កែវ ពិសី សម្រស់​នារីខ្មែរ

ស្រីស្រស់​រាងស្ដើង​សម្បុរ​ស្រអែម​បែបស្ដ្រី​ខ្មែរពិតៗ​ក្នុងវិស័យ​សិល្បៈ​ភាពយន្ដ​ខ្មែរ លោកអ្នកពិតជាអាចស្មានបាន​ថាគ្មាន​នរណាក្រៅ​ពី អ្នកនាង កែវ ពិសី តារាទឹកភ្នែក​នៅក្នុង​ដួងចិត្ដ​របស់​លោកអ្នក​នោះទេ។ ទោះបីជា​មមាញឹក​ក្នុងការ​សម្ដែង​ខ្លាំងយ៉ាង​ណា​ក៏ដោយ ក៏ពិសី​ នៅតែអាច​រក្សាសម្រស់​ដ៏ស្រស់​សោភា​ដដែល។ ដើម្បី​បើកកកាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព របស់តារា​ ដ៏ស្រស់ស្អាត កែវ ពិសី ទស្សនាវដ្ដី សុខភាពយើង បានទៅ​ជួបសម្ភាសន៍​ជាមួយ​អ្នកនាង​ផ្ទាល់តែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សាសក់

សរសៃសក់​​ជាចំណុច​ពិសេស​ដែលពិសី​យកចិត្ដទុក​ដាក់បំផុត ព្រោះថា​ពេលសម្ដែង​សក់របស់នាង​ត្រូវបាន​តុបតែង​តាមម៉ូដ ផ្សេងៗ​ឱ្យសម​នឹង​សាច់រឿង។ ដូចនេះ​ចៀសមិនផុត​ពីការខូច​សរសៃសក់​ឡើយ។ ជាទៀងទាត់​ពិសីតែងតែ​ទៅរក​អ្នកជំនាញ​ដើមី្បអប់ បំប៉នសក់​ម្ដងក្នុង​មួយសប្ដាហ៍ ដើម្បី​ជំនួយ​ដល់សរសៃ​សក់។ ចំពោះ​ប្រវែង​របស់សក់ ពិសី​តែងតែ​កាត់តម្រឹម​សរសៃសក់ ព្រោះពិសី យល់ថា​បើទុក​សក់វែង​ពេកអាច​ធ្វើឱ្យ​សរសៃសក់​ងាយបែកចុង។ កាល​ពីមុនពិសី​ចូលចិត្ដ​ប្ដូរពណ៌​សក់ ប៉ុន្ដែ​មួយរយៈ​ក្រោយមក ដោយ សារតែ​សុខភាពសក់​មិនល្អ ទើបពិសី​មិនប្ដូរពណ៌សក់​ទៀតទេ។ សព្វ​ថ្ងៃនេះ ពិសី​បានជ្រើសរើស​សាប៊ូកក់សក់​ដែលមាន​គុណប្រយោជន៍ ជួយ​ឱ្យសរសៃសក់​របស់នាង​មានទម្ងន់ និង​ដុះឡើងវិញ។

ការថែរក្សាស្បែកមុខ

ពិសីមិន​ដែលប្រើម្សៅ​បកឱ្យស ឬ​ទៅម៉ាស្សា​ស្បែកអ្វីទេ នាងចូលចិត្ដ​ប្រើម្សៅ​ធម្មតា​សម្រាប់​លាបទាំងយប់​ទាំងថ្ងៃ​តែម្ដង ។ អ្នកនាង​ជាតារា​សម្ដែង ស្បែកមុខ​របស់ពិសី​ត្រូវទទួលរង​នូវកម្ដៅថ្ងៃ និង​គ្រឿងសម្អាង​គ្រប់ប្រភេទ។ ដូចនេះ​ពិសីចាំបាច់​ត្រូវប្រើ ក្រែម​សម្រាប់​បំប៉នស្បែក​មុខឱ្យ​មានសំណើម​ជាប្រចាំ ដើម្បី​កុំឱ្យឆាប់​ជ្រីវជ្រួញ។ ជាងនេះ​ទៅទៀត បន្ទាប់ពី​ការតុបតែង​ក្នុងពេល សម្ដែង ពិសី​ត្រូវតែ​ប្រញាប់​លាង​សម្អាតមុខ ព្រោះការ​ទុកគ្រឿង​សម្អាង​នៅលើមុខ​ក្នុងរយៈ​ពេលយូរ វាជារឿង​មិនល្អ​សម្រាប់​ស្បែក។ ចំពោះ​ការថែរក្សា​ស្បែកមុខ​តាមធម្មជាតិ​វិញ ថ្វីត្បិត​តែពិសី​យល់ដឹង​ច្រើន តែពិសី​មិនសូវ​មានពេល​សម្រាប់​អនុវត្ដវាទេ។

ការថែរក្សាស្បែកខ្លួន

ពិសី​ជាតារា​សម្ដែង ម្លោះហើយ​គេចមិនផុត​ពីការទទួល​រងនូវ​កម្ដៅថ្ងៃទេ។ កាលពីមុន ពិសី​បានប្រើក្រែម​ការពារ​កម្ដៅថ្ងៃ ជាច្រើន​ប្រភេទ​ទប់ទល់​នឹង​ពន្លឺថ្ងៃ ប៉ុន្ដែ​ក្រែម​ទាំងនោះ​មិនអាច​ជួយ​នាង​បានទេ។ ផ្ទុយ​ទៅវិញ​វារិតតែ​ធ្វើឱ្យ​ស្បែក​របស់​ពិសីខ្មៅ ស្រអាប់ ទើបធ្វើ​ឱ្យពិសី​លែងមាន​ជំនឿលើ​ក្រែម​ការពារ​ពន្លឺថ្ងៃ។ មួយរយៈ​ពេលក្រោយមក ពិសី​មិនបានលាប​អ្វីសម្រាប់​ការពារ​កម្ដៅ ថ្ងៃទេ ក្រោយពី​សម្ដែងចប់ កម្ដៅថ្ងៃ​បានធ្វើឱ្យ​ស្បែក​របស់នាង​របកទាំង​ផ្ទាំងៗ​តែម្ដង។ ប៉ុន្ដែ​ក្រោយពេល​ងូតទឹក​សម្អាតខ្លួនរួច ស្បែក ក៏ត្រឡប់​មករក​សភាពធម្មតា​វិញ។ ចំណែក​នៅពេល​យប់ ពិសី​តែងតែ​លាបស្បែក​ជាមួយឡេ​ជាតិទឹក​ដោះគោ​ដែលអាច​ផ្ដល់សំណើម ដល់ស្បែក។ ម្យ៉ាងទៀត​ទោះបីពិសី​មានស្បែក​ស្រអែម​ក៏ដោយ ក៏ពិសី​មិនទៅ​បកស្បែក ឬ​ប្រើឡេ​សម្រាប់​លាបឱ្យ​សឡើយ។

ការថែរក្សាបបូរមាត់

ពិសី​មិនចូលចិត្ដ​លាបបបូរមាត់​ពណ៌ក្រហម ឬ​ក្រម៉ៅទេ លើកលែងតែ​ករណី​ចៀសមិន​បាន ដូចជាពេល​សម្ដែង​ជាដើម។ ពេលធម្មតា ពិសី​លាបបបូរមាត់​ពណ៌ស្រាល ឬ​មិនលាប​តែម្ដង ព្រោះថា​បើលាប​បបូរមាត់​ឋិតឋេរ និង​ពណ៌​ដិតពេក អាចធ្វើ​ឱ្យបបូរ មាត់ខ្មៅបាន។

ការថែរក្សាធ្មេញ

ជាទូទៅ​ពិសីសម្អាត​ធ្មេញក្នុង​មួយថ្ងៃ៣ដង​ជាប្រចាំ​ជាមួយ​នឹងថ្នាំ​ដុសធ្មេញ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញ​រឹងមាំ និងស។ ពិសីតែងតែ​ទៅរក​គ្រូពេទ្យ​ធ្មេញ​រៀងរាល់២ ឬ​៣ខែម្ដង​ជាប្រចាំ ដើម្បីពិនិត្យ និង​សម្អាត​ធ្មេញ មិន​ដែលខកខាន​ទ្បើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​រោមចិញ្ចើម និងរោមភ្នែក

ជាទៀងទាត់១ ឬ២​សប្ដាហ៍​ម្ដង ពិសី​ត្រូវ​កោរតម្រឹម​រោមចិញ្ចើម​ខាងចុងម្ដង ដោយ​មិនបណ្ដោយ​ឱ្យរោម​ចិញ្ចើម​ដុះក្រាស់ ឡើយ ព្រោះពិសី​យល់ថា​ចិញ្ចើម​ក្រាស់មិន​សក្ដិសម​ជាមួយ​ទម្រង់​មុខរបស់​នាង។ ចំពោះ​រោមភ្នែក ភាគច្រើន​ពិសីប្រើ​ម៉ាស្ការ៉ា​សឹងតែ រាល់ថ្ងៃ ព្រោះត្រូវ​តុបតែង​ពេលសម្ដែង ដែល​ធ្វើឱ្យ​រោមភ្នែក​ពិសី​ប្រឈមមុខ​នឹង​ការជ្រុះ។ ប៉ុន្ដែ​នៅពេលនេះ​ពិសីបានជ្រើ​សរើសវិធី ពាក់រោមភ្នែក​ជំនួសវិញ។

វិធី​សម្រក​ទម្ងន់ និងការថែរក្សា​សុខភាព

ពិសីមាន​របបអាហារ​ទៀតទាត់​ណាស់​ដើម្បី​រក្សាទម្ងន់​ដងខ្លួន។ នៅពេលព្រឹក ពិសី​មិនមាន​ទម្លាប់​ទទួលទាន​អាហារទេ រហូត​ដល់ពេល​ថ្ងៃត្រង់ ទើប​ទទួលទាន​អាហារ​យ៉ាងឆ្អែត​តែម្ដង។ ដោយឡែក​សម្រាប់​ពេលល្ងាច ពិសី​ទទួលទាន​ផ្លែឈើ ឬ​ជាប្រភេទ បន្លែ​ស្ងោរ​ជំនួសការ​ទទួលទាន​បាយ។ ចំណែក​នៅពេល​ដែលមាន​រដូវវិញ ពិសី​រិតតែ​ព្យាយាម​ថែមមួយ​កម្រិត​ទៀតចំពោះ​ការទទួល ទានផ្លែឈើ និង​ទទួលទាន​សុរាឱ្យ​បានច្រើន ដោយ​យល់ឃើញ​ថាធ្វើឱ្យ​ឈាមរដូវធ្លាក់​មកតាម​សម្រួល និង​ជួយឱ្យស្បែក​ភ្លឺថ្លា មិនងាយ ចាស់​ជ្រីវជ្រួញ​ទៀតផង។ ជាងនេះ​ទៅទៀត ពិសី​តែងតែ​ត្រូវតម​អាហារ​ប្រភេទខ្លះ ដូចជា​សាច់ត្រី ផ្អក ប្រហុក​ជាដើម។ ពិសីមិនសូវ មានពេល​វេលាគ្រប់គ្រាន់​សម្រាប់​ការហាត់​ប្រាណទេ ទាល់តែ​នាងមាន​អារម្មណ៍​ថាដុះក្បាល​ពោះ ឬ​ឡើងទម្ងន់ ទើបនាង​ហាត់ប្រាណ។

បណ្ដាំ​ផ្ញើរបស់ កែវ ពិសី          

សូម​ជ្រើសរើស​ប្រើតែផលិតផល​ណាដែល​មានគុណ​ភាពល្អ មិនត្រូវ​ប្រើតាមការ​និយមតៗ​គ្នាទ្បើយ ព្រោះអាច​ឱ្យរូប សម្រស់​ត្រូវបាត់បង់​គ្មានថ្ងៃ​នឹង​ត្រទ្បប់​មកវិញទេ។ សុភាពនារី​ទាំងអស់​គួរទៅ​រកអ្នក​ជំនាញ មុននឹង​សម្រេចចិត្ដ​ប្រើផលិតផល​ណា មួយ។

ការរៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និង​ការអនុវត្ដ​របស់​អ្នកនាង កែវ ពិសី តែប៉ុណ្ណោះ។ សូមលោកស្រី​អ្នកនាង កញ្ញា​ជ្រើសរើស​យកអ្វី​ដែលលោក​អ្នកយល់​ថាល្អត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

 ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ កែវ ពិសី
  • អាយុ ៖ ២៣ឆ្នាំ
  • កម្ពស់ ៖ ១,៦៥ម៉ែត្រ
  • ទម្ងន់ ៖ ៤៧គីទ្បូក្រាម
  • ទំហំទាំងបី ៖ ៣៣, ២៦, ៣៨
  • បងប្អូន ៖ ៦នាក់ (ជាកូនទី២)
  • ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
  • បំណងថ្ងៃអនាគត ៖ ចង់ធ្វើជាអ្នកជំនួញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative