សំណល់​ផ្ទះបាយ​បំពុល​បរិស្ថាន

សំណល់ ឬ​សម្រាម គឺជាប្រភព​សម្បូរទៅ​ដោយមេរោគ​គ្រប់ប្រភេទ។ សម្រាប់​លំនៅដ្ឋាន ផ្ទះបាយ​ជាប្រភព​ដែលមាន សម្រាម​ច្រើនជាងគេ យើង​ហៅថា​ជាកាក​សំណល់​ផ្ទះបាយ។ ការរស់នៅ​តែងត្រូវ​ការជានិច្ច​នូវលំនៅ​ដ្ឋានស្អាត គ្រួសារ​មានសុខភាព ល្អ។ ដើម្បី​ឱ្យលំនៅ​ដ្ឋានស្អាត ត្រូវតែ​យកចិត្ដ​ទុកដាក់​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ផ្ទះបាយ។ តើយើង​ត្រូវទុកដាក់ និង​គ្រប់គ្រង សម្រាម​នៅក្នុង​ផ្ទះបាយ​ដោយ​របៀបណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់​ទំព័រលំ​នៅដ្ឋាន និង​បរិស្ថាន ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​លោកអ្នក​ឱ្យបាន​ស្វែងយល់​អំពីការ​ទុកដាក់ សម្រាម​នៅក្នុង​ផ្ទះបាយ ដោយជួប​ជាមួយលោក ហេង ណារ៉េត ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការបំពុល​បរិស្ថាន នៃក្រសួង​បរិស្ថាន។

សំណល់​ផ្ទះបាយ ជាអ្វី?

តាមការ​សិក្សា​បានឱ្យដឹង​ថាសំណល់​ផ្ទះបាយ​ត្រូវបាន​ចែកចេញ​ជាពីរផ្នែក​សំខាន់ គឺ​សំណល់​សរីរាង្គ និង​សំណល់​អសរីរាង្គ ។

  • សំណល់​សរីរាង្គ ៖ សំដៅ​ទៅលើ​សំណល់​បន្លែ ផ្លែឈើ ត្រី សាច់ ឬ​វត្ថុធាតុ​ដែលអាច​បំបែកបាន ឬ​អាចរលួយ​បានតាម រយៈ​មីក្រូសរីរាង្គ។
  • សំណល់​អសរីរាង្គ ៖ សំដៅ​ទៅលើ​ថង់ប្លាស្ទ្ទិក សម្បកកំប៉ុង សម្បកដប លោហធាតុ​ផ្សេងៗដែល​មិនអាច​រលាយបាន។ល។

ផលប៉ះពាល់របស់សម្រាមមកលើសុខភាព និងបរិស្ថាន

ការចាក់​ចោល​សំណល់ផ្ទះ​បាយមិន​បានត្រឹមត្រូវ នាំឱ្យ​មានផល​ប៉ះពាល់​ដល់សុខភាព និង​បរិស្ថាន​យ៉ាងខ្លាំង។ ការចាក់ ចោល​សំណល់​ផ្ទះបាយបាន​ត្រឹមត្រូវ មិននាំ​ឱ្យប៉ះពាល់​ដល់សុខភាព ហើយ​សម្រាមថែម​ទាំងមាន​ប្រយោជន៍​ដល់សេដ្ឋកិច្ច​គ្រួសារទៀត ផង។ បច្ចុប្បន្ននេះ ការធ្វើ​អាជីវកម្ម​លើសម្រាម ឬ​សំណល់នេះ ជាមុខរបប​មួយដែល​ពេញនិយម​នៅតាមបណ្ដា​ប្រទេស​ជឿនលឿន និង​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​នានាផងដែរ។

ការចាក់​ចោលកាក​សំណល់​ផ្ទះបាយ​មិនបាន​ត្រឹមត្រូវ កំពុង​បង្កើត​ជាប្រភព​ដ៏ចម្បង​ទៅដល់​ការរីក​រាលដាល​នៃជម្ងឺ​ជាច្រើន ដូចជា​ជម្ងឺ​គ្រុនពោះវៀន ជម្ងឺគ្រុនចាញ់ ជម្ងឺ​គ្រុនក្តៅ​ជាដើម តាមរយៈ​សត្វរុយ សត្វមូស និង​ភ្នាក់ងារ​ចម្លង​មេរោគ​ផ្សេងៗទៀត។ តាម រយៈ​ការឈ្មូស​ឈ្មុល ឬ​លុកលុយ​របស់​សត្វជ្រូក ឆ្មា ឆ្កែ និង​សត្វពាហនៈ​ដទៃទៀត​នៅលើ​គំនរសម្រាម អាចបាន​ចម្លង​ជម្ងឺផ្សេងៗ​បន្ដ ទៅមនុស្ស។

1. សម្រាមធ្វើឱ្យខូចសោភ័ណភាពសាធារណៈ

ការចាក់​ចោល​កាកសំណល់​ផ្ទះបាយ​រាយប៉ាយ​នៅតាមដង​ផ្លូវសាធារណៈ ធ្វើឱ្យខូច​សោភ័ណភាព និង​សណ្ដាប់ ធ្នាប់​សាធារណៈ។ ម្យ៉ាងទៀត សម្រាម​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​នៅលើ​ដងផ្លូវ​ក្នុងពេល​កំពុងធ្វើ​ចរាចរណ៍។

2. សម្រាមបង្កការប៉ះពាល់ដល់ប្រព័ន្ធទឹក

នៅពេល​សម្រាម ឬ​កាកសំណល់​នោះស្អុយរលួយ នាំឱ្យ​បំពុល​ប្រព័ន្ធ​ទឹកប្រើប្រាស់​តាមរយៈ​ទឹកភ្លៀង។ ការ ហូរចូល​ទៅក្នុង​ទឹកស្ទឹង ទន្លេ បឹង ជ្រាបទៅ​ក្រោមដី ជាហេតុ​អាចបំពុល​ទឹកនៅ​ក្រោមដី។ ជាលទ្ធផល ទឹក​អណ្ដូង​ប្រើប្រាស់​មិនបាន ដោយសារ​មានមេរោគ និង​ជាតិពុល​ដែលបាន​បំពុលដី។ ដូចនេះ​សម្រាម​បង្កឱ្យមាន​ជម្ងឺផ្សេងៗ​តាមរយៈ​ការ ប្រើប្រាស់​ទឹកអណ្ដូង និង​ទឹកលើដី​ដែលទទួល​រងការបំពុល។

ប្រការ​ត្រូវធ្វើ​ទាក់ទង​នឹង​សំណល់​ផ្ទះបាយ

  • ត្រូវទុកដាក់​កាកសំណល់​ផ្ទះបាយ​ឱ្យបាន​ត្រឹមត្រូវ។ គេហដ្ឋាន​នីមួយៗ​គួរតែ​មានធុង​សម្រាម​ដើម្បីទុកដាក់​សម្រាម ឬ​ក៏គួរ ដាក់វា​នៅក្នុង​ថង់បិទជិត។
  • បើអាចធ្វើ​ទៅបាន លោកអ្នក​ត្រូវធ្វើ​ការបែងចែក​កាកសំណល់​ឱ្យបានដាច់​ដោយឡែក​ពីគ្នា ដូចជាកាក​សំណល់​រលាយ និង​មិនរលាយ ដើមី់្ប​ងាយស្រួល​ក្នុងការ​យកទៅ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ។ សម្រាម​ណាដែល​មិនរលួយ ដូចជាដប កំប៉ុង ថង់ប្លាស្ទិក​ជាដើម ត្រូវដាក់​ដោយឡែក។ ការបែងចែក​សម្រាម​បានត្រឹមត្រូវ បានផ្ដល់​ភាពងាយ​ស្រួលដល់​អ្នកប្រមូល​សម្រាម ដែល​ពួកគាត់​មិនចាំបាច់ ត្រូវកកាយ​រើសយក​សម្រាម​មកបែងចែក​ជាថ្មីម្ដង​ទៀត។
  • ដើម្បី​ឱ្យការងារ​សម្អ្អាត​បរិស្ថាន​មានដំណើរ​ការបាន​រលូន ត្រូវមាន​ការចូលរួម​ពីប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផងដែរ។ ដោយម្ចាស់ គេហដ្ឋាន​នីមួយៗ ត្រូវយក​សម្រាម​ដែលខ្លួន​បានរៀបចំ​ជាស្រេច មកដាក់​នៅមុខផ្ទះ​របស់ខ្លួន​ឱ្យបានតាម​ពេលវេលា​កំណត់។
  • ម្ចាស់ផ្ទះ​គួរបង់លុយ​ឱ្យបាន​ទាន់​ពេលវេលា និង​តាមតម្លៃ​ដែលបាន​កំណត់ និង​ត្រូវមាន​ការ​អធ្យាស្រ័យគ្នា នៅពេល​ដែលសេ វាប្រមូល​សម្រាម​មានការ​យឺតយ៉ាវ ដែល​បណ្ដាល​មកពី​ការកកស្ទះ​ចរាចរណ៍​ផ្សេងៗ។
  • អាជ្ញាធរ​ខេត្ដក្រុង​ត្រូវជំរុញ​ឱ្យក្រុមហ៊ុន​ទទួល​សេវាកម្ម​ប្រមូល​សម្រាម​ឱ្យទាន់​ពេលវេលា ដើម្បី​បំបាត់​គំនរសម្រាម​រាយប៉ាយ។ ត្រូវរៀបចំ​ដាក់ធុង​សម្រាម​តាមទី​សាធារណៈ ផ្លូវសំខាន់ៗ សួនច្បារ​ជាដើម​ផងដែរ។
  • រៀបចំ​ដាក់ផ្លាក​សញ្ញា​ហាមឃាត់​ការចាក់​សម្រាម​នៅតាម​តំបន់​សាធារណៈ ជាពិសេស​តាមដង​ផ្លូវជាតិ​នានា។
  • បង្កើន​ការអប់រំ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​គ្រោះថ្នាក់​នៃសម្រាម​ចំពោះ​សុខភាព ដល់​សាធារណៈ​ជន។
  • លើក​កម្ពស់ការ​កែច្នៃ​សំណល់ ឬ​សម្រាម ការប្រើប្រាស់​ទ្បើងវិញ និង​កាត់បន្ថយ​ការបង្កើត​សំណល់។

ដំបូន្មាន​អ្នកជំនាញ

សូម​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ឱ្យបាន​សកម្ម​ក្នុងការ​ទុកដាក់​កាក​សំណល់។ មានតែ​ការចូលរួម​ពីប្រជាពលរដ្ឋ​ទាំង​អស់គ្នាទេ ទើបធ្វើ​ឱ្យទីក្រុង ឬ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​យើងមាន​សុខភាពល្អ។ បែបនេះ​មិនត្រឹម​តែធ្វើឱ្យ​សោភ័ណ​ភាពទីក្រុង និង​សហគមន៍ ដែលយើង​កំពុង​រស់នៅ​មានភាព​ស្រស់ស្អាត​ប៉ុណ្ណោះទេ ថែមទាំង​អាចកាត់​បន្ថយនូវ​ជម្ងឺផ្សេងៗ​បានទៀតផង។ ការធ្វើ​បែបនេះ អាចសន្សំ​សំចៃ ព្រមទាំង​បង្កើន​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ​បានខ្លះ និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលក្នុង​ស្រុកឱ្យ​បានកាន់​តែច្រើន ផងដែរ។

សម្រាប់​អ្នករស់នៅ​តាមជនបទ​ខ្លះ ពុំទាន់​មានសេវា​ប្រមូល​សម្រាម​ដូចនៅ​តាមទី​ប្រជុំជន​នៅឡើយ​នោះ។ ករណីនេះ គួរតែជីក រណ្ដៅ​ដើម្បី​កប់សម្រាម ឬ​ទុកសម្រាម​ដែលអាច​រលួយ​ធ្វើជាជីបាន ដើម្បីទុក​ធ្វើជាជី​ដាក់ក្នុងស្រែ ឬ​ចំការ​ដំណាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative