ជម្ងឺឬសដូងបាត

ជម្ងឺ​ឬសដូងបាត​អាចកើត​មានចំពោះ​មនុស្ស​រាល់រូប ប្រសិន​បើមិន​បានយល់​ដឹងពី​វាដើម្បី​បង្ការ​នោះទេ។ ជម្ងឺ​ឬសដូងបាត ជាជម្ងឺ​មួយដែល​សម្បូរកើត​មាននៅ​លើពិភព​លោក។ ចំណែក​ប្រទេសកម្ពុជា​វិញ ក៏កើត​មានច្រើន​ផងដែរ។ ទន្ទឹម​នឹងនោះ ក៏មាន​ប្រជាពលរដ្ន​ខ្មែរមួយ​ចំនួនបាន​ចាញ់បោក និង​កំពុងរង​នូវការបោក​ប្រាស់​ក្នុងការ​ព្យាបាល​ជម្ងឺនេះ ពីជន​ខិលខូច​មួយចំនួន ដោយសារតែ គាត់​មិនបានយល់​ច្បាស់អំពី​ជម្ងឺឬស​ដូងបាតនេះ។ ជម្ងឺ​ឬសដូងបាត​ស្រាលសោះ តែអាចរិត​តែធ្ងន់ធ្ងរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​បំបាត់​ចម្ងល់ និង​ធ្វើការ​ស្វែងយល់​ឱ្យកាន់​តែច្បាស់​អំពីជម្ងឺ​ឬសដូងបាត​នេះ ទស្សនាវដ្ដី សុខភាពយើង សូម​បង្ហាញជូន អំពី​ជម្ងឺនេះ​ដោយជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ អ្នកឯកទេស​ថ្លើម​ក្រពះ​ពោះវៀន និង​ឬសដូងបាត។

ជម្ងឺឬសដូងបាត ជាអ្វី?

ជម្ងឺ​ឬសដូងបាត​មិនមែន​ជាជម្ងឺ​ដែលមាន​ឬស​ស្ញេះ ចាក់ចេញ​មកខាងក្រៅ​ដូចជា​ឬសដូង ឬ​ដើមឈើ​នោះទេ។ ដើម្បីឱ្យ ប្រិយមិត្ដ​អ្នកអាន​ជ្រាបកាន់​តែច្បាស់​ពីជម្ងឺ​ឬសដូងបាត យើងខ្ញុំ​សូមធ្វើ​ការបកស្រាយ​ពីនិយមន័យ​របស់​ឬសដូងបាត និង​ជម្ងឺឬសដូង បាតជា​មុនសិន។

  • ឬសដូងបាត ៖ ជាបណ្ដាញ​សរសៃឈាម​តូចៗ ជាអាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃ នៅក្នុង​បាត(ទ្វារលាមក) វាជារឿង​ធម្មតា​ដែលមនុស្ស​គ្រប់គ្នា​តែងតែមាន។ ដូចនេះ​អ្នកណា​ក៏មាន​ឬសដូងបាត​ដែរ។
  • ជម្ងឺឬសដូងបាត ជាជម្ងឺ​ដែលបង្ក​ឡើងដោយ​ការរីកធំ​នៃបណ្ដាញ​សរសៃឈាម​ក្នុងបាត ដែល​ធ្វើឱ្យ​មានរោគសញ្ញា​ធ្លាក់ ឈាម និង​ការស្រុតចុះ​នៃសាច់​សរសៃឈាម​នេះ ពេលនោះ​ទើបសន្និដ្ឋាន​ថាមាន​ជម្ងឺ​ឬសដូងបាត។ ជម្ងឺ​ឬសដូងបាត​មិនមែន​មានគ្រប់ គ្នាទេ។

គេហៅ​ជម្ងឺ​ឬសដូងបាត​ជាភាសា​បារាំង​ថា​អេម៉ូរ៉ូអ៊ីដ។ អេម៉ូរ៉ូអ៊ីដ ឬ​ជម្ងឺ​ឬសដូងបាត​នេះ ត្រូវបាន​គេស្គាល់​តាំងពី​ជំនាន់ដើម ជំនាន់​ស្ដេច​អេហ្សីបផារ៉ាអុង មុន​គ្រឹស្ដសករាជ​មកម្លេះ។ ជាភាសាក្រិច អេម៉ូប្រែថាឈាម និង​រ៉ូអ៊ីន​ប្រែថាហូរ។ ដូចនេះ​ជាភាសាក្រិច អេម៉ូរ៉ូអ៊ីន​ប្រែមក​ថាឈាមហូរ។ នេះមាន​ន័យថា​ជម្ងឺ​ឬសដូងបាត​មានរោគសញ្ញា​សំខាន់​របស់វា​ស្ដែងចេញ​ឡើង គឺជា​ការហូរឈាម តាមរន្ធគូទ ឬ​ទ្វារលាមក។

ការរីករាលដាលរបស់ជម្ងឺឬសដូងបាត

នៅប្រទេស​កម្ពុជា​ពុំទាន់​មានការ​សិក្សាណា​មួយដែល​បញ្ជាក់​ច្បាស់អំពី​អ្នកដែល​កើតជម្ងឺ​ឬសដូងបាត​នេះនៅ​ឡើយទេ។ ប៉ុន្ដែ​យើងអាច​ដឹងបាន​ថាជម្ងឺ​នេះជាជម្ងឺ​ដែលសម្បូរ​កើតមាន​នៅគ្រប់​ប្រទេស។ នៅបណ្ដា​ប្រទេស​នានា មានការ​សិក្សា​បញ្ជាក់​ថាក្នុង ចំណោម​មនុស្ស​ចំណាស់​អាយុចាប់​ពី៥០​ឆ្នាំឡើង​ទៅ ចំនួនពីរ​នាក់ ក្នុង​នោះមាន​ម្នាក់កើត​មានជម្ងឺ​នេះទៅហីយ។ រីឯនៅ​ក្នុងប្រទេស កម្ពុជាវិញ ក៏សម្បូរ​កើតមាន​ច្រើនផងដែរ។ អត្រា​បុរស និងស្ដ្រី​កើតមាន​ជម្ងឺនេះ​ស្ទើរតែ​ប្រហែល​គ្នា។

មូលហេតុកើតជម្ងឺឬសដូងបាត

មានមូល​ហេតុជា​ច្រើនដែល​នាំឱ្យកើត​ជម្ងឺ​ឬសដូងបាត។ ប៉ុន្ដែ​គេសង្កេត​ឃើញ​មានមូល​ហេតុមួយ​ដែលសំខាន់ ហើយអ្នក ជម្ងឺ​ភាគច្រើន​មានស្ទើរ​តែគ្រប់​គ្នានោះ គឺការ​បន្ទោរបង់​លាមក​ពិបាក។ ជម្ងឺ​ឬសដូងបាត​មិនមែន​ជាជម្ងឺ​ឆ្លងទេ។

១. ការបន្ទោរបង់​លាមកពិបា ៖ មានន័យថា​នៅពេល​បន្ទោរបង់​លាមកម្ដងៗ មានអាការទល់ ឬ​ក្ដៀន ដែល​តម្រូវឱ្យ អង្គុយយូរ ប្រើកម្លាំង​ខំប្រឹង​បន្ទោរបង់​ខ្លាំង។ កាលដែល​ប្រឹង​បន្ទោរបង់ខ្លាំង មិនមែន​មានន័យ​ថាលាមក​សុទ្វតែ​រឹងនោះទេ។ ជួនកាល លាមក​មានសភាព​ទន់ជ្រាយ​ផងដែរ ហើយមាន​អារម្មណ៍​ថាបន្ទោរបង់​មិនអស់ ដូច្នេះ​ធ្វើឱ្យ​ខំប្រឹង​ខ្លាំង អង្គុយ​នៅបង្គន់​យូរ។ នៅពេល ខំប្រឹង​ខ្លាំងនេះ​ហើយ ដែលធ្វើ​ឱ្យមាន​កម្លាំង និង​សម្ពាធ​មួយបុក​មកទ្វារ​លាមក។ នៅពេល​សម្ពាធ​នេះមានជា​ប្រចាំរាល់​ពេលបន្ទោរ បង់លាមក ធ្វើឱ្យ​មានការរីក​ប៉ោងសរសៃ​ឬសដូងបាត ប៉ោង​រីកធំ នាំឱ្យ​សរសៃ​នោះផុយ​អាចបែក​ជាឈាម​ធ្លាក់មក​តាមបាត នៅពេល បន្ទោរបង់​លាមក។ ពេលនោះ​ហើយដែល​អាចឱ្យ​កើតជម្ងឺ​ឬសដូងបាត​បាន។

២. មនុស្ស​មានវ័យ​កាន់តែ​ចំណាស់ ៖ ជម្ងឺនេះ​កើតមាន​លើមនុស្ស​គ្រប់វ័យ ប៉ុន្ដែ​គេសង្កេត​ឃើញ​មនុស្ស​ដែលមាន​អាយុកាន់ តែច្រើន ចាប់់ពី​អាយុ៥០​ឆ្នាំឡើងទៅ កាន់តែ​សម្បូរ​កើត។ ដោយសារ​នៅពេល​មានវ័យ​កាន់តែចាស់ សាច់​នៅត្រង់​កន្លែង​រន្ធគូទយារ ហើយ​វាងាយ​ធ្លាក់ចុះមក ពេលប្រឹង​បន្ទោរបង់។

រោគសញ្ញាជម្ងឺឬសដូងបាត

រោគសញ្ញា​ជម្ងឺឬសដូងបាត​ងាយស្រួល​ឱ្យដឹង​ណាស់ មិនមាន​អ្វីលំបាកទេ។

  •  នៅពេល​បន្ទោរបង់​លាមកមក មានធ្លាក់​ឈាម​ក្រហម​ស្រស់
  •  នៅពេល​បន្ទោរបង់​លាមកមក មាន​ស្រុតសាច់​អ្វីធ្លាក់​ចេញមក​នៅខាង​ក្រៅទ្វារ​លាមក។ ជួនកាល​ពេលឈប់​ប្រឹងបន្ទោរ បង់​សាច់នោះ​លិបចូល​ទៅក្នុងវិញ។ ជួនកាល​ទៀត លុះត្រា​តែរុញ​បញ្ចូល​សាច់នោះ​ទៅក្នុងវិញ ទើប​វាលិបចូល​ទៅវិញ។

ជម្ងឺនេះ​មិនឱ្យ​អ្នកជម្ងឺ​វិលមុខ ឈឺចង្កេះ ឬ​ស្កូវសក់​អ្វីឡើយ។ ប៉ុន្ដែ​វាអាច​ឱ្យអ្នក​ជម្ងឺង​ងឹតមុខ ដែល​បណ្ដាល​មកពីខ្វះ​ឈាម ក្រហម នៅពេល​គាត់មាន​ធ្លាក់ឈាម​ច្រើនពេក។ ទោះជា​យ៉ាងណា​ក៏ដោយ ក៏ករណី​នេះកម្រកើត​មានណាស់។

ប្រការ​ត្រូវធ្វើ ពេលកើត​ជម្ងឺ​ឬសដូងបាត

  •  អ្នកជម្ងឺ​ត្រូវពិសាបន្លែ​ឱ្យបានច្រើន​ដើម្បីឱ្យ​លាមកទន់ ងាយស្រួល​បន្ទោរបង់។
  •  ត្រូវឧស្សាហ៍​ហាត់ប្រាណ និង​មិនត្រូវ​អង្គុយ​យូរនៅ​មួយកន្លែង​នោះទេ ត្រូវឧស្សាហ៍ដើរ។
  •  មិនត្រូវ​ទទួលទាន​ថ្នាំផ្ដេសផ្ដាស ដោយគ្មាន​វេជ្ជបញ្ជា​នោះទេ។ បើចង់​ប្រើថ្នាំ ត្រូវ​អញ្ចើញ​ទៅជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។

កម្រិតជម្ងឺឬសដូងបាត

ជម្ងឺ​ឬសដូងបាត​មាន៤កម្រិត។

1. កម្រិតទី១ ៖ ស្ដែងចេញ​ឡើងដោយ​អ្នកជម្ងឺ​បន្ទោរបង់​លាមកមក​មានហូរ​ឈាមស្រស់់។

2. កម្រិតទី២ ៖ ស្ដែងចេញ​ឡើងនៅ​ពេលដែល​បន្ទោរបង់​លាមក​មានហូរឈាម ហើយមាន​លៀនដុំសាច់​ចេញមក​ជាមួយ។ នៅពេល​បន្ទោរ​បង់រួច សាច់នោះ​ក៏លិប​ចូលទៅ​ក្នុងវិញ។

3. កម្រិតទី៣ ៖ អ្នកជម្ងឺ​បន្ទោរ​បង់លាមក​មកមាន​ហូរឈាម ហើយមាន​លៀនចេញ​នូវដុំសាច់​ចេញមកដែរ។ ប៉ុន្ដែនៅ ពេល​បន្ទោរ​បង់ហើយ សាច់នោះ​មិនលិប​ចូលទៅ​ក្នុងវិញទេ ទាល់តែ​យកម្រាម​ដៃទៅ​រុញបញ្ចូល ទើបលិប​ចូលទៅ​ក្នុងវិញ។

4. កម្រិតទី៤ ៖ ក្រោយ​ពេល​បន្ទោរបង់់​មក មានធ្លាក់​ឈាម សាច់​ដែលលៀន​ចេញពី​ក្នុងរន្ធ​គូទនោះ​មិនលិប​ចូលទៅ​ក្នុង ឡើយ ទោះបីជាយ​កម្រាមដៃ​រុញបញ្ចូល​ក៏ដោយ។ សាច់នោះ​លៀនចេញ​ជាអចិន្ដ្រៃយ៍។

ត្រូវជួប​ជាមួយ​គ្រូពេទ្យ​នៅពេល​ណា?

នៅរាល់​ពេលលោកអ្នក​បន្ទោរបង់​មកមាន​ឈាមក្រហម​ស្រស់ ឬ​មានស្រុត​ចុះនូវអ្វី​ដែលជាសាច់​ចេញមក​តាមរន្ធគូទ​ពេល បន្ទោរបង់រួច វាលិបចូល​ទៅវិញ ឬ​ទាល់តែ​រុញចូល ទើបវា​ចូលទៅវិញ គួរ​ប្រញាប់​អញ្ជើញ​ទៅមន្ទីរ​ពេទ្យ ឬ​ទៅជួប​គ្រូពេទ្យ​ជំនាញ។

ការពិនិត្យជម្ងឺ និង​ធ្វើរោគ​វិនិច្ឆ័យ

ចំពោះ​គ្រូពេទ្យជំនាញ មិនមានអ្វី​ពិបាក​ក្នុងការ​ធ្វើរោគវិនិច្ឆ័យ​ជម្ងឺនេះ​នោះទេ។ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរខ្លះ នៅមាន ភាព​អៀនខ្មាស​ច្រើន គាត់មិន​មកជួប​គ្រូពេទ្យ ច្រើនតែ​លួចលាក់​ទៅរក​កន្លែង​ស្ងាត់ៗ។ ចំណុច​នេះហើយ​ដែលងាយ​ចាញ់បោកគេ ព្រោះគាត់​មិនអាច​មើលឃើញ​ខ្លួនឯង អ្នកដែល​តាំងខ្លួន​ជាគ្រូពេទ្យ​នោះធ្វើអ្វីមួយ​នៅនឹង​រន្ធគូទ​របស់គាត់។

គ្រូពេទ្យ​ព្យាបាល​ពិនិត្យ​មើលរន្ធ​គូទអ្នកជម្ងឺ ថាតើមាន​បញ្ហា​អ្វីឬទេ។ គ្រូពេទ្យ​ព្យាបាល​អាចប្រើ​ឧបករណ៍​បើកមើល​រន្ធគូទ ដែលអាច​មើលឃើញ​ផ្ទាល់ភ្នែក​ភ្លាមៗ ដោយមិនបាច់​ធ្វើការថត ឬឆ្លុះ​មើលអ្វី​ឡើយ។

ការព្យាបាលជម្ងឺឬសដូងបាត     

ជម្ងឺ​ឬសដូងបាត​ជាជម្ងឺ​ដែលអាច​ព្យាបាល​ជាសះស្បើយ។ ការ​ព្យាបាល​មានវិធី​ព្យាបាល​ដោយចាក់ថ្នាំ ដោយ​ចង​ឬសដូងបាត និង​វិធីព្យាបាល​ដោយវះ​កាត់។ ការ​ព្យាបាល​ដោយ​មិនមែន​វះកាត់ និង​មិនមែន​ដោយ​ប្រើថ្នាំ​លេប គឺការ​ព្យាបាល​ដោយប្រើ​ឧបករណ៍ ចង​ឬសដូងបាត ឬ​វិធីចាក់់​ថ្នាំឱ្យ​ឬសដូងបាតជ្រុះ។

១. វិធីព្យាបាលដោយថ្នាំចាក់ គឺជា​ការព្យាបាល​ដោយប្រើ​ថ្នាំចាក់ ចាក់​នៅកន្លែង​ឬសដូង ដើម្បី​ឱ្យកន្លែង​នោះក្លាយទៅ ជាដំបៅ ហើយ​ឬសដូង​នោះ​ដាច់ចេញ។ បែបនេះ​ជាវិធីមួយ​ដែលគេ​មិនសូវ​ប្រើទេក្នុង​វិស័យ​វេជ្ជសាស្ដ្រ​បច្ចុប្បន្ន ដោយសារ​វាជាវិធី មួយ​ដែលបង្ក​ផលវិបាក​ដល់អ្នក​ជម្ងឺ។ ជាអាទិ​វិធីព្យាបាល​នេះធ្វើ​ឱ្យអ្នក​ជម្ងឺ​ឈឺចាប់ និង​ធ្វើឱ្យអ្នក​ជម្ងឺមាន​ដំបៅ មានរបួស អាចរំខាន អ្នកជម្ងឺ​ធ្វើការងារ​ពុំកើត។ អ្នក​ជម្ងឺអាច​មាន​គ្រោះថ្នាក់​បាន ប្រសិនបើ​គ្រូពេទ្យ​ដែល​ព្យាបាល​នោះមិន​មានបទ​ពិសោធន៍​គ្រប់គ្រាន់ ដោយអាច​ចាក់ថ្នាំ​ជ្រុលហួស​ដល់សាច់​ខាងក្នុង​អាចឱ្យក្លាយ​ជាដំបៅ​រលួយ​ជាហេតុ​អាចឱ្យមាន​គ្រោះថ្នាក់ដល់​ជីវិត ក៏អាច​ថាបាន។ វិធី នេះដែរ​ឱ្យលទ្ធផល​មិនសូវ​ល្អឡើយ វាធ្វើ​ឱ្យ​ឬសដូងបាត​ដាច់មិន​បានស្អាតល្អ។

២. វិធីព្យាបាលដោយចងឬសដូងបាត ៖ បច្ចុប្បន្ននេះ គេនិយម​ប្រើវិធី​ចងនេះ។ គ្រូពេទ្យ​ព្យាបាល​ប្រើឧបករណ៍​ចងចំ​កន្លែង ឬសដូងបាត។ ការចង​ធ្វើឱ្យ​ឬសដូងងាប់ ហើយ​ជ្រុះដាច់​មកមាន​សភាពស្អាត។ នៅពេល​ចង​ឬសដូងនេះ អ្នកជម្ងឺ​អាចធ្វើ​ការប្រកប​ការ ងារបាន​ដូចធម្មតា។ វាជា​វិធីមួយ​ដែលអ្នក​ជម្ងឺមាន​ការឈឺ​ចាប់តិច​តួចបំផុត។

៣. វិធីព្យាបាលដោយវះកាត់ ៖ គេធ្វើ​ឡើងនៅ​ពេលដែល​ឬសដូង​ធំហួស គឺឋិត​នៅក្នុង​កម្រិត ឬ​ដំណាក់​កាលទី៤។ គ្រូពេទ្យ​ព្យាបាល​ត្រូវវះកាត់​យក​ឬសដូង​ចេញ។

ឬសដូងបាត​អាចដុះ​ឡើងវិញ​ឬទេ?

អ្នកជម្ងឺ​តែងតែ​លើកឡើង​ពីចម្ងល់​នេះជានិច្ច ថាតើ​ឬសដូងបាត​អាចដុះ​ឡើងវិញ​ឬទេ។ ពេល​ដែលអ្នក​ជម្ងឺមក​ជួបគ្រូពេទ្យ ព្យាបាល អ្នកជម្ងឺ​មានជម្ងឺ​ឬសដូងបាត​រួចជាស្រេច​ទៅហើយ។ គ្រូពេទ្យ​អាចព្យាបាល​ជម្ងឺនេះ​ឱ្យជាស្អាត មិន​មានន័យថា​ការពារ​មិនឱ្យ វាកើត​ទៅថ្ងៃក្រោយ​នោះទេ។ ជម្ងឺ​ឬសដូងបាត​អាចកើត​មានឡើង​វិញ ឬ​មិនកើត គឺអាស្រ័យ​លើកត្ដា​ដែល​បង្ករោគ​ដែលឱ្យ​កើតជា ជម្ងឺ​ឬសដូងបាត ឬ​ទេ។

ផលវិបាករបស់ជម្ងឺឬសដូងបាត

ប្រសិនបើ​អ្នកជម្ងឺ​មិនធ្វើ​ការព្យាបាលទេ ទុករហូត​ដល់ជម្ងឺ​ឬសដូងបាត​មានសភាព​ធំខ្លាំង អ្នក​ជម្ងឺ​អាចមាន​ផលវិបាក​ដោយ គ្រូពេទ្យ​មិនអាច​ប្រើវិធី​ព្យាបាល​ដោយចង​បានទេ ដោយសារ​តែ​ឬសដូងបាត​រីកធំ​ជ្រុល។ ប៉ុន្ដែ​គ្រូពេទ្យ​អាចព្យាបាល​ដោយ​វិធីវះកាត់ វាអាច​ឱ្យជា​សះស្បើយ​បាន គ្រាន់តែ​អ្នកជម្ងឺ​ត្រូវខាត​បង់ពេលវេលា​ក្នុងការ​សម្រាក​នៅមន្ទី​រពេទ្យ ថវិកា​ច្រើន និ​ងខាតបង់​ការងារ។

វិធានការទប់ស្កាត់ជម្ងឺឬសដូងបាត

ដើម្បី​ទប់ស្កាត់​ជម្ងឺឬស​ដូងបាតនេះ លោកអ្នក​ត្រូវការពារ​ខ្លួនតាំង​ពីវ័យ​ក្មេងទៅ ព្រោះ​ជម្ងឺនេះ​កើតលើ​មនុស្ស​គ្រប់វ័យ។ លោកអ្នក​ត្រូវប្រតិបត្ដិ​នូវប្រការ​មួយចំនួន​ដូចខាង​ក្រោមនេះ។

  • ការទទួល​ទានអាហារ ៖ ត្រូវទទួល​ទានបន្លែ​ផ្លែឈើ​ឱ្យបាន​គ្រប់គ្រាន់។ ព្រោះការ​ទទួលទាន​បន្លែមិន​បានគ្រប់គ្រាន់ ធ្វើឱ្យ លោកអ្នក​បន្ទោរបង់​លាមកពិបាក។ នៅក្នុង​គ្រួសារ ប្រសិន​បើសមាជិក​ណាម្នាក់ ជាកូន ឬ​ជាចៅក្ដី មិន​ចូលចិត្ដបន្លែ សូម​ឪពុកម្ដាយ អប់រំ​ណែនាំឱ្យ​ទទួលទាន​បន្លែឱ្យ​បានច្រើន ព្រោះបន្លែ​ជួយឱ្យ​លោកអ្នក​បន្ទោរបង់​លាមកបាន​ស្រួល។
  • ការបន្ទោរបង់លាមក ៖ ត្រូវទម្លាប់​បន្ទោរបង់​លាមក​ឱ្យបាន​ទៀងទាត់ និងមិន​ត្រូវអង្គុយ​ប្រឹងលើ​បង្គន់​យូរពេកទេ។
  • ការហាត់​ប្រាណ ៖ ត្រូវទម្លាប់​ហាត់ប្រាណ និង​លេងកីឡា​ឱ្យបាន​ទៀងទាត់។

នៅពេល​ធ្វើបាន​ដូចនេះ ជម្ងឺ​ឬសដូងបាត​មិនអាចកើត​មានឡើយ។ ប្រសិនបើ​លោកអ្នក​ចង់ជ្រាប​ឱ្យកាន់​តែច្បាស់ អំពីវិធី ទប់ស្កាត់​ការទល់​លាមកនោះ សូមលោក​អ្នកអាន​ទស្សនាវដ្ដី សុខភាពយើង ដែលបាន​ចុះផ្សាយ​នៅលេខ​ទី០០៧ ខែសីហា ២០០៦។

ដំបូន្មានអ្នកជំនាញ

សូមបង​ប្អូនប្រជាពលរដ្ឋ​ខ្មែរ​ជ្រាបឱ្យ​ច្បាស់ថា​ជម្ងឺ​ឬសដូងបាត​ជាជម្ងឺមួយ​សាមញ្ញ និង​មិនធ្ងន់ធ្ងរ។ យើង​អាចព្យាបាល​ជាសះស្បើយ​បាន ដោយ​ចំណាយ​អស់ថវិកាតិច មិនមាន​អ្វីគួរ​ឱ្យបារម្ភទេ។ សំខាន់​អ្នកជម្ងឺ​ត្រូវហ៊ាន​ស្ដែងចេញ​នូវអាការ​ជម្ងឺរបស់​គាត់ ប្រាប់ទៅ​គ្រូពេទ្យ។ ក្លាហាន​ក្នុងការទៅ​ជួបជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ពិតប្រាកដ ចៀសវាង​ក្នុងការ​ទៅរក​គ្រូពេទ្យ​ដែលមិន ច្បាស់លាស់ ធ្វើឱ្យ​ខាតបង់​ថវិកាច្រើន។ រាល់ពេល​ដែលមាន​ធ្លាក់ឈាម​តាមទ្វារ​លាមក សូមកុំរារែក​មកមន្ទីរ​ពេទ្យដើម្បី​ពិគ្រោះជម្ងឺ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative