ម៉ូដសក់​នារីសម័យថ្មី

នៅលើ​ខ្លួនស្ដ្រី​គ្រប់រូប ក្រៅពី​មុខមាត់ រាងកាយ​ស្រទ្បូន​ស្អាតជាទី​គយគន់​នៃមនុស្សដទៃ។ សក់ក៏​ជាផ្នែកមួយ​យ៉ាងសំខាន់ដែរ ដែលរំលេច​ឱ្យស្ដ្រីកាន់​តែមាន​សម្រស់ទ្វេ​ទ្បើងបាន។ ការ​​​តុបតែង​​​សក់​​​ទាមទារឱ្យមានការឆ្នៃប្រឌិតយ៉ាងផ្ចិតផ្ចង់។ ទោះជាអ្នកនាងកញ្ញាមានផ្ទៃមុខស្អាតផូរផង់ប៉ុណ្ណាក៏ដោយ តែបើសក់​រញ៉េរញ៉ៃ​គ្មាន​របៀបរៀបរយ ម៉ូដសក់​មិនសម​នឹងទម្រង់​មុខនោះ ធ្វើឱ្យមន្ដស្នេហ៍​របស់អ្នក​នាងកញ្ញា​នឹងបាត់បង់។ តើធ្វើ​ដូចម្ដេច​ដើម្បី​បានម៉ូដសក់​ឱ្យសម​នឹង​ទម្រង់មុខ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ឱ្យបានម៉ូដ​សក់សម​នឹង​ទម្រង់មុខ មិនមែន​នរណា​ក៏អាច​ធ្វើបាន​នោះទេ។ លុះត្រា​តែអ្នក​ដែលមាន​ជំនាញ​ទើបអាច វិនិច្ឆ័យ​ថាទម្រង់​មុខបែបណា ត្រូវនឹង​ម៉ូដសក់​យ៉ាង​ដូចម្ដេច។ សូមស្វែង​យល់ជាមួយ​ការបក​ស្រាយរ​បស់​លោកស្រី លី​រ៉ា នីរ៉ាន់ ម្ចាស់ ហាង​សម្រស់ភ្នំពេញ ដែលនឹង​បកស្រាយ​ជម្រាប​ជូនមិត្ដ​អ្នកអាន​អំពី​ទម្រង់មុខ និង​ម៉ូដសក់​តាមរយៈ​ទំព័រការ​តុបតែងខ្លួន សម្ផស្ស និង សម្រស់​របស់​ទស្សនាវដ្ដី​សុខភាពយើង។

មនុស្សម្នាក់ៗ​មិនមាន​នរណា​ម្នាក់មាន​ទម្រង់មុខ​ដូចគ្នា​នោះទេ អ្នកខ្លះ​មុខមូល អ្នកខ្លះមុខខ្លី មុខវែង មុខជ្រុង មុខធំ មុខ តូចជាដើម។ ហេតុនេះ ជាចាំបាច់​អ្នកនាងកញ្ញា​ត្រូវដឹង​ពីបែបផែន ឬ​ទម្រង់​មុខរបស់ខ្លួន ដើម្បី​ឈានទៅ​រកការ​តុបតែង​ម៉ូដសក់​មួយ បែប​ដែលអាច​ជំរុញ​សម្រស់​របស់​អ្នកនាងកញ្ញា​ទ្បើងទ្វេ។ សូមស្វែង​យល់ពី​ម៉ូដសក់ និង​ការតុបតែង​សក់ទៅ​តាម​ទម្រង់មុខ។

ម៉ូដសក់​សម្រាប់​ទម្រង់​មុខតូច ឬ​មុខខ្លី

អ្នកនាងកញ្ញា​ដែលមាន​ទម្រង់​មុខបែបនេះ អាច​ជ្រើសរើស​ម៉ូដសក់​បាន​ជាច្រើន​ម៉ូដ ដូចជា​ម៉ូដលើក​ទៅក្រោយ បួងទ្បើង ទៅលើ ឬ​បួងទាប​ធម្មតា​ទម្លាក់​មកក្រោម ថែមទាំង​អាចធ្វើ​ម៉ូដ​តាមបែប​យុវវ័យ​ក៏បាន មិនរើស​ទ្បើយ។ ក៏ប៉ុន្ដែ​មិនគួរ​បួងទៅ​លើខ្ពស់ ពេកទេ ព្រោះអាច​ធ្វើឱ្យមុខ​អ្នកនាងកញ្ញា​ទៅជាមុខ​បែប​ទ្រវែង​ទៅវិញ។ គួរបញ្ជាក់​ផងដែរ​ថាមុខខ្លី ឬ​មុខតូច​ធ្វើសក់ម៉ូដ​អ្វីក៏បាន តែ ដាច់ខាត​មិនត្រូវ​ឱ្យសក់បាំង​ថ្ងាសឡើយ ព្រោះធ្វើ​ឱ្យមើល​ទៅឃើញ​មុខកាន់​តែតូច ឬ​ខ្លីបន្ថែម​ទៀត។

ម៉ូដសក់​សម្រាប់​ទម្រង់​មុខរា ឬ​មុខធំ

អ្នកនាងកញ្ញា​គួរជ្រើសរើស​យកម៉ូដ​សក់រាងបួង​ឡើងទៅ​លើឱ្យខ្ពស់​បន្ដិច​ដើម្បី​ឱ្យឃើញ​ទម្រង់​មុខរាង​ទ្រវែង​បន្ដិច នេះ​ចំពោះ​អ្នកដែល​មានមុខរា ឬ​មុខរាងធំ។ ប្រសិនបើ​អ្នកនាងកញ្ញា​មានមុខ​មិនសូវ​ធំពេក អាចធ្វើ​សក់មិន​ខ្ពស់ពេក​ក៏ល្អម្យ៉ាង​ដែរ។ អ្នកនាងកញ្ញា​អាច​ជ្រើសរើស​យក​សក់ម៉ូដ​ណាក៏​បានដែរ មិនថា​តាមលក្ខណៈ​ស្រគត់​ស្រគំ លក្ខណៈ​បែបយុវវ័យ​នោះឡើយ។ ប៉ុន្ដែចៀស វាងនូវ​ចំណុច​ដែលលើក​មកជម្រាប​ជូនខាង​លើនោះ សុភាពនារី​នឹងបាន​ម៉ូដសក់​ដែល​សក្ដិសម​នឹងផ្ទៃ​មុខបំផុត។ ជាងនេះ​ទៅទៀត គួរតែ​ទុកសក់ខ្លះ​ដើម្បី​បាំងថ្ពាល់​កុំឱ្យឃើញ​ធំពេក នេះចំពោះ​សុភាពនារី​ដែលមាន​មុខធំខ្លាំង។

ម៉ូដសក់​សម្រាប់​ទម្រង់មុខ​ទ្រវែង

តុបតែង​សក់ម៉ូដ​អ្វីក៏បាន ចៀសវាង​តែម្យ៉ាង សូមកុំ​លើកសក់​ឱ្យខ្ពស់​ពេកទៅ​បានហើយ។ ព្រោះថា​បើលើក​សក់កាន់​តែខ្ពស់ មុខនឹង​កាន់តែវែង ជួនកាល​អាចទៅជា​(សុំទោស)​មុខវែង​ដូចសត្វ​សេះ​ក៏ថាបាន។ សុភាពនារី​ដែលមាន​ទម្រង់មុខ​បែបនេះ សូមតុបតែង​យ៉ាងណា​ដើម្បីឱ្យ​មើលទៅ​ឃើញមុខរាង​ខ្លីបន្ដិច ដូចជា​ទុកសក់​នៅទម្លាក់​ខាងមុខ ប៉ានសក់​ចំហៀង មូរសក់​ឱ្យរួញតិចៗ​ទម្លាក់ មកខាង​មុខជាដើម។

ម៉ូដសក់​សម្រាប់​ទម្រង់​មុខជ្រុង

សុភាពនារី​ដែលមាន​ទម្រង់​មុខបែបនេះ​ពិបាក​បន្ដិច​ក្នុងការ​ជ្រើសរើស​ម៉ូដសក់។ អ្នកមាន​ទម្រង់​មុខ​បែបនេះ ច្រើន​តែមាន ថ្ងាស​ទូលាយ​បន្ដិច។ ដូចនេះ​មិនគួរ​បួងសក់​ទៅក្រោយ​នោះទេ ព្រោះវា​ធ្វើឱ្យ​ថ្ងាសកាន់​តែទូលាយ​ថែមទៀត។ ទោះបីជា​ត្រូវឆ្នៃម៉ូដ តាមលក្ខណៈ​បែបណា​ក៏ដោយ ដាច់ខាត​ត្រូវទុកសក់​ដើម្បីជួយ​លុបថ្ងាស​បានខ្លះ​ផង។

ម៉ូដសក់​សម្រាប់​ទម្រង់​មុខដែល​មានថ្ងាស​ចង្អៀត

ទម្រង់មុខ​បែបនេះ យើង​និយមហៅ​ថាចិញ្ចើម​ដណ្ដើម​ថ្ងាស។ ក្នុង​លក្ខណៈ​នេះ ដាច់ខាត​ត្រូវតែ​ធ្វើម៉ូដ​បួងទៅ​ក្រោឱ្យអស់​ដើម្បី​ឱ្យឃើញ​ថ្ងាសទូលាយ​បន្ដិច។ បើចង់​ទុកសក់ ទាល់​តែទុក​ទម្លាក់​មកគៀន ទើបបាន មិនអាច​ទម្លាក់លុប​ថ្ងាសនោះទេ។

ដំបូន្មាន​អ្នកជំនាញ

សូមកុំ​ជ្រើសរើស​ម៉ូដសក់​តាមតែការ​នឹកឃើញ ព្រោះ​ម៉ូដសក់​ខ្លះវាសម​នឹងអ្នក​ដទៃ តែវា​មិនសម​ជាមួយ​អ្នកនាងកញ្ញា ទ្បើយ។ វិធីដ៏ល្អ​បំផុត សូមទៅ​រកអ្នកជំនាញ​ពិតប្រាកដ​នៅតាម​ហាង​អ៊ុតសក់ ទើបអាច​ជួយអ្នក​នាងកញ្ញា​បាន។ ប៉ុន្ដែ​សូមប្រុង ប្រយ័ត្ន​បន្ដិច​ក្នុងការ​ជ្រើសរើស​ហាង ព្រោះមាន​ហាងខ្លះ​ក៏គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ជួយអ្នក​នាងកញ្ញា​បានដែរ។

អ្វីដែល​លើកមក​ជម្រាបជូន​ខាងលើនេះ សង្ឃឹម​ថានឹង​អាចក្លាយ​ទៅជាជំនួយ​ការរបស់​សុភាពនារី​ទាំងឡាយ​ក្នុងការ​ជ្រើសរើស​ម៉ូដសក់​ដែល​សក្ដិសម​នឹង​ទម្រង់មុខ​របស់ខ្លួន។ ក្រៅពីនេះ អ្នកនាងកញ្ញា​ត្រូវស្គាល់​ពីទម្រង់មុខ​របស់ខ្លួន​ផងដែរ ដើម្បី​ងាយស្រួល ក្នុងការរើស​ម៉ូដ​បានល្អ​ត្រឹមត្រូវ។ ទស្សនាវដ្ដី​សុខភាពយើង នឹង​ខិតខំ​ស្វែងរក​វិធីសាស្ដ្រ​តុបតែងខ្លួន និង​លើក​សម្រស់​ផ្សេងៗទៀត មក ជម្រាបជូន​នៅលេខ​ក្រោយៗ​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative