វិធីតុបតែង​មុខប្រចាំថ្ងៃ

ជាស្ដ្រី​មួយរូប​មិនគួរ​មើលរំលង​ការតុបតែង​មុខមាត់​ឱ្យស្អាត​នោះទេ។ ការ​តុបតែង​មិនមែន​អាចធ្វើ​បានទាល់​តែពេល​មាន ការចូលរួម​ជាមួយ​កម្មវិធី​ផ្សេងៗ​នោះទេ សុភាពនារី​ទាំងឡាយ​អាចតុបតែង​ប្រចាំថ្ងៃ ដូចជា​ទៅបំពេញ​ការងារ ទៅផ្សារ​ជាដើម តាម លក្ខណៈ​ធម្មតាៗ​មិន​ឆើតឆាយ។ លក្ខណៈ​ធម្មតា​ដូចនេះ​ក៏ត្រូវការ​ភាពប៉ិន​ប្រសព្វ​ដែរ ទើបអាច​ធ្វើបាន។ តើការ​តុបតែង​ក្នុងលក្ខណៈ ធម្មតា​ត្រូវធ្វើ​បែបណា​ខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមអាន​អំពីរ​បៀប​តុបតែង​មុខប្រចាំថ្ងៃ​ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង តាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាង​កែសម្ផស្ស​សម្រស់​ភ្នំពេញ​ដើម្បី​ជម្រាប​ជូនមិត្ដ​អ្នកអាន​ទទួល​ជ្រាប។ វាជាការ​ពិតគ្រប់​ស្ដ្រីទាំង​អស់មាន​សម្រស់​ពីធម្មជាតិ​ស្អាត​ស្រស់​សោភា​រួចស្រេច​ទៅហើយ ប៉ុន្ដែអ្វី​ដែលចង់​ជម្រាប​ជូននៅ ពេលនេះ គឺសំដៅ​បន្ថែម​ភាព​ស្រស់ស្អាត​ទៅលើ​អ្វីដែល​មាន​ស្រាប់រួច​ទៅហើយ​នោះ។ ការតុបតែង​នៅលើ​មុខមាន​ច្រើនផ្នែក​ដោយ ឡែកៗ​ពីគ្នា ក្នុងនោះ​មានទាំង​ការតុប​តែង​ចិញ្ចើម ភ្នែក ច្រមុះ ថ្ពាល់ បបូរមាត់ ពណ៌​ស្បែកមុខ​ជាដើម។ ចំណុច​នីមួយៗ​ទាមទារឱ្យ មានការ​យកចិត្ដ​ទុកដាក់ ទើបអាច​ធ្វើឱ្យ​សុភាពនារី​ស្រស់​ស្អាត​បាន។

ការតុបតែង​ស្បែកមុខ

នៅមុន​ពេល​ផាត់មុខ សុភាពនារី​ទាំងអស់​ត្រូវសម្អាត​មុខ​ជាមុនសិន​ជាមួយ​ទឹកធម្មតា។ បន្ទាប់​មក ទើប​យកសំឡី​ជ្រលក់ ទឹកថ្នាំ​សម្រាប់​សម្លាប់​មេរោគមក​ជូតឱ្យ​សព្វលើ​ផ្ទៃមុខ។ ការ​តុបតែង​មុខ​ប្រចាំថ្ងៃ ឬ​តាមលក្ខណៈ​ធម្មជាតិ ពុំចាំបាច់​ប្រើម្សៅ​ស្អិត ទ្បើយ ដោយ​គ្រាន់តែ​យកប៉ុង​សម្រាប់ផាត់​ទៅជ្រលក់​ទឹកសើមៗ​តិចៗ រួចយក​ទៅលាប​លើម្សៅ​ផាត់ ទើបយក​មកលាប​លើផ្ទៃមុខ ថ្នមៗ​ទាល់តែ​សព្វស្បែក​មុខ។ សូមចំណាំ​ថាការ​ផាត់​ចាំបាច់​ត្រូវតែ​យកប៉ុង​មកទះ​លើមុខ​តិចៗ មិនមែន​យកប៉ុង​មកវីលើ​មុខទេ។

ការតុបតែងចិញ្ចើម

អ្នកនាង​កញ្ញាចាំបាច់​ត្រូវកោរ ឬ​ក៏ដក​រោមចិញ្ចើម​ឱ្យទៅ​ជាទម្រង់​ដែលចង់បាន ដូចជា​ចិញ្ចើម​ជ្រុង មូល កាច់​ធ្លាក់​បន្ដិចជា ដើម ប៉ុន្ដែ​ត្រូវទុក​ចិញ្ចើម​ឱ្យធំ​បន្ដិច។ ជាទូទៅ​ការគូស​ចិញ្ចើម​និយម​ប្រើពណ៌​សូកូឡាខ្ចី ឬ​ចាស់។ បន្ទាប់​ពីគូស​រួចហើយ ត្រូវយក ក្រាស សម្រាប់​សិតរោម​ចិញ្ចើម មក​សិតឱ្យ​មានរបៀប ទើប​យក​ម៉ាស្ការា​ពណ៌ខ្មៅ​សម្រាប់​ពុតរោមភ្នែក​លាបពី​លើបន្ថែម​ទៀត។

ការតុបតែងភ្នែក និងរោមភ្នែក

នៅលើ​ត្របកភ្នែក ជាទូទៅ​សុភាពនារី​ត្រូវយក​ក្រែមស្អិត​ពណ៌ស​ម្យ៉ាង​មកលាប​ស្ដើងៗ ដោយប្រើ​ម្រាមដៃ​ឈ្លីឱ្យ​សព្វដើម្បី នៅពេល​ផាត់ពណ៌​ត្របកភ្នែក​ទៅជាប់​ល្អ។ ចំពោះ​ពណ៌​សម្រាប់​ផាត់​ត្របកភ្នែក​ស្រទាប់​ទីមួយ​ដែលគេ​និយម ជាទូទៅ​តាមបែប​ធម្មជាតិ​ប្រចាំថ្ងៃ គឺពណ៌​សាច់ ពណ៌​សូកូឡា​ស្រាល ពណ៌​ពងមាន់ ពណ៌​មាស​ស្រាល​ជាដើម មិនអាច​ប្រើពណ៌​អ្វីខុស​ពីនេះបាន​ទេ។ សម្រាប់ ស្រទាប់​ភ្នែក​ទីពីរ យើង​ប្រើពណ៌​សូកូឡា​ក្រម៉ៅ​លាបឱ្យ​សព្វត្រង់​កន្ទុយភ្នែក មិនលាប​ទាំងអស់​ទេ។ ចំណែក​រោមភ្នែក​អ្នកនាង​កញ្ញា ចាំបាច់​ប្រើ​ឧបករណ៍​សម្រាប់​ពត់រោម​ភ្នែក មកពត់​ឱ្យកោង​បន្ដិច ទើប​ប្រើ​ម៉ាស្ការា​ពណ៌ខ្មៅ​មកសិត​លើរោម​ភ្នែកម្ដង។ សូមទុក​ឱ្យស្ងួត ទើបលាប​ម្ដងទៀត ដើម្បី​ឱ្យមើល​ទៅឃើញ​រោមភ្នែក​ក្រាស់បន្ដិច ដោយ​មិនចាំបាច់​បិតរោម​ភ្នែកឡើយ។ ចំណែក​រឹមភ្នែក សូមជ្រើស រើសយក​ខ្មៅដៃ​ពណ៌ខ្មៅ​មកគូស​ត្រឹមពាក់​កណ្ដាល​កន្ទុយភ្នែក ព្រោះថា​បើគូស​ជុំវិញ​រង្វង់ភ្នែក​នាំឱ្យមាន​លក្ខណៈ​ឆើតឆាយ​បន្ដិច។

ការតុបតែងថ្ពាល់

ជាទូទៅ​គេច្រើន​ប្រើម្សៅ​សម្រាប់​ផាត់ថ្ពាល់​ពណ៌​ផ្កាឈូក​ស្រាល ឬ​ចុងឈូក មិនអាច​ប្រើពណ៌​ដិត​បានទេ ព្រោះវា​មិនមែន ជាលក្ខណៈ​ធម្មជាតិ។ ធ្វើយ៉ាង​ណាឱ្យ​ថ្ពាល់​មានលក្ខណៈ​ក្រហម​ព្រឿងៗ​ប្រៀប​ដូចថ្ពាល់​ស្ដ្រីក្រមុំ​នៅពេល​អៀន​ដូច្នេះ​ដែរ។ សុភាព នារីគប្បី​ផាត់ថ្ពាល់​ដោយចាប់​ផ្ដើមពី​គែមច្រមុះ រួចអូស​បង្ហួស​សំដៅទៅ​រកកន្ទុយ​ភ្នែក។

ការតុបតែងបបូរមាត់

សុភាពនារី​ត្រូវ​ជ្រើសរើស​ប្រើខ្មៅ​ដៃសម្រាប់​គូសរឹម​មាត់​ពណ៌សាច់ ឬ​ពណ៌​ផ្កាឈូក​ខ្ចី គូស​ជារាង​ដងធ្នូ ដោយ​មិនគូស​ជារាង បេះដូងទេ ព្រោះរាង​បែបនេះ​គេលែង​និយម​ហើយ។ បន្ទាប់​មកលាប​ក្រែមរលោង​លើ​បបូរមាត់ ជាការ​ស្រេច។

ការតុបតែងច្រមុះ 

ការ​តុបតែង​មុខប្រចាំថ្ងៃ​មិនទាមទារ​ឱ្យមាន​ការតុបតែង​ទៅលើ​ច្រមុះទេ ព្រោះវា​ធ្វើឱ្យមាន​លក្ខណៈ​ឆើតឆាយ​ដូចជាការ តុបតែង​មុខសម្រាប់​ពិធី​ស្រមោសរ​ទៅវិញ។ សូមទុក​ឱ្យច្រមុះ​មានពណ៌​តែមួយ​ជាមួយ​នឹង​សាច់មុខ។

ដំបូន្មានអ្នកជំនាញ

ចំណុច​ដែលលើក​មកជម្រាប​ជូនខាង​លើនេះ សង្ឃឹម​ថានឹង​ក្លាយ​ទៅជា​រូបមន្ដដ៏​មានតម្លៃ​សម្រាប់​សុភាពនារី​អនុវត្ដ​ជាប្រចាំ ដើម្បី​បង្កើន​ភាពស្រស់ស្អាត គួរជាទី​ប៉ងប្រាថ្នា​ថ្នាក់ថ្នម។

ចំពោះ​ការតុប​តែង​ខ្លួនជា​ប្រចាំ សុភាពនារី​ទាំងអស់​គួរតែ​ព្យាយាម​អនុវត្ដ ទើបធ្វើ​ឱ្យសុភាពនារី​ក្លាយ​ទៅជា​ផ្ការីក​គ្រប់រដូវ ដែល​ពោរពេញ​ដោយ​ភាព​ស្រស់ស្អាត។ ភាព​ស្រស់ស្អាត​អាចជួយ​ឱ្យអ្នក​នាងកញ្ញា​មានជំនឿ​ចិត្ដ​ក្នុងការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ក្លាហាន​ហ៊ាន​ប្រឈមមុខ។ ម្យ៉ាងទៀត​វាអាចក្លាយ​ជាមន្ដស្នេហ៍​ដែល​ទាក់ទាញ​បំផុត​បន្ថែមលើ​អ្វីដែល​អ្នកនាង​កញ្ញា​មានស្រាប់​ទៅ ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative