ម៉ូដសក់​បុរស​សម័យថ្មី

ការរក្សា​សម្រស់​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​មនុស្ស​តែងតែ​យកចិត្ដ​ទុកដាក់ ជាពិសេស​សម្រាប់​យុវជន​សម័យថ្មី​ដែលចាប់ អារម្មណ៍​ពីភាព​ស្រស់​ស្អាត។ សម្រស់​នៅលើ​ផ្ទៃមុខ គឺជា​គ្រឿង​ទាក់ទាញ​យ៉ាង​ពិសេស ទន្ទឹម​នឹង​នោះ ការរចនា​ម៉ូដសក់​ឱ្យបាន​ស្រស់ ស្អាត សក្ដិសម​ក៏ជា​រឿង​សំខាន់​សម្រាប់​បុរស​ផងដែរ។ ព្រោះថា​ការរៀប​ចំសក់​ឱ្យស្រប​ទៅតាម​ពេល​វេលា ឬសម័យ​កាល ជាមធ្យោបាយ​មួយ​សម្រាប់​ទាក់ទាញ​អារម្មណ៍​អ្នកដែល​នៅ​ជុំវិញ​ខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វាស្នា គ្រូបង្ហាត់​កាត់សក់​នៅហាង​កាត់សក់​ណាតាលី បានបកស្រាយ និងជួយ​បង្ហាញ​ផ្លូវយុវជន​សម័យថ្មី ជាពិសេស បុរស​ដែលនិយម​ម៉ូដសក់ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ទម្រង់មុខ និងម៉ូដសក់

មិនថាស្ដ្រី ឬបុរស មនុស្ស​មានទម្រង់​មុខខុសៗ​គ្នាទៅ​តាម​លក្ខណៈ​ធម្មជាតិ​ដែល​ផ្ដល់ឱ្យ។ អ្នកខ្លះ​មានមុខ​មូល ខ្លះ​មានមុខ ជ្រុង ខ្លះមុខវែង ខ្លះមាន​ថ្ងាសធំ ខ្លះថ្គាមខ្លា ខ្លះមុខធំ ខ្លះឆ្អឹងផត​នៅត្រង់​សៀតផ្កា​ជាដើម។ ជាមួយ​ទម្រង់មុខ​ខុសប្លែកគ្នា​នេះ ទាំង បុរស​ទាំងស្ដ្រី​ពេលខ្លះ​មិនអាច​ជ្រើសរើស​ម៉ូដសក់​តាមតែ​ការចូលចិត្ដ​របស់ខ្លួន ឬមើលឃើញ​គេកាត់​បែបនេះ​ស្រស់ស្អាត ហើយ​កាត់ដូច គេ ដោយមិន​គិតពី​ទម្រង់មុខ​របស់ខ្លួន​បានឡើយ។ ព្រោះពេល​ខ្លះធ្វើ​ឱ្យមុខ​បាត់បង់​សោភ័ណភាព​ទៅវិញ​ក៏មាន។ តើបុរស​គួរជ្រើស រើស​ម៉ូដសក់​បែបណា​ដើម្បីឱ្យ​សមទៅនឹង​ទម្រង់មុខ​របស់ខ្លួន ឱ្យទទួល​បាននូវ​ភាពស្រស់ស្អាត និងជួយ​បង្កើន​សម្រស់?

បុរសមាន​ទម្រង់​មុខមូល

សម្រាប់​បុរស​ដែលមាន​មុខរាង​មូល គឺមាន​ភាពងាយ​ស្រួលក្នុង​ការរចនា​ម៉ូដសក់។ ពួកគាត់​អាចធ្វើ​ម៉ូដសក់​ដែលមាន​រាងជា ទឹករលក ប៉ុន្ដែកុំឱ្យ​វែងពេក ហើយក៏កុំ​ខ្លីពេកដែរ។ ព្រោះថា​ម៉ូដទឹក​រលកនេះ ជាម៉ូដ​ដែលកំពុង​ពេញនិយម​ទូទាំង​ព្រះរាជាណាចក្រ កម្ពុជា ហើយវា​សក្ដិសម​បំផុត​សម្រាប់​បុរសដែល​មានទម្រង់​មុខមូល។ ម្យ៉ាងទៀត​សម្រាប់​ម៉ូដសក់​នេះ មិនចាំបាច់​អ៊ុតឱ្យ​រួញនោះទេ គ្រាន់តែ​លាបប្រេង​ជំនួយសក់ ដូចជា​ប្រេងលាប​ឱ្យសក់​រលោង ប្រេងលាប​ឱ្យសក់​មានសំណើម​ជាដើម ហើយសិត​ទម្លាក់ជា​រាងដឺមី (សក់សេះ)នោះ នឹងបាន​ម៉ូដសក់​ដ៏ស្រស់​ស្អាត សមនឹង​ទម្រង់មុខ​ថែម​ទៀតផង។

បុរសមាន​ថ្ងាសធំ

សម្រាប់​បុរស​ដែលមាន​ទម្រង់មុខ​ប្រភេទនេះ ជាចាំបាច់​មិនត្រូវ​កាត់សក់​ឱ្យខ្លី​នោះទេ ពិសេស​បំផុតមិន​ត្រូវសិត​សក់បក ទៅក្រោយ។ ព្រោះថា​ការសិតសក់​បកទៅក្រោយ និងកាត់សក់​ឱ្យខ្លីនេះ វារិតតែ​ធ្វើឱ្យមើល​ឃើញថ្ងាស​កាន់តែ​ធំឡើង ហើយ​មុខកាន់ តែខ្លី។ ប៉ុន្ដែដើម្បី​ឱ្យមាន​ភាព​ស្រស់ស្អាត បុរស​ដែលមាន​ថ្ងាសធំ​បែបនេះ​អាចកាត់សក់​ជារបៀប​វែងបន្ដិច ហើយត្រង់​ចំណុច​លើជើង សក់ និងសក់ផ្នែក​ខាងលើ​ត្រង់ប្រជុំ​ចិញ្ចើម គួររក្សាទុក​ឱ្យស្មើគ្នា ធ្វើបែបនេះ ដើម្បីឱ្យ​ពេលសិត​ទៅអាច​បិទបាំង​ត្រង់ថ្ងាស​បានបន្ដិច ជា ម៉ូដសក់​មួយបែប​ដែល​ស្រស់ស្អាត។

បុរសមាន​ទម្រង់​មុខវែង

សម្រាប់​បុរស​ដែលមាន​ទម្រង់​មុខវែង គឺពិត​ជាមាន​ការពិបាក​ណាស់សម្រាប់​ជ្រើសរើស​ម៉ូដសក់។ ព្រោះបុរស​ដែលមាន ទម្រង់មុខ​ដូចនេះ គឺត្រូវកាត់សក់ ឬទុកសក់​រាងវែង​បន្ដិច ដើម្បីលប់​កុំឱ្យមើល​ទៅឃើញ​វែងពេក។ ម្យ៉ាងទៀត មិនត្រូវ​ឈូសជើង សក់ឡើង​លើពេកទេ ហើយក៏​មិនត្រូវ​កាត់រះសក់​ខាងលើ​ចោលដែរ តែយើង​អាចកាត់សក់​របៀបជា​សក់អយ ឬជើងសក់អយ អាច អយខ្លី ឬអយវែង​តាម​ចំណូលចិត្ដ។

បុរសមាន​ទម្រង់មុខ​ជ្រុង

ចំពោះ​បុរស​ដែលមាន​ទម្រង់​មុខជ្រុង ភាគច្រើន​មានសៀតផ្កា​រាងផត។ ដូចនេះ​ត្រូវកាត់សក់​ត្រង់កន្លែង​សៀតផ្កា​នោះឱ្យ មានរាង​ស្ដើងបន្ដិច ប៉ុន្ដែអាច​ទុកឱ្យ​ក្រាស់បន្ដិច​ចាប់ពី​លើសៀត​ផ្កាទៅ។ ឯជើងសក់​ខាងក្រោយ​អាចកាត់​ជារាង​អយបន្ដិច នោះនឹង ទទួលបាន​នូវភាព​ស្រស់ស្អាត​ជាក់ជា​មិនខាន។

បុរសមាន​សក់រួញ

សម្រាប់បុរស​ទាំងឡាយ​ដែលមាន​សក់រួញ គួរប្រុង​ប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ម៉ូដសក់។ គួរជ្រើសរើស​ម៉ូដសក់​ខ្លីៗ ឬកាត់ជា របៀបរាបៗ ធ្វើបែបនេះ​ដើម្បីកុំឱ្យ​មើលឃើញ​សក់សំពោង និងរួញខ្លាំង។

បុរសមានសក់​អង្គាដី

មានម៉ូដសក់​ច្រើន​សម្រាប់បុរស​ដែលមាន​សក់អង្គាដី។ ប៉ុន្ដែដើម្បី​ភាពស្រស់​ស្អាត បុរសគួរ​កាត់សក់​ឱ្យខ្លីបន្ដិច​ដើម្បីឱ្យ​មើល ឃើញសក់​ត្រង់បន្ដិច មិនរួញពេញ។ រួចមក​អាចប្រើ​ប្រេងលាប​សក់ដើម្បី​កែច្នៃម៉ូដ​ទៅតាម​ចំណូលចិត្ដ ដូចជាចាប់​ជារាង ឬសិតលើក ឡើងលើ ហើយដែល​ពេញនិយម​នោះ គឺម៉ូដសក់បះ ឬច្រោង។

បុរសមានសក់​ស្លូតត្រង់

សម្រាប់​បុរសដែល​មានសក់ស្លូត ឬត្រង់នោះ គឺមានភាព​ងាយស្រួល​បំផុត ហើយក៏​មានម៉ូដសក់​ច្រើនប្រភេទ​ណាស់ដែរ ដែលបុរស​ប្រភេទនេះ​អាចជ្រើសរើស​តាម​តម្រូវការ។ សក់ប្រភេទ​នេះអាច​ជ្រើសរើស​ម៉ូដសក់​ជារបៀប​សក់វែង ខ្លី ឬទឹករលក ព្រោះ វាមាន​លក្ខណៈ​សក្ដិសម​សម្រាប់​គ្រប់​ទម្រង់មុខ។ ដើម្បីឱ្យ​កាន់តែ​ស្រស់ស្អាត និងទាន់សម័យ បុរសគួរ​ទុកសក់ឱ្យ​វែងបន្ដិច ហើយកាត់ ជារៀង​ទឹករលក​ដោយលាប​ប្រេងសក់ អាចកាត់​ជារបៀប​សក់បះឡើង និងជារបៀប​សក់ក្ដោប។

ម៉ូដសក់ពេញនិយម​សម្រាប់យុវជន​សម័យថ្មី

មានម៉ូដសក់​ច្រើនប្រភេទ​ណាស់ដែល​គេនិយម​កាត់ទៅតាម​សម័យកាល​នីមួយៗ ដូចជាម៉ូដសក់​ប៉េអឹម ម៉ូដសក់​ឡុងសុង (ឡុងសុងខ្មែរ និងឡុងសុងថៃ)​ជាដើម។ ហើយមាន​ម៉ូដសក់​ជាច្រើន​ទៀតដែល​គេបានដាក់​ឈ្មោះឱ្យទៅ​តាមឈ្មោះ​តារាភាព​យន្ដ តារាចម្រៀង ឬតារា​ល្បីល្បាញ​ណាមួយ ដូចជា​ម៉ូដសក់​លីយ៉ុងចេ ម៉ូដសក់​បេកខេម​ជាដើម។ សម្រាប់​យុវជន​កម្ពុជា ម៉ូដសក់​ដែលគេ ពេញនិយម​បំផុត​បច្ចុប្បន្ន គឺម៉ូដសក់​ដែលមាន​រាងខ្លី​ខាងលើ វែងជើង​សក់មុខ និងជើង​សក់ក្រោយ ហើយក៏មាន​ខ្លះជាប្រភេទ​ម៉ូដសក់ ដែលមានដឺមី​(សក់សេះ​ ​វែង ឬខ្លីទៅតាម​ចំណូលចិត្ដ។

ដំបូន្មាន​អ្នកប្រឹក្សា

សូមផ្ដាំផ្ញើ​ដល់បុរស​ទាំងអស់ ជាពិសេស​យុវជន​ដែលនិយម​ចូលចិត្ដ​លេងម៉ូដសក់​តាមបែប​សម័យថ្មី គួរជ្រើសរើស​ម៉ូដណា ដែលសក្ដិសម​នឹង​ទម្រង់មុខ។ ព្រោះពេល​ខ្លះការ​ពេញចិត្ដ​ម៉ូដសក់ វាមិន​ស៊ីគ្នា​និងមុខ ដែលធ្វើ​ឱ្យត្រូវ​បាត់បង់​នូវភាព​ស្រស់ស្អាត​មួយ កម្រិត។ ប្រការ​សំខាន់ គួរទុក​ឱកាស​ឱ្យអ្នក​ជំនាញ​ជួយ​ជ្រើសរើស​ម៉ូដសក់ ដើម្បីឱ្យ​ទទួលបាន​នូវភាព​ស្រស់ស្អាត សក្ដិសម ទាំងទម្រង់ មុខ និងសណ្ឋានសក់។ ប្រការដ៏​សំខាន់មួយ​ទៀតដែល​គួរយក​ចិត្ដទុក​ដាក់នោះ គឺត្រូវ​ថែរក្សាសក់​ឱ្យមាន​សុខភាពល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខលេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative