វិធីថែទាំ និងសម្អាតក្លៀក

ក្លៀកជា​ចំណុច​ទាក់ទាញ​សម្រស់​មួយ​យ៉ាង​សំខាន់​ផងដែរ។ជាលក្ខណៈ​ធម្មជាតិ​ស្ដ្រីមិនត្រូវ​ការរោម​ក្លៀកដូច​បុរសទេ។  ស្ដ្រីដែល​មាន​រោម​ក្លៀកក្លៀកខ្មៅឬក្លៀក​មាន​ក្លិននោះពិតជា​មិន​ជាទី​គយគន់​ដល់កែវ​ភ្នែក​របស់​អ្នកផង​ទាំងពួង​ឡើយ។ស្ដ្រីមានក្លៀក​មិនល្អមិនអាច​ស្លៀកពាក់​បែប​ស៊ិចស៊ីលើកដៃរាំឬធ្វើអ្វី​មួយបាន​ពេញលេញ​ឡើយគឺជារឿង​មួយគួរ​ឱ្យ​ខ្មាសអៀន។អ្នកផងទាំងពួង​អាចនឹង​វិនិច្ឆ័យ​លើការ​សម្អាត​ខ្លួនប្រាណ​របស់​លោកស្រី​អ្នកនាង​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ថ្វីត្បិតតែ​ធម្មជាតិ​បង្កើតមនុស្ស​មកមិន​បានល្អ​ទាំងព្រម​ក៏ពិត​មែនហើយ ប៉ុន្ដែ​ដោយសារ​ការរីក​ចម្រើន​ជឿនលឿន​នៃវិទ្យាសាស្ដ្រ រឿងធម្មជាតិ​ខ្លះអាច​កែច្នៃបាន។ នារីខ្លះ​កើតមក​មាន​ក្លៀកស ល្អស្រាប់ មិនជ្រួញ និងមិនមាន​ធុំក្លិន។ សុភាពនារី​ខ្លះទៀត​ឋិត នៅក្នុង​ភាពជា​យុវវ័យ ក្លៀករបស់​គាត់មាន​សោភ័ណភាព​ស្អាត។ លុះឈាន​ចូលដល់​វ័យចាប់​ពី៣០ឆ្នាំ​ឡើងទៅ ដោយមិន​បានថែរក្សា ក្លៀកផង នាំឱ្យក្លៀក​របស់គាត់​ប្រែជាខ្មៅ យារ ឬជ្រួញ។ ជាពិសេស​ស្បែកក្លៀក​មានឡើង​គ្រាប់ៗ អ្នកខ្លះ​មានបែក​ជាសង្វា​ជាដើម។ បញ្ហាក្លៀក​លែងជា​រឿងគួរ​ឱ្យបារម្ភ​ទៀតហើយ។ ទស្សនាវដ្ដី សុខភាពយើង នៅលេខនេះ សូមណែនាំ​សុភាពនារី​ទាំងឡាយ​ឱ្យបាន យល់ដឹង​ពីការ​ថែរក្សាក្លៀក ដោយជួប​ជាមួយ​លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាង​សម្រស់ភ្នំពេញ។

មូលហេតុ​ក្លៀកមាន​សង្វា និងខ្មៅ

1. ក្លៀកមានសង្វា ៖ ស្រីខ្លះ​ធាត់លើ​សទម្ងន់​ខ្លាំងពេក ធ្វើឱ្យ​ក្លៀកបែក​ចេញជា​សង្វាបាន ឬអាចបណ្ដាល​មកពីការ​ប្រើ ប្រាស់​ផលិតផល​ខុស ដូចជា​ឡេលាយ​ជាដើម។

2. ក្លៀកខ្មៅ ៖ សុភាពនារី​ខ្លះមាន​ក្លៀកខ្មៅ​មិនជាទី​គយគន់​ឡើយ សូម្បីនារី​ខ្លួនឯង​ផ្ទាល់ក៏​ធុញថប់នឹ​ងខ្លួន​ឯងដែរ។ ក្លៀក ខ្មៅ គឺបណ្ដាលមក​ពីការ​ទម្លាប់ដក​រោមក្លៀក​ជាញឹកញយ។ ស្ដ្រីខ្លះទៀត​ខ្ជិលដក​រោមក្លៀក បែរទៅ​ជា​ជ្រើសរើស​យកវិធី​កោររោម ក្លៀកវិញ។ ការកោរ​រោមច្រើន​ដងធ្វើឱ្យ​គល់រោម​រីកធំ និងមាន​ពណ៌ខ្មៅ។ ប៉ុន្ដែការ​កោររោមក្លៀក​នេះមាន​អត្ថប្រយោជន៍​ខ្លះដែរ គឺ មិនធ្វើឱ្យ​ក្លៀកយារ ឬជ្រួញ។

មូលហេតុ​ក្លៀក​ធុំក្លិនសា

កត្ដាដែល​នាំឱ្យមាន​ក្លិនសាមាន​ពីរយ៉ាង គឺក្លិនសា​ពីកំណើត និងក្លិនសា​ឆ្លងពី​អ្នកដទៃ។

  • ក្លិនសាពី​កំណើត ៖ មនុស្សម្នាក់ៗ​កើតមក​ពីពូជ​ពង្សខុសៗ​គ្នា។ អ្នកខ្លះ​មានក្លិន​សាពីកំណើត​តែម្ដង គឺនៅពេលធំ​ពេញវ័យ កាលណា ខ្លួនរបស់​គាត់ធុំក្លិន​សាតែម្ដង ទោះបីជា​គាត់ខិតខំ​សម្អាតខ្លួន​យ៉ាងណា​ក៏ដោយ។ នៅពេល​សម្អាតខ្លួន​បានមួយ​ម៉ោងទៅ​ពីរម៉ោងក៏​ចាប់ផ្ដើមធុំ​ក្លិនសា​ទៀត។
  • ក្លិនសា​ឆ្លងពីគេ ៖ គឺបណ្ដាល​មកពីកត្ដា​ខ្លួនគាត់​ផ្ទាល់តែម្ដង ខ្លួនគាត់​មានក្លិនសា ដោយឆ្លង​ពីគេ តាមរយៈ​សម្លៀកបំពាក់។ នៅពេល​គាត់ទៅខ្ចី​អាវមិត្ដភក្ដិ​មកពាក់ ចំអ្នក​កើតសា គឺសានេះឆ្លង​បានយ៉ាងលឿន​បំផុត។

វិធីធ្វើក្លៀក​ឱ្យស

សព្វថ្ងៃ​នេះមាន​ផលិតផល​ព្យាបាល​មួយចំនួន​ជួយធ្វើឱ្យ​រោមក្លៀក​ដុះស្ដើង ហើយមាន​ពណ៌ស ដុះរង្វើលៗ។លោកអ្នក​អាច ប្រើផលិតផល​ម្យ៉ាងសម្រាប់​សម្អាត​រោមក្លៀក គឺជាថ្នាំ​សម្រាប់​ជម្រុះ​រោមក្លៀក។ ដោយលាប​វាតែរយៈ​ពេល១០ ឬ១៥នាទី រោម ក្លៀកនឹង​ជ្រុះដោយ​ឯកឯង ដោយមិន​ធ្វើឱ្យមាន​ស្លាកស្នាម​អ្វីទាំងអស់​ដល់ស្បែក​ក្លៀក។ បន្ទាប់មក​សូមយក​សំឡីមក​ជូតសម្អាត​ចោល រួចហើយ​លាងទឹក​សាប៊ូ ឬទឹកក្ដៅ​ឧណ្ហៗចេញ។ បន្ទាប់មក​សូមយក​ផលិតផល​ចិញ្ចឹមស្បែក​ម្យ៉ាងមក​លាបលើ​ស្បែកក្លៀក ដែលជាជំនួយ​ជួយមិន​ឱ្យស្បែក​ក្លៀកយឺត ឬយារ។ សូមប្រើ​ផលិតផល​នេះ ២ទៅ៣ដងក្នុង​មួយថ្ងៃ វាជួយឱ្យ​ស្បែកក្លៀក​មិនគ្រើម ធ្វើឱ្យក្លៀក មានសំណើម​ជានិច្ច និងជួយ​បណ្ដុះកោសិកា​ស្បែកមិន​ឱ្យយារ ឬជ្រួញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាល​បំបាត់​ក្លិនសា

សុភាពនារី​អាចប្រើ​សាច់ជូរ​កូរជាមួយ​ទឹកក្ដៅ​ឧណ្ហៗ មកដុសលាង​នៅត្រង់​បរិវេណក្លៀក​ឱ្យបាន​យ៉ាងហោច​ណាស់៣​ទៅ៤ ដងជា​រៀងរាល់​ថ្ងៃ។ ប៉ុន្ដែការ​ធ្វើបែបនេះ​គ្រាន់តែ​បំបាត់ក្លិន​ក្នុងរយៈពេល​ខ្លះតែ​ប៉ុណ្ណោះ។ តែលោកអ្នក​ត្រូវប្រើប្រាស់​ថ្នាំសម្រាប់​លេប និងលាប​ដើម្បីបំបាត់​ក្លិនសាទៀត។ ពេលព្យាបាល​ក្នុងមួយ​ខែដំបូង​ស្ទើរតែ​បាត់ក្លិន​១០០% ហើយចូល​ដល់ខែ​ទី២ និងខែទី៣ គឺជាសះ ស្បើយ​ដាច់តែម្ដង។ សុភាពនារី​នឹងជាសះស្បើយ ក្លៀកនឹងមិន​ធុំក្លិនទៀត​ឡើយ។ ប្រសិនបើ​ក្លិនសា​ដែលកើត​ឡើងពី​ការឆ្លង​មកពីអ្នក ដទៃមក ការព្យាបាល​មានការ​ឆាប់រហ័ស​ជាង គឺប្រើរយៈ​ពេលព្យាបាល​តែមួយខែ សានឹង​លែងមក​យាយី​ទៀតហើយ ហើយក៏​មិនប៉ះ ពាល់ដល់​សុខភាព​ក្លៀកឡើយ។ លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាង​សម្រស់​ភ្នំពេញ​បានអះអាង​ថាការធ្វើ​បែបនេះ មិនមានផល​ប៉ះពាល់ ដល់​សុខភាព​ក្លៀកឡើយ។

ដំបូន្មានអ្នក​ជំនាញ

ប្រការ​សំខាន់បង​ប្អូននារី​ត្រូវឧស្សាហ៍​លាងសម្អាត​ខ្លួនប្រាណ ដោយប្រើ​ពពួកឡេ​ជំនួយស្បែក​ក្លៀក និងថ្នាំ​សម្រាប់​ជួយកាត់ បន្ថយ​រោមក្លៀក​កុំឱ្យដុះ​ច្រើនពេក ឱ្យរោមក្លៀក​ដុះមក​មានរោម​តូចៗពណ៌ស ដែលសឹងថា​មិនចាំបាច់​កោរក៏បាន។ ការ​ថែរក្សា​ក្លៀក ធ្វើឱ្យក្លៀកស​មិនមែន​ជារឿង​ធម្មជាតិ​ពីកំណើតទេ។ សំខាន់គឺ​សាម៉ីខ្លួន​ម្នាក់ៗ ត្រូវចេះ​ថែរក្សា​ដោយមាន​ប្រើជា​ផលិតផល ឬថ្នាំពេទ្យ ជាជំនួយ។ ជាវិធីល្អ សុភាពនារី​ទាំងឡាយ​គួរប្រើថ្នាំ​កាត់បន្ថយការ​ដុះរោមក្លៀក​កុំឱ្យដុះ​ក្រាស់ពេក ដោយសារ​ថារោមក្លៀក​ខុសពី ស្បែកក្បាល​ដែលត្រូវ​ការបណ្ដុះសក់​ឱ្យដុះសក់​ច្រើន។

ប្រសិនបើ​សុភាពនារី​មានបញ្ហា​ក្លៀក ដូចជាក្លៀក​មានសំណើម​ជានិច្ច ក្លៀក​ធុំក្លិន ក្លៀកស្ងួត​មានរបក ឬមាន​កន្ទួល សូម សុភាពស្ដ្រី​ទាំងអស់​អញ្ចើញទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស ឬអ្នកជំនាញ​ពិតប្រាកដ​ផ្នែកខាង​សើស្បែក និងខាង​សម្រស់ ដើម្បី​ធ្វើការ ពិនិត្យ និងព្យាបាល។

ស្ដ្រីមិនអាច​ទុករោមក្លៀក​ដូចបុរស​បានឡើយ ថ្វីត្បិត​បុរសមាន​រោមក្លៀក​មែន ប៉ុន្ដែក៏មាន​ការថែរក្សា​របៀបផ្សេង​ពីនារី ដែរ ដែលទស្សនាវដ្ដី សុខភាពយើង នឹងលើក​យកពី​វិធីថែរក្សា​រោមក្លៀក​បុរសមក​បកស្រាយ​ជូនមិត្ដ​អ្នកអាន ដើម្បីជា​ការ​ស្វែងយល់ នៅលេខ​ក្រោយបន្ដ​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative