ចំណងចង​ជើងស្វាមី​របស់តារា​ខ្មែរល្បីៗ

ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​កសាងគ្រឹះ​សុភមង្គល​របស់​លោកអ្នក។ តទៅនេះ​ទស្សនាវដ្ដី សុខភាពយើង សូមបន្ដនាំ លោកអ្នក​ទៅជួបនឹង​ការបកស្រាយ​នូវល្បិច​មួយចំនួន​ដើម្បី​ទទួលបាន​នូវសុភមង្គល​របស់គូស្វាមី​ភរិយា​ក្នុងពិភពសិល្បៈ​ដែលត្រូវ​បានមជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកថា​ជាគូស្រករ​ប្រកបដោយ​ជោគជ័យ​ក្នុងមាគ៌ា​សុភមង្គល។ សូមអាន​វិធីសាស្ដ្រ​ចងជើងស្វាមី​របស់សិល្បៈ​ការិនី ដែលបាន​ផ្ដល់បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។ តើពួក​គាត់​មានចំណង​អ្វីខ្លះ​ទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកនាង សុខា សុធានី

ជាវេជ្ជ​បណ្ឌិត និង​ជាពិធីការិនី​មួយរូប​ផងនោះ ពិតជា​មានការរវល់​ខ្លាំងណាស់ ប៉ុន្ដែ​មិនដែល​លេច​ឮ​ថាគ្រួសារ​របស់អ្នកនាង មានបញ្ហា​អ្វីទ្បើយ។ ផ្ទុយទៅវិញ​មានតែការ​ពោលពាក្យ​សរសើពី​សុភមង្គល​របស់អ្នកនាង​ទៅវិញ។ លោក ភោ សុផានិត ដែលជា ស្វាមី​របស់​អ្នកនាង​ក៏មាន​កិច្ចការ​ច្រើនដែល​ត្រូវបំពេញ​ដូចអ្នក​នាងដែរ។ ម្ល៉ោះ​ហើយអ្នក​ទាំងពីរ​យល់ច្បាស់​ពីគ្នាទៅវិញ​ទៅមក ជួយ គ្នានូវ​កិច្ចការ​សព្វបែប​យ៉ាង មិនថា​ជាកិច្ចការផ្ទះ ការថែរក្សា​កូន និង​កិច្ចការ​ផ្សេងទៀត​ជាច្រើន។ អ្នកនាង​សុធានី មិន​ដែលបំភ្លេច ចោលតួនាទី​ជាប្រពន្ធ និង​ជាម្ដាយ​ដ៏ល្អទ្បើយ អ្នកនាង​តែងតែ​បំពេញ​រាល់កិច្ចការផ្ទះ ចម្អិន​ម្ហូបអាហារ​ផ្គាប់ចិត្ដ​ស្វាមី និង​យកចិត្ដទុក ដាក់ចំពោះ​ស្វាមីគ្រប់​ពេលវេលា។ អ្នកនាង​សាង​បរិយាកាស​រីករាយ​ក្នុងក្រុម​គ្រួសារ​ជានិច្ច។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកនាង គង់ សុជាតិ

បើនិយាយ​ពីកិច្ចការផ្ទះ អ្នកនាង​មិនសូវ​បានបំពេញ​ទ្បើយ ព្រោះអ្នក​នាងរវល់​ខ្លាំងណាស់។ ទោះបី​ជាមិន​បានញឹកញាប់ ក៏អ្នកនាង​តែងតែ​ឆ្លៀតពេល​បំពេញ​ខ្លះដែរ។ អ្នកនាង​ទទួលស្គាល់​ថាជីវិត​ជាប្ដីប្រពន្ធ​កម្រមាន​នរណាម្នាក់​ដែលមិន​មានរឿង​ឈ្លោះ ប្រកែក​គ្នាណាស់។ ទាល់តែ​ម្នាក់ៗ​ចេះអធ្យាស្រ័យ​ឱ្យគ្នា​ទៅវិញ​ទៅមក ទើបមាន​សុភមង្គល ជាពិសេស​ស្ដ្រីជា​ភរិយា​ត្រូវចេះ​លេប បញ្ហាទុក ដើម្បី​កុំឱ្យមាន​រឿងវែង​ឆ្ងាយ ព្រោះថា​បើឈ្លោះ​ប្រកែកទៅ មិន​មានអ្វី​ចំណេញទេ មានតែ​ខ្មាស​គេតែ​ប៉ុណ្ណោះ។

កនាង ចន ច័ន្ទលក្ខិអ្នណា

តួនាទី​ជាភរិយា អ្នកនាង​មិនដែល​ភ្លេចមួយ​វិនាទីណាទេ ព្រោះអ្នកនាង​យល់ថា​កើតមក​ជាមនុស្ស​ស្រីជា​ភរិយាគេ បើមិន បំពេញកិច្ច​ការអស់​ទាំងនេះ តើទុក​ឱ្យអ្នកណា​បំពេញ។ ទោះបីស្ថិត​នៅក្នុង​លំដាប់​ណាក៏​ដោយ ក៏ស្ដ្រី​ចាំបាច់​ត្រូវតែ​ធ្វើកិច្ចការ​ទាំងនេះ។ លោកអ្នកនាង​មិនបាន​ចេញ​ទៅបំពេញ​ការងារ​ក្រៅផ្ទះ អ្នកនាង​តែងតែ​រៀបចំធ្វើ​ម្ហូបអាហារ រៀប​ចំទុកដាក់​កិច្ចការផ្ទះ​សម្បែង​មិនឱ្យ ទាស់ចិត្ដ​ទ្បើយ។ ប៉ុន្ដែ​បើអ្នកនាង​ត្រូវទៅ​ធ្វើការងារ​ក្រៅផ្ទះ អ្នកនាង​រៀបចំទុកដាក់​រួចជាស្រេច​នូវសម្ភារៈ​ផ្សេងៗ ដែល​ស្វាមី​អ្នកនាង ត្រូវការ​ប្រើក្នុង​អំឡុងពេល​ដែលអ្នកនាង​មិនបាន​បំពេញ ព្រោះអ្នក​នាងមិន​ចង់ឱ្យ​ស្វាមី​មានអារម្មណ៍​កណ្ដោច​កណ្ដែង ពេលអ្នកនាង មិន​នៅក្បែរ។ អ្វីដែល​សំខាន់​ជាងនេះ​ទៅទៀត រាល់​ទំនាក់ទំនង​ទោះក្នុង​វិស័យសិល្បៈ​ក្ដី នៅខាង​ក្រៅក្ដី អ្នកនាង​មានការ​ប្រយ័ត្ន ប្រយែង​ជានិច្ច ជាពិសេស​ចំពោះ​មនុស្ស​ប្រុស។ ព្រោះ​មិនចង់​ឱ្យអ្នក​ដទៃវាយ​តម្លៃ​អ្នកនាង និង​ស្វាមីបាន ទោះក្នុង​កាលៈទេសៈ​ណាក៏ ដោយ វាជា​វិធីការពារ​សុភមង្គល​គ្រួសារផង និង​កិត្ដិយស​ផ្ទាល់ខ្លួនផង។

អ្នកនាង អឿន ស្រីមុំ

មានវិធី​ងាយ​ជាច្រើន​ដែលអ្នកនាង​ជ្រើសរើស​យកមក​ប្រើក្នុង​ការផ្គាប់​ចិត្ដស្វាមី​របស់​អ្នកនាង។ ទោះបី​ជារវល់​ក្នុងកិច្ច​ការងារ​ប៉ុណ្ណា​ក៏ដោយ ក៏អ្នកនាង​មិនដែល​បំភ្លេចតួនាទី​ជាភរិយា​ដែលចាំបាច់​ត្រូវតែ​គោរព​ប្រតិបត្ដិ​ស្វាមី រៀបចំ​ទុកដាក់​ម្ហូបអាហារ​នំចំណី សម្លៀក​បំពាក់​ជាដើម។ ជាងនេះ​ទៅទៀត អ្វីដែល​ស្វាមីយល់​ថាល្អ ត្រូវការ អ្នកនាង​នឹងបំពេញ​តាមជានិច្ច។ ផ្ទុយទៅវិញ​បើស្វាមីមិន ចង់ឱ្យ​ប្រព្រឹត្ដ អ្នកនាង​មិនដែល​ប្រឆាំង​ទ្បើយ។ ប៉ុន្ដែការ​ធ្វើបែបនេះ​មិនមែន​បានន័យថា​អ្នកនាង​ខ្លាចស្វាមី​នោះទ្បើយ គឺអ្នកនាង គោរព និង​ផ្ដល់កិត្ដិយស​ឱ្យស្វាមី។ មន្ដស្នេហ៍​មួយទៀត​របស់​អ្នកនាង គឺការ​គោរព​ស្រឡាញ់​លោកឪពុក​អ្នកម្ដាយ​ក្មេក បងប្អូនខាង ស្វាមី​ស្មើនឹង​ឪពុកម្ដាយ​បងប្អូន​អ្នកនាង​ផ្ទាល់។ ចំណុច​ទាំងនេះ​ហើយដែល​រិតតែ​ធ្វើឱ្យស្វាមី​អ្នកនាង​គោរព​ស្រឡាញ់​អ្នកនាង​ទ្វេឡើង។ ជាពិសេស​ជាងនេះ​ទៅទៀត អ្នកនាង និង​ស្វាមី​តែងតែ​នៅជាមួយ​គ្នារាល់ថ្ងៃ មិនថាពេល​ធ្វើការ ឬ​នៅផ្ទះទ្បើយ សូម្បីតែ​ពេលដែល អ្នកនាង​ត្រូវទៅ​សម្ដែងនៅ​បរទេស បើខាង​អ្នកធានា​មិនអនុញ្ញាតិ​ឱ្យស្វាមី​ទៅជាមួយ អ្នកនាង​មិនព្រម​ចាកចេញ​ដោយគ្មាន​ស្វាមីកំដរ ទ្បើយ។ មានសុភមង្គល​ម្ល៉េះហ្ន៍!

អ្នកនាង ម៉ៅ ស៊ីណាត

លោកដែល​ជាស្វាមី​របស់អ្នកនាង​ពិតជា​មានសំណាង​ណាស់ ព្រោះ​គ្រប់យ៉ាង​ដែលអ្នក​នាងធ្វើ គឺដើម្បី​ស្វាមី និង​កូនប្រុសជា ទីស្រឡាញ់​របស់អ្នកនាង​ទាំងអស់។ មិនដែល​ភ្លេចមួយ​វិនាទីណា​ទ្បើយថា​អ្នកនាង​មានកូន មានប្ដី មានក្រុម​គ្រួសារ ចាំបាច់​ណាស់ ដែលអ្នក​នាងត្រូវ​មើលថែ​ដោយគិត​តាំងពី​កិច្ចការ​តូចតាច​ទ្បើងទៅ។ ទោះបី​ស្វាមីអ្នកនាង​ជាស្វាមីដ៏​ល្អម្នាក់ មិនរារាំង ឬ​ប្រច័ណ្ឌនៅ ពេលដែល​អ្នកនាង​សម្ដែង​ក៏ដោយ។ ជាញឹកញាប់​អ្នកនាង​តែងតែ​បង្កនូវ​បរិយាកាស​បែប​រ៉ូមែនទិក​ដើម្បីជា​ការរំលឹក​នូវអនុស្សាវរីយ៍ ពេលដែល​អ្នកនាង និង​ស្វាមីបាន​ស្រឡាញ់​គ្នាលើក​ដំបូង ក៏ដូច​ជាបន្ថែមនូវ​រសជាតិ​ឱ្យស្នេហា​របស់អ្នកនាង​កាន់តែ​មានសុភមង្គល​ជាង មុនទៅ​ទៀត។ អ្នកនាង​មិនដែល​ប្រើពាក្យ​សម្ដី​ទ្រគោះ​បោះបោក​ទៅលើ​ស្វាមីទ្បើយ ការគោរព និង​ផ្ដល់កិត្ដិយស អ្នកនាង​មិនដែល មើល​រំលងទេ។ ជាពិសេស​អ្នកនាង​ចូលចិត្ដ​ប្រលែងលេង​ជាមួយ​ស្វាមីណាស់ ដែល​ជាហេតុ​ធ្វើឱ្យ​គ្រួសារ​អ្នកនាង​មានតែ​ភាពសប្បាយ រីករាយ​គ្រប់ពេល។ អ្នកនាង​ក៏បានគិត​ទុកជា​ស្រេច​ហើយថា​បើនៅ​ពេលណា​ស្វាមី​របស់​អ្នកនាង​មានលួច​ទាក់ទង​ស្រីផ្សេង ក៏អ្នកនាង មិនរក​រឿងឈ្លោះ​ប្រកែក​អ្វីជាមួយ​ស្វាមីដែរ។ ផ្ទុយ​ទៅវិញ​អ្នកនាង​រិតតែបន្ថែម​ភាពផ្អែមល្ហែម​ទៅលើ​ស្វាមីលើស​ពីមុន ព្រោះអ្នក នាង​យល់ថា​ការធ្វើ​បែបនេះ​បន្ដិចម្ដងៗ ស្វាមី​នឹងត្រទ្បប់​មកវិញ​មិនខាន ស្នេហ៍​មិនដែល​ឈ្នះស្និទ្ធទេ។ អ្នកនាង​បានបន្ថែម​ទៀតថារូប មន្ដមាយាស្ដ្រី​មានច្រើន​ណាស់​ដើម្បីចង​ជើងស្វាមី បើគ្រប់ស្ដ្រី​ទាំងអស់​គ្រាន់តែ​យក​មួយចំនួន​មកប្រើ​នោះគ្រួសារ​ពិតជា​មានសុភមង្គ ល។ ប៉ុន្ដែ មិនត្រូវ​មាយាទាល់​តែគេស្អប់​នោះទេ គឺមាយា​ឱ្យគេ​ស្រឡាញ់ ហើយ​រិតតែ​ស្រឡាញ់​ខ្លាំងទ្បើង​ជារៀង​រាល់ថ្ងៃ។

បណ្ដាំផ្ញើ

ទាំងនេះ​ជាបទ​ពិសោធន៍​មួយចំនួន​ទាក់ទង​ទៅនឹង​ជីវិតរស់​នៅប្រចាំថ្ងៃ​របស់សិល្បៈ​ការិនីខ្មែរ ដែលមាន​ការងារ​មមាញឹក តែមាន​គ្រួសារ​ប្រកបដោយ​សុភមង្គល។ សង្ឃឹម​ជឿជាក់​ថាលោកអ្នក​អាច​ជ្រើសរើស​យក និង​ធ្វើតាម​អ្វីដែលល្អ។ ប៉ុន្ដែ​សូមចងចាំ​ថា ដើម្បី​ឱ្យគ្រួសារ​មានសុភមង្គល​ក្រៅពី​ស្នេហា​ដ៏ស្មោះស្ម័គ្រ​ចំពោះគ្នា ក៏នៅ​មានកត្ដា​សំខាន់ៗ​ខ្លះដែល​គូស្វាមី​ភរិយា​ត្រូវបំពេញ​ក្នុងជីវភាព​រស់នៅ។ បើលោកអ្នក​បណ្ដែត​បណ្ដោយ​ឱ្យមាន​ចន្លោះ​ប្រហោង​នោះ នាវា​សុភមង្គល​របស់​លោកអ្នក​នឹងត្រូវ​ឃ្លីងឃ្លោង​មិនខាន។ សរុបមក​វិញអ្នក​ដែលចូលរួម​ឱ្យយោបល់​មិនលំបាកទេ ប៉ុន្ដែ​អ្នកអនុវត្ដ​ដែល​លំបាក​ធ្វើតាម ហើយ​ជាអ្នក​សំខាន់​មិនដឹង​ថាលោកអ្នក ធ្វើបាន​ប៉ុណ្ណា​នោះទេ។ សូមលោក​អ្នកបាន​សម្រេច​នូវកាតព្វកិច្ច​ក្នុងជីវិត​ប្ដីប្រពន្ធ​របស់​លោកអ្នក​ប្រកបដោយ​សុភមង្គល​តទៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative