វិធីព្យាបាលភ្លឺ

ភ្លឺពិតជាមិនមែន​ជាជម្ងឺ​ដែលមាន​ពន្លឺភ្លឺ​ដូចពន្លឺ​អំពូល ឬ​ពន្លឺថ្ងៃ​នោះទេ។ ជម្ងឺភ្លឺ​មិនមាន​កើតតែ​លើមនុស្ស​វ័យក្មេង​ដូចដែល ចាស់ៗ​លោកតែង​និយាយលេង​ជាមួយកូន ឬ​ចៅថាភ្លឺ​ឡើងខ្ល្លួន​នោះឡើយ។ តាមពិត​ជម្ងឺភ្លឺកើត​មាននៅ​លើមនុស្ស​គ្រប់វ័យ ប៉ុន្ដែ មនុស្ស​ទើបតែ​ពេញវ័យ​ងាយកើត​ជម្ងឺភ្លឺ​ជាង។ ដោយសារ​នៅពេល​ពេញវ័យ សកម្មភាព​របស់​ក្រពេញ​មានការ​បញ្ចេញ​អ័រម៉ូន​ច្រើន ដែលងាយ​ធ្វើឱ្យ​មេរោគផ្សិត​ដុះបាន​ស្រួល។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺភ្លឺ គឺជា​ប្រធានបទ​មួយដែល​ទស្សនាវដ្ដី​សុខភាពយើង ត្រូវលើក​យកមក​បកស្រាយ​នៅក្នុង​ទំព័រ​វេជ្ជសាស្ដ្រ​នៅលេខនេះ ដើម្បី​ឱ្យប្រិយមិត្ដ​អ្នកអាន​ទុកជា​ការស្វែង​យល់។

ជម្ងឺភ្លឺ ជាអ្វី?

ជម្ងឺភ្លឺ​ជាភាសាបារាំង​ហៅថាពី​ទីរីយ៉ាស៊ីស វែស៊ីគូល័រ ដែលជា​ជម្ងឺ​សើស្បែក​មួយប្រភេទ​បង្កឡើង​ដោយ​មេរោគផ្សិត ដែល មានលក្ខណៈ​ដូចជា​មេដំបែរ ឬ​ហៅ​ជាភាសាបារាំង​ថាឡឺវៀ។ ពពួក​មេរោគផ្សិត​នេះមាន​នៅគ្រប់​ទីកន្លែង នៅ​ក្នុងបរិស្ថាន​រស់នៅ។ តែ ភ្លឺមិនមែន​ជាជម្ងឺ​កាចសាហាវ​ទេ។

មូលហេតុបង្ក និងរោគសញ្ញាជម្ងឺភ្លឺ

ភ្លឺកើត​ឡើង​ដោយសារ​ការធ្វើ​អនាម័យ​ខ្លួនប្រាណ​មិនបាន​ត្រឹមត្រូវ ដែល​មេរោគផ្សិត​ងាយនឹង​រាតត្បាត​បាន។ ភ្លឺ​កើតមាន ចំពោះ​មនុស្ស​គ្រប់វ័យ និង​គ្រប់ជាតិសាសន៍​ទាំងអស់។ មនុស្សម្នាក់​ស្ទើរតែ​មិនអាច​រំលង​ជម្ងឺនេះទេ ប៉ុន្ដែ​អាចព្យាបាល​ជាសះស្បើយ។ ភ្លឺច្រើន​ប្រទះឃើញ​នៅកន្លែងណា​ដែលមាន​ក្រពេញ​បញ្ចេញ​ជាតិខ្លាញ់​ច្រើន ដូចជា​នៅលើ​ផ្ទៃមុខ ក ទ្រូង ខ្នង​ជាដើម។ ប៉ុន្ដែ​វាអាចកើត​មាននៅ​គ្រប់ទី​កន្លែង​ផងដែរ។ យើងអាច​សម្គាល់​ជម្ងឺនេះ​បានដោយ​មានស្នាម​ពណ៌ស និង​មានក្រម៉​ស្ដើងៗ​នៅលើ ស្បែក ហើយ​មានរមាស់​នៅពេល​បែកញើស។

ផលវិបាករបស់ជម្ងឺភ្លឺ

ជម្ងឺនេះ​មិនធ្ងន់ធ្ងរទេ គ្រាន់តែ​ធ្វើឱ្យ​លោកអ្នក​បាត់បង់​សោភ័ណភាព នៅពេល​មេរោគផ្សិត​នោះរាលដាល​ធ្វើឱ្យ​ស្នាម​ពណ៌ស នៃជម្ងឺ​ភ្លឺមាន​សភាព​កាន់តែធំ។ ថ្វីត្បិត​តែជម្ងឺ​ភ្លឺជា​ជម្ងឺមិន​កាចសាហាវ​មែន តែលោកអ្នក​មិនត្រូវ​ព្រងើយ​កន្ដើយ​មិនព្យាបាល​នោះទេ។ ព្រោះនៅ​ពេលភ្លឺ​រាលដាល​ពេញ​ទាំងខ្លួន លោកអ្នក​នឹងបាត់បង់​សោភ័ណភាព​សម្រស់ និង​រំខាន​ដល់ការ​ប្រកបការងារ​របស់លោកអ្នក ដោយ​រមាស់ និង​ក្រម៉ភ្លឺ។

ការព្យាបាលជម្ងឺភ្លឺ

ជម្ងឺភ្លឺ​អាចព្យាបាល​ជាសះស្បើយ​មួយ​រយភាគរយ ដោយ​ប្រើថ្នាំ​លាបក្នុង​ដំណាក់កាល​ដំបូង ឬ​តិច​កន្លែង។ តែប្រសិនបើ មានច្រើន​កន្លែង ត្រូវប្រើ​ថ្នាំលេប ដើម្បី​សម្លាប់​មេរោគ។ ប៉ុន្ដែ​សូមប្រយ័ត្ន​ចំពោះថ្នាំ​លេប មុននឹង​ប្រើប្រាស់ ចូរពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន។ ព្រោះថ្នាំ​ព្យាបាល​ជម្ងឺភ្លឺ​មានច្រើន​ប្រភេទ ហើយថ្នាំ​ខ្លះមិនអាច​ប្រើបាន​ចំពោះ​អ្នកជម្ងឺ​មួយចំនួន ដូចជាអ្នក ជម្ងឺ​រលាកថ្លើម​ជាដើម។ តាមទម្លាប់​ចាស់បុរាណ​នៅពេលកូន ឬ​ចៅកើត​មាន​ជម្ងឺនេះ តែងតែ​យករមៀត ឬ​រំដេង​មកលាប​លើកន្លែង ដែលកើត​ភ្លឺនោះ។ ការធ្វើ​បែបនេះ​ក៏អាច​ជួយកាត់​បន្ថយ​ការរាលដាល​របស់ភ្លឺ​បានខ្លះដែរ តែមិនអាច​ឱ្យជា​សះស្បើយ​បានទាំង​ស្រុងទេ ព្រោះភ្លឺ​មិនអាច​ជាសះស្បើយ​ដោយការ​មិនបាន​ធ្វើអនាម័យ​ត្រឹមត្រូវ​នោះទេ។

វិធានការទប់ស្កាត់ជម្ងឺភ្លឺ

ដោយសារ​ជម្ងឺភ្លឺ​កើតពីការ​មិនបាន​ធ្វើអនាម័យខ្លួន ដូច្នេះ​លោកអ្នក​ត្រូវប្រតិបត្ដិ​នូវប្រការ​មួយចំនួន​ដូចខាងក្រោមនេះ។

  • គួរសម្អាត​សម្លៀកបំពាក់ និង​ត្រូវអ៊ុត​សម្លៀក​បំពាក់​ឱ្យបាន​ស្អាត។
  • ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​ឱ្យបានស្អាត​ជារៀង​រាល់ពេល ដោយងូតទឹក​ដុសសម្អាត​ខ្លួនប្រាណ​ដោយសាប៊ូ ជាពិសេស ក្រោយពេល​បែកញើស។
  • ចូរកុំ​ប្រើសម្ភារៈ​ដូចជា​កន្សែង​ជូតមុខ ក្រមា ឬ​សម្លៀក​បំពាក់​រួមគ្នា ព្រោះ​ជម្ងឺភ្លឺ​ងាយ​ចម្លងពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់ ទៀត។

 

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative