កីឡាបាល់ទះ

ដោយសារ​មានការ​ពិបាក​នៅក្នុង​ការស្វែង​រកទីលាន​ទូលាយ​ដើម្បីលេង​ផ្សេងៗ កីឡាបាល់​ទះត្រូវបាន​ប្រជាពលរដ្ឋ ពិសេស​យុវវ័យ​មានការ​ពេញនិយម​ជាខ្លាំង។ បាល់ទះងាយ​នៅក្នុងការ​ជ្រើសរើស​ទីលានលេង មាន​សមាជិក​តិចក៏អាច​លេងបាន មាន ត្រឹមតែ​ខ្សែស្រទបចេក​ក៏អាចចង​ធ្វើជា​សំណាញ់​វាយបាល់​បាន។ ប៉ុន្ដែ​ការលេង​មានលក្ខណៈ​ខុសគ្នាច្រើន ដូចជា​ការលេង​ដើម្បី​កម្សាន្ដ ច្បាប់នៃ​ការប្រកួត ឧបករណ៍​ដើម្បីលេង សមាជិក​ក្នុងក្រុម​នីមួយៗ និង​ការរាប់​ពិន្ទុនៃ​ការលេង​ក្នុងជុំនីមួយៗ​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ព្រុំ ប៊ុនយី អគ្គលេខា​សហព័ន្ធ​កីឡាបាល់ទះ នៃគណ​កម្មាធិការ​ជាតិ​កីឡា​អូឡាំ​ពិចកម្ពុជា បានរៀបរាប់​ពីលក្ខណៈ​ពិសេស​របស់កីឡា​បាល់ទះ​នៅក្នុងស្រុក និង​អន្ដរជាតិ ប្រាប់ទស្សនាវដ្ដី សុខភាពយើង។

កីឡាបាល់ទះ​នៅកម្ពុជា

បាល់ទះ​មានប្រជា​ប្រិយភាព​ណាស់​នៅក្នុង​ស្រទាប់​យុវវ័យ​ដែលស្រឡាញ់​ចូលចិត្ដ​កីឡាកាយ​សម្បទា។ ប្រជាពលរដ្ឋ​ដែល រស់នៅ​តាមទីជនបទ​ស្រុកស្រែ​ចំការ​និយម​លេងបាល់ទះ ដោយមិន​ចាំបាច់​មានឧបករណ៍​គ្រប់គ្រាន់​ដូចអ្នក​នៅក្នុង​ក្រុងទេ។ ពួកគាត់ អាចលេង​បានដោយ​គ្រាន់តែ​ចងខ្សែ​ជាសញ្ញាថា​សំណាញ់ វាយបាល់​សម្រាប់ទាត់ ជួនបាល់​ជ័រដែល​ស្រាលៗ មិនមាន​កំណត់នូវ​ស្ដង់ដាអ្វី ទេ ឱ្យតែមាន​ដៃគូប្រកួត ហើយ​យល់​ព្រមព្រៀង​គ្នាជា​ការស្រេច។ កីឡាករ​បាល់ទះ​កម្ពុជា​មានឈ្មោះ​ល្បីល្បាញ​ក្នុងប្រវត្ដិសាស្ដ្រ តាំង ពីយូរយារ​ណាស់មក​ហើយ ពិសេស​នៅក្នុង​សម័យ​សង្គម​រាស្ដ្រនិយម។ ក្រោយឆ្នាំ​១៩៧៩ មានការ​រៀបចំ​ជាសហព័ន្ធ​កីឡាបាល់ទះ ឡើងវិញ ហើយបាន​បញ្ចូល​កីឡានេះ​ទៅក្នុង​កម្មវិធីកីឡា​ផ្លូវការ​របស់ជាតិ។ កីឡា​នេះត្រូវ​បានគ្រប់គ្រង​ដោយសហព័ន្ធ​កីឡាបាល់ទះ កម្ពុជា ដែល​ទទួលខុស​ត្រូវលើ​កម្មវិធី​ការងារ​បណ្ដុះបណ្ដាល​កីឡាករបាល់ទះ​នៅក្នុងស្រុក និង​សហគមន៍។ នៅ​ក្នុងរង្វង់​អន្ដរជាតិ កីឡាករ​បាល់ទះ​ខ្មែរលេង​នៅមាន​លក្ខណៈ​ខ្សោយ​បច្ចេកទេស​នៅឡើយ ដែលត្រូវ​ការហ្វឹក​ហាត់​បន្ថែមទៀត។ សហព័ន្ធ​កីឡាបាល់ទះ នៅតែ​បន្ដព្យាយាម​ជំរុញឱ្យ​មានការ​និយម​ចូលចិត្ដ​លេង និងជម្រើស​អ្នកលេងល្អៗ ដើម្បីឈាន​ទៅដណ្ដើម​ជ័យលាភី​នៅលើ​ឆាកអន្ដរ ជាតិ​នាពេល​អនាគត។

របៀបហាត់​បាល់ទះ

ពេលប្រកួត​ជាផ្លូវការ កីឡាករ​ត្រូវការ​ប្រើបច្ចេកទេស​ច្រើន​ដើម្បីទះបាល់ ដូច្នេះ​ហើយ ទើបត្រូវ​ទាមទារ​ឱ្យកីឡាករ​មាន ការហ្វឹក​ហាត់តាម​ក្បួន ដោយរាប់​ចាប់ពី​មូលដ្ឋានគ្រឹះ​ឡើងទៅ។ ជាបឋម​ត្រូវមាន​ការហ្វឹកហាត់​យកម្លាំងកាយ​ជាមុនសិន ដើម្បីកសាង​ភាពទ្រាំទ្រ​បានយូរ ព្រោះ​នៅពេល​ដែលលេង ឬ​ប្រកួត​ទាមទារ​ឱ្យមាន​កម្លាំងខ្លាំង។ បន្ទាប់មក​ត្រូវមាន​ការហាត់​ដក់បាល់ ហាត់ ទ្របាល់ ហាត់គប់​បាល់ ហាត់ធ្វើ​រនាំង​ជាដើម។ ការហាត់​ដក់បាល់ ជាមេរៀន​ដែលមាន​ភាពលំបាក​នៅក្នុងការ​ហាត់បន្ដិច ព្រោះវា​ទាមទារ​ឱ្យមាន​ទីលានមួយ​ល្អដើម្បី​ហាត់។ លំហាត់​មេរៀន​នីមួយៗ​មិនមាន​ការកំណត់​រយៈពេល​ហាត់យូរ ឬ​ឆាប់ទេ ពោល​អាស្រ័យទៅ លើនិស្ស័យ​នៃការ​ចូលចិត្ដ​លេង និង​ទេពកោសល្យ​នៃការ​លេងរបស់​កីឡាករ​ម្នាក់ៗ។ កីឡាករល្អ គួរមាន​ការហាត់​លេងឱ្យ​បានល្អទាំង ដៃស្ដាំ​ទាំង​ដៃឆ្វេង។ បាល់ទះ​អាចហាត់​លេងបាន​ចាប់ពី​អាយុ១២​ឆ្នាំឡើងទៅ។ មិនមាន​ក្បួនណា​ដែលកំណត់​ថាបាល់​នេះត្រូវ​វាយទៅ ខាងនេះ ឬ​ខាង​នោះទេ ជាក់ស្ដែង​អាស្រ័យ​ទៅលើភាព​រហ័សរហួន និង​ទេពកោសល្យ​របស់​កីឡាករ។ សម្រាប់​អ្នកដែល​ហាត់ដើម្បី កម្លាំង​កាយ​សម្បទា គួរហាត់​នៅពេលព្រឹក​ព្រលឹម ពោល​គឺចាប់​ពីម៉ោង៥ ដល់ម៉ោង​៧ព្រឹក រួមមាន​ដូចជាការ​ហាត់លោត រត់ជាដើម។ សម្រាប់​បច្ចេកទេស​កលយុគ អាចចាប់​ផ្ដើមហាត់​នៅពេលណា​ក៏បាន។ តែ​សម្រាប់​អ្នកដែល​ត្រូវចូលរួម​ប្រកួត​នៅអន្ដរជាតិ គួរតែហាត់ ទៅតាម​ពេលវេលា​ដែលកំណត់​ឱ្យលេង ឬ​ហាត់ តម្រូវ​តាម​បរិយាកាស​នៃការ​លេង។ ជា​ឧទាហរណ៍ បើ​ប្រកួត​ពេលយប់ ត្រូវហាត់ យប់ បើ​ប្រកួត​ពេលថ្ងៃ​ត្រង់ ត្រូវហាត់​ថ្ងៃត្រង់។

ជាធម្មតា កីឡាករ​បាល់ទះ​ទាមទារ​ឱ្យមាន​កម្ពស់ខ្ពស់ ដូច្នេះ​សហព័ន្ធ​កីឡាបាល់ទះ​ត្រូវការ​អ្នកដែល​មានកម្ពស់​ខ្ពស់ជាខ្លាំង ។ សម្រាប់អ្នក​ដែលចង់​ចាប់ជា​អាជីព អ្នកដែល​ខ្ពស់ត្រូវ​មានអត្ថិភាព​ជាងគេ​នៅក្នុង​ការជ្រើសរើស​ឱ្យចូល​បម្រើ​ជាកីឡាករ​ជម្រើស ជាតិ។ ការលោត​ឱ្យបានខ្ពស់​ក៏ជាតម្រូវ​ការចាំបាច់​មួយដែរ បន្ទាប់ពី​កម្ពស់ខ្ពស់ ជួនកាល​អ្នកមាន​កម្ពស់ទាប​តែអាច​លោតបាន​ខ្ពស់ក៏អាច​ត្រូវបាន​គេជ្រើស​រើស​ដែរ។ គ្រូបង្វឹក​នឹងស្ទង់​មើលពីការ​វាយបាល់​ត្រូវតាម​បច្ចេកទេស កាយ​សម្បទា​សុខភាព​មាំទាំ ភាពលំនាំជា កីឡាករ ហើយ​និង​តាមដាន​ពីសន្ទុះ​នៃការ​ហ្វឹកហាត់។

របៀប​លេងកីឡា​បាល់ទះ

នៅក្នុង​លក្ខខ័ណ្ឌ​នៃការប្រកួត ក្នុងមួយ​ក្រុមចាំបាច់​ត្រូវមាន​សមាជិក​៦នាក់។ សម្រាប់​ការប្រកួត​ជាផ្លូវការ ការលេង​កំណត់ ត្រឹម៥ទឹក ឬ​៥សិក។ មួយទឹក ឬ​មួយសិក​ត្រូវលេង​រហូតដល់​២៥ពិន្ទុ ទើបសន្មត់​ចប់។ ដោយឡែក​ទឹកទី៥ គេចាប់​ឆ្នោតរើស​ទីលាន ឡើងវិញ ហើយលេង​ត្រឹមតែ១៥ពិន្ទុ ឬ​១៥គ្រាប់។ ការប្រកួត​អាចមិន​ចាំបាច់​ដល់សិកទី៥ កាលណា​លទ្ធផល​៣ទល់០ ឬ​៤ទល់១  គឺ អាចកំណត់​ឈ្នះ​ចាញ់បាន លុះត្រា​ណាតែ២​ទល់២ ទើប​ត្រូវប្រកួត​ដល់សិក​ទី៥។ ការលេង​បាល់កំណត់​ត្រឹម៣​ប៉ះម្ខាង ពិន្ទុ​នឹងចាប់រាប់ ពេលបាល់​ធ្លាក់ដល់ដី មានន័យ​ថាសឺវ៉ីស​ណាក៏មាន​ពិន្ទុដែរ។ លទ្ធផល​នឹងចាប់​រាប់ពី​ចន្លោះ២ពិន្ទុ ឧទាហរណ៍ ២៦ទល់​២៤ពិន្ទុ ទើបអាច បញ្ចប់ ជួនកាល​ការប្រកួត​មួយសិក​អាចឈាន​រហូតដល់​៣០ពិន្ទុ។ សម្រាប់​កម្ពស់​ហ្វីឡេ ឬ​សំណាញ់​ស្ដង់ដា កីឡាករ​បុរស​គេកំណត់ឱ្យ លេងត្រឹម​២.៤៣​ម៉ែត្រ និង​នារីកម្ពស់​២.២៤​ម៉ែត្រ។ ដោយឡែក​កុមារ​អាយុក្រោម​១៤ឆ្នាំ ហ្វីឡេ ឬ​សំណាញ់​ប្រុស​កម្ពស់​២.២៤​ម៉ែត្រ ហ្វីឡេ ឬ សំណាញ់​ស្រីកម្ពស់​២.១៣​ម៉ែត្រ។

នៅក្នុង​ការប្រកួត​កីឡាបាល់ទះ គណៈ​កម្មការ​កីឡាបាល់ទះ​អូឡាំពិច​មានរង្វាន់​សម្រាប់​ផ្ដល់ជូន​អ្នកដែល​លេងឆ្នើម​បំផុត លើចំណុច​ពិសេស​៧យ៉ាង ដូចជា ៖

  • អ្នកដែល​វាយបាល់​បាន​ល្អបំផុត
  • អ្នកធ្វើ​រនាំងបាល់​បាន​ល្អបំផុត
  • អ្នកវាយ​សឺវ៉ីស​បាន​ល្អបំផុត
  • អ្នកលើក​បាល់បាន​ល្អបំផុត
  • អ្នកសង្គ្រោះ​បាល់បាន​ល្អបំផុត
  • អ្នកទទួល​បាល់សឺវីស ឬ​បាល់គប់​បានល្អបំផុត
  • លីប៊ឺរ៉ូ​បានល្អ​បំផុត​(មិនទាន់​មានការ​បកប្រែ​ជាខេមរ​ភាសាជា​ផ្លូវការណ៍ទេ)។ កីឡាករ​នេះត្រូវ​បានបង្កើត​ឡើង​ដើម្បីជា ជំនួយ​ដល់អ្នក​លេងនៅ​ក្នុងក្រុម។ អាចដូរ​ចេញចូល​ពេលណា​ក៏បាន មានសិទ្ធិ​រត់ពេញ​ក្នុងទីលាន​ទាំងអស់ តែមិន​អាចគប់ មិន​អាចប្រើ ក្បាលប៉ះ​បាល់បានទេ បានត្រឹម​តែដក់ បាញ់​បាល់​ពីក្រោយ។ កីឡាករ​នេះជា​ដំណែង​ថ្មីដែល​ទើបតែ​បង្កើត​ឡើង ហើយ​មានសម្លៀក បំពាក់​ខុសពីកីឡាករ​ផ្សេងទៀត​នៅក្នុងក្រុម។

អត្ថប្រយោជន៍​កីឡាបាល់ទះ

ការលេង​បាល់ទះ ឬ​កីឡា​គ្រប់ប្រភេទ​មានប្រយោជន៍​ចំពោះ​រាងកាយ។ ដោយឡែក​កីឡាបាល់ទះ​មានប្រយោជន៍​ក្នុងការ ផ្ដល់​ឱកាស​ចំពោះការ​បញ្ចេញ​ទេពកោសល្យ​ដល់់អ្នក​ដែលមាន​កម្ពស់ខ្ពស់ ដើម្បីប្រើ​កម្ពស់​ឱ្យមាន​ប្រយោជន៍ អាចក្លាយ​ជាអ្នក​មានសុខ ភាពល្អ​មាំទាំ។ សម្រាប់​យុវវ័យ​ក្នុងវ័យ​សិក្សា កីឡាអាច​ជួយឱ្យ​ពួកគេ​ស្រឡះ​ខួរក្បាល រៀនបាន​ពូកែ លេងកីឡា​បានល្អ មានទឹកចិត្ដ មេត្រីភាព សុខភាព​ល្អបរិបូរណ៍ និង​មានរូបរាង​កាយ​ស្រស់សង្ហា។ កីឡាបាល់ទះ​ត្រូវបាន​គេប្រើ​ជាទូតក្នុង​ការទំនាក់​ទំនង ហើយ បង្កើននូវ​ភាព​ស្វាហាប់ និង​បញ្ញាវាងវៃ។

ផលវិបាក​កីឡាបាល់ទះ

ការលេង​បាល់ទះ​ក្នុងវ័យ​ចំណាស់ពេក បង្ខំចិត្ដ​លេង ទម្ងន់​មិនសមាមាត្រ​នឹងកម្ពស់ ឬ​ធាត់ពេក នាំឱ្យងាយ​ខូចជង្គង់។ ព្រោះ ជង្គង់​ត្រូវទ្រទម្ងន់​ខ្លួនទាំងមូល ជាពិសេស​នៅពេល​លោតវាយ​បាល់។ ដូច្នេះ​មិនគួរ​បន្ដលេង​រហូតដល់​វ័យចាស់​ពេកទេ តែអាច​លេងបាន នៅពេល​ដែលរូប​រាងកាយ ឬ​កម្លាំង​សម្បទា​នៅល្អ។

ប្រការ​គួរចៀសវាង

ការប៉ះពាល់​ដល់សារធាតុ​នីកូទិច ឬ​គ្រឿងញៀន​ដែលមាន​នៅក្នុង​ភេសជ្ជៈលើក​កម្លាំង ឬ​ថ្នាំលើក​កម្លាំង នាំឱ្យ​ខួរក្បាល កីឡាករ​វង្វេង។ គួរតែ​ចៀសវាង​ទទួល​ទានភេសជ្ជៈ​លើក​កម្លាំង​ច្រើនពេក ព្រោះ​ទទួលទាន​យូរទៅ​នាំឱ្យអ្នក​កើតជម្ងឺ​ទឹកនោមផ្អែម។ សុរា កាហ្វេ បារី និង​គ្រឿងញៀន​គួរតែចៀស​វាងទទួល​ទានសម្រាប់​អ្នកលេង​កីឡា ព្រោះវា​ប៉ះពាល់​ដល់សុខភាព។

ដំបូន្មាន​អ្នកជំនាញ

សូមយុវ​វ័យចូលរួម​លេងសកម្មភាព​អប់រំកាយ និង​កីឡាឱ្យ​បានច្រើន ព្រោះវ័យនេះ​ត្រូវវិវឌ្ឍន៍​ទាំងផ្លូវកាយ ផ្លូវបញ្ញា។ សូម​ជ្រើសរើស​យកលំហាត់​ណាមួយ​ដែលអំណោយ​ផលដល់​ខ្លួនយើង។ ការលេង​កីឡា​នីមួយៗ គួរលេង​ទៅតាម​ទំនោរ និង​ចំណង់ចិត្ដ របស់​លោកអ្នក ដូចជា​បើចង់​ឱ្យខ្ពស់​អាចហាត់​ឡើងបាហ្វីច​ដើម្បីឱ្យ​បានលូត​កម្ពស់ បើចង់​បានរាងកាយ​សមសួន​អាចហាត់​ហែលទឹកជា ដើម។ សូមចង​ចាំថាប្រាជ្ញា​ល្អមាន​នៅក្នុង​រាងកាយ​មាំមួន។ ការ​ជ្រើសរើស​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ ក៏ជា​បញ្ហាដែល​គួរយក​ចិត្ដទុក ដាក់ផង​ដែរ។ ដូច្នេះ​គួរទទួល​ទានទឹក​ផ្លែឈើ​ធម្មជាតិ និង​ផ្លែឈើ​ស្រស់​ធម្មជាតិឱ្យ​បានច្រើន ដើម្បី​ជំនួយ​សុខភាព​រាងកាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative