ទឹកឃ្មុំ​ជួយសម្រស់ លី ម៉ារីណា

ភរិយា​គ្រប់លក្ខណ៍​របស់​នាយ​មានន្ទ​ក្នុងរឿង​ជំរះ​បញ្ជីចាស់​ដែល​ផ្សាយតាម​រយៈ​ទូរទស្សន៍ ស៊ី ធី អ៊ិន លោកអ្នក​បានឃើញ ទេពកោសល្យ​សម្ដែង​របស់​អ្នកនាង លី ម៉ារីណា ក៏ដូចជា​រូបសម្រស់​របស់នាង។ ពិតជា​ស្រស់​ស្អាតណាស់ ស្បែកស​រលោង​ដូច​ពងមាន់ បក មាននារី​មិនតិច​ទេដែល​ប្រាថ្នា​ចង់បាន​បែបនេះ។ តើមាន​អាថ៌កំបាំង​អ្វី​ពិសេស​ទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​បើក​កកាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និងសុខភាព​របស់​តារា​ដ៏ស្រស់​ស្អាត លី ម៉ារីណា ទស្សនាវដ្ដី សុខភាព យើង បានទៅ​ជួបសម្ភាសន៍​ជាមួយ​អ្នកនាង​ផ្ទាល់។

ការ​ថែរក្សា​សក់

អ្នកនាង​ម៉ារីណា​ពិតជា​មានសរសៃ​សក់ស្អាត សក់វែង​ត្រឹមពាក់​កណា្ដល​ខ្នង ហើយខ្មៅ​រលើប​តែម្ដង។ ជារឿង​ធម្មតា សម្រាប់​តារា​សម្ដែង សក់របស់​ម៉ារីណា​ត្រូវបាន​តុបតែង​តាមម៉ូដ​ផ្សេងៗ​ឱ្យសម​នឹង​សាច់រឿង ជួនកាល​កៀបសក់ បួងសក់ បាញ់នូវ ផលិតផល​តុបតែង​ផ្សេងៗ​ជាដើម រួម​ជាមួយ​នឹងកម្ដៅ​ថ្ងៃ​ជាហេតុ​ធ្វើឱ្យ​សរសៃ​សក់​របស់​ម៉ារីណា​ស្រួយ បែកចុង និងគ្មាន​ទម្ងន់។ ដូច នេះហើយ​ទើប​ម៉ារីណា​មានវិធី​ថែទាំ​សក់យ៉ាង​ពិសេស គឺនៅពេល​ដែលនាង​កក់សក់​រៀងរាល់​ពីរថ្ងៃម្ដង នាង​តែងតែ​អប់សក់​ជាប្រចាំ ដើម្បី​ជំនួយដល់​សរសៃសក់។ មានវិធី​ពិសេស​ម្យ៉ាងទៀត​នោះ គឺអប់សក់​ជាមួយ​ស្រាបៀរ​រៀងរាល់​សប្ដាហ៍ ដោយសារ​ម៉ារីណា​យល់ថា​ស្រាបៀរ​អាចជួយ​ឱ្យសរសៃ​សក់នាង​ដុះ​ឡើងវិញ សរសៃសក់​មានទម្ងន់ ទន់ភ្លឺ​រលោង រលាស់​មិនជំពាក់​គ្នា​ជាដើម។

ការថែរក្សា​ស្បែកមុខ

ស្បែកមុខ​របស់​តារា​សម្ដែង​ម៉ារីណា​ត្រូវទទួល​រងនូវ​កម្ដៅថ្ងៃ និងគ្រឿង​សម្អាង​គ្រប់​ប្រភេទ។ បន្ទាប់ពី​ការ​តុបតែង​ក្នុង ពេលសម្ដែង ម៉ារីណា​ត្រូវតែ​ប្រញាប់​លាង​សម្អាតមុខ ព្រោះការ​ទុកគ្រឿង​សម្អាងនៅ​លើមុខ​ក្នុងរយៈ​ពេលយូរ វាជារឿង​មិនល្អ សម្រាប់​ស្បែកមុខ។ ចំពោះការ​ថែរក្សា​ស្បែកមុខ​វិញ ម៉ារីណា​មានវិធី​ផ្ទាល់ខ្លួន​ដោយឡែក​របស់នាង គឺជា​រៀងរាល់​យប់មុន​ពេលចូល ទទួល​ទានដំណេក នាង​តែងតែ​យក​ទឹកឃ្មុំ​មកលាប​លើស្បែក​មុខជា​ប្រចាំដោយ​ទុករយៈ​ពេលពី២០​ទៅ៣០នាទី ទើបលាង​សម្អាត ដោយទឹកស្អាត​ជាការស្រេច។ សម្រាប់​ម៉ារីណា ទឹកឃ្មុំ​អាចជួយ​ឱ្យស្បែកមុខ​របស់នាង​មានសំណើម មិនកើតមុន និងមិន​ជ្រីវជ្រួញ។ ក្រៅពីការ​សម្ដែង ម៉ារីណា​តែងតែ​ទុក​ស្បែកមុខ​ឱ្យនៅ​ទំនេរ​ដោយមិន​ប៉ះពាល់​ជាមួយ​ផលិតផល​អ្វីឡើយ។ ម៉ារីណា​ចូលចិត្ដ​ការតុបតែង​មុខតាម​បែប​ធម្មជាតិ​ជាប្រចាំថ្ងៃ​ដោយ​លាបម្សៅ​ស្រាលៗ។

ការថែរក្សា​ស្បែកខ្លួន

កម្ដៅថ្ងៃ​មាន​ឥទ្ធិពល​មកលើ​ស្បែកច្រើន​ប្រការ​ណាស់ ហេតុនេះ​ហើយទើប​តារា​សម្ដែង​ម៉ារីណា​តែងតែ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ការពារ​ស្បែករបស់​នាងឱ្យ​ស្រស់ស្អាត​ជានិច្ច។ ម៉ារីណា​ជាមនុស្ស​ស្រឡាញ់​ស្បែក​បំផុត ដោយតែងតែ​ទម្លាប់​ពាក់អាវ​ដៃវែងជា ប្រចាំ ដើម្បីបញ្ជៀស​ស្បែកពី​កម្ដៅថ្ងៃ។ ជាងនេះ​ទៅទៀត ម៉ារីណា​បានជ្រើសរើស​ឡេពីរ​ប្រភេទ​សម្រាប់​លាបលើ​ស្បែកជា​រៀងរាល់ ថ្ងៃ គឺឡេ​សម្រាប់ការពារ​កម្ដៅថ្ងៃ និងឡេសម្រាប់​បំប៉នសំណើម​ដល់ស្បែក។ នៅពេល​សម្ដែង​ក្រោម​ពន្លឺថ្ងៃ ម៉ារីណា​ក្រៅពី​លាបឡេ ការពារ​កម្ដៅថ្ងៃ​ដែលមាន​កម្រិត​ការពារ​ច្រើនជាន់​ហើយនោះ ម៉ារីណា​តែងតែ​លាបម្សៅ​ពីលើមួយ​ជាន់ទៀត​ដើម្បី​ការពារ​ស្បែក។ ព្រោះម៉ារីណា​យល់ថា​ការធ្វើ​បែបនេះ​កម្ដៅថ្ងៃ​មិនអាច​យាយី​ស្បែករបស់​នាងបានទេ ជាពិសេស​ក្រោយពេល​សម្ដែងចប់​នាង​គ្រាន់តែ ងូតទឹក​លាងសម្អាត​ខ្លួនជា​ការស្រេច ដោយមិន​បារម្ភរឿង​ខូចស្បែក​ឡើយ។ ក្រៅពី​វិធីខាង​លើនេះ ម៉ារីណា​នៅមាន​វិធីថែរក្សា​សម្រស់ តាមបែប​ធម្មជាតិ​ដែលកាន់តែ​ជួយសម្រស់​ស្បែករបស់​នាងស្រស់ស្អាត​គ្រប់ពេល។ វិធីតាម​បែបធម្មជាតិ​ងាយៗ​ដែល​ម៉ារីណា​ជ្រើសរើស គឺម៉ារីណា​បានយក​ពន្លៃបុក​ច្របាច់​យកទឹក​មកលាយ​ជាមួយ​អំពិលទុំ ក្រូចពោធិ៍សាត់ និងទឹកឃ្មុំ មកលាប​លើស្បែក​ផ្អាប់ទុករយៈ ពេល២០នាទី ទើបលាង​ចេញដោយ​ទឹកស្អាត។ ជាទម្លាប់​បើមានពេល​វេលា​គ្រប់គ្រាន់ ម៉ារីណា​តែងតែ​ស្ទីមរក្សា​ស្បែកយ៉ាង​ហោច ណាស់ក៏​ពីរដងដែរ​ក្នុងមួយ​សប្ដាហ៍ ពេលខ្លះនាង​ទៅធ្វើ​នៅហាង ពេលខ្លះទៀត​ធ្វើខ្លួនឯង​នៅផ្ទះ។ ម៉ារីណា​ចូលចិត្ដ​ងូតទឹកក្ដៅ​ញឹកញាប់ ព្រោះទឹកក្ដៅ​មានគុណ​ប្រយោជន៍​ធ្វើឱ្យ​ស្បែកទន់ ហើយសម្លាប់​មេរោគ​ទៀតផង ប៉ុន្ដែមិន​ងូតក្នុង​កម្ដៅខ្លាំង​ពេកទេ ព្រោះធ្វើឱ្យ ស្បែកស្ងួត។

ការថែរក្សា​បបូរ​មាត់

រិតតែ​ពិសេស​ណាស់សម្រាប់​ការថែរក្សា​បបូរមាត់​របស់​ម៉ារីណា ព្រោះជា​រៀងរាល់​ពេលដែល​ម៉ារីណា​លាបក្រែម​លើបបូរ មាត់ ទោះជា​ក្រែមប្រភេទ​អ្វីក៏ដោយ នាងតែង​តែយក​ទឹកឃ្មុំ​មកលាប​ជាទ្រនាប់​ជាប្រចាំ។ ព្រោះនាង​យល់ថា​ទឹកឃ្មុំ​អាចជួយ​ឱ្យបបូរ មាត់​មិនខ្មៅ និងមិនប្រេះ ជាពិសេស​ទៀតនោះ វាអាចធ្វើ​ឱ្យពណ៌​របស់ក្រែម​ដែលលាប​នោះកាន់​តែស្អាត​មិនបែក​ទៀតផង។

ការថែរក្សា​ធ្មេញ

ជាទូទៅ​ម៉ារីណា​សម្អាតធ្មេញ​ក្នុងមួយ​ថ្ងៃ៣ដងជា​ប្រចាំជាមួយ​នឹងថ្នាំ​ដុសធ្មេញ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញ​រឹងមាំ និងស។ ម៉ារីណា​ពុំសូវ​មានពេល​វេលា​គ្រប់គ្រាន់​ក្នុងការ​ទៅរក​ពេទ្យ​ធ្មេញទេ ជួនកាល​ពន្យារពេល​រហូតដល់៦​ខែទើប​ទៅម្ដង។

ការថែរក្សា​ក្រចក និងប្រអប់ដៃ

ម៉ារីណា​ចូលចិត្ដ​កាត់ក្រចកខ្លី​ធម្មតា មិនទុក​វែង​ពេកទេ ហើយមិន​ចូលចិត្ដ​លាបពណ៌​ក្រចកទ្បើយ។ ដើម្បី​ជាជំនួយ​ដល់ពណ៌ របស់​ក្រចក ម៉ារីណា​តែងតែ​សម្អាត​ក្រចក​ដោយ​ក្រូចឆ្មា​ជាប្រចាំ។ ចំពោះ​ប្រអប់ដៃ ម៉ារីណា​មិនដែល​ទៅម៉ាស្សា​ឱ្យម្រាមដៃ​ស្រឡូន ម្ដងណាទេ។ ម៉ារីណា​ក៏គ្មាន​ក្រែមដែល​ប្រើពិសេស​សម្រាប់ថែ​ប្រអប់ដៃ​ដែរ។

ការថែរក្សារោម​ចិញ្ចើម និងរោម​ភ្នែក

ម៉ារីណា​មិនចូលចិត្ដ​កោររោម​ចិញ្ចើមទេ គឺបណ្ដោយ​ឱ្យដុះ​តាមលក្ខណៈ​ធម្មជាតិ។ ចំពោះ​រោមភ្នែក ភាគច្រើន​ម៉ារីណា​ប្រើ ម៉ាស្ការ៉ា​សឹងតែ​រាល់ថ្ងៃ ព្រោះត្រូវ​តុបតែង​ពេលសម្ដែង​ដែលធ្វើ​ឱ្យរោមភ្នែក​ម៉ារីណា​ប្រឈមមុខ​នឹងការជ្រុះ។ ហេតុនេះ​ហើយ​ទើបនៅ ពេលនេះ​ម៉ារីណា​ជ្រើសរើស​យក​ម៉ាស្ការ៉ា​ដែលជួយ​បណ្ដុះរោមភ្នែក​សម្រាប់​ជំនួយដល់​កម្រាស់ និងប្រវែង​នៃរោមភ្នែក​មកប្រើ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ម៉ារីណា​មិនសូវ​ទទួលទាន​អាហារ​ទៀតទាត់​ពេល​វេលាទេ ព្រោះត្រូវ​សម្ដែង ជួនពេល​ខ្លះអត់​ទទួលទាន​ក៏មានដែរ។ ប៉ុន្ដែ នៅពេល​នេះសម្រាប់​ម៉ារីណា​មិនទាន់​មានបញ្ហា​ក្រពះនៅ​ឡើយទេ នាងមាន​សុខភាព​មាំមួន សូម្បីតែ​ទម្ងន់​រាងកាយ​ក៏កម្រ​នឹងស្រក ដែរ។ ម្យ៉ាងអាច​មកពី​ម៉ារីណា​មានទម្លាប់​ល្អនៅពេល​ព្រឹកក្រោកពី​ដំណេក បន្ទាប់ពី​សម្អាត​រាងកាយ​រួច នាងតែងតែ​ទទួលទាន​ទឹកឃ្មុំ មួយស្លាបព្រា​ជាប្រចាំ ហេតុនេះ​ហើយទោះបី​មិនបាន​ទទួលទាន​អាហារក៏​ក្រពះមិនមាន​បញ្ហាដែរ។ តើជាប្រការ​ល្អឬទេ? ម៉ារីណា​ចូល ចិត្ដទទួល​ទានបន្លែ និងផ្លែឈើ ដើម្បី​សម្រស់ និងសុខភាព ជាងនេះ​ទៅទៀត​ទឹកក៏សំខាន់​ណាស់ដែរ​សម្រាប់​ម៉ារីណា។

ការទទួល​ទាន​ដំណេក

ម៉ារីណា​ពិតជា​រវល់នឹង​អាជីពជា​អ្នកសម្ដែង​របស់នាង​ខ្លាំងណាស់ ម្ល៉ោះហើយ​មិនសូវ​មានពេល​វេលា​សម្រាប់​ទទួលទាន ដំណេក​គ្រប់គ្រាន់ទេ ជាហេតុ​ធ្វើឱ្យភ្នែក​របស់នាង​ស្លក់ រង្វង់ភ្នែក​ស្រអាប់មិន​ស្រស់ថ្លា។ មិនថ្វីទេ ម៉ារីណា​មានវិធី​អាចជួយ​បានដោយ យកពងមាន់​ផ្នែកសលាយ​ជាមួយ​ទឹកឃ្មុំ​មកលាប​លើវង្វង់ភ្នែក ពេលនោះ​ពិតជាអាច​ជួយសម្រួល​បញ្ហាមិន​ប្រសើរ​របស់ភ្នែក​បានមួយ ចំនួន។

បណ្ដាំផ្ញើរបស់ លី ម៉ារីណា

ម៉ារីណា​សូម​សំណូមពរ​ដល់​សុភាពនារី​ទាំងអស់ សូមងាក​មកចាប់​អារម្មណ៍​ជាមួយ​ការរក្សា​សម្រស់តាម​បែប​ធម្មជាតិ ព្រោះអាច​ធានាសុវត្ដិភាព​ដល់រាងកាយ និងសម្រស់​បានដោយ​មិនបាច់​បារម្ភ។ ក្រៅពីនេះ សូមចេះ​កំណត់ដោយ​ខ្លួនឯង​អំពី​របៀបថែ រក្សា​សុខភាព និងសម្រស់។

ការរៀបរាប់​ជូនខាង​លើនេះ ជាការយល់​ឃើញ និងជាការ​អនុវត្ដ​របស់​អ្នកនាង លី ម៉ារីណា តែប៉ុណ្ណោះ។ សូមលោកស្រី អ្នកនាង​កញ្ញាជ្រើសរើស​យកអ្វីដែល​លោកអ្នក​យល់ថា​ល្អត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

 ប្រវត្ដិរូបសង្ខេប

  • ឈ្មោះក្នុងសិល្បៈ ៖ លី ម៉ារីណា
  • អាយុ ៖ ២៣ឆ្នាំ
  • កម្ពស់ ៖ ១,៧០ម៉ែត្រ
  • ទម្ងន់ ៖ ៥៧ គីទ្បូក្រាម
  • ទំហំទាំងបី ៖ ៣៦, ២៨, ៣៦
  • បងប្អូន ៖ ៣នាក់ (ជាកូនទី២)
  • ស្ថានភាពគ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative