មធ្យោបាយ​​​ពន្យារកំណើត​​​ដោយថ្នាំចាក់

កាលណា​ម្ដាយមាន​កូនបន្ដ​បន្ទាប់​គ្នាមួយហើយ​មួយទៀត​ញឹកពេក ដោយគ្មាន​រយាលនោះ សុខភាព​របស់គាត់​ពិតជា​ចុះខ្សោយ​មិនខាន​ទ្បើយ មានកូន​មួយមិន​ទាន់បាត់​ហត់ផង ត្រូវពពោះ​កូនមួយ​ទៀត។ មិនត្រឹម​តែសុខភាព​ម្ដាយ​ទ្រុឌទ្រោមទេ កូនក៏ដូច គ្នាដែរ ព្រោះម្ដាយ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ថែទាំកូនៗ។ ការប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ដោយប្រើ​ថ្នាំគ្រាប់ ការដាក់ កងក្នុងស្បូន កងដាក់ដៃ និង​ការពន្យារ​កំណើត​ដោយប្រើ​ថ្នាំចាក់រយៈ​ពេលបី​ខែម្ដង ក៏កំពុង​ត្រូវបាន​ស្ដ្រីដែល​មានការរវល់​ក្នុងកិច្ចការ ច្រើន​ជ្រើសរើស​យកមកប្រើ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពី​លេខទី០០៨ សម្រាប់​ទំព័រសុខភាព​ផ្លូវភេទ និង​សុខភាព​បន្ដពូជ ទស្សនាវដ្ដី សុខភាពយើង បានជម្រាប​ជូនមក ហើយ អំពី​មធ្យោបាយ​ពន្យារកំណើត​ដោយថ្នាំ​គ្រាប់លេប។ នៅលេខ​នេះម្ដងវិញ យើង​ខ្ញុំសូមលើក​យកកិច្ច​សម្ភាសន៍​ជាមួយ​លោកស្រី វេជ្ជបណ្ឌិត វង ដាវី ប្រធានគ្លីនិក​ភ្នំពេញទី​២នៃសមាគម​ថែទាំ​សុខភាព​គ្រួសាររ៉ាក់ ស្ដីពី​មធ្យោបាយ​ពន្យារ​កំណើត​ដោយថ្នាំចាក់ ជាបន្ដ ទៅទៀត។

ថ្នាំចាក់ពន្យារកំណើត ជាអ្វី?

ថ្នាំចាក់​ពន្យារ​កំណើត ជាថ្នាំដែល​ផ្សំឡើង​ដោយជាតិ​អ័រម៉ូនប្រ៉ូហ្សេស្ទីន ដូចគ្នា​ទៅនឹង​អ័រម៉ូន​ធម្មជាតិ​ក្នុងខ្លួនស្ដ្រី។ ថ្នាំពន្យា រកំណើត​ដែលគេ​ប្រើជា​ញឹកញាប់ ចាក់ម្ដង​អាចការពារ​ការមាន​ផ្ទៃពោះ​បានរយៈ​ពេល៣ខែ។

ជាធម្មតា ការបង្ក​កំណើត​ទារកក្នុង​ផ្ទៃកើត​ឡើងដោយ​ការភព​ប្រសព្វរវាង​មេជីវិត​ឈ្មោល​(ដែលមានក្នុងទឹកកាមបុរស) ជាមួយ​នឹងមេជីវិតញី​(ដែលបញ្ចេញ​ដោយ​កន្សោម​ពងញី)។ បន្ទាប់​ពីចាក់ថ្នាំ​ចូលទៅ​ក្នុងខ្លួន ជាតិ​អ័រម៉ូន​ដែលមាន​នៅក្នុង​ថ្នាំនោះនឹង សាយភាយ​បន្ដិចម្ដងៗ ចូលទៅ​ក្នុងរាង​កាយ​របស់ស្ដ្រី ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើងខាប់ ដែលអាច​រារាំង​ដល់ការ​ជ្រៀត​ចូលមេជីវិត ឈ្មោល​ទៅក្នុង​ស្បូន។ បន្ថែម​ពីលើនេះ ជាតិ​អ័រម៉ូន​ក៏បាន​ទៅបញ្ឈប់​ការខ្ជាក់​មេជីវិតញី និង​ធ្វើឱ្យ​ស្រទាប់​ក្នុងរបស់​ស្បូន​ប្រែប្រួល ដែល​ជាហេតុ​ធ្វើឱ្យ​ការបង្ក​កំណើត​អាចការពារ​បានប្រហែល​៩៩%។ ថ្នាំចាក់​ពន្យារ​កំណើត​មានប្រសិទ្ធភាព​អាចការពារ​ការមានផ្ទៃ ពោះបានភ្លាមៗ បន្ទាប់​ពីបាន​ចាក់រួច។

របៀប​ប្រើប្រាស់​ថ្នាំចាក់​ពន្យារ​កំណើត

ស្ដ្រីអាច​ចាក់ថ្នាំ​ពន្យារ​កំណើត​បានគ្រប់​ពេលទាំងអស់ ឱ្យតែ​ប្រាកដ​ថាគ្មាន​ផ្ទៃពោះ។ ជាទូទៅ ស្ដ្រីអាច​ចាក់ថ្នាំ​ពន្យារ កំណើត​នេះបាន ក្នុងករណី​ដូចតទៅ។

  • ចាប់ពីថ្ងៃ​មានរដូវទី១​រហូត​ដល់​ថ្ងៃទី៧
  • ក្រោយ​សម្រាលភ្លាម បើមិន​មានបំបៅ​ដោះកូន
  • បន្ទាប់​ពី៦សប្ដាហ៍​ក្រោយពី​សម្រាល​ដោយមាន​បំបៅដោះកូន
  • ក្នុងកំឡុង​៧ថ្ងៃក្រោយ​រលូត ឬ​រំលូត​ដោយគ្មាន​ការក្លាយ​រោគ​(ឆ្លងមេរោគ)
  • សូមចាំ​ថាស្ដ្រី​ត្រូវត្រឡប់​មកចាក់​ថ្នាំវិញ រៀងរាល់​៣ខែម្ដង ដោយពុំ​ចាំបាច់​រង់ចាំ​ដល់ពេល​មាន​រដូវឡើយ។

ករណី​ហាមប្រើ​ប្រាស់ថ្នាំ​ចាក់ពន្យារ​កំណើត

មិនមែន​គ្រប់ស្ដ្រី​ទាំងអស់​សុទ្ធតែអាច​ប្រើប្រាស់​ថ្នាំចាក់​ពន្យារ​កំណើត​បាននោះទេ។ ស្ដ្រីមិន​អាចទទួល​ការពន្យារ​កំណើត ដោយថ្នាំ​ចាក់បាន​ក្នុងករណី​មានបញ្ហា​សុខភាពមួយ​ចំនួនដូចជា ៖

  • ស្ដ្រីដែល​សម្រាលកូន​មានរយៈ​ពេលតិច​ជាង៦​សបា្ដហ៍
  • ស្ដ្រីដែល​ជក់បារី​លើសពី១៥​ដើមក្នុង​មួយថ្ងៃ
  • ស្ដ្រីដែល​មានជម្ងឺ​លើសឈាម ជម្ងឺទឹក​នោមផ្អែម ជម្ងឺបេះដូង ជម្ងឺ​មហារីក​សុដន់ ជម្ងឺរលាកថ្លើម​សកម្ម​(ទាចទឹកធ្ងន់ធ្ងរ) ជម្ងឺប្រកាំង ឬ​ក៏មានរោគ​សញ្ញា​សរសៃ​ប្រសាទ។

សារៈ​ប្រយោជន៍​នៃថ្នាំចាក់​ពន្យារ​កំណើត

ថ្នាំចាក់​ពន្យារកំណើត​សមស្រប​ចំពោះស្ដ្រី​ពេញវ័យ និង​មិនទាន់​មានរដូវ​វិញបន្ទាប់​ពីសម្រាល​កូនរួច ដែលចង់​បានមធ្យោបាយ​ពន្យារកំណើត​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់។ ស្ដ្រីដែល​កំពុង​បំបៅដោះ​កូនមិន​អាចប្រើ​ថ្នាំគ្រាប់​ពន្យារ​កំណើត តែអាច​ប្រើថ្នាំចាក់ ពន្យារ​កំណើត​បាន។ ថ្នាំចាក់​ពន្យារកំណើត​មានប្រសិទ្ធភាព​អាចការពារ​ការមាន​ផ្ទៃពោះ​បានភ្លាមៗ បន្ទាប់ពី​បានចាក់រួច។

  • ចាក់ម្ដង​ការពារការ​មានផ្ទៃពោះ​បានរយៈ​ពេល៣ខែ
  • មិនរំខាន​ដល់ការ​រួមរ័ក
  • សមស្រប​ចំពោះ​ស្ដ្រីកំពុង​បំបៅ​ដោះកូន
  • បន្ថយភាព​ស្លេកស្លាំង​របស់ស្ដ្រី និង​បន្ថយ​អត្រា​មហារីកស្បូន កន្សោមពង និង​រលាកអាង​ត្រគាក។

ផលរំខាន​ដែលបង្ក​ដោយថ្នាំ​ចាក់ពន្យារ​កំណើត

ក្រោយពេល​ចាក់ថ្នាំ​ពន្យារ​កំណើត ស្ដ្រីមិន​ត្រូវការ​តមអ្វី​ទាំងអស់ ហើយអាច​ធ្វើការ​បានដូច​ធម្មតា។ ស្ដ្រីគួរ​ប្រាប់ស្វាមី ឬ សមាជិក​ក្នុងផ្ទះ​ឱ្យជួយចង​ចាំពេលវេលា​ថ្ងៃកំណត់​ក្នុងការ​ចាក់ថ្នាំ​លើកក្រោយ។ ស្ដ្រីភាគ​ច្រើនចាក់​ថ្នាំពន្យារ​កំណើត​មិនមាន​ផលរំខាន ទេ។ ប៉ុន្ដែស្ដ្រីខ្លះ មានផល​រំខានមួយ​ចំនួនដូចជា ៖

  • ដោះឡើងតឹង ឈឺដោះ ឈឺក្បាល​ជាដើម
  • ប្រែប្រួល​ទម្ងន់​បន្ដិចបន្ដួច
  • ធ្លាក់ឈាម​តិចៗចន្លោះ​រដូវ
  • រាំងរដូវ​នៅក្នុងឆ្នាំ​ដំបូងនៃ​ការប្រើថ្នាំ

ផលរំខាន​ទាំងនេះ​មិនមែន​ជារោគ​សញ្ញា​នៃជម្ងឺទេ ហើយក៏​មិនធ្ងន់ធ្ងរ ឬ​បណ្ដាល​ឱ្យប៉ះពាល់​ដល់សុខភាព​របស់ស្ដ្រី​ឡើយ។ ផលរំខាន​ទាំងនេះ​នឹងបាត់​ទៅវិញ​ដោយឯក​ឯងនៅរយៈ​ពេលក្រោយ។ ប៉ុន្ដែគ្រប់ស្ដ្រី​ដែលបាន​ចាក់ថ្នាំ​ទាំងអស់ ត្រូវមក​មន្ទីរពេទ្យ​ពេល មានសញ្ញា​ដូចខាង​ក្រោមនេះ។

  • ធ្លាក់ឈាម​តាមទ្វារមាស​ខ្លាំង មានធ្លាក់​ឈាមលើស​ពី១៤ថ្ងៃ
  • មានអារម្មណ៍​មិនធម្មតា ឬ​មានបញ្ហា​នៅកន្លែង​ចាក់ថ្នាំ
  • ចាប់ផ្ដើម​ឈឺក្បាល​ធ្ងន់ធ្ងរ
  • ឈឺក្បាល​ខ្លាំង ឬ​ឈឺមួយ​ចំហៀង​ក្បាល

ក្រៅពីនេះ ស្ដ្រីត្រូវ​ទៅជួបគ្រូពេទ្យ​តាមពេល​ណាត់ជួប ដើម្បី​ទទួលថ្នាំ​បន្ដនៅ​៣ខែក្រោយ។ បើលោកស្រី​អ្នកនាងទៅ ទទួលការ​ចាក់ថ្នាំ​យឺតពេល គ្រូពេទ្យ​ត្រូវធ្វើការ​ពិនិត្យ​សុខភាពឡើង​វិញមុន​នឹងចាក់​ថ្នាំបន្ដ។ ស្ដ្រីទាំង​អស់អាច​ឈប់ចាក់ថ្នាំ​នៅពេល ណាដែល​ខ្លួនចងឈប់​ប្រើបាន។

ដំបូន្មាន​អ្នកជំនាញ

ទោះបីជាយ៉ា​ងណា គ្រប់ស្ដ្រី​ទាំងអស់​មិនត្រូវ​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំពន្យារ​កំណើតណា​មួយដោយ​មិនបាន​ទទួលការ​ប្រឹក្សាពី​គ្រូពេទ្យជំនាញ និង​ការពិនិត្យ​សុខភាព​ជាមុនទេ។ ព្រោះមាន​តែការពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ទេទើបអាច​ធានាថា លោកស្រី​អ្នកនាង​មានសុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ថ្នាំ​ពន្យារ​កំណើត។ កន្លែង​ដែលធានា​ដល់ការ​ផ្ដល់សេវា​ពន្យារកំណើត គឺមន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative