គន្លឹះកសាង​សុភមង្គល​ផ្លូវភេទ​ក្រោយពេល​ឆ្លងទន្លេ

កាលពី​លេខមុន លោកអ្នក​បានជ្រាប​រួចមក​ហើយអំពី​ពេលវេលា​ដែលគួរ​ចាប់ផ្ដើម​រួមភេទ និង​មធ្យោបាយ​ពន្យារ​កំណើត ដែលគួរ​ប្រើក្រោយ​ពេល​សម្រាល។ ពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូម​លើក​​​មក​បង្ហាញ​​​ជូន​បន្ដ​អំពី​ស្ថាន​ភាព​គ្រួសារ​​ក្រោយ ពេល​សម្រាល សុខភាពស្ដ្រី​ក្រោយពេល​ឆ្លងទន្លេ ដំណោះ​ស្រាយ​ប្រសើរ​បំផុត និង​ប្រការ​ដែលត្រូវ​ធ្វើផ្សេងៗ ដើម្បី​កសាង​សុភមង្គល ផ្លូវភេទ​ក្រោយ​ឆ្លងទន្លេ។ ស្នេហា​ត្រីកោណ​ប្ដីប្រពន្ធ​និង​កូនត្រូវ​ស្ថិតស្ថេរ​សុខុដុម​រមនា ទើបជា​ទីប្រាថ្នា​ចង់បាន​របស់​គ្រួសារ និង​សង្គម ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ស្ថានភាព​លំបាក​ផ្លូវភេទ​ទាក់ទង​នឹងការ​សម្រាល កើត​មានឡើង​ជារឿយ។ ស្ដ្រី​ក្រោយឆ្លង​ទន្លេកើត​មានជា​អាការ​ស្លេក ស្លាំង អស់​កម្លាំង ឬ​បាក់ទឹក​ចិត្ដ ទាំងនេះ​កាត់បន្ថយ​តម្រេក​ផ្លូវភេទ​របស់គាត់។ គាត់អាច​នៅ​សេសសល់​ស្នាម​របួស​ដែលកើត​មានពេល សម្រាលកូន ឬ​មានបញ្ហា​ជាតិអ័រម៉ូន​ជាដើម។ ប៉ុន្មាន​ខែដំបូង ក្រោយ​កំណើត​របស់​ទារក ស្ដ្រីស្ទើរ​តែប្រើប្រាស់​ពេលវេលា​ទាំងស្រុង សម្រាប់កូន។ ថាមពល​ទាំងអស់​ត្រូវប្រើ​ប្រាស់​សម្រាប់​ថែទាំកូន ពេលយប់​ជួនមិន​បាន​ទទួលទាន​ដំណេក​ទៀតផង។ ជា​លទ្ធផល​សល់ ពេល​តិចតួច​បំផុត​សម្រាប់​ជីវភាព​ផ្លូវភេទ។ រីឯបុរស​វិញ ក៏រង​ផលប៉ះពាល់​ពីកំណើត​របស់​ទារក​ដែរ។ បុរស​មួយចំនួន​នៅតែ​សប្បាយ​ចិត្ដជានិច្ច​ក្នុងការ​ចូលរួម​គាំទ្រស្ដ្រី ជាភរិយា តែបុរស​ខ្លះក៏រង​ការប៉ះពាល់​ផ្លូវចិត្ដ​ពេលឮ​ថាប្រពន្ធរង​នូវការ​វះកាត់ ឬ​ការកាត់​ទ្វារមាស។

សុខភាពស្ដ្រីក្រោយពេលសម្រាល

ក្រោយពេល​សម្រាល រាងកាយ​ស្ដ្រីត្រូវ​ការពេល​វេលាបី​បួន​សប្ដាហ៍ ដើម្បី​វិល​ទៅរកសភាព​ដើមវិញ ស្បូន​រត់ទៅ​រកសភាព ដើមវិញ មាត់ស្បូន​ជាសះស្បើយ​បានល្អ រីឯ​ទ្វារមាស​ដែលរីកធំ​ដោយការ​ឆ្លងកាត់​របស់​ទារក ក៏វិល​ទៅរក​ទម្រង់​ដើមវិញ និង​ភាពយឺត រួមវិញ​ដែរ។ សាច់ដុំ​ទ្វារមាស​ដែលមាន​សភាព​ទាញយ៉ឹត​ខ្សោយ​ជាងមុន​នោះ គ្រាន់តែ​ជាស្ថានភាព​បណ្ដោះ​អាសន្ន​តែប៉ុណ្ណោះ សាច់ដុំ ទាំងនោះ​នឹងមាន​រំញោច និង​ពង្រឹង ដោយ​ការដាស់​តម្រូវការ​ឡើងវិញ ដូចជា​ហាត់ប្រាណ​ពង្រឹងសាច់​ដុំទ្វារមាស​ជាដើម។

  • សម្រាល​ដោយកាត់​ទ្វារមាស របួស​ទ្វារមាស ជាធម្មតា​ជាសះស្បើយ​នៅសប្ដាហ៍ទី​២ទៅទី៣។ មុនចាប់​រួមភេទ​ឡើង វិញ សូមរង់ចាំ​របួស​ជាសះ​ស្បើយ​សិន។ ប្រសិនបើ​តំបន់សាច់​ដុំទ្វារមាស​មានអាការ​ឈឺចាប់​លើសពី​បីបួន​សប្ដាហ៍ សូមទៅ​ពិគ្រោះជា មួយ​គ្រូពេទ្យ។
  • សម្រាល​ដោយវះកាត់ របួសស្នាម​វះកាត់​ត្រូវការ​រយៈពេល​យូរទើប​មានការ​ជាសះ​ស្បើយ ប៉ុន្ដែ​មិនសូវ​មានការ​ឈឺ ផ្សារ​ដូចការ​សម្រាល​ដោយកាត់​ទ្វារមាស​ឡើយ។ សាច់ដុំ និង​ជាលិកាត្រង់​ថ្នេរដេរ អាចឈឺ​ក្រហាយ ឬ​ខ្ញាកៗ ក្នុង​កំឡុង​ពេលជា​ច្រើន សប្ដាហ៍។ បើមាន​ការរួមភេទ សូមរកកាយ​វិការ ឬ​ក្បាច់​រួមភេទ​ណាដែល​មិនសូវ​បង្កការ​ឈឺចាប់ ជាពិសេស​សូមចៀស​វាងការ​រួមភេទ មុខទល់មុខ។
  • ទ្វារមាស​ស្ងួត ក្រោយ​ពេល​សម្រាល ជាតិ​អ៊ឺសស្ដ្រូហ្សែន​ដែល​បញ្ចេញ​ដោយ​ប្រមោយ​ស្បូន​មាន​បរិមាណ​ថមថយ ដែល​ជាហេតុ​បង្កសភាព​ស្ងួតដល់​ទ្វារមាស។ បាតុភូត​នេះអូស​បន្លាយ​រិតតែយូរ​ក្នុងករណី​បំបៅ​ដោះកូន។ ប្រសិនបើ​លោកស្រី​អ្នកនាង គិតថា​រំខាន សូមប្រើ​ប្រាស់​ប្រេងរំអិល​ទ្វារមាស។

ក្រោយ​សម្រាល ជីវភាព​ផ្លូវភេទប្ដី​ប្រពន្ធ​ក្រឡាប់​ចាក់

ពេលលោក​អ្នកមានកូន ក្នុងគ្រួសារ​ម្នាក់ៗ​ពិតជា​សប្បាយ​ចិត្ដ។ បុរស​ជាឪពុក​របស់​កូនង៉ែត ថ្វីត្បិត​តែសប្បាយចិត្ដ​ដែលទើប តែទទួល​បានកូន​ម្នាក់ តែគាត់​ក៏ត្រូវ​ការដៃ​ថ្នាក់ថ្នម​របស់ស្ដ្រី​ជាភរិយា​ផងដែរ។ ក្រោយ​សម្រាល ជីវភាព​ផ្លូវភេទ​ពិតជា​ច្របូក​ច្របល់ ឬ​ក្រឡាប់​ចាក់។ អ្នកជំនាញ​ខាងផ្លូវភេទ​បានលើក​ឡើងថា សូមចាប់​ផ្ដើមដោយ​សន្សឹមៗ លោកអ្នក​អាចរួមភេទ​បានយ៉ាង​ហោច​ណាស់ ក៏ចំណាយ​ពេលយ៉ាង​តិចបំផុត​៤សប្ដាហ៍​ដែរ។ ជីវភាព​ផ្លូវភេទ​វិលមក​រកសភាព​ដើមទាំង​ស្រុងវិញ​ត្រូវចំណាយ​ពេលចំនួន​៩ខែក្រោយ កំណើត​របស់កូន។ ពីព្រោះ​ថាក្រោយ​សម្រាល ទ្វារមាស​របស់យុវ​មាតានៅ​ផុយស្រួយ និង​នៅមានការ​ឈឺចាប់នៅ​ឡើយ។ មាន​ហេតុ ផលជា​ច្រើន ដូចជា​ទ្វារមាស​ត្រូវរង​ការរីក​ធំយឺតយារ​ដោយសារ​ការឆ្លងកាត់​របស់ទារក ជួន​ដោយសារ​ការប្រើ​ប្រាស់​ឧបករណ៍​ផ្សេងៗ ពេល​សម្រាល​ជាដើម។ ជារឿយៗ ស្ដ្រី​សម្រាល​កូនទទួល​រងការ​កាត់​ទ្វារមាស (ជាការ​កាត់មាត់​ទ្វារមាស​ដើម្បី​ពង្រីក​ច្រកចេញ​ដល់ ទារក​ដែលលូន​ចេញ) ដែល​យ៉ាងហោច​ណាស់២​សប្ដាហ៍​ដំបូង​តម្រូវ​ឱ្យមាន​ការថែទាំ និង​ព្យាបាល។ នៅក្នុង​រយៈពេល​នេះដែរ ស្ដ្រីមាន ហូរឈាម និង​ទឹករង៉ៃ​តាមទ្វារមាស ដែលជួន​មានប្រភព​ដើមចេញ​ពីស្បូន។

ក្រោយ​កំណើត​របស់ទារក អ្វីៗទាំង​អស់ផ្ដោត​ទៅលើ​ទារក។ ទំនាក់​ទំនង​ស្នេហាប្ដី​ប្រពន្ធ​ជួនត្រូវ​បានបំភ្លេច។ ដូច្នេះ​គូស្វាមី ភរិយា មិនត្រូវ​បំភ្លេចបង្កើន​មធ្យោបាយ​ដាស់​កាមារម្មណ៍ និង​ភាពស្និទ្ធិ​ស្នាល​ឡើយ។

ប្រសិនបើ​ទារកជាកូន​របស់លោក​អ្នកដេក​នៅក្នុង​បន្ទប់ដេក​របស់លោកអ្នក វត្ដមាន​ជាប្រចាំ​នៅក្បែរ​ខ្លួនលោកអ្នក ឬ​ការ​ភ័យខ្លាច​ទារកភ្ញាក់ អាចបង្ក​ការប៉ះពាល់​ដល់ការ​ចាប់ផ្ដើម​ជីវភាពផ្លូវ​ភេទជាថ្មី។ គូស្នេហ៍​ដែលធ្លាប់​តែល្អូកល្អឺន​តែពីរនាក់ កូនគឺ​ជាអ្នក ទី៣ដែល​មកជ្រៀត​ជ្រែកស្នេហា​ត្រីកោណ​នេះ។ ទំនាក់​ទំនង​គូស្នេហ៍​ត្រូវបានកាត់​បន្ថយ ឬ​កាត់ផ្ដាច់។ ប្ដីប្រពន្ធ​ជាគូស្នេហ៍​ក្លាយទៅ​ជាប្ដីប្រពន្ធ​ជាឪពុក​ម្ដាយ ដែលជា​ហេតុធ្វើ​ឱ្យបាត់​លំនឹង​គ្រួសារ។

ម្យ៉ាងទៀត​បើក្រឡេក​ទៅមើល​ផ្លូវចិត្ដ​ផ្លូវអារម្មណ៍​ដែលកំពុង​តែក្រឡាប់ចាក់ ក្លាយខ្លួន​ពីភរិយា​ទៅជា​ម្ដាយ ស្ដ្រី​មានអាការ​ហេវហត់​អស់កម្លាំង។ ជួនមាន​អារម្មណ៍​ភ័យខ្លាច​ឈឺចាប់ បើមាន​ការរួមភេទ​ដែល​ស៊កលិង្គ​ចូលទៅ​ក្នុងទ្វា​រមាស។ មិនទាន់​អស់ទេ នៅមាន​បញ្ហាផ្សេងៗ​ទៀត ជាអាទិភ័យ​ខ្លាចភ្ញាក់​កូន ខ្លាចទាស់​ដំណេក​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំណោះ​ស្រាយ​ប្រសើរបំផុត និង​ប្រការ​ត្រូវធ្វើ មិនត្រូវ​ធ្វេស​ប្រហែស

  • ក្រោយ​ពេល​សម្រាល គូស្នេហ៍​ដែលធ្លាប់​ល្អូកល្អឺន​តែពីរនាក់ មាន​កូនម្នាក់​ទៀត​ដែលជា​អ្នកទី៣ តើនឹង​មានអ្វី​កើត​ឡើង ខ្លះ? ដំណោះ​ស្រាយ​ប្រសើរ​បំផុត គឺបង្កើន​ទំនាក់ទំនង​ឱ្យបាន​ច្រើន និង​និយាយ​ប្រាប់គ្នា​អំពីអារម្មណ៍​ទៅវិញ​ទៅមក។ ហើយ​ត្រូវមាន ឱកាស​ស្វែងយល់​អំពីគ្នា ថើបគ្នា បបោស​អង្អែល​គ្នាផង​ដែរ​ជាដើម។
  • កំណើន​កិច្ចការ​ប្រចាំថ្ងៃ និង​ការភ្ញាក់​របស់ទារក​នៅកណ្ដាល​យប់ ធ្វើឱ្យ​លោកអ្នក​អស់កម្លាំង​កំហែង​ជារឿយៗ។ តម្រេក ផ្លូវភេទ​ក៏ទទួលរង​ការថមថយ មិនអាច​គេចផុត​ផងដែរ។ ប្រសិនបើ​លោកស្រី​អ្នកនាង​ហត់នឿយ​ខ្លាំង សូម​ប្រើពេល​សម្រាក​ឱ្យបាន គ្រប់គ្រាន់ ហើយសូម​ពន្យល់​ទៅឪពុក​របស់​ទារកផង។ ប្រសិនបើ​បុរស​ជាប្ដី ឬ​ជាឪពុក​របស់ទារក​អាចជួយ​រំលែក​បន្ទុក​ប្រចាំថ្ងៃ​បាន ច្រើន នោះ​លោកស្រី​អ្នកនាង​នឹងស្រាល​ទាំងខាង​ផ្លូវកាយទាំង​ខាងផ្លូវចិត្ដ ស្រឡះ​ខ្លួន និង​មានពេលវេលា​សម្រាប់​ជីវភាព​ផ្លូវភេទ​របស់ ខ្លួន។
  • ក្រោយ​កំណើត​របស់កូន អ្នកម្ដាយ​ត្រូវបំពេញ​ឱ្យកូន​នូវសេចក្ដី​ស្រឡាញ់ និង​ការថ្នាក់ថ្នម​ចៀសមិន​ផុត។ ស្ដ្រីខ្លួន​ឯងវិញក៏ ត្រូវការ​ការថ្នាក់ថ្នម និង​ពេលវេលា​ដើម្បី​តម្រេក​កាមវិញ​ផងដែរ។ ភាព​ស្និទ្ធិ​ស្នាល និង​កិច្ចទំនាក់​ទំនង ឬ​និយាយស្ដី​ជាមួយ​បុរសជាដៃ គូ ជាមូល​ដ្ឋានគ្រឹះ​រឹងមាំ​ដែលអាច​ជួយបញ្ចៀស​បាននូវ​ភាពឯកោ​របស់​បុរស។
  • ជាទូទៅ​កំណើត​របស់កូន​ជាពិសេស​កូនដំបូង តែងធ្វើ​ឱ្យលំនឹង​គ្រួសារ​ក្រឡាប់​ចាក់ ប្ដីប្រពន្ធ​ជាគូស្នេហ៍ ទៅជាប្ដី​ប្រពន្ធ​ជា ឪពុកម្ដាយ បែបនេះ​អាចប៉ះ​ពាល់ដល់​ដៃគូ​ស្នេហាម្នាក់ៗ​នៅក្នុង​សម្ព័ន្ធភាព​គ្រួសារនេះ។ សូមព្យាយាម​និយាយ​រកគ្នា ជជែកគ្នា ដើម្បី ទទួលបាន​ជីវភាព​ផ្លូវភេទ​រីករាយ ប្រកប​ដោយ​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​ថ្មីនេះ។
  • ការស្រក ឬ​ឡើងទម្ងន់​ក្រោយ​ពេលសម្រាល បម្រែ​បម្រួល​រូបរាងកាយ របួសស្នាម​ទ្វារមាស​ពេលសម្រាល ឬ​ស្នាម​របួស វះកាត់ ជាកត្ដា​អាច​ធ្វើឱ្យស្ដ្រី​បាត់បង់​នូវទំនុកចិត្ដ​លើខ្លួនឯង។ សូមទុក​ឱ្យពេល​វេលា​ជួយចងភ្ជាប់​លោកស្រី​អ្នកនាង​ទៅនឹង​ខ្លួនប្រាណ វិញ និង​វិលទៅ​រកតម្រេក​កាមដូច​ដើមវិញ។
  • មុនរួមភេទ សូមឱ្យ​ទារកបៅដោះ​ជាមុនសិន ពីព្រោះថា​ការភ្ញោច​ផ្លូវភេទ​អាចបង្ក​ការបាញ់​ទឹកដោះ​ចេញ។ ហើយក៏មិន ត្រូវបំភ្លេច​ការពន្យារ​កំណើត​ផងដែរ បើសិនជា​មិនទាន់​ចង់បានកូន ពីព្រោះថា​យុវមាតា​អាចមាន​ផ្ទៃពោះ​ជាថ្មី ទោះបីបំបៅ​ដោះកូនក៏ ដោយ។
  • ក្រោយ​ពេលសម្រាល ការស្ងួតទ្វារ​មាសកើត​មានជារឿយៗ សូម​ប្រើប្រាស់​ប្រេង​រំអិលទ្វារ​មាសពេល​រួមភេទ។
  • ការជ្រើស​រើសក្បាច់​រួមភេទ​ក៏ជាចំណុច​គួរយក​ចិត្ដទុកដាក់​ផងដែរ។ កាយវិការ ឬ​ក្បាច់ស្ដ្រី​ច្រកគាវ​លើបុរស​អាចជួយ ត្រួតត្រា​ចង្វាក់ និង​ទីជម្រៅ​នៃការ​ស៊កបញ្ចូល​លិង្គ។
  • ចំណុច​សំខាន់​បំផុត​មួយទៀត សូម​និយាយ​ជាមួយ​បុរសជាប្ដី ធ្វើឱ្យ​គាត់រួមសុខ​រួមទុក្ខ​ជាមួយ​លោកស្រី​អ្នកនាង ទាំងផ្លូវ កាយ​ទាំងផ្លូវចិត្ដ មិន​ត្រូវលាក់​លៀមឡើយ សូមធ្វើ​ឱ្យបុរស​មានទំនុកចិត្ដ​ផងដែរ។ មិន​ត្រូវលាក់​ទុកនូវ​ប្រការ​ទាំងឡាយ​នៅក្នុងរង្វង់ គ្រួសារ​ឡើយ។ សូមដាស់​តម្រេកកាម ឬ​សេចក្ដីសុខ​ផ្លូវភេទ ដោយការ​ថ្នាក់​ថ្នមគ្នា ច្របាច់​ដៃជើង​ឱ្យគ្នា ថើប​បបោស​អង្អែល​គ្នា និង ល្បែងដាស់​កាមារម្មណ៍។ មានតែភាព​ស្និទ្ធិស្នាល និង​ផ្អែមល្ហែម​រកគ្នាទេ ដែល​អាចជួយ​ហៅរក​ជីវភាព​ផ្លូវភេទ​រីករាយ​ប្រកបដោយ សុភមង្គល​មកវិញបាន​ឆាប់រហ័ស។ ធ្វើបាន​ដូចបាន​រៀបរាប់នេះ សូម​ត្រៀមខ្លួន​ទាំងពីរ​នាក់ទៅ! ដល់ពេល​ហើយ!

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative