វិធីប្រើប្រាស់​អាវ​ទ្រនាប់

អាវទ្រនាប់​ជាកម្មសិទ្ធ​ផ្ដាច់មុខ​របស់​ស្ដ្រី។ ការ​ពាក់អាវ​ទ្រនាប់​ជារឿង​សាមញ្ញ​របស់​មនុស្ស​ស្រី។ ហើយនៅ​ពេល​បច្ចុប្បន្ន នេះទៀត​សោត មានអាវ​ទ្រនាប់​ច្រើន​ប្រភេទ​ណាស់ដែល​ដាក់លក់​នៅលើ​ទីផ្សារ។ នេះជា​បញ្ហារបស់​នារី តើត្រូវ​ជ្រើសរើស​អាវ ទ្រនាប់​បែបណា​ដើម្បីឱ្យ​សក្ដិសម​នឹងសុដន់​របស់ខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមជ្រាប​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការ​បកស្រាយ​របស់លោក​ស្រី​វេជ្ជបណ្ទិត ជូ ពិន អ្នកឯកទេស​សុដន់ សាស្ដ្រ និងរោគស្ដ្រី នៃមន្ទីរពេទ្យ​កាល់ម៉ែត​ស្ដីពី​ការជ្រើសរើស​អាវទ្រនាប់ និងវិធី​ពាក់អាវ​ទ្រនាប់។

អាវ​ទ្រនាប់ ជាអ្វី?

អាវទ្រនាប់​ជាសម្ភារៈ​សម្រាប់​ទ្ររក្សា​សុដន់​មិនឱ្យ​ធ្លាក់យារ ឬរយាក ដោយសារ​ស្ថានភាព​នៅពេល​ឈរ អង្គុយ ឬក៏ធ្វើពល កម្មជាដើម។ ក្រៅពី​នេះអាវ​ទ្រនាប់​ជួយបង្ក​ឱ្យរូបរាង​សុដន់​ទាំងពីរ​សមរម្យ។ ពេលខ្លះ គេប្រើ​អាវទ្រនាប់​ជាគ្រឿង​លើក​សម្រស់ផង ដែរ។

របៀបជ្រើសរើស​អាវ​ទ្រនាប់

មានមតិ​ខ្លះយល់ថា បើសិន​ជាមាន​សុដន់ស្អាត និងតឹងណែន​ល្អហើយ មិនចាំ​បាច់ពាក់​អាវទ្រនាប់​ទ្បើយ។ តាមពិត​ពាក់អាវ ទ្រនាប់ គឺមាន​ប្រយោជន៍​បំផុត ម្ល៉ោះហើយ​គួរតែ​ប្រើអាវ​ទ្រនាប់​តាំងពី​សុដន់ទើប​ចាប់ផ្ដើម​រីកលូតលាស់។ ប៉ុន្ដែមិន​ត្រូវ​ពាក់អាវ ទ្រនាប់​រឹបសុដន់​ទាំងពីរ​ឱ្យតឹង​ចង្អៀត​ពេកទេ ព្រោះវា​ធ្វើឱ្យស្ទះ​ចលនាឈាម​រត់ទៅ​ចិញ្ចឹម​សុដន់។ ផ្ទុយមក​វិញក៏​មិនត្រូវ​ពាក់អាវ​ទ្រនាប់​រលុង​ពេកដែរ ព្រោះអាច​ធ្វើឱ្យ​សុដន់​ធ្លាក់យារ​ដោយសារ​ទម្ងន់របស់​វាផ្ទាល់។ អាវទ្រនាប់​ល្អត្រូវ​រក្សាសុដន់​ទាំងពីរ​ឱ្យនៅ​ទីតាំង ធម្មជាតិ មិនត្រូវ​រឹបពេក និងមិនត្រូវ​រលុងពេក​ដែរ។ ពីព្រោះថា​បើសរសៃ​ភ្ជាប់សុដន់​យឺតយា ជាហេតុអាច​ឱ្យសុដន់​ធ្លាក់រយាក។ អាវ ទ្រនាប់​មិនត្រូវ​ដេរដោយ​ក្រណាត់​ក្រាស់ និងមិនត្រូវ​រឹងពេកទេ ពីព្រោះអាច​បង្កឱ្យ​រលាកស្បែក និងបង្ករោគ​បាន។ សុភាពនារី​គួរតែ ជ្រើសរើស​ប្រើប្រាស់​ប្រភេទ​ក្រណាត់​កប្បាសទន់ ដើម្បី​ងាយស្រួល​បឺតញើស។ នៅពេលយប់ មិនគួរ​ពាក់អាវ​ទ្រនាប់ទេ។

វិធីពាក់​អាវ​ទ្រនាប់

ការពាក់​អាវទ្រនាប់​ចាប់ផ្ដើម​ទ្បើងដោយ​ស៊កដៃ​ខាងមុខ ពុំមែនដាក់​ទំពក់​ខាងមុខ ហើយទើប​បង្វិលទៅ​ខាងក្រោយ រួច ស៊កដៃ​ទាំងពីរ​ចូលក្នុង​ខ្សែអាវ​នោះទេ។ សូមសាកល្បង​ពិនិត្យ​មើលថា​តើការ​ពាក់អាវទ្រនាប់​ត្រឹមត្រូវ​ដើម្បីឱ្យ​សុដន់មាន​ទ្រង់ទ្រាយ ល្អ និងវិធី​ពាក់អាវទ្រនាប់​របស់អ្នក​នាងកញ្ញា​ផ្ទាល់មួយ​ណាប្រសើរ​ជាង។ មានវិធី​ពាក់អាវ​ទ្រនាប់៥​ដំណាក់កាល​យកមក​ជម្រាបជូន។

1. ក្រោយពេល​ស៊កដៃ​ទាំងពីរ​ចូលទៅ​ក្នុងអាវ​រួចហើយ គួរចាប់​តម្រង់​បរិវេណ​ខាងក្រោម​អាវទ្រនាប់ ហើយឈ្ងោកមុខ ទៅខាង​មុខបន្ដិច​ដើម្បីឱ្យ​សុដន់របស់​អ្នកធ្លាក់ចូល​ក្នុងរង្វង់​អាវទ្រនាប់​បានស៊ប់ល្អ។

2. លុះបិត​ទំពក់អាវ​រួចហើយ​(គួរបិតទំពក់​ខាងក្រៅ​បំផុត) យកដៃម្ខាង​ចាប់បង្ហើប​ខាងក្រោម​អាវ ហើយយក​ដៃម្ខាង ទៀតរុញ​សាច់សុដន់​ដែលនៅ​សល់ខាងក្រៅ​ឱ្យចូល​ក្នុងរង្វង់​អាវទ្រនាប់។ សូមធ្វើ​ដូចគ្នា​នេះចំពោះ​សុដន់​ម្ខាងទៀត។

3. សម្រួល ឬតម្រង់សាច់​សុដន់​ទាំងអស់​ឱ្យល្មម​ជាមួយ​រង្វង់អាវ​ទ្រនាប់​ទាំងសង​ខាង។

4. រុញតម្រង់សាច់សុដន់​ខាងលើ​ឱ្យចូលស៊ប់​ក្នុងរង្វង់​អាវទ្រនាប់​ម្ដងទៀត។

5. យកដៃទាញ​ខ្សែអាវ​ទ្រនាប់​ឱ្យត្រូវ​កន្លែង​ម្ដងទៀត។ ខ្សែអាវ​ទ្រនាប់គួរ​យឺតបាន​ប្រមាណ២.៣​សង់ទីម៉ែត្រ ហើយទំពក់ សម្រាប់​រំកិលខ្សែ​អាវគួរ​ឃ្លាតឆ្ងាយ​ពីរង្វង់អាវ​ប្រមាណ៥​សង់ទីម៉ែត្រ។

ដំបូន្មានអ្នក​ជំនាញ

នៅពេល​ជ្រើសរើស​ទិញអាវ​ទ្រនាប់ ត្រូវផ្ដោត​ជាសំខាន់​ទៅលើ​គុណភាព​ដែលមាន ដូចជា​ប្រភេទ​សាច់ក្រណាត់ ទំហំ​សោភ័ណភាព។ ពីព្រោះ​សុដន់​មិនត្រឹមតែ​មានភារៈ​សម្រាប់បញ្ចេញ​ទឹកដោះ​ប៉ុណ្ណោះទេ ថែមទាំង​ជាចំណុច​មន្ដស្នេហ៍​ទាក់ទាញ​បំផុតរបស់ ស្ដ្រីទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative