ជុំ កុសល ទម្លាប់ល្អ​នាំមកនូវ​សុខភាព​ល្អ

ស្ថិតនៅ​ក្នុងវ័យ​ជិត៤០ឆ្នាំ ឯកឧត្ដម ជុំ កុសល ជាពិធីករ​ជើងចាស់​ដែលឈរ​ក្នុងអាជីព​នេះអស់​រយៈពេល​ជាង១០​ឆ្នាំទៅ ហើយ តែឯកឧត្ដម​នៅតែ​ឈរក្នុង​លំដាប់ជួរ​មុខខាង​សំនួន​វោហារ​ប្រកបដោយ​សុជីវធម៌ ការអប់រំ​ដល់មជ្ឍដ្ឋាន​ខាងក្រៅ និងមិន និយាយ​ច្រើនឥត​ប្រយោជន៍​ដូចពិធីករ​មួយចំនួន​ឡើយ។ ហេតុនេះ​ហើយការ​គាំទ្រ​ចំពោះ​ឯកឧត្ដម​នៅតែ​មានរហូត ទោះបី​នៅពេល នេះ ឯកឧត្ដម​បានទទួល​នូវការ​ផ្ដល់កិត្ដិយស​យ៉ាងថ្លៃថ្លា​ពីសម្ដេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល នូវ​តំណែង​ជាទីប្រឹក្សា​ផ្ទាល់របស់ សម្ដេច​ក៏ដោយ។ ការខិតខំ​បំពេញ​ការងារ​ជារឿង​ចាំបាច់​ដែលត្រូវ​បំពេញ ក្រៅពី​នោះការ​ថែរក្សា​សុខភាព​រាងកាយ​ក៏ឯកឧត្ដម​យក ចិត្ដទុកដាក់​ខ្លាំង​ណាស់ដែរ មិនខុស​នឹងពាក្យ​ចាស់ពោល​ថា“ស្រឡាញ់ខ្លួន​ឱ្យស្ងួន​ចំណី”។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់​ឯកឧត្ដម ជុំ កុសល ការទទួលទាន​ចំណី​អាហារ ការលេង​កីឡា និងការ​បញ្ចេញ​ពលកម្ម គឺជាអត្ថិភាព​នៅក្នុងការ ថែរក្សា​សុខភាព​រូបរាងកាយ។ ឯកឧត្ដម​ក៏បានបង្ហើប​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថាគ្រប់​ផ្នែកនៃ​សព៌ាង្គកាយ​ទាំងអស់​សុទ្ធតែ សំខាន់ ដូច្នេះត្រូវ​យកចិត្ដទុក​ដាក់ថែរក្សា។

ការថែរក្សា​ស្បែកមុខ និងស្បែក​ខ្លួន

ឯកឧត្ដម​មិនមាន​ការថែរក្សា​អ្វីជាពិសេស​ទេ គ្រាន់តែ​លុបលាង​មុខឱ្យ​ស្អាតនៅ​ពេលព្រឹក ពេលថ្ងៃត្រង់ និងពេល​យប់ជា មួយទឹកស្អាត​ធម្មតាតែ​ប៉ុណ្ណោះ។

មានទូរទស្ស​និកជន​មួយចំនួន​យល់ថា​ឯកឧត្ដម​បានទៅ​កែសម្បុរ​ស្បែកឱ្យស។ តាមពិត​ឯកឧត្ដម​មានស្បែកស​តាំងពី​កំណើត មិនមាន​ការកែ​ប្រែអ្វី​ទាំងអស់ ព្រោះអ្នក​ម្ដាយរបស់​ឯកឧត្ដម​ក៏មានស្បែកស​ដែរ។ ទោះបីជា​យ៉ាងណា ដើម្បី​រក្សាសុខភាព​ស្បែកក៏ដូច ជាជម្រះ​នូវភាព​កខ្វក់នៅ​លើស្បែក ក្នុងមួយ​ខែឯកឧត្ដម​តែងតែ​ទៅរកអ្នក​ជំនាញដើម្បី​សម្អាត​ស្បែកម្ដង។

ការថែរក្សា​សក់

តាមធម្មតា​ឯកឧត្ដម​ចូលចិត្ដ​ប្រើសាប៊ូ​កក់សក់​មួយប្រភេទ​ដែលសក្ដិសម​ជាមួយនឹង​សរសៃសក់​របស់​ឯកឧត្ដម។ ជាទម្លាប់ ឯកឧត្ដម​តែងតែ​កក់សក់​រាល់ពេល​ងូតទឹក ជាពិសេស​ពេលព្រឹក។

ការថែរក្សា​សុខភាព​មាត់ធ្មេញ

ក្នុងមួយថ្ងៃ ឯកឧត្ដម​ដុសសម្អាត​ធ្មេញ៣ដង ជាពិសេស​បន្ទាប់ពី​ទទួលទាន​ចំណីអាហារ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បីជួយ​ការពារ​ធ្មេញឱ្យ​មានសុខ​ភាពល្អ។ ជាទៀងទាត់ រៀងរាល់៦​ខែម្ដង ឯកឧត្ដម​តែងតែ​ទៅរក​គ្រូពេទ្យ​ជំនាញ​ដើម្បី​សម្អាត ធ្មេញ។ ចំពោះ​ប្រភេទថ្នាំ​ដុសធ្មេញ ក៏ដូចជា​សមាសធាតុ​ផ្សំនៅក្នុង​ថ្នាំដុសធ្មេញ​មិនចោទ​ជាបញ្ហា​សម្រាប់​ឯកឧត្ដមទេ ព្រោះទោះថ្នាំ ដុសធ្មេញ​ប្រភេទអ្វី​ក៏មិនធ្វើឱ្យ​ធ្មេញរបស់​ឯកឧត្ដម​មានបញ្ហាដែរ។

ការថែរក្សា​ភ្នែក

ឯកឧត្ដម​មិនមាន​សំណាង​គ្រប់គ្រាន់​ចំពោះភ្នែក​ទាំងគូទេ ព្រោះនៅ​ពេលនេះ​ភ្នែករបស់​ឯកឧត្ដម​ព្រិលមើល​អ្វីមិន​សូវច្បាស់ ទេ ទាល់តែ​ប្រើវ៉ែនតា ទើបអាច​មើលឃើញ​ច្បាស់បាន។

ការថែរក្សា​សុខភាព​រាងកាយ

ឯកឧត្ដម​ជាអ្នក​ដែលមាន​សុខភាពល្អ ព្រោះ​ឯកឧត្ដ​មកម្រ​នឹងមាន​ជម្ងឺណាស់ បើមាន​ត្រឹមតែ​ផ្ដាសាយ​ធម្មតាពីរ ឬបីថ្ងៃតែ ប៉ុណ្ណោះ នឹងជាសះស្បើយ​ហើយ ដោយមិន​ចាំចំណាយ​ពេលព្យាបាល​យូរឡើយ។ ជាទម្លាប់​រៀងរាល់​ព្រឹកពេល​ភ្ញាក់ពី​ដំណេក ឯកឧត្ដម តែងតែ​ទទួលទាន​ទឹកឆ្អិន​មួយកែវ ជាពិសេស​មុននឹងចាប់​ផ្ដើមធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំថ្ងៃ។ ទម្លាប់​ទទួលទាន​ទឹកច្រើន ធ្វើឱ្យ​តម្រង នោមរបស់​ឯកឧត្ដម​មិនដែល​មានបញ្ហា​អ្វីឡើយ សូម្បីតែ​ទឹកមូត្រក៏​មិនមាន​បញ្ហាអ្វីដែរ។ ឯកឧត្ដម​យល់ថា​ការទទួលទាន​ទឹកច្រើនពិត ជាមាន​គុណប្រយោជន៍​សម្រាប់សុខភាព​រាងកាយ ជាពិសេស​ទៅលើប្រព័ន្ធ​តម្រងនោម។ ជាងនេះ​ទៅទៀត ឯកឧត្ដម​មិនទទួល​ទាន ទឹកកក​ឡើយ ព្រោះឯកឧត្ដម​យល់ថា​ការទទួលទាន​ទឹកកក​ធ្វើឱ្យងាយ​កើតជម្ងឺ​ផ្ដាសាយ និងជម្ងឺខាង​ផ្នែកច្រមុះ​បំពង់ក ដូចជារលាក ឬដុះសាច់​បំពង់ក​ជាដើម។ ជារៀងរាល់​៦ខែម្ដង ឯកឧត្ដម​តែងតែ​ទៅពិនិត្យ​សុខភាព​ទូទៅជា​ប្រចាំក្រែង​មានបញ្ហាអ្វីកើត​ឡើង ដោយ មិនមាន​រោគសញ្ញា​ឱ្យដឹងជាមុន។

ការទទួលទាន​ចំណី​អាហារ

ដោយសារ​នៅពី​ក្មេង​ឯកឧត្ដម​ធ្លាប់មាន​បញ្ហាឈឺក្រពះ ធ្វើឱ្យ​ឯកឧត្ដម​រៀងចាល​មិនហ៊ាន​ទទួលទាន​អ្វីផ្ដេសផ្ដាស​ឡើយ។ ជាងនេះ​ទៅទៀត ទោះបីជា​មានការ​រវល់​យ៉ាងណា​ក៏ដោយ ក៏ឯកឧត្ដម​ត្រូវតែ​ទទួលទាន​ចំណីអាហារ​ទៀងទាត់​ពេលមិន​ដែលរំលង មួយពេល​ឡើយ ទោះមិនបាន​ពេញ១០០% ក៏បាន​ត្រឹម៥០​ទៅ៦០% ឬក៏ទទួលទាន​ចំណី​អាហារ​ជាប្រភេទ​អាហារ​សម្រន់​ក៏បាន។ ថ្វី ត្បិតតែ​ឯកឧត្ដម​ដឹងថា​ការទទួល​ទានបន្លែ​ច្រើនធ្វើ​ឱ្យរាងកាយ​មានសុខភាព​មាំមួន និងស្បែក​ភ្លឺថ្លា​យ៉ាងណា​ក៏ដោយ ក៏ឯកឧត្ដមមិន មានចំណូល​ចិត្ដទទួល​ទានបន្លែ​ឆៅដែរ។ ចំណី​អាហារ​ដែលឯកឧត្ដម​ចូលចិត្ដ​ងាយបំផុត​ជាអាហារ​ប្រភេទក្រៀម​ក្រោះ មានត្រី សាច់ អាំង ឬសាច់ចៀន យកមក​ស្រូបជាមួយ​ទឹក បើមិន​ដូច្នោះទេ ជាសម្ល​បែបខ្មែរ ដូចជា​សម្លម្ជូរ​ត្រកួន​ជាដើម ជាការ​គ្រប់គ្រាន់​ហើយ។

ការហាត់ប្រាណ និងកីឡា

ពេលព្រឹក​ជារៀង​រាល់ថ្ងៃ ឯកឧត្ដម​តែងតែ​ចំណាយពេល​យ៉ាងតិច១០​នាទីក្នុង​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​រាងកាយ។ កីឡា​ជាជម្រើស​របស់ឯកឧត្ដម គឺការហាត់​តាមកាយ​វិការអាវង់​ដើមី្ប​បញ្ចេញញើស ក៏ដូចជា​បញ្ចេញជាតិ​ពុលចេញ​ពីរាងកាយ។ ដោយ សារ​មិនមាន​ពេលវេលា​គ្រប់គ្រាន់ នៅពេល​ល្ងាចឯកឧត្ដម​មិនបាន​ហាត់កីឡា​ទេ។

ការទទួលទាន​ដំណេក

ជាធម្មតា ឯកឧត្ដម​តែងតែ​ទទួលដំណេក​យ៉ាងគ្រប់គ្រាន់ គឺ៨ម៉ោង​ជា​ទៀងទាត់​កម្រ​ខកខាន​ណាស់។ ក្នុងករណី​មានធុរៈ ត្រូវក្រោក​ពីព្រលឹម​នោះ ឯកឧត្ដម​ឆាប់ចូល​ទទួលទាន​ដំណេកពី​ព្រលប់ គឺធ្វើ​យ៉ាងណា​ឱ្យគ្រប់៨ម៉ោង​ក្នុងមួយយប់។ ព្រោះការ​ទទួល ទានដំណេក​មិនបាន​គ្រប់គ្រាន់​ធ្វើឱ្យ​គ្មានថាមពល​សម្រាប់​បំពេញ​ការងារ និងធ្វើឱ្យ​ថមថយ​នូវភាព​ស្រស់ស្អាត​ស្បែកមួយ​ផ្នែកទៀត ផង។ ជាងនេះ​ទៅទៀត បើមានពេល​វេលាគ្រប់គ្រាន់ ក្រោយអាហារ​ថ្ងៃត្រង់​ឯកឧត្ដម​ឆ្លៀតពេលពី​១០ទៅ១៥​នាទី ដើម្បី​សម្រាក កាយ។

បណ្ដាំផ្ញើរបស់​ឯកឧត្ដម ជុំ កុសល

សូមផ្ដាំផ្ញើ​ដល់មិត្ដ​អ្នកអាន​សូមទទួល​ទានចំណី​អាហារណា​ដែលមាន​អនាម័យ និងមានគុណ​ប្រយោជន៍​ដល់​រាងកាយ ជាពិសេស​ត្រូវទទួលទាន​ទឹកឱ្យ​បានច្រើន ហើយមាន​អនាម័យ និងហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ព្រោះវា​សំខាន់ណាស់​នៅក្នុង​ជីវភាព​រស់នៅ​របស់យើង។ ហាត់ប្រាណ​ជួយឱ្យ​សុខភាព​បានរឹងមាំ និងអាច​ជួយបញ្ចេញ​ជាតិពុល​ពីក្នុងខ្លួន។

 ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ជុំ កុសល
  • កម្ពស់ ៖ ១.៦៥ ម៉ែត្រ
  • ស្រុកកំណើត ៖ ខេត្ដក្រចេះ
  • ចាប់អាជីពការងារ ៖ ឆ្នាំ១៩៩៧
  • ការងារបច្ចុប្បន្ន ៖ ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងជាអ្នកគ្រប់គ្រង់​ការផលិតកម្មវិធី​របស់បណ្ដាញ​ស្ថានីយ៍​ទូរទស្សន៍ស៊ី ធី អ៊ិន

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative