ឈាមសស៊ី​ឈាមក្រហម ជាជម្ងឺ​មហារីក​គ្រាប់ឈាម

ពាក្យថា​ជម្ងឺមហារីក កុំថាដល់​ទៅកើត សូម្បីតែ​ឮ​ក៏មិនចង់​ឮផង។ គ្រប់គ្នា​តែងតែ​ចាត់ទុក​ថាបើ​កើត​ជម្ងឺ​មហារីក​ហើយ មានតែ​ត្រៀមខ្លួន​ស្លាប់ឱ្យ​ហើយទៅ គ្រាន់តែយូរ និង​ឆាប់តែ​ប៉ុណ្ណោះ។ ដោយឡែក​សម្រាប់​ជម្ងឺ​មហារីក​គ្រាប់ឈាម វារិតតែ​ធ្ងន់ធ្ងរ ទៅទៀត​ហើយ ព្រោះជម្ងឺ​នេះភាគច្រើន​កើតមាន​ដោយមិន​ធ្វើឱ្យអ្នក​ជម្ងឺដឹងខ្លួន​ជាមុន​ឡើយ។ ហើយ​អ្នកកើត​ជម្ងឺនេះ​ថែមទាំងត្រូវ ចំណាយ​ប្រាក់ច្រើន​លើសលប់​សម្រាប់​ព្យាបាល រីឯអត្រា​នៃក្ដី​សង្ឃឹម​ជាសះស្បើយ​មាន​កម្រិត​ទាប។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត សុខ សុធា អ្នក​ឯកទេស​ជម្ងឺមហារីក​ឈាម នៃមន្ទីរ​ពេទ្យ​មិត្ដភាពកម្ពុជាសូវៀត បាន​បកស្រាយ​ជម្រាប ជូនលោកអ្នក​ពីបញ្ហា​នៃជម្ងឺ​មហារីក​គ្រាប់ឈាម​ដើម្បីជា​ជំនួយ​ដល់ការ​ថែរក្សា​សុខភាព​ពីជម្ងឺ​កាចសាហាវ​នេះ។

មហារីកគ្រាប់ឈាម ជាអ្វី?

ជាធម្មតា គ្រាប់ឈាម​ក្រហម និង​គ្រាប់ឈាមស​ចូលមក​ដល់ក្នុង​ឈាម ត្រូវឆ្លងកាត់​ការវិវឌ្ឍន៍​មួយនៅ​ក្នុងខួរឆ្អឹង ដែល ហៅថា​កោសិកា​ដើមរបស់​គ្រាប់ឈាមស។ ក្នុងកោសិកា​ដើមនោះ គ្រាប់ឈាម​វិវឌ្ឍន៍​ច្រើន​ដំណាក់​កាល ហើយ​នៅពេល​ណាដែលវា មាន​សារធាតុ​ពុលផ្សេង​ទៀតចូល​ទៅជាមួយ​នោះ ធ្វើឱ្យ​កោសិកា​ដើម​(គ្រាប់ឈាមស)​រងនូវការ​ខូចខាត។ បន្ទាប់​ពីនោះ កោសិកា ដើម​ដែលខូចខាត​ចាប់មាន​ការរីក​លូតលាស់​ខុសពី​ធម្មតា បង្កឱ្យ​កើតជា​មហារីក​គ្រាប់ឈាម​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ច្រើន​ហៅថាជម្ងឺ ឈាមស​ស៊ីឈាម​ក្រហម ឬ​មហារីក​ខួរឆ្អឹងខ្នង។ ជាទូ​ទៅ​កោសិកា​មហារីក​គ្រាប់ឈាម​រីកដុះដាល​ដោយ​អនាមិក មិនអាច​គ្រប់គ្រង បានទេ។ វាបាន​ទៅរំខាន​ទៅដល់​ការផលិត​គ្រាប់ឈាម​ក្រហម ធ្វើឱ្យ​អ្នកជម្ងឺខ្វះ​គ្រាប់ឈាម​ក្រហម​ដោយសារ​វីរុស​នេះ។ បើមិន បញ្ចូល​គ្រាប់ឈាម​ក្រហម ឬ​ឈាមឱ្យ​អ្នកជម្ងឺទេ អាច​បណ្ដាល​ឱ្យស្លាប់។

រោគសញ្ញា​មហារីក​គ្រាប់់ឈាម

គេអាច​រកឃើញ​ជម្ងឺ​មហារីក​គ្រាប់ឈាម​ដោយ​កត្ដាមួយ​ចំនួន រោគ​សញ្ញាខ្លះៗ​របស់​ជម្ងឺនេះ និង​ការវិភាគ​ផ្សេងៗ។

  • អ្នកជម្ងឺ​រកឃើញ​ដោយ​ខ្លួនឯង ៖ អ្នកជម្ងឺ​មានសភាព​រាងកាយ​ស្លេកស្លាំង ឆាប់ហត់ មាន​ចេញឈាម​នៅតាម​អញ្ចាញ ធ្មេញ ហើយ​ស្បែកមាន​លក្ខណៈ​ជាំខុស​ពីធម្មតា។
  • រកឃើញ​រោគសញ្ញា​ដោយ​ចៃដន្យ ៖ ដោយអ្នក​ជម្ងឺមាន​អាការ​ផ្សេងទៀត ដូចជា​អ្នកជម្ងឺ​ក្ដៅខ្លួន​ហើយ​ទៅពិគ្រោះជា មួយ​គ្រូពេទ្យ​ជាដើម។ បន្ទាប់មក​គ្រូពេទ្យ​យកឈាម​អ្នកជម្ងឺ​ទៅពិនិត្យ​វិភាគ​ទើបឃើញ​កោសិកា​មហារីក​នៅក្នុង​ឈាម។
  • គ្មានរោគសញ្ញា ៖ នៅពេល​ដែលអ្នក​ជម្ងឺមាន​ជម្ងឺផ្សេងៗ ត្រូវ​វះកាត់ ឬ​ធ្វើការវះ​កាត់អវយវៈ​ណាមួយ។ ជាធម្មតា មុន ពេល​វះកាត់ គ្រូពេទ្យ​ត្រូវពិនិត្យ​ឈាមអ្នក​ជម្ងឺ​ជាមុនសិន ដើម្បី​រកមើល​បរិមាណ​ថយចុះ​នៃគ្រាប់​ឈាមស គ្រាប់​ឈាម​ក្រហម និង ប្លាកែត។
  • វិធីមួយ​ទៀតដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ធ្វើរោគវិនិច្ឆ័យ​ជម្ងឺ​មហារីក​គ្រាប់​ឈាម គឺការចោះ​បូមយក​ខួរឆ្អឹង​ខ្នង មក​ពិនិត្យ ដោយ​គ្រូពេទ្យ​យកម្ជុល​មួយទៅ​ចោះសន្ទះឆ្អឹង បូមយក​ខួរឆ្អឹង​ទៅដាក់​លើឡាម ហើយ​យកទៅ​ពិនិត្យ​ក្នុងមន្ទីរ​ពិសោធន៍។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុមហារីកគ្រាប់ឈាម

មានមូល​ហេតុ​ពីរយ៉ាង​ដែលនាំឱ្យ​មានជម្ងឺ​មហារីក​គ្រាប់ឈាម​បាន។

  • មូលហេតុទី១ ៖ អ្នកជម្ងឺ​មានជម្ងឺ​នេះពី​កំណើត​តែម្ដង ដោយសារ​នៅពេល​បង្កកំណើត​មានហ្សែន​មួយ​ប្រភេទ​ជាក្រូម៉ូ ស្យូម​មិនល្អ។ តែជម្ងឺ​នេះមិនមែន​ជាជម្ងឺ​តំណពូជ ឬ​សួពូជនោះ​ទេ។
  • មូលហេតុទី២ ៖ បរិស្ថាន​នៃការ​រស់នៅ ការស្រូប​យកសារធាតុ​ពុលផ្សេងៗ ដូច​ជា​សារធាតុ​គីមីពុល​មាននៅ​ក្នុងថ្នាំ​លាប ផ្ទះ កាំរស្មី​ជាដើម។

ការព្យាបាល​ជម្ងឺមហារីក​គ្រាប់ឈាម

ជាទូទៅ​មហារីក​គ្រាប់ឈាម​កើតទៅ​លើមនុស្ស​គ្រប់វ័យ ហើយ​ព្យាបាល​ទៅតាម​កម្រិតជម្ងឺ និង​វ័យរបស់​អ្នកជម្ងឺ។ ការ ព្យាបាល​ត្រូវចំណាយ​អស់ថវិកា​ជាច្រើន និង​ពេលវេលា​យូរទៀត​ផង។ ការព្យាបាល​ត្រូវប្រើ​សារធាតុ​គីមី​ក្នុង​កម្រិត​ជាតិ​ថ្នាំខ្លាំង ដើម្បី សម្លាប់​កោសិកា​មហារីក​នៅក្នុង​ខួរឆ្អឹង​ឱ្យស្លាប់។ ជាទូទៅ​តម្រូវឱ្យ​ដាក់ជាតិគីមី​ច្រើនពី៦ ឬ​៧ដង ដើម្បី​សម្លាប់​វាឱ្យអស់​តែម្ដង។ នៅ ចុង​បញ្ចប់​គេផ្សាំ​ខួរឆ្អឹង​ទៅឱ្យ​អ្នកជម្ងឺ។ ខួរឆ្អឹង​ដែលបាន​ផ្សាំនោះ​រីកដុះដាល​នៅក្នុង​ខ្លួនអ្នក​ជម្ងឺបាន លុះណា​តែជា​ខួរឆ្អឹង​ល្អដែល​គ្មាន​មេរោគ។ ការផ្សាំ​ខួរឆ្អឹង​មានពីរ​យ៉ាង។

  • វិធីផ្សាំទី១ ៖ ការ​បរិច្ចាក​របស់អ្នក​ដទៃ ត្រូវមាន​ខួរឆ្អឹង​ឱ្យអ្នក​ជម្ងឺ។ អ្នក​ផ្ដល់ឱ្យ ឬ​បរិច្ចាក​នោះត្រូវ​មានសុខភាព​ល្អ មាន​ប្រភេទ​ឈាម និង​បរិមាណ​ដូចគ្នា ដើម្បី​ចាក់បញ្ចូល​ទៅឱ្យ​អ្នកជម្ងឺ។
  • វិធីផ្សាំទី២ ៖ ខ្លួនឯង​បរិច្ចាក​ឱ្យខ្លួន​ឯង ក្រោយពី​ដាក់​សារធាតុ​គីមី​ដើម្បី​សម្លាប់​កោសិកា​មហារីក គេចាក់​ថ្នាំម្យ៉ាង​ដើម្បី បង្កើត​គ្រាប់​ឈាមស​ឱ្យខួរឆ្អឹងខ្នង​ធ្វើចលនា​ផលិត​គ្រាប់ឈាម​ដើមឱ្យ​បានច្រើន​ចេញទៅ​សរសៃ​ឈាម។ ក្នុងនោះ​មានម៉ាស៊ីន​មួយ ប្រភេទ​សម្រាប់​ច្រោះយក​គ្រាប់ឈាម​សដើម​ឱ្យបាន​គ្រប់ចំនួន ឬ​គ្រប់ទម្ងន់​ដែលគេ​ត្រូវការ ដើម្បី​យកទៅ​ចាក់ឱ្យ​អ្នកជម្ងឺ​នោះវិញ។

ក្នុង​ចំណោម​វិធីព្យាបាល​ទាំងពីរ​ខាងលើ​នេះ វិធីទី១​ដែលជា​ការបរិច្ចាក​ខួរឆ្អឹង​ឱ្យអ្នក​ជម្ងឺមាន​គ្រោះថ្នាក់​បំផុត ពេល​កំពុង ព្យាបាល​ភាគច្រើន​ទទួល​លទ្ធផល​ត្រឹមតែ​៥០%​តែប៉ុណ្ណោះ។ ដោយឡែក​ចំពោះ​ការបរិច្ចាក​ឱ្យខ្លួនឯង មិន​សូវមាន​គ្រោះថ្នាក់​នៅពេល ព្យាបាល តែលទ្ធផល​ដែល​ទទួល​ជោគជ័យ​មានចំនួនតិច។

ផលវិបាក​របស់​ជម្ងឺ​មហារីក​គ្រាប់ឈាម

ផលរំខាន​មួយចំនួន​ទាក់ទង​ទៅដល់​ប្លាកែត​ដែលជា​គ្រាប់ឈាម​ម្យ៉ាង​ដែលមាន​តួនាទី​សម្រាប់​ទប់ឈាម​កុំឱ្យហូរ ធ្វើឱ្យ ឈាមចុះ​ខុសពី​ធម្មតា។ ក្រៅពីនេះ​មាន​ផលវិបាកធំៗ ដែល​តែងតែ​កើតមាន​ចៀស​មិនរួច គឺបរិមាណ​គ្រាប់ឈាម​ក្រហម និង​គ្រាប់ ឈាម​ប្លាកែត​ថយចុះ។

ដំបូន្មាន​អ្នកជំនាញ

បើមាន​ជម្ងឺ​មហារីក​គ្រាប់ឈាម ឬ​មហារីក​ផ្សេងៗ សូម​បញ្ចូន​អ្នកជម្ងឺ​មកកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ឱ្យបាន​ទាន់ពេល វេលា។ បច្ចុប្បន្ន​នេះ នៅ​ប្រទេស​កម្ពុជា​មាន​សេវា​ព្យាបាល​ជម្ងឺ​មហារីក​ហើយ ដោយ​ថ្នាំគ្រប់​គ្រាន់​ប្រកប​ដោយ​គុណភាព។ សូមមាន ទំនុកចិត្ដ​លើវេជ្ជបណ្ឌិត​ក្នុងប្រទេស​យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative