​ចំណី អាហារ​ដែលគ្មាន​ជាតិគីមី នោះលោកអ្នក​បានធ្វើ​បុណ្យកុសល​មួយយ៉ាង​ប្រពៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative