វិធីបំបាត់ក្លិនមាត់

មនុស្សម្នាក់ៗ​មិនអាច​រស់នៅ​តែឯក​ឯង​ដោយគ្មាន​ការទំនាក់​ទំនង​ជាមួយ​មនុស្ស​ខាងក្រៅ​នោះឡើយ។ ចាំបាច់​ត្រូវតែមានការ​ប្រាស្រ័យ​ទាក់ទង​រវាងគ្នា​នឹងគ្នា ហើយការ​ធ្វើឱ្យ​មានសម្ព័ន្ធភាព​នៅក្នុង​សង្គម ពិតជា​រឿង​សំខាន់​ណាស់​សម្រាប់​ជីវិតរស់​នៅប្រចាំថ្ងៃ។ ទាំងនេះ​គឺអាស្រ័យ​ទៅលើ​កត្ដាច្រើន​យ៉ាង ដូចជាការ​គួរសម ភាពរួសរាយ​រាក់ទាក់ ការមាន​សន្ដានចិត្ដ ការប្រើ​ប្រាស់​ពាក្យសម្ដី ផ្អែមល្ហែម​ជាដើម។ ឯបញ្ហា​ក្លិនមាត់​ក៏ជាផ្នែក​មួយ​ក្នុងចំណោម​ចំណុច​សំខាន់ៗ​ទាំងនោះ​ដែរ ប្រសិនបើ​មានក្លិន​មាត់មិន​ល្អ ក៏នាំ​ឱ្យការទាក់ទង​ជាមួយ​សមាជិក​ក្នុងសង្គម និង​ក្នុងគ្រួសារ​ត្រូវជួប​នូវវិបត្ដិ​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ឱ្យកាន់តែ​មានភាព​ស្និទ្ធស្នាល​ជាមួយ​អ្នកដទៃ កត្ដា​ចម្បង​ត្រូវបំបាត់​ក្លិនមាត់​ជាមុនសិន។ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​ទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធាន​ក្រុមគ្រូពេទ្យ​នៃមន្ទីរ​ព្យាបាល​ធ្មេញ​បស្ចឹម ដើម្បី​ស្រាយបំភ្លឺ​អំពីបញ្ហា​នេះ ជូនមិត្ដ​អ្នកអាន។

ក្លិនមាត់ ជាអ្វី?

ក្លិនមាត់ គឺចង់​សំដៅទៅ​លើមាត់​ដែលមាន​ក្លិនមិនល្អ។ ហើយក្លិន​ដែលមិន​ល្អនេះ​បណ្ដាល​មកពី​កត្ដាបី​យ៉ាង គឺ​បញ្ហាមាត់​ខ្លួន ឯងផ្ទាល់ បញ្ហាច្រមុះ និង​បញ្ហា​ក្រពះ។ មូលហេតុ​ទាំងបីនេះ​បានបង្ក​ធ្វើឱ្យ​មាត់មានក្លិន​មិនល្អ ដែល​ពិបាក​ក្នុងការ​ធ្វើទំនាក់​ទំនង​ជាមួយ អ្នកដទៃ។ ព្រោះ​នៅពេល​ដែលនិយាយ​ទៅកាន់​អ្នកណា​ម្នាក់ ខ្យល់​ដែល​បញ្ចេញ​ទៅនោះ​ជាខ្យល់​ដែលមាន​ក្លិន​មិនល្អ​ទៅលើ​អ្នកដែល នៅជុំវិញខ្លួន ពិសេស​អ្នកដែល​និយាយ​ទៅកាន់​តែម្ដង។

មូលហេតុនាំឱ្យមានក្លិនមាត់

កត្ដាបី​យ៉ាងដែល​បណ្ដាល​ឱ្យមាន​ក្លិនមាត់ គឺបញ្ហា​មាត់ធ្មេញ បញ្ហា​ច្រមុះ និង​បញ្ហាក្រពះ។

1. បញ្ហាមាត់​ធ្មេញ ៖ ធ្មេញ​ដែលមាន​ប្រហោង ឬ​ធ្មេញពុក​ច្រើនបណ្ដាល​មកពី​មិនបាន​សម្អាត​ឱ្យបានល្អ។ កាក​សំណល់ អាហារ​ដែលនៅ​ជាប់នឹង​ធ្មេញក្រោយ​រយៈពេល​៦ម៉ោង បំលែង​ទៅជា​អាស៊ីដ មាន​ប្រតិកម្ម​ជាមួយ​ជាតិកាល់​ស្យូមនៃ​ធ្មេញ ធ្វើឱ្យធ្មេញ ខូច។ ហើយ​កាកសំណល់​ដែលនៅ​ជាប់នឹង​ប្រហោង​ធ្មេញ​ខូចនោះ​នឹងធ្វើ​ឱ្យមាន​បញ្ហាក្លិនមាត់​នេះឡើង។ កាកសំណល់​ចំណីអាហារ ដែលនៅ​ជាប់នឹង​អណ្ដាត មិនបាន​សម្អាត​ក៏បណ្ដាល​ឱ្យមាន​បញ្ហាក្លិន​មាត់ដែរ។ ម្យ៉ាង​ទៀត ការដាក់​ធ្មេញមិន​បានល្អ​ត្រឹមត្រូវ​ក៏អាចធ្វើ ឱ្យ​មាត់មានក្លិន​មិនល្អដែរ ពិសេស​ការដាក់​ធ្មេញ​ដែលមាន​ជាតិប្លាស្ទិក។ ព្រោះប្រភេទ​ធ្មេញ​ដាក់នេះ​អាចជ្រាប​ទឹកបាន ប៉ុន្ដែ​ទឹកមិន អាចចេញ​វិញបានទេ។ ហើយ​ទឹកដែល​ជ្រាបចូល​ទៅក្នុង​ប្រហោងធ្មេញ​យូរទៅ ធ្វើឱ្យ​មានក្លិន​មិនល្អកើត​ឡើង។

2. បញ្ហាច្រមុះ ច្រមុះ​ដែលមាន​បញ្ហា ដូចជា​ការរលាក​ជាដើម ក៏អាច​បណ្ដាល​ឱ្យមាន​ក្លិនមាត់​ដែរ។ ទោះបី​មិនបង្ក​ជា បញ្ហាក្លិន​ខ្លាំងក៏ដោយ ក៏ជា​កត្ដារួមផ្សំ​ដែលអាច​ធ្វើឱ្យមាន​ក្លិនកាន់​តែខ្លាំង។

៣. បញ្ហាក្រពះ បញ្ហា​មានក្លិន​មាត់មិនល្អ ក៏អាច​បណ្ដាល​មកពីមាន​ជម្ងឺរលាក​ក្រពះផង​ដែរ។ កាលណា​មានជម្ងឺ​រលាក ក្រពះ​ធ្វើឱ្យមាន​ក្លិនមិន​ប្រសើរ​ចេញពី​ក្រពះមក​មាត់ ហើយ​ធ្វើឱ្យមាត់​មានក្លិន​មិនល្អ។ ក្លិនមាត់​មិនល្អ​នេះពិបាក​ក្នុងការ​ធ្វើទំនាក់ ទំនង។

ផលប៉ះពាល់ដែលបណ្ដាលមកពីមានក្លិនមាត់

ចៀស​មិនផុត​ពីការធ្វើ​ឱ្យមាន​ផលប៉ះពាល់​នោះឡើយ ប្រសិនបើ​មានបញ្ហាក្លិន​មាត់មិនល្អ។ ហើយ​ការប៉ះ​ពាល់​ទាំងនោះ តែងតែ​ផ្ដល់ជា​គុណវិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​អ្នកដែល​មានបញ្ហា​ក្លិនមាត់​នេះ។

  • ក្លិនមាត់​ប៉ះពាល់​ដល់ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយដៃ​គូសន្ទនា ព្រោះនៅ​ពេលមាន​បញ្ហាក្លិនមាត់​កើតឡើង ក្លិន​ដែលមិន ល្អនោះ​អាចធ្វើ​ឱ្យអ្នកដទៃ​មិនចង់​មានទំនាក់​ទំនង​ជាមួយ ឱកាស​នៃការ​ធ្វើសម្ព័ន្ធភាព​ដទៃទៀត​ជាមួយ​បុគ្គល​ក្នុងសង្គម​នឹង​ត្រូវបាត់ បង់។
  • ក្លិនមាត់​អាចមាន​ផលប៉ះពាល់​ចំពោះ​សុខភាព​ទូទៅ ជាពិសេស​បញ្ហាក្លិន​មាត់​ដែល​បណ្ដាលមក​ពីការ​មានកាក​សំណល់​នៅ ជាប់នឹង​ធ្មេញ អណ្ដាត និង​នៅក្នុង​ប្រហោង​ធ្មេញ​ដែលខូច។ កាក​សំណល់​អាហារ​ទាំងនេះ​យូរទៅ​នឹងបង្ក​ឱ្យកើត​ជាមេរោគ​ដែលអាច ជ្រាបចូល​ទៅក្នុង​សរសៃ​ឈាម ឬ​ប្រព័ន្ធ​សរសៃ​ឈាម​តាមរយៈ​ទឹកមាត់​ដែលប៉ះ​នឹងស្នាម​ដាច់ ឬ​របួសក្នុង​មាត់។ កត្ដា​ទាំងនេះ​អាចធ្វើ ឱ្យមាន​បញ្ហាដល់​បេះដូង ពិសេស​នៅពេល​ដែលឈាន​ចូលដល់​វ័យកាន់​តែចាស់ទៅ។

វិធីបំបាត់ក្លិនមាត់

ដើម្បី​បំបាត់​បញ្ហាក្លិន​ឱ្យទទួល​បានជោគជ័យ ជាចាំបាច់​ត្រូវ​រកឬសគល់ និងមូលហេតុ​ឱ្យឃើញ​ច្បាស់ជា​មុនសិន។

  • យ៉ាង​ណាម៉ិញ ប្រសិនបើ​មានបញ្ហា​ជាជម្ងឺ​ដំបៅក្រពះ ត្រូវទៅ​ព្យាបាល​ក្រពះ។
  • បើមាន​បញ្ហា​រលាក​ច្រមុះ ត្រូវ​ទៅព្យាបាល​ច្រមុះ​ជាមួយ​នឹងគ្រូពេទ្យ​ដែលមាន​ជំនាញ​ពិតប្រាកដ ដើម្បី​ទទួល​បាននូ​វជោគជ័យ​កាន់តែ​ប្រសើរ។
  • ដោយ​ឡែកបញ្ហា​ក្លិនមាត់​ដែលបណ្ដាល​មកពីមាត់​ធ្មេញ​ខ្លួនឯង​ផ្ទាល់ ត្រូវទៅ​ពិគ្រោះ និង​ព្យាបាល​ជាមួយ​អ្នកដែល​មាន ឯកទេស​ពិតប្រាកដ​ដើម្បី​សម្អាត និង​ព្យាបាល​ធ្មេញខូច​ដែលបង្ក​ឱ្យមាន​បញ្ហាក្លិន​មាត់នេះ។ ប៉ុន្ដែ​ប្រការ​សំខាន់​ដែលចាំ​បាច់គួរ​ធ្វើដោយ ខានពុំបាន គឺខ្លួន​ឯងផ្ទាល់​ត្រូវធ្វើ​អនាម័យ​ធ្មេញឱ្យ​បានល្អ ដុស​សម្អាត​កម្ទេចកម្ទី​ចំណីអាហារ​ដែលនៅ​ជាប់នឹង​ធ្មេញឱ្យ​បានស្អាត និង ត្រឹមត្រូវ ដើម្បី​កុំឱ្យធ្មេញខូច និង​មានប្រហោង។

ដំបូន្មានអ្នកជំនាញ

បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើនអំពីការ​ថែរក្សា​ធ្មេញ និង​សម្អាត​ធ្មេញ ប៉ុន្ដែទោះ​បីជាយ៉ាង​ណាក៏​សំណូមពរ ឱ្យ​លោកអ្នក​បន្ដការ​ថែរក្សា និង​ស្វែងយល់​ឱ្យបាន​ច្រើនអំពី​កត្ដាដែល​ធ្វើឱ្យមាន​បញ្ហាក្លិន​មាត់។ សូម​កុំបណ្ដោយ​ទុកឱ្យ​ការមាន​បញ្ហា ក្លិនមាត់​តទៅ​ទៀត ព្រោះអាច​មានផល​មិនល្អ​ចំពោះខ្លួន និង​អ្នកដទៃ ពិសេស​ក្នុងការ​ធ្វើទំនាក់​ទំនង។ គួរ​ប្រញាប់​ទៅរក​គ្រូពេទ្យ​ជំនាញ​ដើម្បី​ប្រឹក្សា និង​ព្យាបាល។ កត្ដា​សំខាន់​មួយទៀត​ត្រូវស្វែងរក​ឱ្យឃើញ​ពីមូល​ហេតុ​ដែលបណ្ដាល​ឱ្យមាន​បញ្ហាក្លិន​មាត់ ដូច​ជាជម្ងឺ ដំបៅ​ក្រពះ រលាក​ច្រមុះ ឬ​បញ្ហា​មាត់ធ្មេញ​ផ្ទាល់ ហើយ​ព្យាបាល​នូវចំណុច​ទាំងនេះ នោះ​បញ្ហាក្លិន​មាត់នឹង​លែងកើត​មានចំពោះ​ខ្លួន លោកអ្នក​ទៀតដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative