វិធីគ្រប់គ្រងអារម្មណ៍

សារជាតិ​មនុស្ស​មានលក្ខណៈ​ខុសប្លែកៗ​គ្នា ឯ​ទំនោរ​ផ្លូវចិត្ដ​ក៏មាន​ការខុស​ប្លែកគ្នា​ទៅតាម​មនោស​ញ្ចេតនា​របស់​មនុស្ស រៀងៗ​ខ្លួន។ អារម្មណ៍​មនុស្ស​តែងតែ​ប្រែប្រួល អ្នកខ្លះ​មាន​អារម្មណ៍​ឆេវឆាវ ឆាប់ខឹង អ្នកខ្លះ​មានទំនោរ​អារម្មណ៍​ទៅរក​ភាពសប្បាយ រីករាយ។ អ្នកខ្លះទៀត​មានអារម្មណ៍​សៅហ្មង អស់​សង្ឃឹម ទន់ជ្រាយ​ជាដើម។ ហើយ​មានមនុស្ស​មួយចំនួន​ឆាប់បង្ហាញ​ពីអារម្មណ៍ របស់ខ្លួន​ឱ្យអ្នកដទៃ​ដែល​នៅជុំវិញ​ខ្លួនបាន​ឃើញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រប់​សកម្មភាព​ដែល​មនុស្ស​បានបង្ហាញ​ចេញមក​ក្រៅដោយ​សារអារម្មណ៍ ពេលខ្លះ​ក៏អាច​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់អ្នក ដែល​នៅជុំវិញ​ខ្លួនដែរ។ ដោយ​មើលឃើញ​បែបនេះ​ហើយ ទើប​ទស្សនាវដ្ដី សុខភាពយើង បាន​ជួបសម្ភាសន៍​ជាមួយ​លោកស្រី ញ៉ុង ហេ ម៉ា ប្រធាន​ផ្នែក​ចិត្ដវិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ដើម្បី​ផ្ដល់ការ​ស្វែងយល់​អំពីវិធី​គ្រប់គ្រង​អារម្មណ៍។

ការគ្រប់គ្រងអារម្មណ៍ ជាអ្វី?

ជាធម្មតា មនុស្ស​តែងតែ​មានអារម្មណ៍​សប្បាយ​រីករាយ និង​ខឹង​មួម៉ៅ។ ការ​ដែល​មានអារម្មណ៍​សប្បាយ​រីករាយ​នោះមិន ចោទ​ជាបញ្ហា ឬ​ត្រូវទាមទារ​ការគ្រប់គ្រង​អារម្មណ៍​នោះឡើយ។ ដោយឡែក​ការដែល​មាន​អារម្មណ៍​ខឹង​មួម៉ៅ ចាំបាច់​ទាមទារ​នូវការ គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ។ ប្រសិនបើ​មនុស្ស​ចេះតែ​បណ្ដោយ​ខ្លួនឱ្យ​ទៅតាម​អារម្មណ៍​កំហឹង​របស់ខ្លួន​នោះ វាអាច​មានផល​ប៉ះពាល់ ឬ​គ្រោះថ្នាក់​ដោយ​ប្រការណា​មួយ ដូច​ពាក្យចាស់​ថា“កំហឹងទល់​កំហល់ មានផល​ជាក្ដី​វិនាស”។ ដូចនេះ​ការគ្រប់គ្រង​អារម្មណ៍ គឺជា ការ​គ្រប់គ្រង​ចិត្ដកុំ​ឱ្យប្រព្រឹត្ដ​នូវអំពើ​អ្វីមួយ​ដោយពុំ​បានគិត​ពិចារណា​ជាមុន ឬ​ដកជំហាន​ដែលកំពុង​ឈានទៅ​រកការ​ប្រព្រឹត្ដ​ខុសទង្វើ ដែលនាំ​ឱ្យមាន​ក្ដីវិនាស​បែរមករក​ការគិត​ពិចារណា​អំពី​ហេតុផល​ល្អអាក្រក់​ជាថ្មី។

ហេតុអ្វីត្រូវ​គ្រប់គ្រង​អារម្មណ៍?

ជារឿង​សំខាន់​ណាស់​ដែល​មនុស្សម្នាក់ៗ​ត្រូវមាន​ការគ្រប់គ្រង​អារម្មណ៍​ឱ្យបានល្អ ព្រោះ​មនុស្សតែង​មាន​ទំនាក់ទំនង​នៅក្នុង សង្គម និង​ក្នុងគ្រួសារ។ បើយើង​មិនមាន​ការទប់ចិត្ដ ឃុំគ្រង​អារម្មណ៍ ឬ​ឆាប់​បញ្ចេញ​អារម្មណ៍​ទៅលើ​អ្នកដទៃ នាំឱ្យ​យើងនឹង​មាន បញ្ហា​កើតឡើង ពេលខ្លះ​អាចធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ថែមទៀត​ផង។ ការរស់​នៅ​ក្នុងគ្រួសារ​រវាង​ស្វាមីភរិយា បើមិន​មាន ការ​គ្រប់គ្រង​អារម្មណ៍​នោះទេ គ្រួសារ​នោះ​អាចនឹង​កើតមាន​ឡើងនូវ​អំពើ​ហិង្សា រហូត​ដល់មាន​ការបែក​បាក់គ្នា មាន​ទំនាស់​ទាស់ទែង គ្នា រស់នៅ​មិនចុះ​សម្រុង​នឹងគ្នា​ថែម​ទៀតផង។ និយាយ​រួម ការគ្រប់​គ្រង​អារម្មណ៍​ជួយរក្សា​ទំនាក់ទំនង​ល្អជាមួយ​គ្នា ទាំង​ក្នុងគ្រួសារ ទាំង​ក្នុងសង្គម ដើម្បី​សេចក្ដីសុខ សុវត្ថិភាព និង​សេចក្ដី​ថ្លៃថ្នូរ។

គុណ​សម្បត្ដិ និង​គុណវិបត្ដិ

ការ​គ្រប់គ្រង​អារម្មណ៍​អាចផ្ដល់​នូវគុណ​សម្បត្ដិ​យ៉ាងច្រើន ដូចជា​អាចធ្វើ​ឱ្យមាន​អារម្មណ៍​ស្ងប់ល្អ។ ពិសេស​នៅពេល​គ្រប់ គ្រង​អារម្មណ៍​បានល្អ ក៏អាច​ជួយឱ្យ​មានទំនាក់​ទំនង​ក្នុង​គ្រួសារ និង​ក្នុង​សង្គម​បានល្អ​ប្រសើរ ហើយ​ក៏ធ្វើឱ្យ​ទទួល​បាននូវ​សេចក្ដីសុខ និង​សុវត្ថិភាព ព្រមទាំង​គ្រួសារ​មាន​សុភមង្គល។

ការគ្រប់គ្រង​អារម្មណ៍​មិនបានល្អ​វិញនោះ មិន​ត្រឹមតែ​មិនអាច​ហាមឃាត់​ចិត្ដអារម្មណ៍​ដែលខុស​នោះទេ ផ្ទុយទៅ​វិញរិតតែ នាំឱ្យ​មានវិបត្ដិ​កើតឡើង​ទាំងផ្លូវ​ចិត្ដទាំង​ផ្លូវកាយ។ ឯទំនាក់ទំនង​នៅក្នុង​សង្គម​ក៏មិន​បានល្អ ក៏អាច​ធ្វើឱ្យមាន​ការប៉ះ​ពាល់​ដល់សេចក្ដី សុខក្នុង​គ្រួសារ​ថែមទៀត​ផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីគ្រប់គ្រងអារម្មណ៍

  • ការ​គ្រប់គ្រង​អារម្មណ៍​មិនសំដៅ​តែទៅ​លើការ​គ្រប់គ្រង​ការឆាប់​រោល​រាល និង​ការឆាប់​បញ្ចេញ​អាការមក​ខាងក្រៅនោះ ទេ។ ប៉ុន្ដែ​មនុស្ស​ដែលមាន​អារម្មណ៍​ធុញថប់ ឬ​ដែល​ហៅថា​ស្ដ្រេស្ស​នោះ ក៏​ទាមទារ​ឱ្យមាន​ការគ្រប់គ្រង​អារម្មណ៍​ដែរ។ ការគ្រប់គ្រង អារម្មណ៍​នេះអាច​ប្រព្រឹត្ដ​ទៅបាន​តាមវិធី​មួយ​ដែល​មាន​ប្រសិទ្ធភាព គឺ​បច្ចេកទេស​សម្រាក​កាយ។ ការ​សម្រាក​កាយនេះ ក៏ដូច​គ្នានឹង ការធ្វើ​សមាធិ​ដែរ។ វិធីនេះ​ត្រូវ​សម្រាក​ឱ្យបាន​ស្ងៀមស្ងាត់ ដកដង្ហើម​មួយៗ​ដើម្បី​ស្រូបយក​អុកស៊ីសែន​ទៅចិញ្ចឹម​ខួរក្បាល​ឱ្យបាន​គ្រប់ គ្រាន់។ វិធីនេះ​អាចជួយ​កាត់បន្ថយ​ការតានតឹង និង​កាត់បន្ថយ​ស្ដ្រេស្ស ធ្វើឱ្យ​មានអារម្មណ៍​ល្អបាន។
  • សម្រាប់​មនុស្ស​ដែលមាន​ចិត្ដខ្លាំង ឬ​មនុស្ស​ដែលឆាប់​មានរំញោច មិនត្រូវ​យកកំហឹង​ទៅទល់​នឹង​កំហឹងទេ ប្រៀប​បាន នឹង​ការយក​សាំងទៅ​ចាក់លើ​ភ្លើង​ដូច្នោះ​ដែរ។ ដូចនេះ​បុគ្គលខ្លួន​ឯងផ្ទាល់ ក៏ដូច​អ្នកដែល​នៅជុំវិញ​ខ្លួន ត្រូវមាន​ចិត្ដ​អំណត់​អត់ធ្មត់ ទប់ ចិត្ដ និង​រម្ងាប់​អារម្មណ៍ ទើបអាច​ចៀសផុត​ពីការមាន​វិវាទ ឬ​ទំនាស់។
  • សម្រាប់​មនុស្ស​ដែលមាន​សកម្មភាព​សរសៃ​ប្រសាទ​ខ្សោយ និង​ឆាប់អស់​សង្ឃឹម វិធីដ៏ល្អ​គឺអ្នក​ដែលនៅ​ជុំវិញ​ខ្លួនគាត់ ត្រូវ ចេះ​លើកកម្លាំង​ចិត្ដ មិន​ត្រូវបន្ទោស​បង្អាប់ និង​រិះគន់​នៅពេល​ដែលបុគ្គល​នោះមាន​កំហុស។ ព្រោះ​ទង្វើ​បន្ទោស​បង្អាប់ និង​រិះគន់​បែប នេះ​អាចធ្វើឱ្យ​អ្នកដែល​មានសកម្មភាព​រំញោច​ខ្សោយ ក្លាយ​ទៅជាបាក់​ទឹកចិត្ដ តូចចិត្ដ និង​អស់​សង្ឃឹម​ចំពោះ​ខ្លួនឯង ក៏អាច​នាំទៅរក ការគិត​មិនត្រឹមត្រូវ​ណាមួយ​បាន​ផងដែរ។ ល្អបំផុត​នោះ អ្នក​ដែលនៅ​ជុំវិញ​គួរជួយ​លើកទឹកចិត្ដ ជំរុញ និង​លើក​សរសើរ ធ្វើ​យ៉ាងណា ឱ្យ​បុគ្គលនេះ​មើលឃើញ​ពីគុណ​សម្បត្ដិ​របស់​ខ្លួនឯង ឱ្យ​ឃើញពី​តម្លៃខ្លួន និង​ឱ្យជឿ​ទុកចិត្ដ​លើខ្លួនឯង។ គួរគិត​ថាមនុស្ស​ក្នុងចំណាត់ ថ្នាក់​នេះ មិន​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​គ្រប់គ្រង​អារម្មណ៏​ដោយខ្លួនឯង​នោះទេ រមែង​ត្រូវការ​ជំនួយ​ពីអ្នកដទៃ ជាពិសេស​អ្នកដែល​នៅជិត​ខ្លួនបំផុត ដូចជា​ឪពុកម្ដាយ បងប្អូន មិត្ដភក្ដិ​ដែលជិត​ស្និទ្ធ​ជាដើម។

ដំបូន្មានអ្នកជំនាញ

សំណូមពរ​ឱ្យ​ប្រជាពល​រដ្ឋ ជាពិសេស​អ្នកដែល​មានអារម្មណ៍​មិន​ប្រក្រតី មេត្ដា​ទប់​អារម្មណ៍ ឃុំគ្រង​អារម្មណ៍​របស់ខ្លួន កុំឱ្យ អារម្មណ៍​ដែលមិនល្អ​នោះ​អូសទាញ​ទៅរកផ្លូវ​មិន​ល្អបាន។ មួយ​ទៀត​សម្រាប់​អ្នកដែល​មាន​អារម្មណ៍​ឆាប់ធ្លាក់​ទឹកចិត្ដ និង​អស់​សង្ឃឹម ក៏គួរ​តែគិត​ពិចារណា​ជាថ្មី ត្រូវគិត​ថាខ្លួន​ជាបុគ្គល​ដែលមាន​តម្លៃ។ សូមយក​រឿងដែល​ល្អៗសប្បាយៗ​មកដាក់​ក្នុងខ្លួន ដើម្បី​កុំឱ្យ អារម្មណ៍​បែបនោះ នាំទៅ​ធ្លាក់ក្នុង​រណ្ដៅ​ឥតន័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative