កីឡា​ប្រណាំង​ទូក

ជារៀងរាល់​ឆ្នាំនៅ​ថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិក កម្ពុជា​យើង​តែងតែ​មានការ​រៀបចំ​ឱ្យមាន​ពិធីបុណ្យ​ជាតិមួយ គឺពិធី​បុណ្យអុំទូក អកអំបុក សំពះព្រះខែ។ ពិធី​បុណ្យអុំទូក ជាពិធី​ដែល​ប្រារឰ​ឡើង​ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរជំនាន់​ដើមដែល ទទួល​ជ័យជំនះ​លើកងទ័ព​ចាម​ក្នុង​យុទ្ធសាស្ដ្រ​សង្គ្រាម​ជើងទឹក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចង់ដឹងថា​ប្រវត្ដិ​អុំទូក​យ៉ាងណា ការប្រកួត​មានលក្ខណៈ​យ៉ាងម៉េច សូមតាម​ដានការ​បកស្រាយ​បំភ្លឺ​ពីសំណាក់​ឯកឧត្ដម ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការ​ក្រសួងអប់រំ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិកីឡា​ប្រណាំង​ទូក

ប្រវត្ដិសាស្ដ្រ​បានបញ្ជាក់​ច្បាស់ថា​នៅថ្ងៃទី​១៤-១៥កើត និងថ្ងៃ​១រោច ខែកត្ដិក ពិធី​បុណ្យអុំទូក អកអំបុក បណ្ដែត​ប្រទីប ជាពិធី​បុណ្យប្រពៃណី​ជាតិដ៏ធំ​សម្បើម។ ពិធីនេះ​មានកំណើត​តាំងពី​បុរាណកាល​មក ហើយបាន​ចែងទុក​ក្នុង​ឯកសារ​ជាតិ និងអន្ដរជាតិ ឬតាម​សិលាចារឹក​នៃប្រាសាទ​ជាដើម។ ពិធីបុណ្យ​នេះរីក​ចម្រើនយ៉ាង​ខ្លាំងនៅ​ក្នុងសង្គមខ្មែរ​នាសម័យ​អង្គរក្នុង​រាជព្រះបាទ​ជ័យវរ្ម័នទី៧ សតវត្សទី១២ និងសម័យ​លង្វែក នាព.ស២០៧១ គ.ស.១៥២៨។ ព្រះបាទជ័យ​វរ្ម័នទី៧​ស្ដេចចេញ​ធ្វើសង្គ្រាម​ជើងទឹក បង្ក្រាប​ជាតិបរទេស​ចាមដោយ​កងទ័ព​ប្រើទូក​ធ្វើចម្បាំង​ដើម្បីរំដោះ​ក្រុងកម្ពុជា​ឱ្យរួចផុត​ពីកណ្ដាប់ដៃ​ខ្មាំងសត្រូវ។ គ.ស១១៧៧ ដល់១១៨១ រឿង ចម្បាំង​ទាំងនេះ​ត្រូវបាន​បុព្វបុរស​ខ្មែរឆ្លាក់ទុក​លើជញ្ជាំង​ប្រាសាទ​បាយ័ន និងប្រាសាទ​បន្ទាយឆ្មារ ដែលមាន​រូបព្រះឆាយាលក្ខណ៍​ព្រះ បាទជ័យវរ្ម័នទី៧​ទ្រង់ឈរ​លើនាវា​ចម្បាំង ទ្រង់កាន់ធ្នូរ ដំបង ដែលមាន​កងទ័ព​យ៉ាងច្រើន​មហិមា។ នៅសម័យ​លង្វែក ព្រះអង្គច័ន្ទទី១ ទ្រង់តាំង​ពញាតាតងារ​ជាសិទ្ធិភូបាល​ជាស្ដេច​នៅ​កម្ពុជាក្រោម ស្រុកបាសាក់​ឱ្យរៀបចំ​កងទ័ពជើងទឹក​ចែកចេញ​ជាបីក្រុម។ ក្រុមទី១ ជាទ័ពស្រួច ហាត់ច្បាំង​ដោយទូកង។ ក្រុមទី២ ជាទ័ពជំនួយ​ហាត់ច្បាំង​ដោយទូកចែវ​ពីរជួរ និងក្រុមទី៣ ទ័ពបាសាក់ ជាទូកធំ​មាន ដំបូល​មួយកាត់ មានក្ដោងដូច​ទូកប៉ុកចាយ តែរាងស្ដួច​វែងសម្រាប់​ផ្ទុកស្បៀង​កងទ័ព។ (ដកស្រង់ពី​កំណែវិញ្ញាសា​វប្បធម៌ទូទៅ ដោយលោក បេង ហេង និងញឹម បាក់ងន ឆ្នាំ១៩៩៤)

ប្រភេទទូក​ប្រណាំង និងចំណុះ​ទូក

កាលដើមឡើយ​ប្រណាំងទូក​ដែលធ្លាប់​ចូលរួម​ប្រកួត​មានតែបី​ប្រភេទ​ប៉ុណ្ណោះ គឺទូក​ប៉ុកចាយ ទូកអុំ និងទូកចែវ។ ហើយ ទូកទាំងបី​ប្រភេទ​នេះមាន​ទូកបុរស និងទូកនារី​ផ្សេងៗគ្នា។ ប៉ុន្ដែក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ គណៈកម្មាការ​រៀបចំ​បុណ្យជាតិ​បានអនុញ្ញាត​ឱ្យមាន​ទូកបរទេស​ចូលរួម​ក្នុងការ​ប្រណាំង​ជាលក្ខណៈ​ប្រពៃណីដែរ។ ឯចំណុះ​កីឡាករ​ក្នុងទូក​នីមួយៗ​ក៏មានលក្ខណៈ​ខុសគ្នាទៅ តាមប្រភេទ​ទូកដែរ គឺទូកខ្លី​មានចំនួនពី​២០ទៅ​៣០នាក់ និងទូកវែង​មានចំនួន​ពី៤០ទៅ​៥០នាក់។ មកដល់​បច្ចុប្បន្ននេះ ចំណុះ​ទូកមាន ការប្រែប្រួល​ច្រើន គឺទូកវែង​ខ្លះមាន​ចំនួនកីឡាករ​រហូតដល់​ទៅ៧០នាក់​ក្នុង១ទូក។ ទូកដែល​នឹងចូលរួម​ប្រកួតភាគ​ច្រើនមក​ពីខេត្ដ ក្រុងដែល​នៅជាប់​នឹងដងទន្លេ ដូចជា​រាជធានី​ភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង​ជាដើម ហើយក៏ជា​ខេត្ដដែល មានចំនួន​ទូកច្រើន​ជាងគេ។ ក្រៅពីនេះ​ក៏មានទូក​ដែលមកពី​ខេត្ដមួយ​ចំនួនទៀត ដូចជាកំពង់ឆ្នាំង កំពង់ធំ តាកែវ សៀមរាម បាត់ដំបង​ជាដើម។ អ្វីដែល​ពិសេសនា​ពេលបច្ចុប្បន្ន គឺទូកដែល​ចូលរួម​មានស្ទើរតែ​ទូទាំង​ប្រទេស សូម្បី​តែខេត្ដ​ដែលគ្មាន​ទន្លេ ស្ទឹងសោះក៏ បានចូលរួម​ដែរ ដូចជា​កំពង់ស្ពឺ រតនគីរី​ជាដើម។

របៀប​ប្រកួត​ប្រណាំង​ទូក

បច្ចុប្បន្ននេះ ទូកមាន​ចំនួនច្រើន​រហូតដល់​ជាង៤០០គូ​(ជាង៨០០ទូក)​ដែលកើន​ទ្វេដង​ក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ដែលជា ហេតុធ្វើ​ឱ្យរបៀប​នៃការ​ប្រណាំង​មានការ​ប្រែប្រួល។ មុននេះ​ដោយចំនួន​ទូកមាន​ត្រឹមតែជាង​២០០គូ ធ្វើឱ្យ​ទូកនីមួយៗ​អាចប្រណាំង ពីរជើង​ក្នុងមួយថ្ងៃ។ ប៉ុន្ដែដោយ​ចំនួន​ទូកច្រើន ហើយពេល​វេលាមិន​គ្រប់គ្រាន់ ដូចនេះ​គណៈកម្មាការ​បានរៀបចំ​ជារូបមន្ដមួយ សម្រាប់ការ​ប្រណាំងទូក។ ថ្ងៃទីមួយ គឺអុំពីរជើង​តាមខ្សែទឹក​ក្នុងក្រៅ​ម្ដងម្នាក់ និងថ្ងៃទីពីរ​ចាប់ឆ្នោត​ជ្រើសរើស​ខ្សែទឹក​ក្នុងក្រៅម្ដង ទៀត។ ឯការប្រកួត​ថ្ងៃទីបី គឺអុំតែមួយ​ជើងប៉ុណ្ណោះ បន្ទាប់ពី​ចាប់ឆ្នោត​រើសខ្សែទឹក​ជាការស្រេច។ សម្រាប់ថ្ងៃ​ទីបី​មិនអាច​អុំពីរជើង បាន ដោយសារ​ជាថ្ងៃរៀប​ពិធីចាប់​កូនខ្លែង ឬកាត់ព្រ័ត្រ​ដែលមិនអាច​ធ្វើនៅពេល​ងងឹតបាន។

របៀបចំណាត់ថ្នាក់ជ័យលាភី

ចំណាត់ថ្នាក់​ជ័យលាភី​ត្រូវបាន​បែងចែក​ជាបួន​ចំណាត់ថ្នាក់ គឺលេខ១ លេខ២ លេខ៣ និងលេខ៤។ ចំណាត់ថ្នាក់​ត្រូវបាន ផ្ដល់ជូន​ជាលក្ខណៈ​ផែនទូក​(ជាក្រុម) មិនមែន​លេខ១ ឬលេខ២​ចំពោះទូក​ដែលលឿន​ជាងគេ​នោះទេ។ ឧទាហរណ៍ ទូកប្រកួត​ឈ្នះ ក្នុងថ្ងៃទីមួយ​នឹងត្រូវឡើង​ផែនទី៣ ឈ្នះថ្ងៃ​ទីពីរទៀត​នឹងត្រូវឡើង​ផែនទី២ ប្រសិនបើ​ឈ្នះក្នុងការ​ប្រកួតថ្ងៃ​ទីបីទៀត​នឹងបាន​ដល់ផែន ទី១។

គណៈកម្មាការ​បានផ្ដល់ជា​ចំណាត់ថ្នាក់​តាមរូបមន្ដ​ដូចតទៅ

  • សម្រាប់ទូក​ដែលប្រកួត​ឈ្នះទាំង​បីថ្ងៃ គឺជាប់ក្នុង​ចំណាត់ថ្នាក់​នៃផែន​លេខ១
  • ប្រកួត​ឈ្នះពីរថ្ងៃ ជាប់ចំណាត់ថ្នាក់​ក្នុងផែនទី២
  • ប្រកួតឈ្នះ​មួយថ្ងៃ ជាប់ចំណាត់​ថ្នាក់ក្នុង​ផែនទី៣
  • សម្រាប់ទូក​ដែលមិនមាន​ជ័យជំនះ​ទាំងបីថ្ងៃ គឺត្រូវស្ថិត​ក្នុងចំណាត់ថ្នាក់​នៃផែនទី៤

ម្យ៉ាងទៀត​គណៈកម្មាការ​បានផ្ដល់​ជ័យលាភី​សម្រាប់សោភ័ណ​ភាពផងដែរ។ ការផ្ដល់ពិន្ទុ​នេះអាស្រ័យ​លើកត្ដា​ច្រើនយ៉ាង ដូចជាការ​រចនាទូក ក្បាច់ ពណ៌ សម្លៀកបំពាក់​របស់កីឡាករ​ជាដើម។

លក្ខណៈសម្បត្ដិ​របស់កីឡាករ​ប្រណាំង​ទូក

ជាប្រការ​សំខាន់ណាស់​ក្នុងការ​ជ្រើសរើស​គុណសម្បត្ដិ​របស់​កីឡាករ។ ថ្វីត្បិតតែ​ការប្រណាំង​ទូក​ជាការ​កម្សាន្ដ​តាមបែប ប្រពៃណី ប៉ុន្ដែក៏​ទាមទារ​ឱ្យកីឡាករ​ត្រូវមាន​កាយសម្បទា​គ្រប់គ្រាន់ និងរឹងមាំ។ អ្វីដែល​ត្រូវការ​បំផុតនោះ គឺកីឡាករ​ត្រូវតែចេះ ហែលទឹក។ ប្រការ​មួយទៀត​នោះ កីឡាករ កីឡាការិនី​គ្រប់រូប​ចាំបាច់​ត្រូវតែ​គោរព​វិន័យ​របស់គណៈ​កម្មាការ​ដែលបាន​កំណត់ ត្រូវចេះ យល់ចិត្ដគ្នា។ ព្រោះថា​ការប្រកួត​អុំទូក គឺយើងប្រព្រឹត្ដិ​ទៅជាក្រុម បើមិនមាន​ការយល់​ចិត្ដគ្នា ការអធ្យាស្រ័យ​គ្នាទេ នោះនឹង​អាចធ្វើ ឱ្យប៉ះពាល់​ដល់ក្រុមខ្លួន ឬអាចដូច​នឹងពាក្យ​ស្លោកមួយថា “បើមិនជួយ​ចូកជួយ​ចែវ កុំយក​ជើង​រាទឹក”។

ប៉ុន្ដែទោះបី​ជាយ៉ាងណា​ក៏គណៈកម្មាការ​រៀបចំ​បុណ្យជាតិ បានត្រៀម​រួចជា​ស្រេចសម្រាប់​សង្គ្រោះរាល់​គ្រោះថ្នាក់​ណាមួយ ដែលនឹង​អាចកើតឡើង​ជាយថាហេតុ។ ទាំងសម្ភារៈ ទាំងឧបករណ៍​ជាជំនួយ គឺមាន​គ្រប់គ្រាន់​ដូចជា​កប៉ាល់ ទូក អូប័រ ក្រុមជួយ​អ្នករងគ្រោះ​ជាដើម។

ដំបូន្មានអ្នក​ប្រឹក្សា

សូមលោកអ្នក​ដែលជាកីឡាករ​ប្រណាំងទូក​ទាំងអស់​មេត្ដាគោរព​ឱ្យបាននូវ​វិន័យ​ដែលផ្ដល់​ជូនដោយ​គណៈកម្មាការ ធ្វើយ៉ាង ណាដើម្បី​ឱ្យពិធី​បុណ្យជាតិ​ប្រព្រឹត្ដិទៅ​ដោយ​សោមនស្ស និងសប្បាយ​រីករាយ។ សូមលោកអ្នក​គិតថា​នេះជាពិធី​បុណ្យ​កម្សាន្ដតាម លក្ខណៈ​ប្រពៃណី និងវប្បធម៌​របស់ជាតិ​យើង មិនមែន​ជាការប្រកួត​ដើម្បីដណ្ដើម​ការចាញ់ឈ្នះ​នោះទេ។ ដូចនេះ​សូមរួមគ្នា​សប្បាយ នឹងពិធីបុណ្យ​អុំទូក​នេះប្រកប​ដោយស្នាម​ញញឹម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative