ប៊ីចេងជា​ជាតិគីមី​ជំនួយ​រសជាតិ

សម្រាប់​ប្រជាពលរដ្ឋ​នៅតំបន់​អាស៊ី​យើងនេះ កម្រមាន​គ្រួសារ​ណាមួយ​ដែលចម្អិន​អាហារ​ដោយគ្មាន​បន្ថែម​ប៊ីចេង ដើម្បី ជំនួយ​រសជាតិ​នោះណាស់។ រហូតមាន​អ្នកខ្លះ​ពោលថា​បើចម្អិន​អាហារ​មិនបាន​ដាក់ប៊ីចេង​បន្ថែមនោះ ប្រាកដ​ជាគ្មាន​រសជាតិ​គួរឱ្យចង់ ទទួលទាន​ទើ្បយ។ ប៊ីចេង​ពិតជា​សំខាន់​បែបនេះ​មែនឫ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមមិត្ដអ្នក​អានទទួល​ជ្រាប និងយល់ដឹង​បន្ថែមទៀត​អំពីព័ត៌មាន​ផ្សេងៗ​ទាក់ទិន​នឹងសារ​ជាតិ​ប៊ីចេង ដែល​លោកអ្នក​ទទួល ទានរាល់ថ្ងៃ តាមរយៈ​ទស្សនាវដ្ដី​សុខភាពយើង។ លោក​វេជ្ជបណ្ឌិត សែន ពិសិដ្ឋ អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​នឹងបក ស្រាយ​ជូនលោកអ្នក​លើប្រធាន​បទនេះ។

ប្រវត្ដិ​ប៊ីចេង

ប៊ីចេង​មានលក្ខណៈ​ជាម្សៅពណ៌ស​ស្រដៀង​នឹងស្ករស ឬអំបិល ដែលជួន​កាលធ្វើ​ឱ្យអ្នក​ប្រើប្រាស់​ច្រឡំគ្នា។ ប៊ីចេង​ត្រូវបាន បង្កើតឡើង​ដំបូងដោយ​លោក គីគូណេ អ៊ីគិដា ជាសាស្ដ្រាចារ្យ​នៅសកល​វិទ្យាក្នុង​ក្រុងតូក្យូ នៅឆ្នាំ១៩០៧។ ប៊ីចេង​ដែលយើង​ទាំង អស់គ្នា​បរិភោគ​ជារៀងរាល់​ថ្ងៃនោះ មានឈ្មោះ​ជាលក្ខណៈ​វេជ្ជសាស្ដ្រថា ម៉ូណូសូដ្យូមគ្លុយតាម៉ាត។ ប៊ីចេង​ត្រូវបាន​ផលិត​ឡើងតាម លក្ខណៈ​ស្ងោររម្ងាស់ ឬក្រោយ​មកគេ​ផ្អាប់នូវ​សារធាតុ​មួយចំនួន ដូចជា​រុក្ខជាតិ​នៅក្នុង​សមុទ្រ​ប្រទេសជប៉ុន​មានឈ្មោះថា​ដើមស៊ីវិត។ ប៊ីចេង ឬម៉ូណូសូដ្យូមគ្លុយតាម៉ាត​មានផ្ទុកជាតិ​អាស៊ីតគ្លុយតាម៉ិច ដែលជា​ធម្មតា​មានស្រាប់​នៅក្នុង​សរីរាង្គ​របស់មនុស្ស មានតួនាទី ជួយជំរុញ​សកម្មភាព​ប្រព័ន្ធ​ប្រសាទ។ អាស៊ីត​គ្លុយតាម៉ិច​នេះមាន​នៅក្នុង​ពពួក​អាហារ​មួយចំនួន ដូចជា​ទឹកដោះគោ សាច់សត្វ សណ្ដែក ផ្សិត​(ផ្សិតដែលគ្មាន​ជាតិពុល​អាចទទួល​ទានបាន)​ជាដើម។

គុណប្រយោជន៍​របស់​ប៊ីចេង

តាម​ពិតទៅ ប៊ីចេង​មិនមាន​គុណប្រយោជន៍​អ្វីដល់​រាយកាយ​ទេ។ ប៉ុន្ដែនៅ​ក្នុងប៊ីចេង​ដែលមាន​ផ្ទុកអាស៊ីត​គ្លុយតាម៉ិច​ធ្វើឱ្យ ប្រព័ន្ធ​ប្រសាទ​ទទួលដឹង​រសជាតិ​នៅត្រង់​អណ្ដាត អាចបញ្ជាក់​ពីរសជាតិ​ប្រសើរ​ជាងមុន បើប្រៀបធៀប​ជាមួយនឹង​អាហារ​ដែលគ្មាន បន្ថែម​សារធាតុ​ប៊ីចេង។ ប៊ីចេង​មិនមែន​ជាតម្រូវ​ការចាំបាច់​សម្រាប់​រាងកាយ ដែលត្រូវ​ការបំពេញ​បន្ថែមនោះទេ។ លោកអ្នក​មិនបរិភោគ​ប៊ីចេង ក៏លោកអ្នក​នៅតែអាច​មានសុខភាព​ល្អដែរ។ សរុបមក​ប៊ីចេង​គ្រាន់តែ​ជួយឱ្យ​ចំណុចមួយ​ចំនួននៅ​លើអណ្ដាត​ដឹងរសជាតិ ហាក់រាង​ឆ្ងាញ់តែ​ប៉ុណ្ណោះ។

ផលប៉ះពាល់​របស់​ប៊ីចេង

តាមរយៈ​ការស្រាវជ្រាវ​ជាច្រើន​រហូតមក​ដល់ពេលនេះ មិនទាន់​មានការ​អះអាង​ណាមួយ​ដែលបញ្ជាក់ថា​ប៊ីចេង​មានគ្រោះ ថ្នាក់ចំពោះ​សុខភាព​នោះទេ។ ទោះបីជា​យ៉ាងណា ក៏មានការ​កត់សម្គាល់ ថាការ​បរិភោគ​អាហារ​ដែលមាន បន្ថែម​សារធាតុ​ប៊ីចេង ធ្វើឱ្យមនុស្ស​មួយចំនួន​មានប្រតិកម្ម។

  • អ្នកកើត​ជម្ងឺហឺត​អាចប្រឈម​មុខទៅនឹង សភាពកាន់​តែធ្ងន់ធ្ងរ។ មិនមែន​ប៊ីចេង​នាំឱ្យមាន​ជម្ងឺហឺតទេ។ ផ្ទុយទៅវិញ​បើលោកអ្នក​មានជម្ងឺ​ហឺតស្រាប់​នោះ លោកអ្នក​នឹងងាយ​ទទួលរង​ប្រតិកម្មជាង មនុស្សដែល​មិនមាន​ជម្ងឺហឺត។
  • នៅឆ្នាំ១៩៩៥ មានការ​ប្រជុំមួយ​ស្ដីពីការ​ប្រើប្រាស់​ប៊ីចេងរយៈ​ពេលពីរថ្ងៃ បានធ្វើ​ការសន្និដ្ឋាន​ជាចំហ​ថាក្រោយ​ពីការប្រើ ប្រាស់ប៊ីចេង មនុស្សមួយ​ចំនួនអាច​មាន​ប្រតិកម្ម ដូចជា​មានអារម្មណ៍​ក្ដៅនៅផ្នែកក​ខាងក្រោយ កំភួនដៃ ទ្រូង ឬស្ពឹកផ្នែក​ខាងក្រោយ ។ ជួនកាល​មានអារម្មណ៍​ឈឺតិចៗ និងក្ដៅលើមុខ ខ្នង ក តឹងមុខតឹង​មាត់ ឈឺក្បាល ឈឺទ្រូង ចលនាបេះដូង​ដើរយឺត​ជាងធម្មតា នាំឱ្យ ញ័រទ្រូង ជីពចរខ្សោយ ងងុយដេកតិចៗ អស់កម្លាំង​ជាដើម។ រោគសញ្ញា​ទាំងអស់​នេះមិនមែន​មានន័យថា​អ្នកដែល​បរិភោគ​ប៊ីចេងសុទ្ធ តែមាន​រោគសញ្ញា​ទាំងអស់​នេះទេ។ ប៉ុន្ដែលោកអ្នក​អាចមាន​រោគសញ្ញា​មួយក្នុង​ចំណោម​ទាំងអស់​នេះ បើលោកអ្នក​បរិភោគ​ប៊ីចេង លើសពី​កន្លះក្រាម​ក្នុងមួយ​របបអាហារ។ ជាពិសេស​ចំពោះកុមារ និងមនុស្សដែល​ជាអ្នកងាយ​ទទួលរង​ប្រតិកម្ម​នៃការ​ប្រើប្រាស់​​ប៊ីចេង។

ដោយសារ​ទម្លាប់នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យើង ដែលប្រើប្រាស់​ប៊ីចេង​ជាទូទៅ​ទៅហើយ​នោះ ពិតជា​ពិបាក​ក្នុងការ កែប្រែណាស់ ទោះបីជា​គាត់បានដឹង​ហើយអំពីផល​ដែលអាច​កើតមាន​ពីការ​ប្រើប្រាស់​ប៊ីចេង​ក៏ដោយ។ ចំណុចនេះ បើក្រឡេក​ថយ ក្រោយបន្ដិច កាលពី​សម័យមុន​ដែលប្រទេស​យើងមិនទាន់​រីកចម្រើន ការផ្សឰផ្សាយ​ពីប៊ីចេង​មិនទាន់​ទូលំទូលាយ ជីវភាព​ប្រជាពលរដ្ឋ នៅមាន​កម្រិតនោះ ពួកគាត់​ចម្អិនអាហារ​ដោយមិន​ប្រើប៊ីចេងទេ។ ដោយពួកគាត់​គ្រាន់តែ​ប្រើស្ករ គឺគ្រប់គ្រាន់​អាចឱ្យពួក​គាត់បន្ដការ រស់រាន​មានជីវិត​មកដល់សព្វថ្ងៃ​តកូនចៅ​បានជាច្រើន​ដំណរទៅ​ហើយដោយ​គ្មានប៉ះពាល់​អ្វីទាំងអស់។ នេះអាច​បញ្ជាក់បាន​ថាប៊ីចេង មិនមែន​ជាតម្រូវ​ការចាំបាច់​សម្រាប់​សុខភាពទេ។

ដំបូន្មានអ្នក​ជំនាញ

បច្ចុប្បន្ននេះ ប៊ីចេង​ច្រើនប្រភព​ច្រើនម៉ាកណាស់​ដែលដាក់លក់​នៅតាមទីផ្សារ នេះជា​បញ្ហាដែល​ធ្វើឱ្យ​លោកអ្នក​ពិបាក ជ្រើសរើស​ទិញ។គ្មាននរណា​ម្នាក់អាច​វាយតម្លៃថា​សារធាតុ​ដែលផ្សំនៅ ក្នុងប៊ីចេង មិនប៉ះពាល់​ដល់សុខភាព​ឡើយ។ ដូចនេះ​ការពារ​ប្រសើរជាង​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative