សាក់ខ្លួន​ដើម្បី​សម្រស់ និង​មន្ដអាគម

ការសាក់​អក្សរ ឬ​រូបនេះ​រូបនោះ​លើខ្លួន ត្រូវបាន​ទទួលការ​ពេញនិយម​បំផុតតាំង​ពីសម័យ​បុរាណកាល​រហូតមក​ទល់នឹង​បច្ចុប្បន្ន​នេះ។ ការសាក់​មានច្រើន​ប្រភេទ និង​ច្រើនយ៉ាង ទៅតាម​គោលបំណង​របស់អ្នក​ដែល​ចង់សាក់ អាច​ជាការ​សាក់ ដើម្បី​សោភ័ណភាព ដើម្បី​បង្ហាញ​ពីភាពរឹងមាំ សង្ហា ក្លាហាន ឬ​ជាការដាស់​នូវមន្ដអាគម ផ្លូវងងឹត ឬ​ឧទ្ទិស​ដល់សាសនា​ណាមួយ ។ តើការ​សាក់ពិត​ជាមាន​ប្រយោជន៍​បែបនេះ​មែន​ឬ? តើគួរ​សម្រេចចិត្ដ​សាក់​ឬ​អត់?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញ​ជូនមិត្ដ​អ្នកអាន​នូវចំណេះ​ដឹងខ្លះៗ​ទាក់ទង​នឹងការ​សាក់ តាមរយៈ​កិច្ច​សម្ភាសន៍ ជាមួយ​លោកវេជ្ជ​បណ្ឌិត ចាន់ វិចិត្រ ប្រធាន​គ្លីនិក​ជាតិសើស្បែក និង​កាមរោគ។

ការសាក់ ជាអ្វី?

សាក់គឺ​ជាការបញ្ចូល​នូវជាតិ​ថ្នាំពណ៌ មានខៀវ ខ្មៅ ក្រហម លឿង​ជាដើម ចូលទៅ​ក្នុងស្បែក​តាមរយៈ​ម្ជុល ឬ​ឧបករណ៍​អ្វីមួយ​ដែលមុត។ តាំងពី​បុរាណមក គេឃើញ​មានត្រឹម​តែការ​សាក់ ដូចជា​សាក់រូប​ផ្សេងៗ ឬ​យ័ន្ដ​ដើម្បី​ឧទ្ទិស​ដល់សាសនា ឬ ជាសញ្ញា​មួយសម្រាប់​សម្គាល់​បក្សក្រុម​ណាមួយ​តែប៉ុណ្ណោះ។ តែបច្ចុប្បន្ន​នេះ គេឃើញ​មានការ​សាក់​ដើម្បី​សោភ័ណ​ភាពច្រើន ជាង ដើម្បី​គោលបំណង​ផ្សេងទៀត ដោយរាប់​បញ្ចូល​ទាំងការ​សាក់​ចិញ្ចើម សាក់​បបូរមាត់ សាក់ឈ្មោះ​មនុស្ស​ជាទីស្រឡាញ់ ដោយ​ភ្ជាប់ជា​មួយបេះដូង​ពណ៌​ក្រហមទុំ​ជាដើម។ បច្ចុប្បន្ន​នេះ ភាគ​ច្រើន​គេឃើញ​អ្នកដែល​សាក់បែប​នេះ មានចាប់​ពីវ័យជំទង់ ឡើងទៅ។

មូលហេតុនៃការសាក់

កាលពី​បុរាណ មាន​កុលសម្ព័ន្ធ​មួយចំនួន​តែងតែ​តម្រូវ​ឱ្យសាក់​នៅលើ​រាងកាយ​គ្រប់បុរស​ពេញវ័យ​ទាំងអស់ ដោយចង់ បង្ហាញ​ឱ្យឃើញ​ពីភាព​ពេញកម្លាំង និងវិរៈ​ភាពរបស់​ពួកគេ។ សម្រាប់​បុព្វបុរស​ខ្មែរ ដែល​សុទ្ធសឹង​ជាអ្នក​ពូកែ​ខាងមន្ដ​អាគម ការ សាក់​យ័ន្ដមន្ដ​អាគម ក៏ត្រូវ​បានពេញ​និយម និង​បន្ដ​អនុវត្ដ​មកដល់​បច្ចុប្បន្ន​នេះដែរ។ សម្រាប់​ជនបរទេស​ក៏មាន​ជំនឿបែប​នេះខ្លះ ដែរ តែ​បច្ចុប្បន្ន​ជំនឿទាំង​នោះមាន​ការថមថយ​ចុះខ្លះ​ហើយ ដោយ​ភាគច្រើន​នៃអ្នក​ដែលទទួល​យកការ​សាក់​មានគោល​បំណង ចង់ស្អាត ឬ​លម្អកាយ ចង់សាកល្បង ចង់បង្ហាញ​ពីភាព​ក្លាហាន ភាពកាច​សាហាវ ឬ​ភាពអស្ចារ្យ​របស់ពួកគេ។ មាន​ហេតុផល​មួយ ចំនួន​ទៀតដែរ ដែល​តម្រូវ​ឱ្យយុវវ័យ​ជ្រើសរើស​ការសាក់ ដូចជា​តាមរយៈ​ការ​អូសទាញ​ពីមិត្ដភក្ដិ ឬ​ចង់បង្ហាញ​ពីភាព​អស្ចារ្យ ឬ ភាពជាមនុស្ស​ធំប្រាប់​ដល់យុវវ័យ​ផ្សេងទៀត ឬ​ការ​ចូលរួម​នៅក្នុង​ក្រុមបក្ស​ណាមួយ ក៏​តម្រូវឱ្យ​មានការ​សាក់ជា​សញ្ញា​សម្គាល់ ដែរ។

ផលវិបាក​នៃការសាក់

ការសាក់​មិនមែន​សុទ្ធ​តែមិន​មានបញ្ហា​នៅរាល់​មនុស្ស​គ្រប់គ្នាទេ ទោះបី​ជាការ​សាក់​អនុវត្ដ​តាមលក្ខណៈ​បច្ចេកទេស ត្រឹមត្រូវ និង​មាន​អនាម័យ​គ្រប់គ្រាន់​ក៏ដោយ។ រាល់ការ​សាក់សុទ្ធ​តែត្រូវ​ចំណាយ​ថវិកា ថាមពល កម្លាំង​កាយ និង​កម្លាំង​ចិត្ដខ្ពស់ ព្រោះការ​សាក់​មានការ​ឈឺចាប់​ខ្លាំង ដោយ​សារត្រូវ​យក​ដែក​មុតស្រួច​មកចាក់​ទៅលើ​រាងកាយ។ មាន​យុវវ័យ​មិនតិច​ទេដែល​ចង់សាក់ ហើយ​បាន​បោះបង់​ចោលការ​សាក់នៅ​ពាក់​កណ្ដាល​ទីដែល​បណ្ដាល​ឱ្យមាន​ស្លាកស្នាម ឬ​មានរូប​មិន​ពេញចិត្ដ​ជាដើម នៅ លើ​រាងកាយ។ ពេលដែល​ចង់លុប​រូបសាក់​ត្រូវ​ចំណាយ​ថវិកា​ច្រើន និង​ប្រថុយ​ប្រថាន​ខ្លាំង។ ករណី​លុបមិន​ត្រូវតាម​ក្បួន ឬ​មិន មែនលុប​ដោយអ្នក​ឯកទេស នាំឱ្យ​មាន​គ្រោះថ្នាក់​ខូចស្បែក និង​មាន​ផលវិបាក​ផ្សេង​ទៀត​នៅលើ​ស្បែក ដោយ​សារជាតិ​គីមីមាន ប្រតិកម្ម​បានជ្រៀប​ចូល​ទៅក្នុង​ស្បែក ដូច​ជាបង្ក​ឱ្យរមាស់ ជ្រីវជ្រួញ ផ្លែសាច់​ជាដើម។ ការសាក់​អាចមាន​បញ្ហា​នៅពេល​ដែល ឈាន​ដល់វ័យ​ចំណាស់ ព្រោះ​ស្នាមសាក់​មិនមាន​ការ​ផ្លាស់ប្ដូរ​ទៅតាម​អាយុកាល​ទេ។ មិនទាន់​មានច្បាប់​កំណត់ ឬ​តម្រូវ​ការ​ច្បាស់ លាស់​ណាមួយ​ដែលថា​តើពេល​ណាទើប​អាចសាក់​បាន​នោះទេ វាគឺ​ជាជម្រើស​របស់អ្នក​ដែលចង់​សាក់់។ ល្អបំផុត​បើគាត់​ដឹងថា សាច់​គាត់​ឆាប់ផ្លែ មិន​គួរជ្រើស​រើស​ការសាក់ទេ។ បើមិន​មានការ​សម្អាត​នូវឧបករណ៍​សាក់ឱ្យ​បានត្រឹមត្រូវ លោកអ្នក​ងាយឆ្លង មេរោគ​ផ្សេងៗ ដូចជា​មេរោគ​ថ្លើម មេរោគ​អេដស៍​ជាដើម ដែល​ឆ្លងតាម​ម្ជុល ឬ​ដែក​សាក់។

ដំបូន្មាន​អ្នកជំនាញ

បើសិន​ជាមិនចាំ​បាច់ សូមកុំសាក់ ហើយ​សូមចាំ​ថាការ​សាក់ចំណាយ​ថវិកាតិច តែដល់​លុបសាក់​វិញចំណាយ​ថវិកា​ច្រើន ណាស់។ គួរមាន​ការពិនិត្យ ឬ​ប្រឹក្សា​ជាមួយ​នឹង​គ្រូពេទ្យ​សើស្បែក​ជាបន្ទាន់ ប្រសិន​បើលោក​អ្នក​មានបញ្ហា​លើស្បែក។ បើករណី ចង់លុប​សាក់ សូមណែនាំ​ថាវិធី​លុបសាក់​ដែល​ត្រឹមត្រូវ​មានតែ​ម៉ាស៊ីន​លុបឡាស៊ែរ និង​អនុវត្ដ​ដោយ​អ្នកជំនាញ​ត្រឹមត្រូវ​តែ ប៉ុណ្ណោះ​ដែល​មាន​ប្រសិទ្ធភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative