វិធីលាង​សម្អាត​មុខ

ការលាង​សម្អាត​មុខ ពិតមែន​តែស្ដាប់​ទៅដូចជា​រឿង​ងាយស្រួល តែបើ​យើងមិន​បានអនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​ទេ វាអាច​មាន ផលប៉ះពាល់់​ដល់ស្បែក​មុខ ហើយថែម​ទាំងអាច​បង្កឱ្យ​មាននូវ​ជម្ងឺផ្សេងៗ​នៅលើ​ស្បែកមុខ​ទៀតផង។ ក្រៅពីនេះ ការប្រើប្រាស់ ផលិតផល​សម្រាប់​លាងមុខ​មិនបាន​ត្រឹមត្រូវ និងគ្មាន​វេជ្ជបញ្ជា ក៏អាច​បង្កទៅ​ជាបញ្ហា​នៅលើ​ផ្ទៃមុខ​ផងដែរ។ ដូច្នេះ​តើអ្វី​ទៅជា​ការលាង​សម្អាតមុខ​ត្រឹមត្រូវ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែង​យល់ពីវិធី​លាងសម្អាត​ដ៏ត្រឹមត្រូវ​តាមក្បួន​អនាម័យ តាមរយៈ​ការបកស្រាយ​របស់លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធាន​គ្លីនិក​ជាតិសើស្បែក និងកាមរោគ​ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង។

ការសម្អាតមុខ​គួរប្រើ​ទឹកដែល​មានកម្ដៅ​ឧណ្ហៗ ពោលគឺ​មិនឱ្យ​ក្ដៅពេក ឬត្រជាក់​ពេក។ ទឹកត្រជាក់​ពេកអាចនាំ​ឱ្យរន្ធរោម លើផ្ទៃមុខ​រួមតូច​ពិបាកសម្អាត​ធូលីដែល​នៅក្នុង​រន្ធស្បែក។ ឯទឹកក្ដៅពេក​អាចធ្វើឱ្យ​ជាតិខ្លាញ់​នៅលើមុខ​បាត់បង់​អស់ ឬរលាកស្បែក មុខ។ ការលាងមុខ​ដោយទឹកស្អាត ជួនកាល​មិនអាច​កម្ចាត់​ជាតិខ្លាញ់ ឬធូលី​ដែលនៅជាប់​ក្នុងរន្ធញើស​ទេ តែវាអាច​ជួយ​ជម្រះភាព កខ្វក់។ គួរប្រើក្រែម ឬផលិតផល​សម្អាតស្បែក​ដែលរលាយ​ក្នុងទឹក និងគ្មាន​សារធាតុផ្សំ​ដែលធ្វើឱ្យ​រមាស់ក្រហាយ​ដល់ស្បែក ដូចជា សាប៊ូ ឬក្រែម​ខាត់ស្បែក ដើម្បី​ចៀសវាង​ការជំរុញ​ក្រពេញ​ខ្លាញ់រីកធំ កាត់បន្ថយ​ការរលាក និងការនាំឱ្យ​ក្រិនដល់​ស្បែក។

1. វិធីលាងសម្អាត​ស្បែកមុខ​ធម្មតា ជាទូទៅ​សម្រាប់អ្នក​ដែលមាន​ស្បែក​មុខធម្មតា ឬគ្មានមុន គឺត្រូវលាង​មុខយ៉ាង ហោច​ណាស់ក៏មួយ​ថ្ងៃពីរដង​ដែរ គឺព្រឹកក្រោយ​ពេលភ្ញាក់​ពីដំណេកម្ដង និងយប់មុន​ចូលដំណេក​ម្ដងទៀត។

2. វិធីលាង​សម្អាតស្បែក​មុខខ្លាញ់ លោកអ្នក​អាចលាង​សម្អាតមុខ​ដោយ​ជ្រើសរើស​នូវហ្វូម ឬសាប៊ូ​លាងមុខ​ដែលធ្វើឱ្យ លោកអ្នក​មានអារម្មណ៍​ថាត្រជាក់។

3. វិធីលាង​សម្អាតស្បែក​មុខមានមុន សម្រាប់អ្នក​ដែលមាន​ស្បែកមុខ​កើតមុនវិញ ត្រូវលាង​សម្អាតមុខ​ពី៣ទៅ៤ដង ក្នុងមួយថ្ងៃ។

4. វិធីលាង​សម្អាតស្បែក​មុខដែល​សម្បូរ​មុនខ្សាច់ គួរប្រើ​ម៉ាសដើម្បី​បកមុន សាប៊ូ​លាងសម្អាត​មុខមាន​គុណភាព​ខ្ពស់ ឬ បូមសម្អាត​មុខដោយ​ឧបករណ៍​ពេទ្យ មួយសប្ដាហ៍ម្ដង។ ហើយសូម​កុំបារម្ភ​ថាប៉ះពាល់​ដល់សុខភាព​ស្បែកមុខ។

5. វិធីលាង​សម្អាតស្បែក​មុខស្ងួត មិនត្រូវ​លាងមុខ​ច្រើនដង​ពេកទេ ព្រោះវា​អាចធ្វើឱ្យ​ស្បែកជួប​នឹងបញ្ហា​ឆាប់ចាស់​ជ្រីវ ជ្រួញ ឬរបក​ស្បែក។

6. វិធីលាងសម្អាត​មុខក្រោយ​ពេល​តុបតែង វិធីដែល​ត្រឹមត្រូវ​បំផុត គឺត្រូវប្រើ​ទឹកសម្រាប់​ជូត​សម្អាតមុខ មកជូត​សម្អាត ក្រែម និងគ្រឿង​សម្អាងដោយ​ថ្នមៗ ការពារការ​ប្រើកម្លាំង​ធ្ងន់ពេក ព្រោះស្បែក​មុខស្ដើង​ជាងស្បែក​កន្លែងផ្សេង។

ដំបូន្មានអ្នក​ជំនាញ

សូមជ្រើស​រើសផលិតផល​លាងសម្អាត​មុខឱ្យបាន​ត្រឹមត្រូវ។ គួរពិនិត្យ​ស្បែកមុខ និងសមាសធាតុ​ផ្សំរបស់​ផលិតផល​មុននឹង សម្រេចចិត្ដ​ប្រើប្រាស់។ ព្រោះបើ​ប្រើមិនត្រូវ អាចធ្វើឱ្យ​ស្បែកមុខ​របស់លោកអ្នក​មានប្រតិកម្ម នោះលោកអ្នក​អាចជួប​បញ្ហាធ្ងន់ធ្ងរ លើសដើម​ក៏ថាបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative