ខ្ញុំដុះ​សាច់​ច្រមុះ

ដុះសាច់​ច្រមុះ ជាជម្ងឺ​មួយដែល​ឧស្សាហ៍​កើតឡើង​ច្រើនលើ​មនុស្ស​ពេញវ័យ និងមនុស្ស​ចាស់។ វាក៏​ជាជម្ងឺ​កើត​ញឹកញាប់ មួយក្នុង​ចំណោម​ជម្ងឺច្រមុះ​បំពង់ក​ផ្សេងទៀត។ របៀប​បង្ការ​ការពារ​ជម្ងឺ​ដុះសាច់​ច្រមុះ​ជាចំណុច​សំខាន់ ជាពិសេស​តាមរយៈ​ការរក្សា អនាម័យ​ផ្លូវដង្ហើម ដើម្បី​ចាកផុត​ពីការ​រីកនៃ​សាច់ច្រមុះ​ដែលនាំ​ឱ្យពិបាក​ក្នុងការ​ដកដង្ហើម។ មាន​ប្រជាពលរដ្ឋ​ខ្មែរ​តិចតួច​ប៉ុណ្ណោះ ដែលបាន​ដឹងពី​ជម្ងឺនេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមចូល​ខ្លួនមក​បង្ហាញ​ជូននូវ​ជម្ងឺ​ដុះសាច់​ច្រមុះនេះ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោកវេជ្ជ បណ្ឌិត ឯក សំអឿន ជាប្រធាន​ផ្នែកជម្ងឺ​ត្រចៀក​ច្រមុះ​បំពង់ក នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរសូវៀត។

ដុះសាច់​ច្រមុះ ជាអ្វី?

ជម្ងឺដុះ​សាច់​ច្រមុះ តាមពិត​មិនមែន​ជាការ​ដុះសាច់​ច្រមុះ​បន្ថែម​ទេ។ តែវាជា​ការរីក​ប៉ោងរបស់​សាច់ច្រមុះ​ដែលបណ្ដាល​មក ពីឈាម​ច្រាលក្នុង​សាច់ច្រមុះ​ខ្លាំង ធ្វើឱ្យសាច់​ច្រមុះរីកធំ​ខុសពី​ធម្មតា ឬប៉ោង ហើយក្រិន​នាំឱ្យស្ទះ​រន្ធច្រមុះ និងពិបាក​នៅក្នុង​ការដក ដង្ហើម។ ជួនកាល​វាអាច​រីកសាច់​ច្រមុះ​ទាំងអស់​ដែលមាន​ក្នុងរន្ធ​ច្រមុះ ដោយរួម​មានសាច់​ច្រមុះ​ខាងក្រោម កណ្ដាល និងខាងលើ តែ ជាទូទៅ​វាឧស្សាហ៍​រីកសាច់​ច្រមុះ​ខាងក្រោម។ ករណី​រីកសាច់​ច្រមុះ ភាគច្រើន​កើតនៅ​លើមនុស្ស​ពេញវ័យ និងមនុស្សវ័យ​ចំណាស់ ចាប់ពី​អាយុ៥០ឆ្នាំ​ឡើងទៅ។ ចំពោះក្មេង​អាយុក្រោម​១៥ឆ្នាំ​មិនសូវ​ឃើញកើតទេ ពួកគេ​គ្រាន់តែ​រលាកច្រមុះ​ធម្មតា តែការរលាក យូរៗទៅ​ក៏អាចនាំ​ឱ្យសាច់ច្រមុះ​រីកដូចគ្នា។ ទម្រង់នៃ​ការរីកសាច់​ច្រមុះអាចចែក​ជាដំណាក់​កាលៗ អាចរីកតាំង​ពីមុខដល់​ក្រោយ រីក នៅកន្ទុយ​សាច់ច្រមុះ ឬរីកនៅតែ​ក្បាលសាច់​ច្រមុះ។

មូលហេតុជម្ងឺ​រីកសាច់​ច្រមុះ

ការរីកសាច់​ច្រមុះ​បណ្ដាលមក​ពីមូលហេតុ​ជាច្រើន។

  • ការរលាក​សាច់ច្រមុះ​រ៉ាំរ៉ៃរយៈ​ពេលយូរ ជាហេតុនាំ​ឱ្យសាច់​ច្រមុះរីក។
  • ការរលាក​សាច់ច្រមុះ​រហូតកើត​ជាខ្ទុះ ហើយមិន​បានទទួល​ការព្យាបាល សាច់ច្រមុះ​ក៏អាច​ចាប់ឡើង​ក្រាស់ហើយ​រលាក។ – ការប្រតិកម្ម​នឹងសារធាតុ​ផ្សេងៗ ដែលអាច​បណ្ដាលឱ្យ​រលាកសាច់​ច្រមុះ។
  • ធាតុអាកាស ឬរដូវត្រជាក់ នាំឱ្យឈាម​ច្រាលនៅ​ក្នុងសាច់​ច្រមុះច្រើន ក៏ជាហេតុនាំ​ឱ្យសាច់​ច្រមុះ​រីកក្រាស់ ឬក្រិន។
  • ការប្រើ​ថ្នាំបន្ដក់​ច្រមុះច្រើន​ហួសកម្រិត មិនអនុវត្ដ​តាមវេជ្ជបញ្ជា នាំឱ្យរីក​សាច់ច្រមុះ។

រោគសញ្ញា​ជម្ងឺរីក​សាច់ច្រមុះ

រោគសញ្ញា​ដំបូង អ្នកជម្ងឺ​មានការ​លំបាក​នៅក្នុង​ការដក​ដង្ហើម ដូចជា​ពេលទទួល​ទានដំណេក ច្រមុះ​តឹងម្ខាង ធូរម្ខាង​ជាដើម ។ ករណីនេះ​អាចវិវឌ្ឍន៍​ទៅដល់​ដំណាក់កាល​បន្ទាប់ទៀត គឺការតឹង​ច្រមុះ​អចិន្ដ្រៃយ៍។ វាអាច​ចាប់ផ្ដើមឡើង​តឹងច្រមុះ តឹងហើយធូរ ថប់ដង្ហើម​ជាដើម។ ជួនកាល​អាការតឹង​ច្រមុះអាច​ជាអាការ​ប្រហាក់​ប្រហែល​នឹងផ្ដាសាយ​ធម្មតា​ដែល​អាចតឹង និងធូរវិញ​ពេលប៉ុន្មាន ថ្ងៃបន្ទាប់។  ការរីក​នៃសាច់​ច្រមុះ​អាចនាំឱ្យ​មានអាការ ដូចជា​ឈឺក្បាល ស្ងួតបំពង់ក​ជាដើម។

វិធីព្យាបាល​ជម្ងឺរីក​សាច់ច្រមុះ

ការព្យាបាល​ជម្ងឺរីកសាច់​ច្រមុះ​គួរតែ​ធ្វើឡើង​ដោយគ្រូពេទ្យ​ជំនាញតែ​ប៉ុណ្ណោះ។

  • ការព្យាបាល​អាចចាប់​ផ្ដើមពី​ការប្រើប្រាស់​ថ្នាំបន្ដក់ និងថ្នាំលេប​ប្រភេទ​គ្រាប់មួយ​ចំនួន។
  • ដំណាក់កាល​បន្ទាប់ ជាការ​ព្យាបាល​ដោយដុត ដូចជាពាក្យ​គេនិយាយថា​វះកាត់​ដោយមិន​មានឈាម គឺការ​ដុតដោយ អាស៊ីត។ ការដុត​ដោយអាស៊ីត​អាចនាំឱ្យ​រួមរន្ធ​ច្រមុះ ឬស្អិតសាច់​ច្រមុះជាមួយ​នឹងក្ដោង​ច្រមុះ។ គេអាច​ដុតសាច់​ច្រមុះនឹង​អគ្គីសនី ឬ ដោយហ្គាស​ត្រជាក់​សីតុណ្ហភាព​ក្រោម៣០​អង្សាសេ​ក្រោមសូន្យ។ ការដុតវា​ឈឺចាប់​ណាស់ ហើយត្រូវ​ចំណាយពេល​ប្រហែលជា​១០ថ្ងៃ ទើបអាច​ធ្វើការងារ​បានវិញ។
  • បើការព្យាបាល​ទាំងនោះ​មិនមាន​ប្រសិទ្ធភាព ការព្យាបាល​ដែលជា​ដំណាក់កាល​ចុងក្រោយ​គឺការ​វះកាត់ ដែល​ជាការ កាត់សាច់​ដែលរីកធំ​មួយចំនួន ដើម្បីឱ្យ​មានខ្យល់​ចេញចូល​តាមរន្ធច្រមុះ។ ការវះកាត់​អនុវត្ដ​បានទាល់តែ​ដំណាក់កាល​តឹងច្រមុះ​ខ្លាំងទ្រាំ​លែងបាន ហើយឈឺក្បាល​យូរខែ ឬយូរឆ្នាំ។ ការវះកាត់​អាចបង្ក​ផលប៉ះពាល់​ដល់ការ​ហូរឈាម ឬធ្លាក់ឈាម វាជាករណី​គួរឱ្យ ព្រួយបារម្ភ​បំផុត។ មានតែ​ការវះកាត់​តាមលក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និងធ្វើឡើង​ដោយគ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ ទើបធានា​បាននូវ សុវត្ថិភាព។ ការវះកាត់​សាច់​ច្រមុះរីក ធ្វើឱ្យសាច់​ច្រមុះ​លែងដុះ​រហូត ហើយការ​កាត់សាច់​ច្រើនហួស នាំឱ្យ​ច្រមុះ​ប្រហោងធំ ឬប្រ ហោង​ច្រមុះធំ។ បើកាត់សាច់​តិចពេក មួយឆ្នាំក្រោយ សាច់ច្រមុះ​អាចរីក​ឡើងវិញ ដែលនាំឱ្យ​ណែនរន្ធ​ច្រមុះ​ដដែល។ ករណីអ្នក​ជម្ងឺ មានជម្ងឺ​រួមផ្សំ ដូចជា​ទឹកនោមផ្អែម លើសឈាម​ជាដើម វាជាការ​ពិបាកក្នុង​ការ​វះកាត់។

វិធីបង្ការ​ជម្ងឺរីក​សាច់ច្រមុះ

មានវិធី​ទប់ស្កាត់​ការដុះសាច់​ច្រមុះ​មួយចំនួន ដែលលោកអ្នក​អាចធ្វើ​បាន។

  • ចៀសវាង​ការប្រើប្រាស់​ថ្នាំបន្ដក់​ច្រមុះដោយ​ខ្លួនឯង ដោយ​មិនមាន​ការអនុញ្ញាត ឬវេជ្ជបញ្ជា​ពីគ្រូពេទ្យ ដូចជា​ថ្នាំដាក់ ច្រមុះ ឬថ្នាំដំណក់​ផ្សេងទៀត ដែលអាច​នាំឱ្យរីក​សាច់ច្រមុះ ព្រោះថ្នាំ​ទាំងនោះ​ត្រូវបាន​ណែនាំ​ឱ្យប្រើ​ត្រឹមតែ​ពីរ ឬបីដប​ប៉ុណ្ណោះ។
  • ចៀសវាងការ​ទទួលទាន​ទឹកកក ឬរបស់អ្វី​ត្រជាក់ៗ និងគ្រឿងផ្អាប់ ដូចជា​ទឹកត្រី ប្រហុក ផ្អកជាដើម ដែលនាំ​ឱ្យឈាម ច្រាលទៅ​សាច់ច្រមុះ​ខ្លាំង។
  • គួរព្យាយាម​ហាត់ប្រាណ​ឱ្យបាន​ជាប្រចាំ ព្រោះវា​អាចជួយ​សម្រួលឈាម​ដែលច្រាល​ពេញក្នុង​សាច់ច្រមុះ។
  • សូមការពារ​ធូលីដីកុំឱ្យ​ហុយចូល​ច្រមុះ​ច្រើនពេក តាមរយៈ​ការពាក់ម៉ាស់​ការពារមុខ ឬច្រមុះ។
  • សូមប្រញាប់​ទទួលការ​ពិនិត្យ​ព្យាបាល ករណីមាន​រោគសញ្ញា​តឹងច្រមុះយូរ​(លើសពីមួយសប្ដាហ៍)។

ដំបូន្មានអ្នក​ជំនាញ

បើលោកអ្នក​មានវ័យ​ចំណាស់ចាប់​ពីអាយុ៤០​ឆ្នាំឡើងទៅ ពេលមាន​អាការតឹង​ច្រមុះមិន​ធម្មតា ឬរយៈពេល​យូរ គួរតែមក ពិគ្រោះ និងពិនិត្យ​ជម្ងឺជាមួយ​នឹងគ្រូពេទ្យ​ជំនាញ​ដើម្បី​ការពារ​ជម្ងឺផ្សេងៗ​ទៀត ដែលមិនមែន​ជាជម្ងឺ​ផ្ដាសាយ​ធម្មតា។ បើលោកអ្នក មិនបាន​ទៅព្យាបាល​ឱ្យទាន់ពេល​វេលា ឬព្យាបាល​មិនបាន​ត្រឹមត្រូវ អាចឱ្យ​ជម្ងឺរលាក​សាច់ច្រមុះ ឬរីកសាច់​ច្រមុះនេះ​បង្កជា​វិបត្ដិធ្ងន់ ធ្ងរ ដូចជា​ជម្ងឺមហារីក​ច្រមុះ​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative