បរិស្ថាន​មិនល្អ​បង្កជម្ងឺ​សួត

បច្ចុប្បន្ន​នេះ ការដក​ដង្ហើម​របស់មនុស្ស​កំពុង​ទទួល​រងការ​គំរាម​កំហែង​ជាខ្លាំង ជាពិសេស​នៅតាម​ទីក្រុង ព្រោះ​បរិស្ថាន និងខ្យល់​អាកាស​កំពុង​បំពុល​ដោយ​ឧស្ម័ន​ជាច្រើន​ប្រភេទ ដូចជា​ផ្សែងចេញ​ពី​រោងចក្រ ផ្សែង​យានយន្ដ​គ្រប់​ប្រភេទ ផ្សែងបារី ខ្យល់អាកាស​អាប់អួរ​ដោយសារ​កំណើន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងទីក្រុង​ជាដើម ទាំងនេះ​ជាហេតុបង្ក​ឱ្យមាន​ការថយ​ចុះនូវ​បរិមាណ​ខ្យល់ អាកាស​ពីធម្មជាតិ។ បន្ដិចម្ដងៗ បើយើង​ទាំងអស់គ្នា​ស្រូបយក​ឧស្ម័ន​មិនបរិសុទ្ធ​ដោយមាន​លាយឡំ​ជាមួយ​សារធាតុ​មិនល្អ​ផ្សេងៗ អាចបង្ក​ទៅជា​ជម្ងឺដែល​មាន​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ ដោយមិន​ដឹងខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការបកស្រាយ​របស់លោក​វេជ្ជបណ្ឌិត កាំង ស័រ ប្រធាន​ផ្នែកជម្ងឺ សួត នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ស្ដីពី​ទំនាក់​ទំនង​រវាង​បរិស្ថាន និងជម្ងឺសួត។

បរិស្ថាន និងជម្ងឺ​សួត

ថ្វីត្បិតតែ​សួតស្ថិត​នៅក្នុង​ប្រអប់ទ្រូង​របស់យើង​ក៏ពិតមែន តែសួត​មាន​ទំនាក់​ទំនង​មកលំហ​បរិស្ថាន​ខាងក្រៅ​ប្រៀបដូចជា ស្បែកដែល​ដណ្ដប់លើ​រាងកាយ​ដូច្នេះដែរ។ រាល់ការ​ដកដង្ហើម​របស់មនុស្ស​តាមរយៈ​ច្រមុះ ទោះបី​ជាស្រូប​យកទៅ​ជាមួយ​អុកស៊ីសែន និងបណ្ដា​សារធាតុ​អ្វីក៏ដោយ ក៏សារធាតុ​ទាំងនេះ​ចូលទៅ​ពាសពេញ​ក្នុងសួត​ទាំងអស់។ មានន័យថា​អ្វីដែល​មាននៅ​ខាងក្រៅ​បានចូល ទៅក្នុង​សួតទាំងអស់​តាមរយៈ​ការដកដង្ហើម។ បរិស្ថាន​ដែលមាន​ការប៉ះពាល់​ខ្លាំងដល់​បញ្ហាសុខភាព​នោះ គឺផ្សែងចេញ​ពីយានយន្ដ និង ផ្សែងចេញ​ពីរោងចក្រ ជាពិសេស​គឺផ្សែងបារី​ដែលមាន​ឥទ្ធិពល​ជាងគេ​ទៅលើ​ប្រព័ន្ធ​ដកដង្ហើម។ ធូលី​ដែលចូល​ទៅក្នុង​សួតចែកចេញ ជាប្រភេទ​ផ្សេងៗពីគ្នា។

  • ធូលីមាន​ជាតិស៊ីលីកូ​ដែលត្រូវ​បានយក​មកផលិត​ជាកែវ ដូចជា​គ្រាប់ខ្សាច់​ជាដើម នៅពេល​ដកដង្ហើម​ស្រូបយក​ទៅជាមួយ វាទៅ​ទំជាប់នឹង​សួតតែម្ដង​ដោយសារ​វាមាន​ទម្ងន់ធ្ងន់។
  • ធូលីដែលមានលក្ខណៈ​ជាសរសៃ នៅពេល​ដែលចូលទៅ វាទៅ​ទំរុំព័ន្ធ​ទងសួត​តែម្ដង អាចបណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់ សួតបាន។
  • ធូលីមួយ​ចំនួនមាន​លក្ខណៈ​ដូចជាផ្សិត​នៅពេល​ចូលទៅ​ដល់ក្នុង​សួតក៏រីក​ដុះដាល​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់សួត ដោយផ្សិត​នោះរុំព័ន្ធ​សួត ធ្វើឱ្យ​លោកអ្នក​កើតចេញ​នូវអាការ​ក្អកធ្លាក់ឈាម​ជាដើម។
  • ជ័រថានៅក្នុងផ្សែងបារី​មានលក្ខណៈ​ស្អិតដូច​ជ័រកាវ ធ្វើឱ្យ​ប្រព័ន្ធការពារ​របស់សួត​ដុះឡើង​ដូចដុះសាច់ ធ្វើឱ្យ​ក្លាយទៅ​ជា ជម្ងឺមហារីក​នៅពេល​ក្រោយ។
  • តាមរយៈអត្ថបទ​ដែលទស្សនាវដ្ដី សុខភាពយើង ដែលចេញ​ផ្សាយកាល​ពីលេខ​មុនលោកអ្នក​អានបាន​ទទួលជ្រាប​រួចមក ហើយពី​គ្រោះថ្នាក់​នៃផ្សែង​បារីដែល​មានផ្ទុក​ទៅដោយ​សារធាតុ​គីមីជាង​៤០០ប្រភេទ នោះបាន​ធ្វើឱ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំងដល់ សុខភាព​តាមរយៈ​ការដកដង្ហើម​ស្រូប​យកផ្សែង។

បញ្ហាសួតដែល​បង្កដោយ​បរិស្ថាន

ស្បែកខាងក្រៅមាន​សម្លៀកបំពាក់​សម្រាប់ជួយ​បិទបាំង ផ្ទុយ​ទៅវិញ​សួតមនុស្ស​គ្មានអ្វី​សម្រាប់ជួយ​ការពារឡើយ។ គ្រប់ យ៉ាងដែល​ចូលពី​ខាងក្រៅ​តាមរយៈ​ការដកដង្ហើម នឹងចូល​ទៅដល់​សួតផ្ទាល់​តែម្ដង។ នៅក្នុង​សួតមាន​រោមតូចៗ​ជាច្រើន និងស្លេស ដែលមាន​តួនាទី​ធ្វើចលនា​បោសសម្អាត​នូវសារ​ធាតុផ្សេងៗ និងមេរោគ​ដែលបាន​មកពីការ​ដកដង្ហើម ជាពិសេស​ធូលី និងផ្សែង​បារី។ ធូលី និងផ្សែង​បារីធ្វើឱ្យ​ប្រព័ន្ធ​ការពារ​របស់សួត​ថយចុះ ដែលធ្វើ​ឱ្យមេរោគ​ងាយជ្រៀត​ចូលទៅ​បំផ្លាញសួត។ ជម្ងឺដែល​បង្កដោយ បរិស្ថាន​សម្រាប់​ប្រទេសក្ដៅ​ដូចជា​ប្រទេសកម្ពុជា​យើងមាន​ដូចជា​ជម្ងឺរបេង ជម្ងឺត្បៀត​ផ្លូវដង្ហើម​ជាដើម។

  • ជម្ងឺរបេង កាលណា​បរិស្ថាន​មិនស្អាត ការដកដង្ហើម​នាំយក​នូវធូលីដី​មានមេរោគ​ធ្វើឱ្យ​កើនឡើង​ស្លេសច្រើន ជាហេតុធ្វើ ឱ្យរោម​នៅក្នុង​បំពង់​សួតខូច អាចបណ្ដាល​ឱ្យមេរោគ​របេង​នៅក្នុង​បរិស្ថាន​ងាយជ្រៀត​ចូល ហើយបង្ក​ទៅជា​ជម្ងឺ​របេង។
  • ជម្ងឺត្បៀតផ្លូវដង្ហើម សួតរបស់​យើងបន្ដិច​ម្ដងៗ​ស្រូបចូល​នូវធូលី​រួមជាមួយ​មេរោគ ដូចជា​បាក់តេរី​មានក្នុង​បរិស្ថានជា ដើម ធ្វើឱ្យ​បំពង់សួត​រួមតូច នាំឱ្យស្ទះ​ផ្លូវដកដង្ហើម។ ប្រការនេះ​ធ្វើឱ្យ​លោកអ្នក​ដកដង្ហើម​ឆាប់ហត់ ជាពិសេស​ចំពោះអ្នក​ដែល​ជក់បារី និងស្រូបយក​ផ្សែងបារី​ពីគេ។
  • ជម្ងឺផ្លូវដង្ហើម​ផ្សេងទៀត នៅមាន​ជម្ងឺ​មួយ​ចំនួនទៀត​ដែលជា​ការ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ដកដង្ហើម ហើយអ្វី​ដែលមិន អាចមើល​រំលងបាន​នោះ គឺជម្ងឺ​មហារីកសួត​ដែលបណ្ដាល​ឱ្យលោកអ្នក​មាន​គ្រោះថ្នាក់​ដល់ជីវិត។

រួមគ្នាកាត់​បន្ថយការ​ប៉ះពាល់​បរិស្ថាន

ដើម្បី​លុបបំបាត់​ប្រការ​គ្រប់យ៉ាង​កើតមាន​ចំពោះ​សុខភាព​ដែលបង្ក​មកពី​បរិស្ថាន ចាំបាច់​ទាល់តែ​យើង​ទាំងអស់​គ្នារួមគ្នា កាត់បន្ថយ​ទើបអាច​ទទួល​ជោគជ័យ​ទៅបាន។

  • ជាធម្មតា​នៅពេល​ដែលលោកអ្នក​ចង់ការពារ​កម្ដៅថ្ងៃ​ចាំងមក​លើស្បែក លោកអ្នក​តែងពាក់មួក និងប្រើ​សម្លៀក​បំពាក់ ការពារ។ ដូចគ្នា​នេះដែរ លោកអ្នក​គប្បីប្រើ​ម៉ាសជា​តម្រង​ខ្យល់ ដែលអនុញ្ញាត​ឱ្យខ្យល់​ចូលទៅ​ដល់សួត តែបង្ក​ផលវិបាក​ទៅថ្ងៃ ក្រោយ។
  • ដើម្បីគេច​វេសពី​ខ្យល់មិន​ល្អដែល​ចេញមក​ពីយានយន្ដ និងផ្សែងបារី លោកអ្នក​ត្រូវកាត់​បន្ថយបរិមាណ​ស្រូបចូល និង គប្បីផ្ដាច់​ការទទួល​ទានបារី។ ព្រោះវា​គ្មានប្រយោជន៍​អ្វីសម្រាប់​សុខភាព​ក្រៅពីការ​ដែលធ្វើឱ្យ​លោកអ្នក​មានជម្ងឺ​ជាច្រើន​នោះទេ។
  • នៅពេល​ដែលលោកអ្នក​មានជម្ងឺ​ទាក់ទង​នឹងប្រព័ន្ធ​ដកដង្ហើម ដូចជារបេង ក្អក ផ្ដាសាយ​ជាដើម លោកអ្នក​គប្បីកាត់ បន្ថយការ​ចម្លងទៅអ្នក​ដទៃតាមរយៈ​ការខាកស្ដោះ និងក្អក។ លោកអ្នក​ចាំបាច់ត្រូវតែ​មានកន្សែង និងក្រដាស​អនាម័យ​មកខ្ទប់មាត់ ឬខ្ចប់កំហាក​របស់លោកអ្នក​យកទៅ​ដាក់ក្នុង​ធុងសម្រាម ឬបង្គន់​ជាដើម។

ដំបូន្មានអ្នក​ជំនាញ

នៅពេល​មានបញ្ហា​មិនប្រក្រតី​កើតឡើង​តាមផ្លូវ​ដកដង្ហើម លោកអ្នក​ចាំបាច់​ត្រូវតែ​រកគ្រូពេទ្យ​ជំនាញ​សម្រាប់​ធ្វើរោគ វិនិច្ឆ័យ។ សូមរួម​គ្នាជួយ​ធ្វើឱ្យ​បរិស្ថាន​ស្អាត​ដើម្បី​ការរស់​នៅមាន​ផាសុកភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative