ការរួមភេទ​ក្រោយពេល​ឆ្លងទន្លេ

ក្រោយពេល​សម្រាលកូន តើការ​រួមភេទ​អាចចាប់​ផ្ដើមជា​ថ្មីវិញ​នៅពេល​ណា? មាន​គូស្វាមី​ភរិយា​ជាយុវ​មាតាបិតា​ជាច្រើន បានលើក​សំណួរ​ដ៏មាន​អត្ថប្រយោជន៍​នេះឡើង។ ការ​សម្រាល ឬឆ្លងទន្លេ ជារឿយៗ​ធ្វើឱ្យ​ជីវភាព​ផ្លូវភេទ​របស់គូ​ស្នេហ៍​ស្វាមី​ភរិយា​ក្រឡាប់​ចាក់។ ការរួមភេទ​ក្រោយពេល​សម្រាល​នេះ​ពាក់ព័ន្ធ​ជាខ្លាំង​ទៅនឹង​ស្ថានភាព​សុខភាព​ផ្លូវកាយ និងផ្លូវចិត្ដ​របស់ស្ដ្រី។ តើគាត់ ត្រៀមខ្លួន​រួចស្រេច​បាច់ហើយ​ឬនៅ? សម្រាប់​បុរស​ដែលសម្រេច​ចិត្ដរួមភេទ មានប្រការ​ខ្លះដែល​ត្រូវយល់ដឹង ដូចជា​ពេលវេលា​អាច រួមភេទ​បាន សុខភាព​ស្ដ្រីក្រោយ​ពេល​សម្រាល ការពន្យារ​កំណើត​ជាដើម ដើម្បី​សុភមង្គល​គ្រួសារ​លោកអ្នក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ពេល​សម្រាល​កូន ទ្វារមាស​ស្ដ្រីសុទ្ធ​តែត្រូវ​ទទួលរង​ការដាច់​ដោច គ្រាន់តែ​តិចតួច ឬច្រើន​ប៉ុណ្ណោះ។ ការចាប់​ផ្ដើម​រួមភេទ វាអាស្រ័យ​ទៅនឹង​ការជាសះស្បើយ​នៃទ្វារមាស​ឆាប់រហ័ស ឬយូរ និងការ​វិលមក​វិញនៃ​ចំណង់​ផ្លូវភេទ​របស់ស្ដ្រី​ជាភរិយា។ បន្ទាប់ពី សម្រាល​កូនរួច ទ្វារមាស​ដែលរង​ការដាច់​ដោចនោះ​នៅមាន​អាការឈឺ និងឆាប់​ជាសះ​ដូចធម្មតា​វិញ តែជួនកាល​ត្រូវការ​ពេលវេលា ដល់ទៅ២ ឬ៣សប្ដាហ៍​ឯណោះ។ រយៈពេលនេះ ស្ដ្រីពិបាក​ទទួលយក​ការរួមភេទ​ណាស់។ បើការ​ឈឺចាប់​នេះបន្ដ​លើសពី២ ឬ៣សប្ដាហ៍ គប្បី​រួសរាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងសម្ភព​ជាបន្ទាន់។ ម្យ៉ាងទៀត​ក្រោយពី​សម្រាលកូន​រួច ស្ដ្រីមិន​ទាន់មាន​អារម្មណ៍ផ្លូវ ភេទទេ ដោយសារ​ថាពេល​សម្រាល ស្ដ្រីទទួល​រងនូវ​ការលំបាក​ជាច្រើន ហើយក៏​អាស្រ័យ​ទៅលើ​ស្ថានភាព​ផ្លូវចិត្ដ​របស់គាត់​ផងដែរ។ ការហត់នឿយ​អស់កម្លាំង ក៏ជាកត្ដា​មួយជះឥទ្ធិពល​ដល់ការ​វិលមក​វិញនៃចំណង់​ផ្លូវភេទដែរ។ ជាទូទៅ​ស្ដ្រីចាប់​មានចំណង់​ផ្លូវភេទដូច ធម្មតា​វិញ ចាប់ពី១​ខែទៅ៦ខែ។

គួរចាប់រួមភេទ​ក្រោយ​ឆ្លងទន្លេ នៅពេល​ណា?

តាមធម្មតា ការរួមភេទ​អាចចាប់​ផ្ដើមធ្វើ​ឡើងនៅ​សប្ដាហ៍​ទី៣ក្រោយ​ពេលសម្រាល​កូនរួច។ ប៉ុន្ដែ​ជាក់ស្ដែង​តម្រេក​តណ្ហា របស់បុរស និងស្ដ្រីជា​គូស្នេហ៍ ឬគូស្វាមី​ភរិយា ជាចំណុច​សំខាន់បំផុត​ដែលចោទ​ជាបញ្ហា។ ក្នុងករណីស្ដ្រី​សម្រាលដោយ​មានការកាត់ ទ្វារមាស ចាំបាច់​ត្រូវការ​ពេលវេលា​សមស្រប ដើម្បីឱ្យ​មុខរបួស​ជាសះស្បើយ និងអារម្មណ៍​ពិបាកសម្រាល​រសាយអស់​ជាមុនសិន។

ករណី​ភាគច្រើន រាល់ការ​រួមភេទ​ដំបូងដែល​ធ្វើឡើងក្រោយ​ពីបាន​សម្រាល​បុត្ររួច ពិតជា​សំខាន់ណាស់​សម្រាប់ស្ដ្រី​ទើបតែ សម្រាល ក៏ដូចជា​ដៃគូស្នេហា ឬប្ដីប្រពន្ធ​ដែលទើបតែ​ទទួលបាន​កូនផងដែរ។ អ្នកទាំងពីរ​ត្រូវមាន​ការអត់ធ្មត់។ ទោះជា​ករណី​បែបណា ឬក៏ហេតុផល​អ្វីក៏ដោយ សូមកុំ​ធ្វើការ​រួមភេទ មុនពេល​ដែលឈាមក្រោយ​សម្រាលនៅ​តែបន្ដធ្លាក់ ប្រយោជន៍​បញ្ចៀសបាន​ការឆ្លង រោគ​ផ្សេងៗ។ ក្នុងករណី​សម្រាល​ដោយកាត់​ទ្វារមាស ឬសម្រាលដោយ​ការវះកាត់ ក៏មិនត្រូវ​មានការ​រួមភេទដែរ បើសិនជា​របួសស្នាម មិនទាន់​ជាសះស្បើយ។ សរុបសេចក្ដីមក យ៉ាងលឿន​បំផុត​លោកអ្នក​អាចចាប់ផ្ដើម​ការរួមភេទ​បានពី៣ទៅ​៦សប្ដាហ៍​ក្រោយពេល សម្រាល។ បើការ​ប្រុងប្រយ័ត្ន​ទាំងនេះ​ត្រូវបាន​យកចិត្ដ​ទុកដាក់​ត្រឹមត្រូវ​ហើយ ការរួមភេទ​ត្រូវតែ​ចាប់ផ្ដើមវិញ​ទៅតាម​ចំណង់​របស់គូ ស្នេហ៍​ទាំងពីរ។

ការរួមភេទ​ដែលនិយាយ​ពេលនេះ គឺសំដៅ​ទៅដល់ការ​ស៊កបញ្ចូលលិង្គ​របស់បុរស​ទៅក្នុង​ទ្វារមាស​របស់ស្ដ្រី។ ផ្ទុយទៅវិញ ការរួមភេទ​ដែលមិន​មានការ​ស៊កបញ្ចូល​លិង្គ ដូចជាការ​បបោសអង្អែល​ជាដើម ពិតជាអាច​ធ្វើបាន តែប៉ុន្មាន​ថ្ងៃក្រោយ​ពេលសម្រាល។ ការមាន​សេចក្ដីសុខ​ផ្លូវភេទ​ដល់កំពូល​របស់ស្ដ្រីដែល​ទើបនឹង​សម្រាលរួច ពិតជាមាន​អត្ថប្រយោជន៍​ជួយឱ្យ​ស្បូនឆាប់​វិលមក​រកសភាព ធម្មតាវិញ។ អ្នកជំនាញ​ខ្លះបានលើក​ឡើងថាការ​រួមភេទ​នៅថ្ងៃទី​១០ទៅ១៥ ក្រោយពេល​សម្រាលក៏​មិនមាន​គ្រោះថ្នាក់​អ្វីដែរ។ រហូត មកដល់​ពេលនេះ មិនទាន់​មានហេតុផល​វេជ្ជសាស្ដ្រ​ណាមួយ​អូសបន្លាយ​ការតម​រួមភេទ​នោះទេ លើកលែង​តែជម្រើស​បុគ្គល​ប៉ុណ្ណោះ។

ក្រោយពី​សម្រាលរួច និងការ​ក្រឡាប់ចាក់​ខាង​រូបរាងកាយ ក៏ដូចជា​ផ្លូវចិត្ដ បានធ្វើឱ្យ​អ្នកម្ដាយ​ថ្មីថ្មោង ឬយុវមាតា​ត្រូវការ ពេលវេលា​គ្រប់គ្រាន់ មុននឹង​ប៉ងប្រាថ្នាចង់​បានការ​រួមភេទ​ជាថ្មី។ មិនត្រូវ​មានការ​ចាប់បង្ខំ​រួមភេទ​ឡើយ តែសូមឱ្យ​មានការ​ត្រៀមខ្លួន រួចរាល់​ជាមុនសិន។ សូមកុំ​ប្រញាប់​ប្រញាល់ពេក ជាទូទៅ​ដៃគូស្នេហ៍ ឬប្ដីប្រពន្ធ​ភាគច្រើន​ចាប់រួមភេទ​ជាថ្មីឡើងវិញ​នៅសប្ដាហ៍ទី៧ ក្រោយការ​ប្រសូត្របុត្រ។ ជារួម បើសិនការ​សះស្បើយ​ទ្វារមាស​បានល្អ ហើយអារម្មណ៍​ផ្លូវភេទ​របស់គាត់​ឆាប់វិល​មកវិញ លោកអ្នក អាចចាប់​ផ្ដើមរួមដំណេក​បានរហ័ស តែយ៉ាងលឿន​បំផុត១ខែ​កន្លះឡើង។

គួរចាប់ប្រើមធ្យោបាយ​ពន្យារកំណើត​ពីពេលណា?

ចំពោះការ​ពន្យារ​កំណើត ក៏ត្រូវគិតគូរ​ផងដែរ បើសិន​ជាលោកអ្នក​មិនទាន់ចង់​បានបុត្រ​ភ្លាមនោះទេ។ ជាការ​សំខាន់​ណាស់ ត្រូវចាប់​ផ្ដើមគិតគូរ​ឱ្យហើយ​អំពីការ​ពន្យារកំណើត ជាពិសេស​ពេលចេញ​ពីមន្ទីរ​សម្ភព ឬកន្លែង​សម្រាល​ដើម្បី​ចៀសវាង​ការតាំង​គភ៌ជា ថ្មី ដែលមិន​បានប៉ង​ប្រាថ្នា និងដែល​ធ្វើឱ្យស្ដ្រី​ជាម្ដាយ​ហត់ពេក ឬកូន​ញឹកពេក។

ការវិលមក​វិញនៃឈាម​រដូវដំបូង​របស់ស្ដ្រីក្រោយ​ពេលសម្រាល ជាទូទៅ​ច្រើនតែ​កើតមាន​ឡើងនៅ​សប្ដាហ៍ទី៤​ទៅទី៦ ក្រោយ​ពេលសម្រាល នោះបើស្ដ្រី​មិនបំបៅ​ដោះកូនទេ។ ក្នុងករណី​បំបៅដោះកូន ស្ដ្រីអាច​ចាប់មក​រដូវវិញ​នៅសប្ដាហ៍​ទី៤ទៅទី៨ ក្រោយពេល​ឈប់បំបៅ​ដោះកូន។ ប៉ុន្ដែការ​ធ្លាក់មេជិវិត​អាចកើត​មានឡើង​នៅសប្ដាហ៍​ទី៤ ឬចុងខែ​ក្រោយ​សម្រាល។ សូមធ្វើការ ប្រុងប្រយ័ត្ន ពីព្រោះ​ការធ្លាក់​មេជិវិតញី​អាចកើត​មានឡើង​នៅថ្ងៃទី២៥​ក្រោយពី​សម្រាល។ ដូច្នេះការ​មានផ្ទៃពោះ ឬការ​តាំងគភ៌ អាចកើត​មានឡើង​តាំងពីថ្ងៃ​មុនមករដូវ​ដំបូងវិញ​ម្ល៉េះ ដែលតែងតែ​មាននៅខែ​ដំបូងក្រោយ​ពេល​សម្រាល។

ចំពោះស្ដ្រី​ដែលមិន​បំបៅដោះ​កូន ត្រូវចាប់​ផ្ដើមគិត​អំពីការ​ពន្យារ​កំណើតផង។ បើចង់​ពន្យារ​កំណើត សូមរក​មធ្យោបាយ ណាមួយ​សមស្រប។ ផ្ទុយទៅវិញ ចំពោះស្ដ្រី​ដែលបំបៅ​ដោះកូន ក៏ត្រូតែ​មានការ​ប្រុងប្រយ័ត្ន​ជាចម្បងដែរ។ ព្រោះថា​ទោះបី​ការបំបៅ ដោយដោះ​ម្ដាយមាន​សកម្មភាព​ពន្យារកំណើត តាមរយៈ​ការបង្អាក់​ការធ្លាក់​មេជិវិតញី​ក៏ដោយ ក៏ការតាំង​គភ៌មិន​អាចបញ្ចៀស​បាន ១០០%​នោះឡើយ។ ដូច្នេះ សូមចងចាំ​ថាការបំបៅ​ដោះកូនមិន​អាចបញ្ចៀស​ការមាន​ផ្ទៃពោះ​ជាថ្មីបាន​ឡើយ ពោល​លោកស្រី​អ្នកនាង អាចមាន​ផ្ទៃពោះ​នៅពេល​បំបៅដោះ​កូន។ ប្រការ​សំខាន់​ត្រូវធ្វើ មុនពេល​ចេញពី​មន្ទីរពេទ្យ ឬមន្ទីរ​សម្ភព សូមសួរ​យោបល់ និងដំបូន្មាន​របស់គ្រូពទ្យ អំពី​មធ្យោបាយ​ពន្យារកំណើត​ណាមួយ​ដែល​សមស្រប។

  • ករណីបំបៅដោះ​កូន សូមជ្រើសរើស​យកមធ្យោបាយ​ពន្យារកំណើត​នៅនឹង​ប្រដាប់​ភេទ ដូចជា​ប្រើស្រោម​អនាម័យ ថ្នាំសម្លាប់​មេជីវិត​ជាដើម ឬមធ្យោបាយ​ពន្យារកំណើត​ដោយលេបថ្នាំ។ ថ្នាំគ្រាប់តូចៗ​សម្រាប់លេប​(ថ្នាំដែលមានជាតិ​អ័រម៉ូនប្រូស្សេ ស្ដាទីហ្វ​តិចតួចបំផុត) សមស្រប​សម្រាប់ពេល​បំបៅដោះ​កូនអាច​ជ្រើសរើស​បានដែរ។ សូមប្រុងប្រយ័ត្ន​ថាដើម្បីឱ្យ​ថ្នាំមាន​ប្រសិទ្ធភាព ត្រូវលេប​មុនរយៈ​ពេលប៉ុន្មានថ្ងៃ និងលេបទៀង​ទាត់ពេល​ម៉ោង​ឯណោះ។
  • ករណីមិន​បំបៅដោះកូ ជាទូទៅ​លោកស្រីអ្នកនាង​អាចប្រើ​មធ្យោបាយ​ពន្យារកំណើត​ដោយថ្នាំ​លេប​ធម្មតា ជា ឧទាហរណ៍​គ្រាប់ថ្នាំ​ដែលធ្លាប់​ប្រើមុន​ពេលមាន​ផ្ទៃពោះដែល​មាន​ប្រសិទ្ធភាព និងមិន​ប៉ះពាល់​សុខភាព។ សូមចាំថា​ថ្នាំចាប់​មានប្រសិទ្ធ ភាព នៅរយៈ​ពេល៨ថ្ងៃ​ក្រោយពេល​ចាប់លេប។ ម្យ៉ាងទៀត​មធ្យោបាយ​ពន្យារកំណើត​នៅនឹង​ប្រដាប់ភេទ ដូចជា​ស្រោមអនាម័យ ថ្នាំសម្លាប់មេ​ជិវិតឈ្មោល​ជាដើម អាចប្រើ​បន្ទាន់បាន បើសិនជា​អាចធ្វើ​ទៅបាន។ បើមិន​ដូច្នោះទេ សូមទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជំនាញ​ខាងពន្យារ​កំណើត។
  • ករណីចង់​ប្រើកង​ដាក់ស្បូន វាអាច​ដាក់ប្រើ​បានចាប់ពី​ពេលចប់រដូវ​ដំបូងក្រោយ​ពេលសម្រាល ជាពេល​ដែលស្បូនចាប់ មានទំហំ​ដូចធម្មតា​វិញ ហើយមាត់ស្បូន​ចាប់បិទជិត​វិញដែរ។ ពេលរង់ចាំ​ការដាក់​កងនេះ មិនត្រូវ​ភ្លេចការ​ពន្យារ​កំណើតឡើយ។

បណ្ដាំផ្ញើ

ក្រោយពេល​រួមភេទ លោកអ្នក​ត្រូវប្រញាប់​ប្រញាល់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងរោគស្ដ្រី ខាងសម្ភព ឬខាង ពន្យារ​កំណើត ដើម្បី​ជ្រើសរើស​ពេលវេលា​រួមភេទ និងមធ្យោបាយ​ពន្យារ​កំណើត​សមស្រប​ណាមួយ។ ចំពោះ​ស្ថានភាព​សុខភាព​របស់ ស្ដ្រីក្រោយ​ពេល​សម្រាលកូន និងគន្លឹះ​កសាង​សុភមង្គល​ផ្លូវភេទ​ក្រោយពេល​ឆ្លងទន្លេ សូមរង់ចាំ​អានទស្សនាវដ្ដី សុខភាពយើង បន្ដនៅ លេខក្រោយ ដោយ​អនុគ្រោះ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *