ស្រែងជា​ជម្ងឺឆ្លង

លោកអ្នក​ជ្រាបច្បាស់​ឬ​ទេពីជម្ងឺ​ស្រែង? ស្រែង​ជាជម្ងឺ​សើស្បែក​មួយប្រភេទ​ងាយឆ្លង​ជាទីបំផុត តែវាមិន​សូវបង្ក គ្រោះថ្នាក់ទេ។ នៅតាម​បណ្ដា​ប្រទេសនានា ក៏កើត​មានជម្ងឺ​នេះដែរ ប៉ុន្ដែ​គេសង្កេត​ឃើញនៅ​ប្រទេសក្ដៅ​ងាយកើត​មានជម្ងឺនេះ ជាងគេ ដោយសារ​មានញើស ហើយស្បែក​មានលក្ខណៈ​ផ្អិបគ្នា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​ប្រិយមិត្ដ​អ្នកអាន​ឱ្យស្វែងយល់​ពីជម្ងឺ​ស្រែង ជាជម្ងឺ​ផ្សិតដែល​កើតមាន​ញឹកញាប់ ។

ជម្ងឺស្រែង ជាអ្វី?

ស្រែងជា​ជម្ងឺបង្ក​ឡើងដោយ​មេរោគផ្សិត​លើស្រទាប់​ស្បែកលើ មេរោគ​ផ្សិតនោះ​មានឈ្មោះ​ថាឌែម៉ាតូហ្វីត។ មេរោគ ផ្សិត​នេះទាមទារ​ចាំបាច់​នូវជាតិ​កេរ៉ាទីន​របស់ស្បែក​មនុស្ស ដើម្បី​ចិញ្ចឹមជីវិតវា។ ផ្សិត​ដែលបង្ក​ឱ្យកើត​ជម្ងឺស្រែង​នេះ ច្រើនតែ កើតនៅ​ត្រង់កន្លែង​ស្បែក​ដែល​គ្របដណ្ដប់​ដោយជាតិ​ស្នែងច្រើន ដែល​ជាតិស្នែង​នេះច្រើន​មាននៅ​លើស្បែក​ធម្មតា ក្រចក និង សក់របស់​មនុស្ស។

មូលហេតុ​នាំឱ្យ​កើតជម្ងឺ​ស្រែង

ការហូបចុក​មិនមាន​ឥទ្ធិពល​ដល់ការ​ធ្វើឱ្យ​កើតជម្ងឺ​ស្រែង​នេះទេ។ គេសង្កេត​ឃើញ​ជម្ងឺនេះ ច្រើន​តែកើត​លើអ្នកដែល ប្រើប្រាស់​ពពួកថ្នាំ​បន្ថយ​ប្រព័ន្ធ​ការពារ​ខ្លួនដូច​ជាថ្នាំ​គ័រទីកូអ៊ីត​យូរពេល​ជាដើម អ្នកដែល​មានប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ​ដូចជាអ្នក កើត​ជម្ងឺអេដស៍ របេង​ជាដើម អ្នកមាន​ជម្ងឺ​តម្រងនោម និង​អ្នកជម្ងឺ​ទឹកនោមផ្អែម ពួកគាត់​ងាយរងគ្រោះ​ជម្ងឺផ្សិត​ណាស់។

តាមការ​សង្កេត​ជម្ងឺនេះ​ច្រើនកើត​នៅត្រង់​កន្លែងកន្លាក់​ដែលស្បែក​ផ្អិបគ្នា ហើយសើម ដូចជានៅ​ក្រលៀន ក្លៀក ចង្វែកគូថ ឬ​ចន្លោះ​ម្រាមដៃជើង។ ចំពោះ​មនុស្ស​ស្រីវិញ គេឃើញ​កើតមាន​នៅក្រោម​សុដន់​ផងដែរ។ ជម្ងឺ​ស្រែងកើត​លើមនុស្ស មិន​ប្រកាន់​វ័យឡើយ។ ប៉ុន្ដែ​គេសង្កេត​ឃើញវា​ច្រើនកើត​លើមនុស្ស​វ័យជំទង់ គឺឋិត​នៅក្នុងវ័យ​ពី១៣​ទៅ១៤ឆ្នាំ។ ភាសាចាស់ បុរាណ​លោកតែង​និយមហៅ​ថាស្រែង​ឡើងខ្លួន។ ការពិត កាល​ដែលស្រែង​ច្រើនកើត​លើមនុស្ស​កំពុង​ពេញវ័យ ដោយសារក្នុង វ័យនេះ ក្រពេញ​ទាំងអស់​របស់គាត់​មានដំណើរ​ការលូត​លាស់ខ្លាំង។ នៅពេល​ដែលក្រពេញ​លូតលាស់​ខ្លាំងធ្វើ​ឱ្យការផលិត​ជាតិ កេរ៉ាទីន​ក៏មានច្រើន។ ស្រែង​ជាជម្ងឺឆ្លង ពិសេស​ងាយឆ្លង​ចំពោះ​កុមារ និង​មនុស្ស​ដែលមាន​ប្រព័ន្ធ​ការពារ​ខ្លួនខ្សោយ។

រោគសញ្ញា និង​ការធ្វើ​រោគវិនិច្ឆ័យ

សញ្ញា​លើស្បែក​របស់​ជម្ងឺស្រែង​ច្រើនមាន​រាងមូល តែពេលខ្លះ​ក៏មានរូបរាង​មិនជាក់​លាក់ដែរ។នៅពេល​កើតឡើង ហើយវារមាស់។ គេអាច​ធ្វើរោគ​វិនិច្ឆ័យ​បានដោយ​រោគសញ្ញា​ទាំងនេះ។

  • ការមើល​ទៅតាម​សញ្ញា​ដែលចេញ​លើស្បែក។ ស្រែង​មានរាង​ជាបន្ទះមូល ក្រម៉ៗ ហើយ​នៅគែមៗ​ជុំវិញ​បន្ទះនោះ រាងខ្ពស់ និង​ក្រហម​ជាងផ្នែក​កណ្ដាល​ដែលមាន​លក្ខណៈ​ដូចជាស្បែក​ធម្មតា។ នៅត្រង់​កន្លែងខូង​នោះហើយ ដែល​មេរោគ​ផ្សិតស៊ី គឺជា​កន្លែង​ដែលមាន​ជាតិ​កេរ៉ាទីនល្អ​របស់​ស្បែក​តែប៉ុណ្ណោះ។
  • គេអាច​យកក្រម៉​ដែលនៅ​គែមនោះ​យកទៅ​ពិនិត្យ ដើម្បី​វិភាគ​រកមើល​មេរោគផ្សិត។
  • ក្នុងករណី​ពិបាក​ដែលមិន​អាចមើល​ឃើញ​ក្នុងមី​ក្រូទស្សន៍​ភ្លាមបាន គឺទាមទារ​ឱ្យធ្វើការ​ពិនិត្យ​ដោយ​បណ្ដុះវា ប៉ុន្ដែ ប្រើរយៈ​ពេលយូរ គឺមិនតិច​ជាងបី​សប្ដាហ៍ឡើយ ទើប​បណ្ដុះ​ចេញ​មេរោគបាន។ ការបណ្ដុះ​អាចមាន​ភាព​លំអៀងខ្លះ ដោយសារ ពេលកោស​ក្រម៉​ទៅបណ្ដុះ​មានពពួក​ផ្សិតផ្សេង​ទៀតមក​ដុះជាមួយ។ នៅប្រទេស​ជឿនលឿន គេច្រិប​យកស្បែក​ដែល​មានស្រែង នោះទៅ​ពិនិត្យ​មើល​ឃើញ​ច្បាស់តែម្ដង។

ផលវិបាកជម្ងឺស្រែង

ស្រែង​មិនមែន​ជាជម្ងឺ​ដែលបង្ក​ឱ្យមាន​គ្រោះថ្នាក់​ខ្លាំងទេ។ ប៉ុន្ដែ​មានករណី​ខ្លះធ្ងន់ធ្ងរ ជាពិសេស​នៅពេល​វាកើតនៅ​ត្រង់ ពុកមាត់ វាធ្វើ​ឱ្យរលាករន្ធ​រោមជ្រៅ បង្កឱ្យ​ហើមប៉ោង ឬ​អាចមាន​ខ្ទុះទៀតផង។ ប្រសិន​បើវាកើត​នៅលើ​ក្បាល វាធ្វើ​ឱ្យសក់នៅ ត្រង់កន្លែង​ដែលកើត​នោះជ្រុះ និងធ្វើ​ឱ្យរំខាន​ដល់អ្នក​ជម្ងឺដោយ​សារការ​រមាស់។ ភាគច្រើន​ជម្ងឺនេះ​មានទំនោរ​ទៅរក​សភាព​រាលដាល។ នៅពេល​កើតស្រែង អ្នកជម្ងឺ​ច្រើន​តែអេះ ពេលនោះ​ហើយ​ដែល​មេរោគ​នោះតោង​ជាប់នៅ​ក្រចក។ នៅពេល​យកដៃនោះ ទៅអេះ​នៅកន្លែង​ផ្សេងទៀត​វាអាច​ឆ្លងបាន។

ការព្យា​បាល​ជម្ងឺស្រែង

ការព្យាបាល​ជម្ងឺស្រែង​មានពីរ​យ៉ាងសំខាន់។ ជម្ងឺនេះ​អាចព្យាបាល​ជាសះស្បើយ​ក្នុងរយៈ​ពេល២១ថ្ងៃ។ ជួនកាលជម្ងឺ នេះក៏អាច​ជាសះស្បើយ​ដោយខ្លួន​វាផងដែរ ជាពិសេស​សម្រាប់​អ្នកដែល​មានប្រព័ន្ធ​ការពារ​ខ្លួនខ្លាំង ករណី​នេះកម្រ​កើតមាន ណាស់។ ដំណាក់​កាលនៃ​ការព្យាបាល គឺធ្វើ​ឱ្យកន្លែង​ដែលកើត​ជម្ងឺមាន​សភាពស្ងួត ចៀសវាង​នូវការ​សើម។ ប្រសិន​បើមាន​សញ្ញា លើស្បែក​តែមួយ​កន្លែង អាចប្រើ​ថ្នាំលាប។ ផ្ទុយ​ទៅវិញ ប្រសិនបើ​កើតច្រើន​កន្លែង​ឈានដល់​ការរលាក​ដល់រន្ធរោម​ហើយនោះ ទាមទារ​ឱ្យប្រើថ្នាំ​លេបទៅ​តាមកម្រិត​ជម្ងឺ។ ដូច្នេះ​ការព្យាបាល​គួរតែ​ធ្វើដោយ​គ្រូពេទ្យ​ព្យាបាល ទើប​ជាការ​ប្រសើរ។

វិធានការការពារ

ត្រូវអនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ងូតទឹក​សម្អាតខ្លួនជា​មួយសាប៊ូ។ ជាការ​សំខាន់​ក្រោយ​ពេលងូតទឹក ត្រូវជូត​សម្អាត ខ្លួន​ឱ្យស្ងួត។ ប្រសិនបើ​លោកអ្នក​ដឹងខ្លួនថា​មានជម្ងឺ​ទឹកនោមផ្អែម ជម្ងឺ​អេដស៍ ឬ​របេង ការធ្វើ​អនាម័យ​ខ្លួនជា​ការចាំបាច់ និងត្រូវ ប្រយ័ត្ន​លើការ​ប៉ះពាល់​អ្នកកើត​ស្រែង ព្រោះវា​នឹងឆ្លង។ គួរប្រយ័ត្ន​ជាមួយការ​ប្រើប្រាស់​សម្ភារៈ​រួមគ្នា ដូចជា​សារ៉ុង ក្រមា​ជាដើម ។

ដំបូន្មានអ្នកជំនាញ

មិនត្រូវ​សាកល្បង​ព្យាបាល​ជម្ងឺនេះ​ដោយ​ខ្លួនឯងទេ ព្រោះវា​អាចមាន​ជម្ងឺផ្សេង​ទៀតមក​ចូលរួមផ្សំ នាំឱ្យ​មានគ្រោះ ថ្នាក់បាន។ ជាការ​ប្រសើរ លោកអ្នក​ដែលកើត​ជម្ងឺស្រែង​នេះ ទោះបី​ជាតិច​តួចក្ដី លោកអ្នក​មិនត្រូវ​ប្រងើយ​កន្ដើយ​នោះឡើយ។ លោកអ្នក​គួរប្រញាប់​អញ្ជើញ​ទៅប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ច្បាស់លាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative