ជម្ងឺគ្រុន​ផ្ដាសាយ​បក្សីអាច​ព្យាបាល​បាន

មានមនុស្ស​៦នាក់​ហើយបាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជម្ងឺគ្រុន​ផ្ដាសាយ​បក្សី​នៅកម្ពុជា។ ជម្ងឺគ្រុន​ផ្ដាសាយ​បក្សី​ជាជម្ងឺ ឆ្លងយ៉ាង​លឿន ដែលជា​ធម្មតាកើត​មានលើ​សត្វស្លាប ហើយ​អាចបន្ដ​ចម្លង​មក​មនុស្ស បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់មនុស្ស។ ប្រសិនបើ ព្យាបាល​មិនទាន់​ពេលវេលា គ្រោះថ្នាក់​នឹងមាន​អត្រាកាន់​តែខ្ពស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅលេខ​ទី០០៣ ខែមេសា ទស្សនាវដ្ដី​សុខភាពយើង បាន​ចេញផ្សាយ​រួចមកហើយ​ពីការ​ទប់ទល់​ជម្ងឺ​គ្រុន​ផ្ដាសាយបក្សីនៅ កម្ពុជា។ សម្រាប់​លេខនេះ យើងខ្ញុំ​សូមលើក​មកជម្រាប​ជូន​លោកអ្នក​ជាបន្ដទៀត​ពីការ​ព្យាបាល​ជម្ងឺគ្រុន​ផ្ដាសាយបក្សី តាមការ​បកស្រាយ​របស់លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺឆ្លង​នៃក្រសួង​សុខាភិបាល។

របៀបចម្លងមេរោគផ្ដាសាយបក្សី

មេរោគ​ជម្ងឺ​គ្រុនផ្ដាសាយបក្សី​មាននៅ​តាមផ្លូវ​ដង្ហើម​របស់បក្សី ទឹកមាត់ ទឹក​សម្បោរ​របស់បក្សី​ដែលអាច​ប្រឡាក់​នៅជាប់ នឹងរោម និង​ក្នុងលាមក​របស់បក្សី។ អ្នកដែល​ប្រឈមមុខ​ខ្លាំងជាងគេ គឺអ្នក​ធ្វើការផ្ទាល់​ជាមួយបក្សី​ក្នុងកសិដ្ឋាន អ្នក​សម្លាប់​សត្វបក្សី អ្នកបោច​រោមមាន់ទា ឬ​ប៉ះពាល់​លាមក​ផ្ទាត់​ប្រទ្បាក់​មកប៉ះ​ផ្លូវដង្ហើម។ នៅពេល​ដែលដក​ដង្ហើម​ស្រូប​ចូលទៅ មេរោគ​នឹងឆ្លង​ទៅក្នុង ខ្លួនបង្ក​បានជា​ជម្ងឺគ្រុន​ផ្ដាសាយបក្សី។

វិធី​ព្យាបាល​ជម្ងឺ​គ្រុនផ្ដាសាយបក្សី

ដោយសារ​រោគសញ្ញា​ជម្ងឺ​គ្រុនផ្ដាសាយបក្សី​ដូចនឹង​ជម្ងឺ​ផ្ដាសាយ​ធម្មតា​ដែរនោះ។ ហេតុនេះ​ហើយ ទើប​ទាមទារ​ឱ្យ​លោកអ្នក​ដែល​មាន​ជម្ងឺ​ផ្ដាសាយធម្មតា ដូចជាក្អក ឬ​ហត់ គួបផ្សំនឹង​មានកម្ដៅ​ខ្លួនលើស​ពី៣៨​អង្សាសេ ហើយ​មានប្រវត្ដិ​បោចរោម​មាន់ទា ក្ងាន ឬ​ប៉ះពាល់​សត្វទាំង​នោះ ត្រូវ​ប្រញាប់​មកកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ជាបន្ទាន់។ មិនត្រូវ​បង្អែរបង្អង់យូរ ដោយទិញ​ថ្នាំលេប ដោយខ្លួន​ឯងឱ្យ​សោះ។ បើ​លោកអ្នក​មកមន្ទីរ​ពេទ្យ​ក្នុងរយៈ​ពេល៣​ថ្ងៃដំបូង លោកអ្នក​អាចមាន​ឱកាស​ជាសះស្បើយ​បាន។ ផ្ទុយទៅ វិញ បើ​លោកអ្នក​ទុករហូត​ដល់រយៈ​ពេល៥​ថ្ងៃនោះ អត្រា​រស់របស់​លោកអ្នក​ធ្លាក់​ទាបហើយ។ លោកអ្នក​ជ្រាបទេថា​ក្នុងករណី​កន្លង មកនៅ​ខេត្ដកំពត អ្នកដែល​បានបាត់​ជីវិតទាំង​៤នាក់ គឺដោយ​សាតែ​ពួកគាត់​មិនបាន​មកកាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា។ សូមចាំ​ថាជម្ងឺ គ្រុន​ផ្ដាសាយបក្សី​អាចធ្វើ​ឱ្យលោកអ្នក​ស្លាប់បាន​ក្នុងរយៈ​ពេល៧ថ្ងៃ។

នៅក្នុង​ប្រទេស​កម្ពុជា​មានមន្ទីរ​ពេទ្យ​ចំនួនពីរ​ដែល​ទទួល​ព្យាបាល​ជម្ងឺ​គ្រុនផ្ដាសាយបក្សី​ដោយឥត​គិតថ្លៃ គឺមន្ទីរ​ពេទ្យកាល់ ម៉ែត និង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​សៀមរាប។

ដំបូន្មាន​អ្នកជំនាញ

ប្រសិនបើ​លោកអ្នក​បានប៉ះពាល់​ជាមួយ​សត្វស្លាប លោកអ្នក​ត្រូវលាង​សម្អាតដៃ​ជាមួយ​សាប៊ូឱ្យ​ស្អាត។ រាល់ពេល​ប៉ះពាល់ ជាមួយ​សត្វទាំង​នោះ លោកអ្នក​ត្រូវពាក់​ស្បែកជើង​កវែង និង​កុំប៉ះពាល់​ជាមួយ​សត្វដែល​ឈឺ។ បើមាន​ករណី​សង្ស័យ ត្រូវរាយ​ការណ៍ ដល់​អាជ្ញាធរ​ដែនដី​ជាបន្ទាន់ ជាពិសេសក្រុមការងាររបស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេសតាមរយៈលេខទូរស័ព្ទ ០១២ ៤៨៨ ៩៨១ និង០១២ ៨៣៦ ៨៦៨។ សូមជួយ​គ្នាដើម្បី​កម្ពុជា​គ្មានគ្រុន​ផ្ដាសាយបក្សី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative