ខ្ញុំស្រវាំងភ្នែក

ចំពោះ​ភ្នែកធម្មតា កាំពន្លឺ ឬ​រូបភាព​ពីខាងក្រៅ​មកផ្ដុំគ្នា​នៅលើ​សរសៃ​បាតភ្នែក​(រ៉េទីន) ធ្វើឱ្យ​មើលឃើញ​ច្បាស់។ ក្នុង​ឧបករណ៍​វាស់ភ្នែក គេវាស់​ចម្ងាយ​៦ម៉ែត្រ​(ស្ដង់ដា)​ទៅលើ​ទំហំ​តួអក្សរ​គំរូ។ ជាលទ្ធផល ប្រសិន​បើអាច​មើល​ឃើញ​ទំហំ​តួអក្សរ​តូច បំផុត​នៅក្នុង​កម្រិតនេះ បញ្ជាក់ថា​ភ្នែកមើល​ឃើញ​ធម្មតា។ ករណី​មើល​មិនឃើញ​ច្បាស់ គឺសន្មត់​ថាភ្នែក​មានបញ្ហា​ហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមលើក​យក​ប្រធានបទ​អាការ​ស្រវាំង​ភ្នែក ដើម្បី​ជូន​លោកអ្នក​ស្វែងយល់ និង​ពិចារណា ជាមួយ​ដំបូន្មាន​របស់​លោកវេជ្ជ​បណ្ឌិត ងី ម៉េង ប្រធាន​សមាគមន​គ្រូពេទ្យ​ភ្នែក​កម្ពុជា។

អាការ​ស្រវាំងភ្នែក

ពេលភ្នែក​មានបញ្ហា​កំហុស​សំណុំ កាំពន្លឺ​មកផ្ដុំគ្នា​នៅពីមុខ ឬ​ខាងក្រោយ​សរសៃ​បាតភ្នែក ជាហេតុនាំ​ឱ្យរូបភាព​មានសភាព ព្រិល មិន​ច្បាស់។ អាការ​ស្រវាំងភ្នែក​មិនមែន​សុទ្ធតែ​មានជម្ងឺ​នោះទេ ជួនកាល​ស្រវាំង​ភ្នែក ហើយ​មានឈឺភ្នែក​ដោយសារ​ជម្ងឺ។ ជា ធម្មតា​នៅពេល​លោកអ្នក​មានបញ្ហា​នៅក្នុង​ការមើល លោកអ្នក​ដឹងខ្លួនថា​ស្រវាំង​ភ្នែក។ រោគសញ្ញា​បឋម​ស្រវាំង​ភ្នែក គឺមើល​រូបភាព មិនច្បាស់​(រាងព្រិល ក្ដៅភ្នែក ពិបាក​នៅក្នុង​ការអាន ឬ​មើល​វត្ថុជិត និង​ឆ្ងាយ អាច​មានជម្ងឺ​ឈឺភ្នែក ឬ​មិនឈឺ។ ករណី​ធ្ងន់ធ្ងរ គឺមើល​មិនឃើញ​តែម្ដង។ ទោះបី​មនុស្សចាស់ ក៏នៅ​មើលឃើញ​ធម្មតា បើមើល​មិនឃើញ លុះណា​តែភ្នែក​មាន​បញ្ហា។

មូលហេតុស្រវាំងភ្នែក

មូលហេតុ​ដែលនាំឱ្យ​ភ្នែកស្រវាំង​មានកត្ដា​ជាច្រើន ដូចជា​ពេលដែល​ភ្នែកមាន​បញ្ហាកំហុស​សំណុំ​រូបភាព កញ្ចក់​ភ្នែក ឬ​កែវ ភ្នែក​ស្រអាប់។ ការរងរបួស​ដោយចៃដន្យ​មានការ​ប្រេះស្រាំ ឬ​របួស​ភ្នែក ពន្លឺ​ព្រះអាទិត្យ​ដែលចាំង​ចូលភ្នែក​ខ្លាំងពេក ធូលីដី​ចូលភ្នែក ជាដើម ក៏ជា​ហេតុនាំ​ឱ្យភ្នែក​ស្រវាំង ឬ​មើលមិន​សូវច្បាស់​ដែរ។ អាការ​ស្រវាំងភ្នែក​អាចកើត​ឡើង​នៅលើ​មនុស្ស​គ្រប់អាយុ​ទាំងអស់ តែភាគ​ច្រើន​កើតលើ​មនុស្សចាស់​អាយុចាប់​ពី៤០ឆ្នាំ​ឡើងទៅ។ ជួនកាល​វាក៏អាច​បណ្ដាល​មកពី​ជម្ងឺ​ភ្នែក ដូចជា​ជម្ងឺភ្នែក​ឡើងបាយ ជម្ងឺទឹក​ដក់ក្នុង​ភ្នែក​ជាដើម។ ការញី​ភ្នែកដោយ​ដៃមិនស្អាត​នាំឱ្យមេរោគ​មានឱកាស​ឆ្លងតាម​ដៃចូល​ភ្នែក។ ស្រវាំង​ភ្នែក​មិនមាន​ទាក់ទង​នឹងអាយុទេ វាអាច​កើតមាន​នៅគ្រប់វ័យ។

វិធីបង្ការស្រវាំងភ្នែក

មិនទាន់​មានវិធី​បង្ការ​ណាមួយ​សម្រាប់​មិនឱ្យ​ភ្នែកស្រវាំង​នោះទេ។ វិធី​បង្ការ​ដែល​ល្អបំផុត គឺថែរក្សា​ភ្នែកឱ្យ​ស្អាត​ជានិច្ច ដោយការ​លុបលាងមុខ​ឱ្យបាន​ស្អាត ចៀសវាង​ការប៉ះ​ទង្គិច​ទៅលើ​ភ្នែក។ អាចពាក់​វែនតា​ការពារ​ធូលីដី​ពេលជិះ​ម៉ូតូ ពាក់វែនតា​ការ ពារ​កម្ដៅថ្ងៃ​ពេល​កម្ដៅ​ក្ដៅខ្លាំង ការពារ​ពន្លឺជះ​ខ្លាំងដល់​ភ្នែក និង​ចៀសវាង​ការឆ្លង​ជម្ងឺផ្សេង​ទៀត។ វាអាច​បណ្ដាល​ឱ្យមើល​លែង ឃើញ បើមិន​បានទទួល​ការពិនិត្យ និង​ព្យាបាល​ទាន់ពេល​វេលា។ គួរទៅ​ជួបគ្រូពេទ្យ​ដើម្បី​ទទួល​ការពិនិត្យ​ពេលមាន​បញ្ហាភ្នែក។

វិធីព្យាបាល​ស្រវាំងភ្នែក

ការព្យាបាល​អាការ​ស្រវាំង គឺអាស្រ័យ​ទៅតាម​មូលហេតុ​នីមួយៗ ដូចជាបើ​រកឃើញថា​មានកំហុស​សំណុំ​រូបភាព អាចត្រូវ ព្យាបាល​ដោយការ​ពាក់​វែនតា។ បើកើត​ដោយភ្នែក​ឡើងបាយ គួរត្រូវ​ព្យាបាល​ដោយការ​បកភ្នែក​ឡើង​បាយ។ បើមាន​ទឹកដក់​ក្នុងភ្នែក ត្រូវ​ព្យាបាល​ដោយបន្ថយ​សភាពទឹក​ដក់ក្នុង​ភ្នែក​ដើម្បីឱ្យ​មើលឃើញ​ជាដើម។ ការព្យាបាល​ខ្លះអាច​មានត្រឹមតែ​លទ្ធភាព​ទប់ស្កាត់​មិនឱ្យ​ឈានទៅ​រកអាការ​ងងឹតភ្នែក​តែប៉ុណ្ណោះ។ ជួនកាល​ការព្យាបាល​ខ្លះក៏អាច​ឱ្យជាដាច់​មួយរយ​ភាគរយ សម្រាប់​ករណីមិន​សូវធ្ងន់ធ្ងរ ។ ប្រការ​ល្អបំផុត​សម្រាប់​អ្នកស្រវាំង​ភ្នែក គឺបើ​មានបញ្ហា​ភ្នែក ត្រូវមក​ឱ្យគ្រូពេទ្យ​ជំនាញ​ពិនិត្យ​រកមូលហេតុ។ ការផ្ដល់ថ្នាំ ឬ​ការវះកាត់​ដែលធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ ធានា​បាននូវ​សុវត្ថិភាព និង​ជោគជ័យ។

ដំបូន្មានអ្នកជំនាញ

បើលោកអ្នក​មានបញ្ហា​ភ្នែក សូម​ប្រញាប់​អញ្ជើញ​មករក​គ្រូពេទ្យ​ឯកទេស​ខាងភ្នែក​ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល ជា ពិសេស​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែលនៅ​ជិតលោកអ្នក​បំផុត។ សូម​យកចិត្ដ​ទុកដាក់​ទៅលើ​សុខភាព​ភ្នែក​ខ្លួនឯង បើមាន បញ្ហា​ត្រូវទទួល​យកនូវ​ការព្យាបាល​ឱ្យបាន​រហ័ស ព្រោះអាច​នាំឱ្យ​ពិការ​បាន ដែល​ប៉ះពាល់​ដល់ជីវភាព​ប្រចាំថ្ងៃ។ អ្នកជំនាញ​ខាងភ្នែក អាចជួយ​លោកអ្នក​បានតាំងពី​ដំណាក់កាល​ដំបូង ពេលដែល​ចាប់មាន​បញ្ហាភ្នែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative