ឆាប់ភ័យខ្លាច ជារោគសញ្ញាជម្ងឺផ្លូវចិត្ដ

ការ​ភ័យខ្លាច​ជារឿង​ធម្មតា​ដែលតែងតែ​កើតមាន​លើមនុស្ស​គ្រប់់រូប និង​គ្រប់វ័យ។ នរណាក៏​មានការ​ភ័យខ្លាច​ដែរ ទោះជា អ្នកនោះ​មានភាព​ក្លាហាន​កម្រិត​ណា​ក៏ដោយ។ សូម្បី​តែចោរ​ដ៏កំណាច​ឃោរឃៅ ក៏៏នៅ​មានការ​ភ័យខ្លាច​ដែរ គ្រាន់តែ​ការភ័យខ្លាច នោះមាន​សណ្ឋាន និង​កម្រិត​ខុសៗគ្នា​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកការ​ឆាប់​ភ័យខ្លាច​មកបក​ស្រាយ​នៅក្នុង​ទំព័រ​សុខភាព​ផ្លូវចិត្ដ និង​ចិត្ដសាស្ដ្រ ជូន ប្រិយមិត្ដ​អ្នកអាន ដើម្បី​ជាការ​ស្វែង​យល់។

លក្ខណៈនៃការភ័យខ្លាច

ការ​ភ័យខ្លាច​កើតមាន​លើមនុស្ស​គ្រប់គ្នា មិន​ថាជាតិ​សាសន៍​ណាទេ។ ប៉ុន្ដែ​ការភ័យខ្លាច​មាន​លក្ខណៈ​ខុសគ្នា​ពីវប្បធម៌​មួយ ទៅ​វប្បធម៌​មួយ។ ឧទាហរណ៍ ប្រទេស​កម្ពុជា​មានជំនឿ ទំនៀម​ទម្លាប់ និង​ប្រពៃណី​ខុសពី​ប្រទេស​មួយចំនួន​នៅអាស៊ី ឬ​នៅអឺរ៉ុប។​ នៅកម្ពុជា ខ្លាចខ្មោច​ព្រាយ​បិសាច ធ្មប់​ជាដើម។ ដូចក្នុង​ករណី​បើមាន​ជួបបញ្ហា​ក្មេងស្រី​ប្រុស​ស្រឡាញ់គ្នា​ដោយមិន​បាន រៀបការ ធ្វើឱ្យ​ចាស់ៗ ឬ​សមាជិក​រស់នៅ​ក្នុងគ្រួសារ​មានអារម្មណ៍​ភ័យខ្លាច​ថាខុស​មេបា និង​ធ្វើឱ្យ​មាន​ហេតុការណ៍​ចង្រៃ ឬ​បើឈ្លោះ ជាមួយគេ ខ្លាចគេ​ធ្វើអំពើ​ជាដើម។ ដោយ​ការខ្លាច​បែបនេះ ធ្វើឱ្យ​មិន​ស្ងប់ចិត្ដ​ចំពោះ​បុគ្គល​ដែលខ្លួន​សង្ស័យ ជួនកាល​រហូតដល់​សម្លាប់ គ្នា​ចោល​ក៏សឹងមាន ដូចដែល​មានចុះ​ក្នុង​ទំព័រ​សារព័ត៌​មានកន្លង​មកស្រាប់។ ចំណែក​នៅប្រទេស​មួយចំនួន​ទៀត ដូចជា​សហរដ្ឋអាមេរិក បារាំង ជប៉ុន អ៊ីតាលី​ជាដើម គេមិន​មានជំនឿ​លើការ​ធ្វើអំពើ ខុស​គ្រូខុស​ដូនតា​អ្វីទេ។ នៅពេល​និយាយ​រឿង​ធ្វើអំពើ គេគ្មាន​ការ​ភ័យខ្លាច​ឡើយ។ ភាគច្រើន​គេភ័យខ្លាច​ជម្ងឺឆ្លង ដូច​ជាជម្ងឺ​ផ្ដាសាយ ជាដើម ដែល​នៅប្រទេស​កម្ពុជា​មិនសូវ​ខ្លាចទេ។ ការភ័យ​ខ្លាចខ្លះ​មាន​លក្ខណៈ​សាកល ទោះ​ជាប្រជា​ពលរដ្ឋ​នៅប្រទេស​កំពុង​អភិវឌ្ឍន៍ (ក្រីក្រ) ឬ​នៅ​បណ្ដា​ប្រទេស​ជឿន​លឿនក្ដី គេខ្លាច​គ្រោះថ្នាក់​ចោរកម្ម គ្រោះ​មហន្ដរាយ​ជាដើម ដូចៗគ្នា។

ប្រភេទនៃការភ័យខ្លាច

តាមរយៈ​កាលៈទេសៈ និង​តាមរយៈ​កម្រិត​នៃការ​ភ័យខ្លាច គេអាច​កំណត់​ប្រភេទ​នៃការ​ភ័យខ្លាច​ជាពីរ គឺការ​ភ័យខ្លាច ធម្មតា និង​ការភ័យខ្លាច​មិន​ធម្មតា។

 1. ការភ័យ​ខ្លាចមិន​ធម្មតា ជាការ​ភ័យខ្លាច​មិនសម​ហេតុផល ដែល​មនុស្ស​ភាគច្រើន​មិនធ្លាប់​មានការ​ភ័យខ្លាច​បែប នោះ។ វាជា​រោគសញ្ញា​របស់​ជម្ងឺមួយ​ចំនួន​ដូចខាង​ក្រោមនេះ ៖

  • ជម្ងឺបាក់ស្បាត ៖ កើតលើ​មនុស្ស​ធ្លាប់​ទទួល​នូវការ​គំរាម​កំហែង យាយី​ដល់​អាយុ​ជីវិត ធ្លាប់​បាន​ឮ​នូវដំណឹង ដែល​គួរឱ្យ​រន្ធត់ បាន​ឃើញផ្ទាល់​ភ្នែកនូវ​អំពើ​មនុស្ស​ឃាត ឬ​ទទួលរង​នូវការ​គំរាម​កំហែង​ណាមួយ។ ការភ័យ​តក់ស្លុត​ខ្លាំងពេក នាំឱ្យ កើត​ជាជម្ងឺ​បាក់​ស្បាត។ មនុស្ស​ប្រភេទ​នេះ​មានការ​រាងចាល​មិនហ៊ាន​ធ្វើអ្វីទេ ទៅណា​មកណា​មិនមាន​ភាពកក់ក្ដៅ​ក្នុង​ចិត្ដទេ។ ចេះតែ ខ្លាចគេ​ធ្វើបាប​ខ្លួន ឬ​ក៏មាន​ការភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ពេល​ជួបប្រទះ​បញ្ហា​ពិបាក​បន្ដិច​បន្ដួច។
  • ជម្ងឺថប់អារម្មណ៍ ៖ ការខ្លាច​មិនសម​ហេតុផល ជាពិសេស​កើតឡើង​នៅពេល​ទៅទី​កន្លែង​ណាដែល​មាន​មនុស្ស ច្រើន ឬ​តិច ពេល​ឡើងទៅ​ទីខ្ពស់ នៅក្នុង​បន្ទប់​តូចបិទ​ជិតក៏​មានការ​ភ័យខ្លាច ខ្លាច​ដោយ​គ្មាន​មូលហេតុ​ជាដើម។ អ្នក​មាន​អាការបែប នេះ​ឧស្សាហ៍​កោស​ខ្យល់​ណាស់។
  • ជម្ងឺវិកលចរិត ៖ អ្នកជម្ងឺ​ចេះតែ​ឃើញ និង​ឮ​នូវអ្វីៗ​ដែល​មនុស្ស​ធម្មតា​មិនបាន​ឃើញ និង​មិនបាន​ឮ បង្កជា អារម្មណ៍​ភ័យខ្លាច​មិនចេះ​ចប់មិន​ចេះហើយ បែប​នេះ​ហៅថាម​មាល។ ការចេះ​តែមមាល​ឃើញ​ឮ​នេះ ធ្វើឱ្យ​បុគ្គល​នោះរត់​ចុះរត់​ឡើង ចេះតែ​មាន​អារម្មណ៍ ទឹក​មុខ​ផ្អើលៗ គេច​ពីគេឯង​រត់ទៅ​ពួន​ជាដើម។ ជួនកាល​មាន​អារម្មណ៍​ខ្លាចគេ​ធ្វើបាប បែរ​ជាធ្វើ​អត្ដឃាត​ទៅវិញ ក៏មាន​ដែរ។ ពេលខ្លះ​មមាល​ធ្វើឱ្យ​មិនអាច​និយាយ​ចេញមក​កើតទេ ដោយ​សារចេះ​តែឮសូរ​មានសម្លេង​មកគំរាម​កំហែង​មិនឱ្យ​ប្រាប់ គេឯង។
  • ជម្ងឺធ្លាក់ទឹកចិត្ដ ចេះតែ​មានអារម្មណ៍​ខ្លាចប៉ះ​ទង្គិច ខ្លាច​គេមក​រករឿង ខ្លាច​គេប្រកាន់ ខ្លាច​គេស្អប់​ជាដើម។
  • ការមិន​មាន​ភ័យខ្លាច ៖ ចំពោះ​មនុស្ស​ណាដែល​មិនភ័យ​ខ្លាច​ក្នុង​សភាព​ការណ៍​ដែល​មនុស្ស​គ្រប់គ្នា​ខ្លាច ក៏ជា​ករណី​មិនធម្មតា​ដែរ។

2. ការភ័យ​ខ្លាច​ធម្មតា ៖ ការ​ភ័យខ្លាច​ខ្លះ​បណ្ដាល​មក​វិបត្ដិ​អត្ដចរិត ដែល​ជាលក្ខណៈ​ធម្មជាតិ​របស់​បុគ្គល​មួយចំនួន​ដែល តែងតែ​មានការ​ភ័យខ្លាច​ច្រើនជាង​គេបន្ដិច តែមិន​មែន​ជាសញ្ញា​នៃជម្ងឺ​ផ្លូវចិត្ដទេ។ វិបត្ដិ​អត្ដចរិត​មានន័យថា​ជាមនុស្ស​ដែលមាន​អត្ដចរិត​ក្នុង​លក្ខណៈ​មួយដែល​ពិបាក​រស់នៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ។ ក្នុងនោះ​មានអ្នក​មានវិបត្ដិ​អត្ដចរិត​មួយចំនួន​តែងតែ​មាន អារម្មណ៍​ភ័យ​ខ្លាច​ច្រើន តែមិនមែន​ជាជម្ងឺទេ។ នៅពេល​គេឱ្យធ្វើ​អ្វីមួយ ច្រើន​មានការ​រួញរា រើស​យកតែ​ការងារ​ងាយស្រួល ជា ប្រភេទ​មនុស្ស​សាញ​ច្រើន។ អាការ​បែបនេះ​មិនបណ្ដាល​ឱ្យមាន​ជម្ងឺអ្វី​ទេ តែធ្វើ​ឱ្យការរស់​នៅជួបការ​លំបាក។ ក្រៅពីនេះ មនុស្ស​នោះ តែងតែ​មានការ​ភ័យខ្លាច​នៅពេល​មិនទាន់​មានបទ​ពិសោធន៍ មិន​ទាន់ធ្លាប់​ស្គាល់​សភាព​ការណ៍ ដូចជា​ការខ្លាច​អ្នកមាន​បុណ្យ​ស័ក្ដិ​ខ្ពស់ ខ្លាច​មានគ្រោះ​ថ្នាក់​ក្នុង​សភាពការណ៍​ដែលអាច​នឹងបង្ក​ឱ្យមាន​របួសស្នាម ឬ​ប៉ះពាល់​ដល់អាយុ​ជីវិត​ជាដើម។ ដូច្នេះ​អាការ​ភ័យខ្លាច​មិនមែន​ជាជម្ងឺទេ តែវាជា​រោគសញ្ញា​នៃជម្ងឺ។ ប្រសិនបើ​លោកអ្នក​ចង់ជ្រាប​បន្ថែម​ឱ្យច្បាស់​ពីកត្ដា​ជម្ងឺ ទាំង​ប៉ុន្មាន​ខាងលើ សូមអាន​ទស្សនាវដ្ដី សុខភាពយើង លេខ​មុនៗ នៅក្នុង​ទំព័រ​សុខភាព​ផ្លូវចិត្ដ និង​ចិត្ដ​សាស្ដ្រ ដែល​បានចុះ​ផ្សាយរួច ហើយ។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើ​សមាជិក​គ្រួសារ​មានអ្នក​ណាម្នាក់​កើតមាន​ការភ័យខ្លាច​ខុសធម្មតា ឬ​មិន​ភ័យខ្លាច​ក្នុង​សភាពការណ៍​ដែលគេ​គ្រប់ គ្នាភ័យ​ខ្លាចនោះ លោកអ្នក​គួរតែ​អនុគ្រោះ សន្ដោស​ប្រណី និង​ថ្លឹងថ្លែង​ពិចារណា​កុំប្រកាន់​ខឹង។ ប្រសិនបើ​ជាមិត្ដ​ភ័ក្ដិ ចូរប្រាប់​ទៅអាណា​ព្យាបាល ឬ​ក្រុមគ្រួសារ​ជនរង​គ្រោះ ដើម្បី​ពិនិត្យ​ព្យាបាល។ ទោះ​ជាបុគ្គលិក​នៅក្នុង​ក្រុមហ៊ុនក្ដី ឬ​នៅកន្លែង​ធ្វើការ​ជាមួយ​គ្នាក្ដី ត្រូវ​យកចិត្ដ​ទុកដាក់​ស្វែងយល់​ពីការ​ភិតភ័យ​ដែលកើត​មាននោះ។ ជួនកាល​អាច​បណ្ដាល​មកពីការងារ​ច្រើនពេក ទើប​ធ្វើឱ្យ​គាត់មាន ការភ័យខ្លាច។ មិន​ត្រូវស្អប់ ស្ដី​បន្ទោស ឬ​បង្អាប់​បន្ថែម ដែល​ជាហេតុ​ជំរុញ​ឱ្យអាការ​ជម្ងឺរបស់គាត់​រិតតែធ្ងន់​ថែមទៀត​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative