វិធីបំបាត់​ផ្កាស្បូន​នៅលើ​ផ្ទៃមុខ

កម្រ​មាន​ផ្ទៃមុខ​ស្ដ្រីណា​ម្នាក់អាច​គេចផុត​ពីស្លាក​ស្នាម​ផ្សេងៗ​បានណាស់ គ្រាន់​តែតិច ឬច្រើនតែ​ប៉ុណ្ណោះ។ ក្នុងនោះ​ផ្កា ស្បូន​ជាបញ្ហា​របស់ផ្ទៃ​មុខមួយ​ប្រភេទ​ដែល​សុភាពនារី​ទាំងអស់​ចាំបាច់​ត្រូវយល់​ដឹងអំពី​បញ្ហា និង​មូលហេតុ​របស់វា។ ថ្វីត្បិតតែ​វាមិន អាចបង្ក​ឱ្យមាន​ការ​ប៉ះពាល់​ដល់​សុខភាព តែបើ​វាច្រើន​នោះ​តម្លៃផ្នែក​សម្រស់ និង​សោភ័ណភាព​ត្រូវ​បាត់បង់។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់​លេខនេះ ក្នុងទំព័រ​សម្រស់ ស្សនាវដ្ដី​សុខភាពយើង​សូមលើក​យកបញ្ហា​ផ្កាស្បូន​នៅលើ​ផ្ទៃមុខ​មកជម្រាប​ជូនសុភាព នារី​ទាំងអស់​ស្វែងយល់​ពីវាឱ្យ​កាន់តែ​ច្បាស់ តាមរយៈ​ការបកស្រាយ​របស់លោក​វេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេស​ផ្នែកជម្ងឺ​សើស្បែក និងកាមរោគ។

មូលហេតុបង្ក​ផ្កាស្បូន

ផ្កាស្បូន គឺជាស្នាម​កន្ទួលពក​តូចៗ ដែលពណ៌​ដូចស្បែក​ធម្មតា​នៅលើ​ផ្ទៃមុខ ដោយមិន​មានពណ៌​ក្រហម មិនមាន​ការឈឺ ចាប់ ឬរមាស់​អ្វី​ទាំងអស់។ វាច្រើនតែ​កើតមាន​នៅត្រង់​ត្របកភ្នែក ហើយមាន​ទំហំប៉ុន​ជើងធូប ឬគ្រាប់​ខ្សាច់។ ផ្កាស្បូន​ភាគច្រើន កើតទ្បើង​ដោយសារ​ក្រពេញតូចៗ​នៅក្រោម​ស្បែក រីកប៉ោង​ទ្បើងលេច​ចេញមក​ក្រៅ លើស្បែក​នៅត្រង់​ត្របកភ្នែក ព្រោះតែ​ស្បែក នៅត្រង់​នោះមាន​សភាពស្ដើង​ជាងស្បែក​នៅកន្លែង​ផ្សេងទៀត។

ការព្យាបាល​ផ្កាស្បូន

ជាទូទៅ​ប្រសិនបើ​អ្នកនាង​កញ្ញាមិនគិត​ខ្វល់ខ្វាយ​ពីបញ្ហា​សម្ផស្ស និងសោភ័ណភាព​ទេ ផ្កាស្បូន​មិនបង្ក​ឱ្យមាន​ការរំខាន ឬ ការលំបាក​អ្វីទ្បើយ។ ព្រោះវា​មិន​ឈឺចាប់ មិនក្រហម រលាកក្រហាយ ឬក៏ក្លាយ​ទៅជាជម្ងឺ​មហារីក​អ្វីដែរ។ មានវិធី​សម្រាប់​ព្យាបាលបំបាត់​ផ្កាស្បូន​នេះដ៏មាន​ប្រសិទ្ធភាព គឺការប្រើ​ម៉ាស៊ីនអុជ ឬជួស​បំបាត់វា។ ប៉ុន្ដែ​លុះត្រា​តែការ​អុជ ឬជួសនេះ​ធ្វើទ្បើង​ដោយ​គ្រូពេទ្យ ជំនាញ​ច្បាស់លាស់ ទើបធានា​បាននូវ​ប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត ថៃ គា បានបញ្ចប់ថា​រហូតមក​ដល់សព្វ​ថ្ងៃនេះ មិនទាន់​មានថ្នាំ ឬ ឡេសម្រាប់​លាបបំបាត់​ផ្កាស្បូន ឬសម្រាប់​ព្យាបាលទេ ទោះបីជា​មានការ​ឃោសនា​របស់ហាង​កែសម្ជស្ស​មួយចំនួន​ក៏ដោយ សូមកុំជឿ ជាក់ឱ្យសោះ។ ការប្រើប្រាស់ថ្នាំ ឬទ្បេនេះ វាមិនបាន​ជួយអ្វីឱ្យ​ប្រសើរ​ទ្បើយ។ ផ្ទុយទៅវិញ វាអាចធ្វើ​ឱ្យលោកអ្នក​មាន​គ្រោះថ្នាក់ទៅ វិញក៏ថា​បានដែរ ព្រោះផ្កាស្បូន​កើតនៅលើ​ត្របកភ្នែក​ជាស្រទាប់ស្បែក​ស្ដើងដែល​នៅជិតភ្នែក​បំផុត។ បើប្រើថ្នាំ ឬទ្បេ​ផ្ដេសផ្ដាស វា ងាយធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់ភ្នែកបាន។

ដំបូន្មានអ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​មានស្នាម ឬក៏កន្ទួល​អ្វីនៅ​លើស្បែក លោកអ្នក​មិនត្រូវ​ធ្វើអ្វីតាម​តែការនឹក​ឃើញ​នោះទេ ព្រោះវាអាច នាំមក​នូវផល​មិនល្អ។ ជាពិសេស​លោកអ្នក​ចាំបាច់​ត្រូវដឹង​ពីប្រភេទនៃ​ស្នាមកន្ទួលនោះ​ឱ្យច្បាស់ ទើបប្រសើរ។ ការទៅរក​គ្រូពេទ្យ ជំនាញជា​វិធីដ៏​ល្អបំផុត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative