វិធីជ្រើសរើសផលិតផលថែរក្សាស្បែក

ការនិយម​រក្សាស្បែក​ឱ្យស្អាត​សភ្លឺ​ចែងចាំង បង្អន់​ភាព​ជ្រីវជ្រួញ​ក្មេងជាង​វ័យ គឺគ្មានថ្ងៃ​សាបរលាប​ពីក្នុងចិត្ដ​របស់​សុភាពនា រីនោះទេ ព្រោះនរណាៗ​ក៏ចង់​ឱ្យសម្រស់​នៅក្មេង​បានយូរ។ ដូច្នេះ​ទើប​​​ផលិតផល​​​​រក្សា​ស្បែក​​​លក់ដាច់​ខ្លាំងណាស់​​​​នៅ​​​លើ​ទីផ្សារ។ ផលិតផល​ខ្លះមាន​ប្រយោជន៍ រីឯផលិតផល​ខ្លះទៀត​បានបំផ្លាញ​ស្បែក​ទៅវិញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ថ្វីត្បិត​តែមាន​ផលិតផល​ច្រើនប្រភេទ​មែន ក៏ប៉ុន្ដែ​មិនមែន​នរណា​ក៏ចេះ​តែជ្រើសរើស​បាននូវ​ផលិតផល​ដែល​សក្ដិសម​នឹង ស្បែក​របស់ខ្លួន​នោះទេ។ ដើម្បី​ជាជំនួយ​ដល់សុភាពនារី​ក្នុងការ​ជ្រើសរើស​ផលិតផល​រក្សាស្បែក​ឱ្យសមស្រប មិនខាត​ពេលវេលា និង ថវិកា ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកវិធី​ក្នុងការ​ជ្រើសរើស​ផលិតផល​រក្សាស្បែក​មកជម្រាប​ជូន។

ផលិតផលរក្សាស្បែក ជាអ្វី?

ផលិតផល​រក្សាស្បែក គីជា​ផលិតផល​ប្រើសម្រាប់​ជំនួយ​ដល់ស្បែក​ឱ្យស្រស់​ស្អាត​តាមតម្រូវ​ការរបស់​អ្នក​ប្រើប្រាស់។ ផលិត ផល​រក្សាស្បែក​ភាគច្រើន​និយម​ប្រើវាជា​ម្សៅឡេ ឬ​ក្រែម​សម្រាប់​លាបលើ​ស្បែក។ ការលាប​ម្សៅឡេ ឬ​ក្រែមទាំង​នេះបាន​ជោគជ័យ ត្រូវពឹងផ្អែក​ទៅលើ​ប្រភេទ​ស្បែក និង​ការ​ជ្រើសរើស​ម្សៅក្រែម ឬ​ឡេឱ្យ​សក្ដិសម។

ស្បែកស្ងួត

សុភាពនារី​ដែលមាន​ស្បែកស្ងួត​ត្រូវការ​ម្សៅក្រែម ឬ​ឡេដែល​មាន​សារធាតុវី​តាមីនច្រើន​សម្រាប់​បំប៉ន​ស្បែក​ឱ្យមាន​សំណើម ឡើងវិញ។ ក៏ប៉ុន្ដែ​គប្បីត្រូវ​ប្រយ័ត្ន​ផងដែរ ព្រោះ​អ្នកដែល​មានស្បែកស្ងួត​ងាយចាញ់​ផលិតផល​ណាស់។ ចៀសវាង​ការងូត​ទឹកក្ដៅ និងត្រូវ ពន្លឺថ្ងៃ​រយៈពេល​យូរ ព្រោះវាអាច​ធ្វើស្បែក​កាន់តែ​ស្ងួត។

ស្បែកខ្លាញ់

អ្នកនាង​កញ្ញា​ដែលមាន​ស្បែក​ប្រភេទនេះ ជាប្រភេទ​ស្បែកដ៏​យ៉ាប់យ៉ឺន​បង្គួរ។ ស្បែកខ្លាញ់ ឬ​ស្បែកមាន​ជាតិខ្លាញ់ ងាយ​ប្រឡាក់​ធូលីដែល​ធ្វើឱ្យស្បែក​ឡើងស្អិតៗ​ដូចកាវ​ខាប់ ប្រសិនបើ​មិនសម្អាត​ឱ្យត្រឹមត្រូវ អាចបង្ក​ស្នាមខ្មៅ​តូចៗ​នៅលើ​ស្បែក។ ស្បែក ខ្លាញ់​គួរតែ​ជ្រើសរើស​យកម្សៅ​ក្រែម ឬ​ឡេដែល​មានជាតិ​ខ្លាញ់​តិចបំផុត ទើប​មើលទៅ​មិនឃើញ​ស្បែក​រងើម។

ស្បែក​ធម្មតា

បើសិន​ជាស្បែក​អ្នក​នាងកញ្ញា​ស្ថិតក្នុង​ប្រភេទ​នេះ ពិតជាការ​ប្រសើរ​ណាស់ មិនចាំបាច់​គិត​ច្រើនទេ ព្រោះ​ផលិតផល​ណាក៏​អាច ប្រើបាន​ដែរ។ ចំណុច​ដែលបាន​លើកមក​ជម្រាប​ជូននេះ សម្រាប់​ជាជំនួយ​ដល់​សុភាពនារី​ទាំងឡាយ មុន​ជ្រើសរើស​ទិញ​ផលិតផល​ច្រើន​សន្ធឹក សន្ធាប់​ទាំងនេះ។ ហើយប្រការ​សំខាន់ គឺត្រូវ​សមប្រកប​ជាមួយ​ស្បែកផង​ដែរ។ បើប្រើ​យូរៗទៅ វាអាច​ធ្វើឱ្យស្បែក​កាន់តែល្អ នោះសុភាពនារី​នឹងប្រាកដ​ក្នុងចិត្ដ​ថាផលិតផល​នោះហើយ​គួរតែ​ប្រើវា​ជារៀង​រហូត។ ប៉ុន្ដែនៅ​ពេល​ដែល​ទិញ​ផលិតផល មិនគួរ​ភ្លេចមើល​នូវកាល​បរិច្ឆេទ និង​ការកំណត់​នៃអាយុ​ផលិតផល​អស់ទាំង​នោះឡើយ។

ដំបូន្មានអ្នកជំនាញ

ផលិតផល​រក្សាស្បែក​អាចជំនួយ​ឱ្យស្បែក​ស្រស់ស្អាត​បាន ហើយ​ក៏អាច​បំផ្លាញ​ស្បែក​យើង​ផងដែរ។ សូម​ជ្រើសរើស​ផលិតផល ណា​ដែលមាន​គុណភាព​សម្រាប់​ស្បែក។ ក្រៅពីនេះ ក៏គួរ​រក្សាស្បែក​តាមរយៈ​ការទទួល​ទានបន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ដោយមិន​ចាំបាច់​ចំណាយ​ប្រាក់ច្រើន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative