ក្មេងអនាថា កើនឡើងនៅកម្ពុជា

លោកអ្នកធ្លាប់ជួបធ្លាប់ឃើញក្មេងដែលដេកតាមចិញ្ចេឹមថ្នល់ របងវត្ដអារាម សាលារៀន និងតាម​​​ទីសាធារណៈ ពួកគេនោះហើយគឺជាក្មេងអនាថា។ ក្មេងអនាថាជាវិបត្ដិដ៏ធ្ងន់ធ្ងររបស់សង្គម។ អនាគត​​​របស់​​​ប្រទេស​​​ជាតិ គឺអាស្រ័យ​​​លើកុមារ​​​និងយុវជន​​​ជំនាន់ក្រោយ យុវជន​​​ជាទំពាំង​​​ស្នងឬស្សី។ ចុះបើ​​​មានក្មេង​​​អនាថា​​​កាន់តែ​​​កើនឡើង តើវាសនា​​​របស់​​​ប្រទេសជាតិ​​​នឹងទៅ​​​ជាយ៉ាងណា? តើមាន​​​មូលហេតុ​​​​​​អ្វីខ្លះ​​​ដែលធ្វើឱ្យ​​​មានក្មេង​​​អនាថានេះ​​​រិតតែ​​​កើនឡើង?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទាក់ទងនឹង​ក្មេងអនាថា​នេះ លោកស្រី លី សូផាត នាយិកា​កម្មវិធី​នៃអង្គការ​មិត្ដសំឡាញ់​បានផ្ដល់​បទសម្ភាសន៍​ជាមួយ ទស្សនាវដ្ដី សុខភាពយើង ដើម្បី​បកស្រាយ​ពីមូលហេតុ​ផ្សេងៗ​មួយចំនួន​របស់ពួកគេ។

អ្វីទៅជាក្មេងអនាថា?

ក្មេងអនាថា គឺសំដៅ​​​ទៅលើ​​​ក្មេងដែល​​​រស់នៅ និង​​​ធ្វើការ​​​តាម​​​ចិញ្ចើម​​​ថ្នល់ ហើយអាច​​​ចែកចេញ​​​ជា​​​បីប្រភេទ។

1. ប្រភេទ​​​ទីមួយ ៖ គឺ​​​ក្មេងដែល​​​បានផ្ដាច់​​​ទំនាក់ទំនង​​​ជាមួយ​​​នឹងក្រុម​​​គ្រួសារ ហើយ​​​មករស់នៅ​​​តាមចិញ្ចើម​​​ថ្នល់ សំយាបផ្ទះ ឬតាម​​​ទីសាធារណៈ​​​ណាមួយ​​​ដោយ​​​ជីវភាព​​​ឯករាជ្យ និង​​​មិនមាន​​​ការគ្រប់គ្រង​​​ គ្មានការ​​​ទំនុកបម្រុង​​​គាំទ្រពី​​​អ្នកណា​​​ម្នាក់ឡើយ។

2. ប្រភេទ​​​ទីពីរ ៖ គឺកុមារ​​​ដែលធ្វើការ​​​តាមចិញ្ចើម​​​ថ្នល់ ពួកគេ​​​ភាគច្រើន​​​រស់នៅ​​​តាមតំបន់​​​អនា​​​ធិបតេយ្យ ឬតំបន់​​​ក្រីក្រ មួយចំនួន ដូចជា​​​តំបន់​​​ទន្លេ​​​បាសាក់ តំបន់​​​បុរីកីឡា ស្ទឹងមានជ័យ​​​ជាដើម។ កុមារ​​​ប្រភេទនេះ​​​ត្រូវចំណាយ​​​ពេលពេញ​​​មួយថ្ងៃ ឬកន្លះថ្ងៃ និង​​​ពេលខ្លះ​​​ពេញ​​​មួយយប់​​​នៅតាម​​​ចិញ្ចើមថ្នល់​​​ដើម្បីរកប្រាក់​​​ទៅបំពេញ​​​បញ្ហាជីវភាព​​​នៅក្នុង​​​គ្រួសារ​​​របស់​​​ពួកគេ។ ក្មេង​​​ប្រភេទ​​​ទីពីរ នេះមាន​​​ចំនួន​​​ប្រមាណ​​​ជា១០ ០០០ ទៅ២០ ០០០នាក់ នេះបើ​​​យោងទៅលើ​​​ស្ថិតិ​​​ដែលទទួល​​​បានពី​​​អង្គការ​​​មិត្ដសំឡាញ់ ហើយចំនួន​​​ដ៏ច្រើននេះ​​​អាស្រ័យ​​​ទៅតាម​​​តំបន់​​​ដែលមាន​​​ជាច្រើន​​​នៅក្នុង​​​ប្រទេស ជាពិសេស​​​ក្នុងទីក្រុង​​​ភ្នំពេញ។

3. ប្រភេទ​​​ទីបី ៖ ជាប្រភេទ​​​ក្មេងអនាថា​​​រស់នៅ​​​ជាមួយនឹង​​​ក្រុមគ្រួសារ​​​ដែលជា​​​ជនអនាថា​​​រស់នៅ​​​តាម​​​ចិញ្ចើមថ្នល់ ឬតំបន់​​​សាធារណៈ​​​ដូចគ្នា។

មូលហេតុ​​​កើតមាន​​​ក្មេងអនាថា

ពុំមាន​​​កុមារ ឬយុវជន​​​ណាម្នាក់​​​ដែលមាន​​​បំណង​​​ចង់ឱ្យខ្លួន​​​ក្លាយជាក្មេងអនាថា​​​គ្មានគោលដៅ​​​រស់នៅ​​​ពិតប្រាកដ​​​នោះទេ។ ប៉ុន្ដែ​​​ទាំងអស់នេះ​​​កើតឡើង​​​ដោយសារ​​​ការគ្មាន​​​ជម្រើស​​​ក្នុងការ​​​រស់នៅ​​​ឱ្យបាន​​​សមស្រប ហើយមាន​​​កត្ដា​​​ជាច្រើន​​​ដែលបណ្ដាល​​​ឱ្យកើត​​​មានក្មេង​​​អនាថា​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា។

  • ក្មេងអនាថា​​​មួយចំនួន​​​កើតឡើង​​​ដោយសារ​​​គ្រួសារ​​​បោះបង់​​​ចោល មិនយក​​​ចិត្ដទុក​​​ដាក់ ឬមកពី​​​ការរវល់​​​នឹងការងារ​​​រៀងៗ​​​ខ្លួន។
  • កត្ដាគ្រោះ​​​ធម្មជាតិ មានដូចជា​​​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់​​​ជាដើម បានធ្វើឱ្យ​​​ផលដំណាំ និង​​​ទ្រព្យសម្បត្ដិ​​​ត្រូវបំផ្លាញ​​​ទាំងអស់។ កសិករ​​​មួយចំនួន​​​បានចាកចេញ​​​មករក​​​តំបន់ថ្មី​​​ដែលគ្មាន​​​គោលដៅ និង​​​ជម្រក​​​ពិតប្រាកដ។
  • អំពើហិង្សា​​​ក្នុងគ្រួសារ ខ្វះភាព​​​កក់ក្ដៅ​​​ក្នុងការ​​​រស់នៅ ធ្វើឱ្យ​​​កុមារ ឬយុវជន​​​ចាកចេញពី​​​ផ្ទះសម្បែង​​​មកស្វែងរក​​​សេចក្ដី​​​សប្បាយ​​​ខាងក្រៅ យូរទៅ​​​ក៏ក្លាយជា​​​ក្មេងអនាថា​​​រស់នៅតាម​​​ថ្នល់ រកស៊ី​​​ទ្រទ្រង់​​​ជីវភាព​​​​​​ខ្លួនឯង។
  • ការមិន​​​សមតាម​​​បំណង​​​របស់​​​កុមារ ដូចជា​​​ការចង់ទៅ​​​សាលារៀន ឬចង់បាន​​​អ្វីមួយ​​​ដែលគេ​​​ពេញចិត្ដ ប៉ុន្ដែ​​​មិនទទួល​​​បាន​​​ដូចបំណង។ ដូចនេះ​​​កុមារ​​​សម្រេចចិត្ដ​​​ចាកចេញ​​​ពីផ្ទះ​​​ទៅរស់នៅ​​​តាមចិញ្ចើម​​​ថ្នល់ និង​​​ទីសាធារណៈ​​​ផ្សេងៗ។
  • បញ្ហា​​​ជម្ងឺអេដស៍​​​បានបន្សល់​​​ទុកនូវ​​​កុមារ​​​ជាច្រើន​​​ដែលគ្មាន​​​ទីពឹង គ្មាន​​​អ្នកមើលថែ។ ហើយកុមារ​​​ទាំងនោះ​​​ត្រូវរស់នៅ​​​ដោយខ្លួនឯង​​​តាមមធ្យោបាយ​​​ផ្ទាល់ខ្លួន ទីបំផុត​​​កុមារ​​​ទាំងនោះ​​​គ្មានទីជម្រក​​​ពិតប្រាកដ។
  • បញ្ហា​​​គ្រឿងញៀន​​​ដែលប្រទេស​​​កម្ពុជា​​​កំពុង​​​ប្រឈមមុខ​​​នាពេល​​​បច្ចុប្បន្ននេះ ធ្វើឱ្យក្មេង​​​ដែលគ្មាន​​​ការគ្រប់គ្រង គ្មានគ្រួសារ និង​​​គ្មាន​​​ទីជម្រក​​​ពិតប្រាកដ ឈានទៅ​​​ប្រើ​​​គ្រឿងញៀន។ កុមារ​​​ដែល​​​រស់នៅ​​​ក្នុងជីវភាព​​​សមរម្យ​​​មានការ​​​គ្រប់គ្រង​​​ក៏កំពុងតែ​​​ប្រឈមមុខ​​​នឹងការប្រើប្រាស់​​​គ្រឿងញៀន​​​នេះដែរ។ គ្រឿងញៀន​​​បានធ្វើឱ្យ​​​កុមារ​​​ចាកចេញ​​​ពីផ្ទះ​​​ទៅរស់នៅ​​​ដោយ​​​ឯករាជ្យ​​​តាមចិញ្ចើម ថ្នល់​​​តាម​​​សំយាបផ្ទះ​​​ជាដើម ដើម្បីមាន​​​សេរីភាព​​​ក្នុងការ​​​ប្រើប្រាស់​​​គ្រឿងញៀន។

ទាំងអស់នេះ​​​សុទ្ធតែ​​​ជាមូលហេតុ​​​ដែលនាំឱ្យ​​​កើតមាន​​​នូវក្មេង​​​អនាថា​​​នៅក្នុងប្រទេស ហើយក៏នៅមាន​​​មូលហេតុ​​​ជាច្រើនទៀត​​​ដែលអាច​​​ជាកត្ដា​​​នាំឱ្យ​​​កើតមាន​​​ក្មេងអនាថា​​​នេះផងដែរ។

ក្មេងអនាថា និងផលប៉ះពាល់

កំណើន​​​ក្មេងអនាថា​​​អាចធ្វើឱ្យ​​​មានវិបត្ដិ​​​ក្នុងសង្គម ដោយសារ​​​ការបាត់បង់​​​គ្រាប់ពូជ​​​ជាយុវជន​​​ជំនាន់ក្រោយ។ ជាហេតុ​​​ធ្វើឱ្យ កើតមាន​​​ជាជម្ងឺសង្គម​​​ដែលសម្បូរ​​​ទៅដោយ​​​អ្នកប្រើប្រាស់​​​គ្រឿងញៀន អ្នកផ្ទុក​​​មេរោគ​​​អេដស៍ និងក្រុម​​​ជនដែល​​​ប្រព្រឹត្ដិ​​​អំពើពាលា​​​អាវាសែ។ ដូច្នេះ​​​មានផល​​​ប៉ះពាល់ច្រើន​​​យ៉ាងដែល​​​បណ្ដាល​​​មកពី​​​កំណើន​​​ក្មេងអនាថា។

  • រូបភាពទស្សនាវដ្តីសុខភាពយើង

    ប៉ះពាល់​​​ទៅលើ​​​ការរស់នៅ ដើម្បី​​​ដោះស្រាយ​​​បញ្ហាការ​​​រស់នៅ ការចិញ្ចឹម​​​ជីវិត កុមារអនាថា​​​ទាំងអស់​​​ត្រូវបង្ខំ​​​ចិត្ដ ប្រកប​​​មុខរបរ​​​ផ្សេងៗ​​​ទាំងមុខ​​​របរស្រប​​​ច្បាប់ និងមុខរបរ​​​មិនស្របច្បាប់។ មុខរបរ​​​ស្របច្បាប់​​​មួយចំនួន​​​ដែលកុមារ​​​អនាថា​​​តែងតែ​​​ធ្វើ ដើម្បី​​​ចិញ្ចឹម​​​ជីវិត ដូចជា​​​ដើរលក់ផ្កា រើស​​​អេតចាយ ជួយ​​​លីសែង សុំទាន លាងចាន​​​តាមភោជនីយដ្ឋាន យាមឡាន ជូតឡាន​​​ជាដើម។ ឯ​​​មុខរបរ​​​មិនស្របច្បាប់​​​មានដូចជា​​​ការលួច ឆក់ លូកហោប៉ៅ​​​ជាដើម ប៉ុន្ដែ​​​គឺដើម្បីតែ​​​តម្រូវការ​​​ជីវិត​​​តែប៉ុណ្ណោះ។ មានកុមារ​​​មួយចំនួន ដោយសារ​​​ការប៉ះពាល់​​​គ្រឿងញៀន​​​ផ្សេងៗ ហ៊ានប្រព្រឹត្ដិ​​​នូវអំពើ​​​ខុសច្បាប់ លួច ឆក់ ប្លន់​​​ជាដើម។ ដោយឡែក​​​សម្រាប់ក្មេង​​​អនាថា មួយចំនួន​​​ទៀតបាន​​​លក់ខ្លួន​​​ឱ្យជន​​​បរទេស​​​ដើម្បីប្រព្រឹត្ដិ​​​អំពើអនាចារ​​​ផ្លូវភេទ ជាពិសេស​​​ក្មេងប្រុស។

  • ប៉ះពាល់​​​ទៅលើសុខភាព​​​ផ្លូវកាយ ក្មេងអនាថា​​​ពុំបាន​​​គិតគូរ ឬព្រួយ​​​បារម្ភពី​​​សុខភាព​​​ឡើយ។ បញ្ហា​​​សុខភាព​​​អាច បណ្ដាល​​​មកពីខ្វះ​​​ការអប់រំ​​​ណែនាំ អនាម័យ​​​ខ្លួនប្រាណ កន្លែង​​​រស់នៅ សម្លៀក​​​បំពាក់ ចំណីអាហារ​​​ជាដើម។ ទាំងនេះ​​​ធ្វើឱ្យ​​​ពួកគេ​​​ងាយ ទទួល​​​រងនូវ​​​ជម្ងឺផ្សេងៗ ដូចជា​​​ជម្ងឺរាក កើត​​​កន្ទួល​​​រមាស់ បញ្ហា​​​មាត់ធ្មេញ អំបៅ​​​អំបែក ទឹកនោមផ្អែម ជម្ងឺរបេង ផ្ដាសាយ ថ្លើម និង ជម្ងឺដទៃទៀត​​​ជាច្រើន​​​ដែលសុទ្ធតែ​​​មានផល​​​ប៉ះពាល់​​​ទៅលើ​​​សុខភាព និងអាច​​​មានគ្រោះថ្នាក់​​​ដល់អាយុជីវិត​​​ថែមទៀតផង។
  • ប៉ះពាល់ទៅលើ​​​សុខភាពផ្លូវចិត្ដ ជាធម្មជាតិ​​​របស់ក្មេង​​​តែងតែ​​​មានការ​​​ចង់បាន ចង់មាន​​​សម្ភារៈ​​​ប្រើប្រាស់​​​ផ្សេងៗ និង ងាយ​​​ទទួលរង​​​នូវការ​​​តូចចិត្ដ និង​​​ច្រណែន។ ជាអាទិ​​​ច្រណែន​​​នឹងគេ​​​មានសេចក្ដីសុខ​​​ក្នុងគ្រួសារ តូចចិត្ដ​​​នឹងខ្លួនឯង​​​ដែលមិនបាន​​​ទទួលនូវ ​​​ការថ្នាក់ថ្នម​​​ពីសាច់ញាតិ ច្រណែននឹង​​​កុមារ​​​ដូចគ្នា​​​ដែលមាន​​​អ្វីៗ​​​គ្រប់យ៉ាង។ បញ្ហា​​​ទាំងអស់នេះ​​​បានអូស​​​ទាញចិត្ដ​​​កុមារ​​​អនាថា​​​ទាំងនោះ ឱ្យ​​​ប្រព្រឹត្ដិ​​​អំពើណាមួយ​​​ដែលមិន​​​ត្រឹមត្រូវ ដូចជា​​​ទៅលួច​​​ឆក់ទ្រព្យសម្បត្ដិ​​​អ្នកដទៃ ទៅប្រើប្រាស់​​​គ្រឿងញៀន​​​ដើម្បីបំបាត់​​​ការគិត​​​ស្រមើល​​​ស្រមៃ​​​របស់ខ្លួន​​​ជាដើម។
  • ប៉ះពាល់​​​ទៅលើសង្គម នៅពេល​​​ក្មេងអនាថា​​​កាន់តែ​​​កើនឡើង មានន័យថា​​​សង្គមកំពុង​​​ឈានទៅរក​​​ការបាត់បង់​​​ធនធាន​​​មនុស្ស ដែលមាន​​​ផលប៉ះពាល់​​​យ៉ាងធ្ងន់ធ្ងរ​​​ដល់ការ​​​អភិវឌ្ឍន៍​​​សង្គម ជាពិសេស​​​លើវិស័យ​​​ទេសចរ។ តើនឹងមាន​​​អ្នកទេសចរ​​​ចូលមក កម្សាន្ដ​​​ទស្សនា​​​ក្នុងទឹកដី​​​កម្ពុជា​​​ទៀតទេ បើគ្រប់គ្នា​​​មើលឃើញតែ​​​ក្មេងសុំទាន ញៀនគ្រឿង​​​ស្រវឹង ដើរដេក​​​តាមចិញ្ចើមថ្នល់ តាម​​​សំយាបផ្ទះ និង​​​តាមទីសាធារណៈ​​​ផ្សេងៗនោះ?

ដំបូន្មានអ្នកប្រឹក្សា

សូមលោកអ្នក​​​គិតថា​​​ក្មេងអនាថា គឺជា​​​ជនរងគ្រោះ​​​ដោយហេតុផល​​​ផ្សេងៗ។ ដូចនេះ​​​សូមជួយ​​​ពួកគេ​​​ទៅតាម​​​លទ្ធភាពផង។ សូមលោកអ្នក​​​ធ្វើយ៉ាងណា​​​រក្សាសមាជិក​​​នៅក្នុង​​​គ្រួសារ​​​លោកអ្នក ប្រយោជន៍​​​កុំឱ្យ​​​កើនឡើង​​​នូវចំនួន​​​ក្មេងអនាថា​​​ទាំងនេះទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative