ពិធីបុណ្យ​អុំទូករំខាន​ដល់​បរិស្ថាន

ក្នុងពិធី​បុណ្យអុំទូក ប្រជាពលរដ្ឋ​ដែល​ចូលរួម​អបអរ​សាទរ​យ៉ាង​ច្រើន​កុះករ មាន​កំណើន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ ដែល ភាគច្រើន​ជាអ្នក​មកពី​បណ្ដាខេត្ដ​ក្រុង​នានា​ទូទាំង​ប្រទេស។ កំណើន​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ ធ្វើឱ្យ​មានភាព​អ៊ូអរ​ខុសប្លែក​ពីធម្មតា។ ជាមួយ​នេះដែរ​កំណើន​ប្រជាពលរដ្ឋ​បានធ្វើ​ឱ្យមាន​ផលវិបាក​មួយចំនួន​ទៅលើ​ទីក្រុង ជាពិសេស​លើផ្នែក​បរិស្ថាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ខាំ គឹមសួ អនុប្រធាន​មន្ទីរបរិស្ថាន​រាជធានី​ភ្នំពេញ បានចូលរួម​ស្រាយបំភ្លឺ​អំពីបញ្ហា​នេះជូន​មិត្ដអ្នកអាន ទុកគ្រាន់​ជា ការសិក្សា​ស្វែងយល់​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុរំខាន​ដល់បរិស្ថាន​ក្នុងពិធី​បុណ្យអុំទូក

មានមូលហេតុ​ច្រើនយ៉ាង​ដែលតែងតែ​ធ្វើឱ្យ​មានការ​រំខាន​ដល់បរិស្ថាន​ក្នុងពេល​មានពិធី​បុណ្យអុំទូក​កើតឡើង។

  • កំណើន​ប្រជាពលរដ្ឋ ៖ ពីមួយឆ្នាំ​ទៅមួយឆ្នាំ ប្រជាពលរដ្ឋ​ដែលមក​ចូលរួម​ក្នុងពិធី​បុណ្យអុំទូក​កាន់តែ​មានកំណើន​ច្រើន ឡើងជា​បន្ដបន្ទាប់។ ការកើន​ឡើងនៃ​ចំនួន​ប្រជាពលរដ្ឋ​ដែលមក​ចូលរួម និងមធ្យោបាយ​ធ្វើដំណើរ​(រថយន្ដ និងម៉ូតូ) បានធ្វើ​ឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិយាកាស។ ភាពអាប់អួរ​ដែលបាន​មកពី​ក្លិនមិនល្អ​(ញើស) ធ្វើឱ្យ​ពិបាក​ក្នុងការ​ដកដង្ហើម ពិសេស​ផ្សែង​រថយន្ដ គ្រប់ប្រភេទ​ដែលមាន​ចំនួនច្រើន​លើសពី​ធម្មតា។ ដោយសារ​ភាព​កកកុញ​នៃប្រជាពលរដ្ឋ​ផងដែរ បានធ្វើឱ្យ​មានការ​រាំងស្ទះ​ដល់ការ ចូលទៅ​ប្រមូល​យកកាក​សំណល់​តាមធុង​សម្រាម និងសម្រាម​ដែលចោល​នៅតាម​ទីសាធារណៈ។ ភាព​យឺតយ៉ាវ​នេះ ជាឱកាស​អាចធ្វើ ឱ្យមានការ​ប៉ះពាល់​ដល់​បរិស្ថាន។
  • សកម្មភាព​មនុស្ស ទន្ទឹមនឹង​ការកើន​ឡើងនៃ​ចំនួន​ប្រជាពលរដ្ឋ សកម្មភាព​មួយចំនួន​របស់ពួកគេ​ក៏ជាកត្ដា​ធ្វើឱ្យមាន ការប៉ះពាល់​ដល់បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ផងដែរ។ ការចោល​សម្រាម និងកាក​សំណល់​មិនបាន​ត្រឹមត្រូវ​នៅតាម​ទីសាធារណៈ ច្រាំងទន្លេ និងក្នុងទឹក ជាពិសេស​សម្រាមដែល​មានជាតិ​ប្លាស្ទិក​(ថង់ប្លាស្ទិក)។
  • កត្ដាកង្វះ​អនាម័យ អនាម័យ​ជារឿង​សំខាន់ណាស់ ហើយក៏​ជាចំណែក​មួយដែល​ចេញពី​សកម្មភាព​មនុស្សដែរ។ ដោយ សារបង្គន់​សាធារណៈ​មានតិចតួច​មិនគ្រប់គ្រាន់​តាមតម្រូវ​ការនៃ​កំណើន​ប្រជាពលរដ្ឋ អាចឱ្យ​ប្រជាពលរដ្ឋ​ទៅបន្ទោរ​បង់តាម​ទីសាធារណៈ តាមរបង ឬសួនច្បារ ជាហេតុធ្វើ​ឱ្យជះក្លិន​មិនល្អ។ ជាពិសេស​កីឡាករ ក្រុមគ្រួសារ និងប្រជាពល​រដ្ឋដែលចូលរួម​អបអរសាទរ ការប្រណាំង​ទូកទាំង​នេះបានបោះ​ទីតាំងស្នាក់​អាស្រ័យ​លើទឹក និងតាមមាត់​ទន្លេ ហើយជានិច្ច​កាលពួក​គាត់តែង​តែចោល​សម្រាម កាក សំណល់ និងបន្ទោរបង់​លើទឹក​ទន្លេ ធ្វើឱ្យ​ប៉ះពាល់​ដល់គុណភាព​ទឹក។

ក្រៅពីកត្ដា​ទាំងនេះ ក៏នៅមាន​កត្ដាមួយ​ចំនួនទៀត​ផងដែរ ដែលបង្កការ​ធ្វើឱ្យ​ប៉ះពាល់​ដល់បរិស្ថាន។ ជាពិសេស​ក្នុងពេល នៃពិធី​បុណ្យអុំទូក ក្រុមហ៊ុន ស្ថាប័ន និងអាជីវកម្ម​ជាច្រើន​ក៏ខំចែក​ខិត្ដប័ណ្ណ និងផលិតផល បូករួម​នឹងកង្វះ​អនាម័យ​របស់អ្នក​លក់ដូរ តាមផ្លូវ​សាធារណៈ​ជាដើម។

ផលប៉ះពាល់​បរិស្ថាន​បណ្ដាលមកពី​បុណ្យអុំទូក

  • ប៉ះពាល់​ដល់ទឹក និងជីវិតសត្វ​ក្នុងទឹក ៖ បើគ្រាន់តែ​មើលនឹងភ្នែក​ទទេដោយ​ពុំបានគិត​ពិចារណា​នោះ មិនឃើញ​ថាមាន ផលប៉ះពាល់​យ៉ាងណា​នោះទេ ចំពោះកាក​សំណល់ដែល​ចោលទៅ​ក្នុងទឹកទន្លេ។ តាមពិត ក្នុងចំណោម​កាកសំណល់​ទាំងអស់​ដែលបាន មកពី​សកម្មភាព​មនុស្ស មានមួយ​ចំនួនផ្ទុក​ទៅដោយ​សមាសធាតុ​គីមី​ដែលមាន​ប្រតិកម្ម​ជាមួយ​អុកស៊ីសែន អាចធ្វើឱ្យ​ប៉ះពាល់​ខ្លាំងទៅ លើគុណភាពទឹក ហើយកាក​សំណល់​ទាំងនោះ​ធ្វើឱ្យទឹក​កខ្វក់មិន​អាចប្រើប្រាស់​បាន។ ចំណែក​ជីវិតសត្វ​ដែលរស់នៅ​ក្នុងទឹកនោះ ក៏ ទទួលរង​នូវការ​ប៉ះពាល់​ផងដែរ។           អ្វីដែល​សំខាន់ រាល់កាក​សំណល់ដែល​ចោលទៅក្នុង​ទឹកទន្លេ ហើយរលួយ​បង្កជាមេរោគ​នៃជម្ងឺ ផ្សេងៗ ដូចជា​ជម្ងឺរាករូស អាសន្នរោគ​ជាដើម ជាពិសេស​ប៉ះពាល់​យ៉ាងខ្លាំងទៅ​លើប្រជាពលរដ្ឋ​ដែលរស់នៅ​តាមដងទន្លេ។
  • ប៉ះពាល់ដល់​បរិយាកាស ៖ សម្រាម និងកាកសំណល់​ផ្សេងៗដែល​ចោលពាស​វាលពាសកាល​នៅតាម​ទីសាធារណៈ មាត់ ទន្លេ យូរទៅក៏ក្លាយ​ជាសមាសធាតុ​សរីរាង្គ ហើយធ្វើ​ប្រតិកម្មគីមី​សំយោគ។ សមាសធាតុ​គីមីដែលបាន​មកពីការ​សំយោគនេះ បាន អណ្ដែត​ឡើងលើ ហើយមាន​ប្រតិកម្មយ៉ាង​រហ័សជាមួយ​អុកស៊ីសែន។ សមាសធាតុ​ទាំងនេះ​បង្កផល​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ខ្យល់ បរិយាកាស កាត់បន្ថយ​សមាសធាតុ​អុកស៊ីសែន និងមានការ​ប៉ះពាល់​ទៅដល់​ស្រទាប់​អូស្សូន​ផងដែរ។
  • ប៉ះពាល់ទៅ​លើសោភ័ណភាព​ទីក្រុង ៖ កង្វះអនាម័យ និងការចោល​កាកសំណល់​សម្រាមនៅ​តាមទី​សាធារណៈ ពិតជាធ្វើ ឱ្យបាត់បង់​នូវសោភ័ណ​ទីក្រុង។ គំនរ​សម្រាម និងកាកសំណល់​ដែលនៅ​រាយប៉ាយ​តាមដងវិថី តាមសួន​សាធារណៈ ធ្វើឱ្យ​លុបបាត់​នូវ ភាពស្រស់ស្អាត និងភាពស្រស់​ត្រកាល​នៃទីក្រុង ពិបាកនឹង​ទស្សនា។ ម្យ៉ាងទៀត​គំនរ​សម្រាមដែល​ទុកយូរ រលួយបាន​ជះក្លិន​មិនល្អ​ទៅ លើអ្នក​ធ្វើដំណើរ ធ្វើឱ្យ​ប៉ះពាល់​លើផ្លូវ​ដង្ហើម និងអាចបង្ក​ទៅជាមេរោគ​នៃជម្ងឺមួយ​ចំនួនថែមទៀត​ផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដោយមើល​ឃើញពី​មូលហេតុ និងផល​ប៉ះពាល់​យ៉ាងច្រើន​ប្រការ​ទៅលើ​បរិស្ថាន ជាចាំបាច់​ត្រូវមាន​វិធានការ​ទប់ស្កាត់ ក៏ ដូចជា​ការការពារ​ដើម្បីរក្សា​បាននូវ​សោភ័ណភាព និងបរិស្ថានល្អ​ក្នុងទីក្រុង។

  • សម្រាម និងកាក​សំណល់ផ្សេងៗ​មានផល​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​បរិស្ថាន ពិសេស​ទឹកទន្លេ ដូចនេះ​គួរប្រជាពលរដ្ឋ​ដែល មកចូលរួម​ទស្សនា​ពិធីបុណ្យ​អុំទូក ក៏ដូចគ្នា​នឹងបងប្អូន​ក្រុមគ្រួសារ​របស់កីឡាករ​អុំទូក​ដែលរស់​នៅលើទឹក និងច្រាំង​ទន្លេ សូមកុំចោល សម្រាម និងកាកសំណល់​ដែលប្រើប្រាស់​រួចទៅលើ​ផ្លូវសាធារណៈ និងក្នុងទឹកទន្លេ។ ប៉ុន្ដែ​គួរគ្រប់គ្រង​កាកសំណល់​ទាំងនេះ​ដោយការ វេចខ្ទប់ ហើយចោល​ក្នុងធុង​សម្រាមឱ្យ​បានត្រឹមត្រូវ។ ចំពោះ​អាជីវករ និងអ្នកលក់​ដូរនៅតាម​ទីសាធារណៈ​នានា ក៏ត្រូវ​ចូលរួមវេច ខ្ចប់កាក​សំណល់ និងសម្រាម​ផងដែរ។
  • ក្រុមហ៊ុន អង្គការ ឬស្ថាប័ន​ដែលពាក់ព័ន្ធ​គួរធ្វើការ​ផ្សព្វផ្សាយ​ជាសាធារណៈ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានយល់ដឹង​អំពី​ផលប៉ះ ពាល់ដែល​បណ្ដាលមក​ពីការចាលកាក​សំណល់សម្រាម​នៅតាម​ទីសាធារណៈ និងក្នុង​ទឹកទន្លេ។ សូមបង្កើន​ប្រព័ន្ធ​គ្រប់គ្រង​កាកសំណល់ និងបង្គន់​សាធារណៈ ដើម្បីបម្រើ​តាមសេចក្ដី​ត្រូវការ​សមស្រប​ទៅតាម​កំណើន​របស់​ប្រជាពលរដ្ឋ និងអប់រំឱ្យ​មានភាព​ម្ចាស់ការក្នុង ការគ្រប់គ្រង​កាកសំណល់​ទាំងនេះ។

ដំបូន្មានអ្នក​ជំនាញ

សូមលោកអ្នក​មេត្ដាកុំចោល​សម្រាម និងកាកសំណល់​នៅតាម​ទីសាធារណៈ ជាពិសេស​ក្នុងទឹកទន្លេ​ដែលធ្វើឱ្យ​ប៉ះពាល់ដល់ បរិស្ថាន​ទីក្រុង។ សូមរួមគ្នា​ថែរក្សា​បរិស្ថាន​ឱ្យបានស្អាត បរិសុទ្ធ ដោយ​គ្រប់គ្រង​សម្រាមឱ្យ​បានត្រឹមត្រូវ ឬចោលក្នុង​ធុងសម្រាម ដើម្បី​សោភ័ណភាព​ទីក្រុង។ បរិស្ថានស្អាត សុខភាពល្អ ជីវិតមាន​សុភមង្គល!

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative