សម្រាលកូន​ដោយវះកាត់ ថែរក្សា​ទ្វារមាស តែខូចសុខភាព

ការសម្រាលកូន​ដោយវះកាត់​នាពេល​បច្ចុប្បន្ន​នេះ លែងក្លាយ​ទៅជារឿង​ធ្ងន់ធ្ងរ​ទៀត​ហើយ ព្រោះវា​មិនមែន​ទាល់តែកូនកើត​មិនរួច ឬ​ក៏មាន​សញ្ញា​គ្រោះថ្នាក់​ទើបអាច​ជ្រើសរើសយក​វិធីនេះ​នោះទេ។ មានស្ដ្រី​មួយចំនួន​ជ្រើសរើស​ការសម្រាល​កូនដោយ​វះកាត់នេះ ដោយសារ​ហេតុផល​ផ្សេងៗគ្នា ដូចជា​មិនចង់​ទ្រាំទ្រ​នឹងការ​ឈឺចាប់​ធ្ងន់ធ្ងរ​នៅពេល​សម្រាល មិនចង់​ឱ្យសរីរាង្គ​បន្ដពូជមាន របួស​គ្រាំគ្រា​ជាដើម។ ម្យ៉ាងទៀត អ្នកខ្លះ​ចង់ជ្រើស​រើស​ថ្ងៃល្អ​សម្រាប់​ផ្ដល់កំណើត​ឱ្យកូន​របស់គេ ដោយសារ​បញ្ហា​ជំនឿ​ផ្សេងៗ។ តើ ស្ដ្រីដែល​សម្រាលកូន​ដោយវះកាត់​មានវិធី​ថែរក្សា​ពិសេស​អ្វីខ្លះ ខុសពី​ស្ដ្រីដែល​សម្រាលកូន​ដោយ​ធម្មជាតិ?

រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រប់ស្ដ្រី​ដែល​ជ្រើសរើស​ការសម្រាល​កូនដោយ​វះកាត់ ចាំបាច់​ត្រូវតែយល់​ដឹងនូវ​បញ្ហា​មួយចំនួន​ដើម្បី​ជាទុន​ក្នុងការ​ថែរក្សា សុខភាព​របស់ខ្លួន​នៅក្រោយ​ពេល​សម្រាល។ ព្រោះថា​ការសម្រាល​ខុសពី​លក្ខណៈ​ធម្មជាតិ​ទាមទារ​ឱ្យមាន​ការថែ​ទាំយ៉ាង​ពិសេស។ ចំពោះ​វិធីសាស្ដ្រ​ផ្សេងៗដែល​ត្រូវអនុវត្ដ​នោះ ទស្សនាវដ្ដី សុខភាពយើង សូមនាំមក​បង្ហាញ​ដូចតទៅ។

មូលហេតុសម្រាលកូនដោយវះកាត់

ការ​សម្រាលកូន​ដោយវះកាត់ សំដៅ​ទៅលើ​ការសម្រាលកូន​ខុសពី​លក្ខណៈ​ធម្មជាតិ។ ការ​សម្រាល​កូនបែប​ធម្មជាតិ គឺជា ការ​សម្រាល​កូនតាម​ទ្វារមាស។ មានករណី ឬ​ហេតុផល​ផ្សេងៗ​ដែលនាំឱ្យ​មានការ​សម្រាល​កូនដោយ​វះកាត់។

1. មូលហេតុ​របស់ម្ដាយ

  • ម្ដាយ​មានត្រគាក​តូច ត្រគាកវៀច មានដុំសាច់ ឬ​ដុំអ្វីដែល​បាំងមាត់ស្បូន។
  • ស្ដ្រីដែល​ធ្លាប់ទទួលរង​ការដាច់​រហែក​ទ្វារមាសខ្លាំង រហូតដល់​ថង់លាមក​នៅពេល​សម្រាល​កូនលើកមុន។
  • ដោយសារ​ស្ដ្រីមាន​ជម្ងឺមួយ​ចំនួន ដូចជា​ជម្ងឺបេះដូង ជម្ងឺភ្នែក ឬ​វិកលចរិត ដែល​មិនអាច​ទទួលយក​ការសម្រាល​តាមទ្វារ មាសជា​ធម្មតាបាន។
  • ស្ដ្រីមួយ​ចំនួនដែល​មានលទ្ធភាព​អាចសម្រាលកូន​តាមធម្មតា​បាន តែបែរ​ជាជ្រើសរើស​វិធីសម្រាល​កូនដោយ​វះកាត់ទៅ វិញ ដោយគាត់​យល់ថា​អាចឱ្យរក្សា​រាងកាយ​ឱ្យនៅ​តែស្អាត​ដដែល។ ជាពិសេស​អាចរក្សា​ទ្វារមាស​បានល្អ មិនខូច​រូបរាង​ទៅតាមទំហំ កូននៅ​ពេលសម្រាល ឬ​ក៏រងរបួស​ប្រដាប់​បន្ដពូជ ដើម្បី​ឱ្យក្លាយ​ជាទីពេញចិត្ដ​របស់ស្វាមី និង​ខ្លួនគេ​ផ្ទាល់។ នៅកម្ពុជា​និន្នាការ​បែបនេះ កំពុងកើន​ឡើងគួរ​ឱ្យកត់​សម្គាល់​នៅក្នុង​ស្រទាប់ស្ដ្រី​ដែលរស់​នៅតាម​ទីក្រុង។

2. មូលហេតុ​របស់កូន

  • កូនមាន​រាងកាយ​ថ្លោស​ជ្រុលពេក
  • កូនភ្លោះ​ដែលក្បាល​កូនទីមួយ​មិននៅ​ខាងក្រោម
  • កូនទទឹងពោះ
  • ស្ថានភាព​កូនមិន​អនុញ្ញាតិ​ឱ្យរស់រាន​មានជីវិត​នៅក្នុងស្បូ​នតទៅ​ទៀតបាន។
  • ផលវិបាក​នៃការសម្រាលកូន​ដោយវះកាត់ ស្លាកស្នាម​ដែល​បន្សល់ទុក​ដោយការ​វះកាត់ ជួនកាល​បង្កនូវភាព​មិនពេញចិត្ដ​របស់ស្ដ្រីផ្ទាល់ និង​ស្វាមី។
  • ភ្លាមៗ​ក្រោយពេល​វះកាត់ ស្លាកស្នាម​ទាំងនោះ​អាចមាន​ដុំឈាម ទឹករង៉ៃ ឬ​បូសតែម្ដង។
  • នៅរយៈ​ពេលច្រើនខែ ឬ​ច្រើនឆ្នាំក្រោ​យពេល​វះកាត់ ស្ដ្រីអាច​កើតមាន​នូវភាពជាប់​ស្អិតក្នុងពោះ ឬ​ជាប់ស្អិត​របស់ពោះ វៀន​លើស្នាមវះ​កាត់នោះ។ ផលវិបាក​បែបនេះ​ច្រើនជួបប្រទះ​លើការវះ​ពោះដោយ​បញ្ឈរ។ ស្ដ្រីអាច​មាន​រោគសញ្ញា​ឈឺពោះ​រ៉ាំរ៉ៃ ឬ ស្ទះ​ពោះវៀន។
  • បញ្ហាមួយទៀត​ដែលអាច​ជួបនោះ គឺការចុះខ្សោយ​នៃពោះ​ត្រង់កន្លែង​វះកាត់ ដែល​ធ្វើឱ្យពោះ ឬ​ស្បៃពោះវៀន​លៀន ចេញមកទល់​ក្រោមស្បែក​ពេលស្ដ្រី​ប្រឹងក្អក។
  • ផលវិបាក​ចុងក្រោយ គឺភាពចុះខ្សោ​យនៃ​ស្បូន ជាពិសេស​នៅត្រង់​កន្លែង​វះកាត់។ ការ​ចុះខ្សោយ​នេះធ្វើឱ្យ​ស្ដ្រីប្រឈម មុខនឹង​ការបែកធ្លាយ​ស្បូននៅ​ពេល​សម្រាល​កូនលើក​ក្រោយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែទាំ​ខ្លួនក្រោយ​សម្រាល​ដោយ​វះកាត់

ការវះកាត់​យកកូន​ចេញរបស់​ស្ដ្រីមិន​មែនជា​រឿងធម្មតាទេ ព្រោះត្រូវ​វះពោះ ហើយវះស្បូន​ទៀតផង ទើបអាច​យកកូន ចេញមក​ក្រៅបាន។ ការវះកាត់​ត្រូវធ្វើ​ឡើង​ដោយគ្រូពេទ្យ​ជំនាញ​ទើប​ធានាបាន មិនកើត​មានគ្រោះថ្នាក់​ដែលអាច​កើតមាន​ក្នុងកំឡុង ពេលវះកាត់។ បន្ទាប់ពី​ការវះកាត់រួច គ្រូពេទ្យ​ជំនាញ​នឹងតាមដាន​សុខភាព​រាងកាយ​ស្ដ្រីនោះផ្ទាល់ ដោយរាប់​តាំងពី​កម្ដៅក្នុង​ខ្លួន ចំណុះទឹក នោម សម្ពាធ​ឈាម និង​សភាព​ប្រែប្រួល​នៃរាងកាយ​ទាំងមូល​តែម្ដង។ នៅពេល​ចេញ​ទៅផ្ទះ ស្ដ្រីខ្លួន​ឯងផ្ទាល់​ត្រូវតាម​ដាន និង​ថែទាំ សុខភាព​ជាប្រចាំ​ដូចស្ដ្រី​ដែលសម្រាលកូន​ដោយធម្មតា​ដែរ។ ប៉ុន្ដែរយៈ​ពេល៤៥​ថ្ងៃក្រោយ​ពេល​សម្រាល ស្ដ្រីនោះ​ត្រូវត្រឡប់មក ពិនិត្យ​សុខភាព​នៅមន្ទីរ​ពេទ្យ ដើម្បី​បានច្បាស់​លាស់ថា​គ្រប់យ៉ាង​នៃរាងកាយ​ត្រឡប់​មករកសភាព​ដើមវិញ និង​ជាសះស្បើយ​ហើយ​ឬ នៅ។ ម្យ៉ាងទៀត ស្ដ្រីនឹង​បានទទួល​ដំបូន្មាន​ផ្សេងៗពី​គ្រូពេទ្យ​ជំនាញ ជាពិសេស​ផ្ដោតសំខាន់​ទៅលើការ​មានផ្ទៃពោះ​ជាថ្មី​ទៀតរបស់ ស្ដ្រីដែល​សម្រាល​ដោយ​វះកាត់។ ពីព្រោះស្ដ្រី​ដែលសម្រាល​កូនដោយ​វះកាត់ យ៉ាងតិច​បំផុត​ក៏រយៈពេល២ឆ្នាំ​ដែរទើប​អាចមាន​ផ្ទៃពោះ ជាថ្មីទៀត បើមិន​ដូច្នោះទេ គឺអាច​ប្រឈមមុខ​នឹងគ្រោះថ្នាក់​ដល់អាយុជីវិត​មិនខាន​ឡើយ។

ដំបូន្មានអ្នកជំនាញ

ការសម្រាល​កូនតាម​ធម្មតា នៅតែ​ជាមធ្យោបាយ​ដ៏ល្អបំផុត​សម្រាប់​ស្ដ្រី។ ផលវិបាក​នៃការ​សម្រាលកូន​ដោយវះកាត់​ថ្វីត្បិត តែតិចតួច តែនៅ​ច្រើនជាង​ការសម្រាល​កូនតាម​ធម្មតា ដូចពាក្យ​ចាស់ៗ​តែងពោល​ថាអ្វីដែល​ខុសពី​លក្ខណៈ​ធម្មជាតិ មិនអាច​ទទួល ផលល្អ​ច្រើនឡើយ ទាមទារ​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ច្រើនបែប​ច្រើនយ៉ាង។ ផ្ទុយ​ទៅវិញ​ការសម្រាល​កូនដោយ​វះកាត់ ក្រៅពីអាច កំណត់​ពេលវេលា​ផ្ដល់កំណើត​បានច្បាស់​លាស់ និង​រក្សាស្ថានភាព​ទ្វារមាស​របស់​ស្ដ្រីតែប៉ុណ្ណោះ មិនមាន​ប្រយោជន៍​សម្រាប់​សុខភាព ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative